The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ការបោះ​បង្គោលព្រំ​ជុំវិញ​បឹង​ទន្លេសាប បាន​ជាង​ ៦៥% ខណៈ​ខេត្តពោធិ៍សាត់​សម្រេច​ជា​ស្ថាពរ

ការបោះ​បង្គោលព្រំ​ជុំវិញ​បឹង​ទន្លេសាប បាន​ជាង​ ៦៥% ខណៈ​ខេត្តពោធិ៍សាត់​សម្រេច​ជា​ស្ថាពរ

Content image - Phnom Penh Post
មន្ត្រី​អាជ្ញាធរ​បឹង​ទន្លេសាប ចុះ​បោះ​បង្គោលព្រំ​នៅ​តំបន់​ ៣ ជុំវិញ​បឹង​ទន្លេសាប នៅ​ខែម​ករានេះ​។ រូប Tunle Sap Authority

ការបោះ​បង្គោលព្រំ​ជុំវិញ​បឹង​ទន្លេសាប បាន​ជាង​ ៦៥% ខណៈ​ខេត្តពោធិ៍សាត់​សម្រេច​ជា​ស្ថាពរ

ភ្នំពេញៈ គិត​ត្រឹម​ថ្ងៃទី​ ១១​ មករា ការងារ​បោះបង្គោល​ព្រំ​តំបន់ ​៣ ជុំវិញ​បឹង​ទន្លេសាប សម្រេចបាន​ជាង​ ៦៥ ​ភាគរយ​ក្នុងនោះ​ខេត្តពោធិ៍សាត់ សម្រេចបាន​ ១០០ ​ភាគរយ ខណៈ​ផ្ទៃដី​ដែល​ត្រូវ​បោះបង្គោល​ព្រំ​សរុប​ក្នុង​តំបន់​ ៣ មាន​ជាង​ ៦៤ ​ម៉ឺន​ហិកតា​។ នេះ​បើតាម​អាជ្ញាធរ​បឹង​ទន្លេសាប​។

របាយការណ៍​សង្ខេប​លទ្ធផល​លើ​ការងារ​រៀបចំ​បង្គោលព្រំ​តំបន់​ ៣ និង​ការរៀបចំ​ប៉ាណូ​របស់​អាជ្ញាធរ​បឹង​ទន្លេសាប ដែល ភ្នំពេញ​ប៉ុស្តិ៍​ទទួលបាន​នៅ​ថ្ងៃទី​ ១២ មករា ឱ្យដឹងថា ក្រុម​ការងារ​បឹង​ទន្លេសាប និង​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត​ទាំង​ ៦ ជុំវិញ​បឹង​ទន្លេសាប​បាន-​ចុះ​បោះ​បង្គោលព្រំ​តំបន់​ ៣ បាន​ជាង​ ៦៥ ​ភាគរយ គិត​ត្រឹម​ថ្ងៃទី​ ១១ មករា​។

​របាយការណ៍​បន្តថា លទ្ធផល​ជាង​ ៦៥ ​ភាគរយ​នេះ នាំឱ្យ​ក្រុម​ការងារ​បោះបង្គោល​បាន​ចំនួន​ ៥២៥ ​បង្គោល​លើ​បង្គោល​ដែល​ត្រូវ​បោះ​សរុប​ចំនួន​ ៨០២ ​បង្គោល​។ ក្នុងនោះ បង្គោល​ឈរ​ល្អ​មាន​ចំនួន​ ១១៩​ បង្គោល និង​បង្គោល​កែសម្រួល​មាន​ ២៨៦​ បង្គោល ព្រមទាំង​បង្គោល​ដែល​ត្រូវ​បោះ​ថ្មី​ចំនួន​ ១២០​ បង្គោល​។

របាយការណ៍​នេះ​បញ្ជាក់ថា​៖ «​ចំពោះ​ខេត្ត​ទាំង​ ៦ ជុំវិញ​បឹង​ទន្លេសាប គឺ​ខេត្តពោធិ៍សាត់​បាន​បោះបង្គោល​ព្រំ​បាន​ចំនួន​ ៧៦ លើ បង្គោល​សរុប​ ៧៦ ដែល​សម្រេច​បាន​លទ្ធផល​ ១០០ ​ភាគរយ​។ ខេត្តបន្ទាយមានជ័យ បាន​បោះបង្គោល​ព្រំ​បាន​ចំនួន​ ៤៤ លើ​បង្គោល​សរុប ​៤៨ ​បង្គោល​ដែល​សម្រេចបាន​លទ្ធផល​ ៩១.៧ ​ភាគរយ​»​។

ចំណែក​ខេត្តកំពង់ធំ​បាន​បោះ​បង្គោលព្រំ​បាន​ចំនួន​ ១៣៩ លើ​បង្គោល​សរុប ២៩៤​ បង្គោល ដែល​សម្រេចបាន​លទ្ធផល ៧៣,៥ ​ភាគរយ​។ ខេត្តកំពង់ឆ្នាំង បាន​បោះ​បង្គោលព្រំ​បាន​ចំនួន​ ១០០ លើ​បង្គោល​សរុប​ ១៤០ ​បង្គោល ដែល​សម្រេចបាន​លទ្ធផល​ ៧១.៤​ ភាគរយ​។ ខេត្ត​បាត់ដំបង​បោះបង្គោល​ព្រំ​បាន​ចំនួន​ ៦៩ លើ​បង្គោល​សរុប​ ១១២ ​បង្គោល ដែល​សម្រេច​បាន​លទ្ធផល​ ៦១,៦​ ភាគរយ​។ ខេត្តសៀមរាប​បោះបង្គោល​ព្រំ​បាន​ចំនួន​ ៩៧ លើ​បង្គោល​សរុប​ ១៣២ ​បង្គោល ដែល​សម្រេច​បាន​លទ្ធផល​ ៤៧,៣ ​ភាគរយ​។

ជាមួយ​គ្នា​នេះ របាយការណ៍​របស់​អាជ្ញាធរ​បឹង​ទន្លេសាប​ក៏បាន​ឱ្យដឹង​ដែរ​ថា ចំពោះ​ការងារ​រៀបចំ​ដំឡើង​ប៉ាណូ ដើម្បី​ផ្តល់ព័ត៌មាន និង​ផ្សព្វផ្សាយ​តំបន់​ហាមឃាត់ ធ្វើឡើង​បាន​ចំនួន ៥១ ​ប៉ាណូ លើ​ផែន​ការសរុប​ចំនួន ៦៣ ​ប៉ាណូ​។

លោក​ ម៉ៅ ហាក់ អគ្គលេខាធិការរង​នៃ​អាជ្ញាធរ​បឹង​ទន្លេសាប​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ក្នុង​ការបោះបង្គោលព្រំ​ដែលមាន​សរុប​ទាំង​ជាង​ ៨០០ ​បង្គោល ក្នុង​តំបន់​ ៣ ​នេះ គឺ​ផ្ទៃដី​ដែល​ត្រូវបាន​ការពារ​មាន​សរុប​ ៦៤៧ ៤០៦​ ហិកតា ដោយ​យោងតាម​អនុក្រឹត្យ ​១៩៧​។ លោក​ថា ចំពោះ​បង្គោល​ដែល​នៅ​សេសសល់​ប្រមាណ ​២៧៧ ​បង្គោល​ទៀត​អាច​នឹងត្រូវ​បន្ត​បោះ​នៅ​អំឡុង​ខែកុម្ភៈ ដោយសារតែ​បង្គោល​ទាំងនេះ​កំពុងស្ថិត​ក្នុង​ទឹក ដែល​មិន​អាចឱ្យ​ក្រុមការងារ​ចុះ​បោះបង្គោល​បាន​។ លោក​សន្និដ្ឋានថា គម្រោង​បោះបង្គោល និង​ការងារ​ដំឡើង​ស្លាក​ប៉ាណូ​នេះ​អាច​នឹង​បញ្ចប់​នៅ​អំឡុងពេល​រដូវប្រាំង​ខាងមុខ​។

លោក ​ម៉ៅ ហាក់ បន្តថា​៖ «​ការរៀបចំ​បោះ​បង្គោល​ឡើងវិញ​នេះ គឺជា​ការងារ​មួយ​ដែល​អាច​បញ្ជាក់បន្ថែម​ថា ទីតាំង​តំបន់​ ៣ ​យើង​នៅទីណា​ឱ្យបាន​ច្បាស់លាស់​។ នេះ​ជាការ​ពង្រឹង​បន្ថែម​លើ​វិធានការ​នៃ​ការការពារ​ព្រៃ​លិច​ទឹក​ក្នុង​តំបន់​ ៣ ​ជុំវិញ​បឹង​ទន្លេសាប​យើង​នេះ​។ ខ្ញុំ​ជឿថា កិច្ចការងារ​នេះ​នឹងមាន​ប្រសិទ្ធភាព​ក្នុងការ​គ្រប់គ្រង ថ្វីដ្បិតតែ​កន្លងមក យើង​ដាក់​ហើយ​ប្រជាពលរដ្ឋ​យើង​នៅ​ទីនោះ គាត់​មិនសូវ​បានដឹង​។ តែ​ពេលនេះ​ខ្ញុំ​ឃើញថា ប្រជាពលរដ្ឋ គាត់​ចូលរួម​សកម្ម​»​។

កាលពី​ថ្ងៃទី​ ២៨ វិច្ឆិកា ឆ្នាំ​ ២០២១ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បានចេញ​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ឱ្យ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ និង​អភិបាលខេត្ត​ជាប់​បឹង​ទន្លេសាប ទប់ស្កាត់​ និង​បង្ក្រាប ជាបន្ទាន់​ចំពោះ​ការ​លួចកាប់​ទន្ទ្រានព្រៃ​លិច​ទឹក និង​វាតទី​យក​ដី​នៅតាម​មាត់បឹង​ទន្លេសាប​។ ការចេញ​បញ្ជា​របស់លោក​ ហ៊ុន សែន ធ្វើឡើង បន្ទាប់ពី​រាជបណ្ឌិត្យ​សភា​កម្ពុជា​បាន​ចុះ​ស្រាវជ្រាវ​រកឃើញ​មាន​ករណី​រំលោភ​យក​ដីព្រៃ​លិច​ទឹក​រាប់ម៉ឺន​ហិកតា​យ៉ាង​អនាធិបតេយ្យ​។

របាយការណ៍​របស់​រដ្ឋបាល​ជលផល បាន​ឱ្យដឹងថា ការដកហូត​ដីព្រៃ​លិច​ទឹក​នៅក្នុង​តំបន់​ ៣ ក្នុង​ខេត្ត​ទាំង ​៦ ជុំវិញ​បឹង​ទន្លេសាប​គិត​ត្រឹម​ខែធ្នូ ឆ្នាំ ​២០២១ មាន​ចំនួន​ជាង​ ៥៦ ០០០ ​ហិកតា ដែលមាន​ប្រជាពលរដ្ឋ​ជាង ​១ ​ម៉ឺន​គ្រួសារ​បាន​ចូលខ្លួន​ស្ម័គ្រចិត្ត​ប្រគល់​ដី​ទាំងនេះ​ឱ្យ​រដ្ឋ​គ្រប់គ្រង​វិញ ខណៈ​ការដាំដុះ​ព្រៃ​លិច​ទឹក ឫស្សី និង​ដើមត្នោត​ឡើងវិញ​ក្នុង​តំបន់​ទាំងនោះ​បាន​ជាង​ ៩ ​ម៉ឺន​ដើម និង​គ្រាប់​៕

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍