
ជនជាតិដើមភាគតិចស្ទៀង អំពាវនាវសុំអាជ្ញាធរចុះប្រមូលបំណែកថ្មប្រាសាទ ២ កន្លែង ដែលក្រុមហ៊ុនបំផ្លាញ។ រូបថត ហ្វេសប៊ុក
ក្រចេះ: ប្រជាសហគមន៍ជនជាតិដើមភាគតិចស្ទៀង ដែលរស់នៅក្នុងឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ អំពាវនាវសុំឱ្យអាជ្ញាធរ និងមន្ត្រីជំនាញនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តនេះចុះជួយអន្តរាគមន៍ប្រមូលបំណែកថ្មប្រាសាទបុរាណចំនួន ២ កន្លែងដែលរងការឈូសឆាយបំផ្លិចបំផ្លាញដោយក្រុមហ៊ុន THINK BIOTECH (CAMBODIA) CO., LTD។
តំណាងសហគមន៍ជនជាតិដើមភាគតិចស្ទៀង លោក ប៊ុន ខូន អាយុ ៥០ ឆ្នាំមានលំនៅក្នុងភូមិអាជេន ឃុំកំពង់ចាម ស្រុកសំបូរ ប្រាប់ភ្នំពេញប៉ុស្តិ៍ថា ប្រាសាទលាវចោម និងប្រាសាទត្រពាំងក្របៅ ដែលមានទីតាំងស្ថិតនៅចំណុចយាមកាលេខ 13, 0017N និងចំណុចនិយាមកាលេខ 105,8929E _+3,79m ក្នុងភូមិសាស្ត្រ ភូមិអាជេន ឃុំកំពង់ចាម ត្រូវបានក្រុមហ៊ុន THINK BIOTECH (CAMBODIA) CO., LTD ប្រើគ្រឿងចក្រឈូសឆាយ បំផ្លិចបំផ្លាញ នាប៉ុន្មានខែកន្លងទៅថ្មីៗនេះ។
តាមរយៈរូបភាពដែលអ្នកភូមិបានថតទុកជាភ័ស្ដុតាងរចនាប័ទ្មនៃក្បាច់ចម្លាក់ជាប់ផ្ដែរ និងសសរស្ដម្ភ ដែលជាបំណែកនៅសេសសល់របស់ប្រាង្គប្រាសាទទាំង ២ នេះមានលក្ខណៈស្រដៀងគ្នាទៅនឹងរចនាប័ទ្មនៃប្រាសាទសំបូរព្រៃគុក។
លោក ខូន បញ្ជាក់ថា៖ «ប្រាសាទបុរាណទាំង ២ នេះគឺជាកំណប់ទ្រព្យដ៏មានតម្លៃបំផុតដែលបានឆ្លុះបញ្ចាំងពីស្នាដៃនៃវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ និងសាសនារបស់បុព្វបុរសជនជាតិដើមភាគតិចយើងខ្ញុំ។ បច្ចុប្បន្នយើងខ្ញុំមានការសោកស្ដាយខ្លាំងណាស់ ព្រោះប្រាសាទទាំង ២ នេះត្រូវបានក្រុមហ៊ុន THINK BIOTECH ឈូសឆាយបំផ្លិចបំផ្លាញចោលអស់ទៅហើយ»។
បើតាមលោក ខូន កាលពីជាងពាក់កណ្ដាលឆ្នាំ ២០២១ ក្រោយពីមានការឈូសឆាយទីទួលប្រាសាទទាំង ២ ក្រុមអ្នកភូមិបានរាយការណ៍ប្រាប់អាជ្ញាធរ និងមន្ត្រីជំនាញនៃមន្ទីរវប្បធម៌ វិចិត្រសិល្បៈឱ្យចុះអន្តរាគមន៍បញ្ឈប់សកម្មភាពឈូសឆាយរបស់ក្រុមហ៊ុននោះ ប៉ុន្តែពុំមានមន្ត្រីណាម្នាក់ចុះមកហាមឃាត់នោះទេ ហើយក្រុមហ៊ុនក៏បន្តឈូសឆាយ បំផ្លាញទាំងប្រាសាទចោលតែម្ដង។
លោក ប៊ុន ខូន ដែលមានគំនិតអភិរក្សប្រាសាទ និងទីទួលបុរាណបានសុំឱ្យមន្ត្រីជំនាញនៃមន្ទីរ អង្គភាពពាក់ព័ន្ធចុះជួយអន្តរាគមន៍ប្រមូលបំណែកដែលនៅសល់នៃប្រាសាទទាំង ២ទីតាំងនេះមករក្សាទុក ដើម្បីធ្វើការផ្សំផ្គុំ និងរៀបចំស្ថាបនាជួសជុលប្រាសាទទាំង ២ ឡើងវិញ។
លោក ទេព វាសនា ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តក្រចេះមិនអាចទាក់ទងសុំការពន្យល់បានទេពីថ្ងៃទី ១២ មករា។ ចំណែក លោក Lu Chu Chang ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Think Biotech (Cambodia) Co.; Ltd ក៏មិនអាចទាក់ទងសុំការបំភ្លឺបានដែរ ដោយទូរស័ព្ទចូលជាច្រើនដងតែគ្មានអ្នកលើក៕