កំពង់ស្ពឺៈ នគរបាលព្រហ្មទណ្ឌ ខេត្តកំពង់ស្ពឺ នៅថ្ងៃទី ១២ ខែមករា កំពុងបន្តស្វែងរកចាប់ខ្លួនជនសង្ស័យម្នាក់ករណីកាប់បុរសម្នាក់ស្លាប់កាលពីយប់ថ្ងៃទី ១០ ខែមករា ខណៈជនរងគ្រោះកំពុងអង្គុយលើម៉ូតូមើលគេរាំធុងបាសក្នុងកម្មវិធីដារលានស្ថិតក្នុងភូមិស្រែកិន ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
លោក សម សាក់ ស្នងការរងទទួលផែននគរបាលព្រហ្មទណ្ឌ ខេត្តកំពង់ស្ពឺឱ្យដឹងនៅថ្ងៃទី ១២ ខែមករា ថា ជនរងគ្រោះមានឈ្មោះ ស្រី វ៉ាត ភេទប្រុស អាយុ ៤៤ ឆ្នាំ រស់នៅភូមិស្រែកិន ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ចំពោះជនដៃដល់កំពុងត្រូវបានសមត្ថកិច្ចរបស់លោកស្រាវជ្រាវដើម្បីស្វែងរកចាប់ខ្លួន ប៉ុន្តែលោកមិនទាន់ដឹងថាជារឿងគំនុំឬយ៉ាងណាទេ។
លោកថ្លែងថា៖ «ជុំវិញករណីនេះសមត្ថកិច្ចជំនាញយើងកំពុងស្រាវជ្រាវកំណត់អត្តសញ្ញាណជនសង្ស័យ ដើម្បីចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់។ បើតាមការស្រាវជ្រាវជាបឋមរបស់សមត្ថកិច្ចជំនាញបានសន្និដ្ឋានថា អាចជារឿងគំនុំ»។
លោក ប៊ុត ប៊ុនធឿន អធិការនគរបាលស្រុកឱរ៉ាល់បានរំឭកប្រាប់នៅថ្ងៃទី ១២ មករា ថាកាលពីថ្ងៃទី ១០ មករា មុនកើតហេតុប្រជាពលរដ្ឋបាននាំគ្នាធ្វើពិធីដារលាន ក្រោយពីប្រមូលផលស្រូវ។ លុះយប់ឡើងក៏មានកម្មវិធីរាំធុងបាស់លេងកម្សាន្ត ចំណែកជនរងគ្រោះក៏អង្គុយលើម៉ូតូមើលគេរាំនៅក្បែរកន្លែងរាំនោះដែរ។ បន្ទាប់មកម៉ោងជាង ១០ យប់ក្នុងថ្ងៃដដែល ស្រាប់តែមនុស្សនៅក្នុងវង់រាំនោះនាំគ្នាផ្អើលឆោឡោស្រែកថាមានមនុស្សកាប់គ្នាស្លាប់។ ភ្លាមៗនោះដែរ ប្រជាពលរដ្ឋបានរាយការណ៍ទៅនគរបាលបាលប៉ុស្តិ៍ឃុំត្រពាំងជោរ ហើយនគរបាលប៉ុស្តិ៍បានរាយការណ៍បន្តមកលោក។ ក្រោយពីលោកទទួលបានសេចក្តីរាយការណ៍មក លោកដឹកនាំកម្លាំងដែលមានទាំងកម្លាំងនគរបាលប៉ុស្តិ៍ឃុំត្រពាំងជោរផង ចុះដល់កន្លែងកើតហេតុ ដើម្បីពិនិត្យមើលសាកសព និងប្រមូលព័ត៌មានពីសាក្សីដែលបានឃើញហេតុការណ៍ និងសាក្សីដែលស្ថិតនៅក្នុងហេតុការណ៍នោះ។
លោក ប៊ុនធឿន បញ្ជាក់ថា ក្រោយពីមានការធ្វើកោសល្យវិច័យពីនគរបាលបច្ចេកទេសវិទ្យាសាស្ត្រ និងគ្រូពេទ្យខេត្តកំពង់ស្ពឺមកបានបញ្ជាក់ថា ជនរងគ្រោះត្រូវបានគេកាប់ចំកញ្ចឹងកពីខាងក្រោយត្រូវ ១ កាំបិតផ្គាក់ស្លាប់នៅកន្លែងកើតហេតុតែម្តង។ ចំពោះមូលហេតុនៃការសម្លាប់នេះគ្មានសាក្សីណាម្នាក់ចេញមកអះអាងប្រាប់សមត្ថកិច្ចឡើយ។ តែយោងតាមនគរបាលបច្ចេកទេស និងគ្រូពេទ្យបានសន្និដ្ឋានថាការកាប់សម្លាប់ជនរងគ្រោះនេះគឺជារឿងគំនុំ៕