ភ្នំពេញៈ តុលាការ​កំពូល​នៅ​ថ្ងៃទី​ ១២ ​មករា បានសម្រេច​បង្វិល​សំណុំរឿង អតីតមន្ត្រី​ប៉េអឹម​ម្នាក់​បាញ់​ប្អូនប្រុស​របស់​តារា​សម្តែង​នាង​ ខៀវ សុខារ៉ាវី ស្លាប់ ទៅ​សាលាឧទ្ធរណ៍​ភ្នំពេញ​ឱ្យ​ជំនុំជម្រះ​ឡើងវិញ បន្ទាប់ពី​តុលាការ​កំពូល​បើក​សវនាការ​ជំនុំជម្រះ​កាលពី​ថ្ងៃទី​ ៥ ​មករា​។

ការសម្រេច​នេះ ដោយ​តុលាការ​កំពូល​សំអាងថា ជន​ជាប់ចោទ​ជា​កងកម្លាំង​ប្រដាប់អាវុធ​មាន​តួនាទី​រក្សា​សណ្តាប់ធ្នាប់​សាធារណៈ​។

នៅក្នុង​បន្ទប់​សវនាការ​ដែល​មាន​វត្តមាន​លោក​ចៅក្រម ជីវ កេង ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​ដែល​បាន​ផ្ទេរសិទ្ធិ​ដល់​លោក​ចៅក្រម​ ១ ​រូប​ទៀត បាន​អាន​សាលដីកា​នៅ​ចំពោះមុខ​ជនជាប់ចោទ​នៅ​ថ្ងៃទី​ ១២ ​មករា ថា សំណុំរឿង​រឿងនេះ​មាន​ជនជាប់ចោទ​ឈ្មោះ ​ផុន ភក្តី អាយុ​ ៣២ ​ឆ្នាំ​ជា​អតីតមន្ត្រី​កងរាជ​អាវុធហត្ថ​ខណ្ឌដូនពេញ​។

ជនជាប់ចោទ​ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ ៧​ ឆ្នាំ ហើយ​សាលាឧទ្ធរណ៍​ភ្នំពេញ​ក៏​ប្រកាស​នៅ​ថ្ងៃទី​ ២៩ ​ឧសភា ឆ្នាំ​ ២០១៧​ សម្រេច​តម្កល់​ទោស ជន​ជាប់ចោទ​ ៧ ​ឆ្នាំ​ដដែល​។

សំណុំ​រឿងនេះ​ក្រោយពី​តុលាការ​កំពូល​បើកសវនាការ​ជំនុំជម្រះ​កាលពី​ថ្ងៃទី​ ៥ មករា និង​តាមរយៈ​ការជំនុំជម្រះ​នេះ​ដោយមាន​ការសន្និដ្ឋាន​ពី​តំណាង​មហាអយ្យការ និង​ក្រោយពី​បាន​ស្តាប់​សេចក្តី​សន្និដ្ឋាន​របស់​មេធាវី​ការពារ​សិទ្ធិ​ឱ្យ​ជន​ជាប់ចោទ​ឈ្មោះ​ផុន ភក្តី មក តុលាការ​កំពូល​បាន​ពិភាក្សា និង​ឯកភាព​គ្នា​ជា​ឯកច្ឆន្ទ​ថា ជនជាប់ចោទ​ជា​កម្លាំង​សមត្ថកិច្ច​មាន​ភារកិច្ច​បង្ក្រាប​បទល្មើស ហើយ​ម្យ៉ាងទៀត​ជនជាប់ចោទ​បានចេញ​សំណង​រដ្ឋប្បវេណី​ទៅ​ដើមបណ្តឹង​ជា​គ្រួសារ​ជនរងគ្រោះ​រួចហើយ​។

លោក​ចៅក្រម​ដដែល​បញ្ជាក់ថា​៖ «​ការសម្រេច​សេចក្តី​របស់​សាលាឧទ្ធរណ៍​ភ្នំពេញ​មកនេះ​នៅមាន​លក្ខណៈ​ខ្វះចន្លោះ​ត្រង់ចំណុច​ខ្លះ​។ ហេតុ​ដូច្នេះហើយ តុលាការ​កំពូល​បដិសេធ​ត្រង់​ទណ្ឌកម្ម​ទោស និង​បង្វិល​សំណុំ​រឿង​នេះ​ទៅ​សាលាឧទ្ធរណ៍​ភ្នំពេញ​ជំនុំជម្រះ​ជាថ្មី​ឡើងវិញ​»​។

តាម​អង្គហេតុ​របស់​តុលាការ​កំពូល​បង្ហាញថា​កាលពី​វេលា​ម៉ោង​ប្រមាណ​ជាង ៩​ យប់ ថ្ងៃទី​ ១៣ សីហា ឆ្នាំ ២០១៦ ជនជាប់ចោទ​បាន​ទៅ​អន្តរាគមន៍​ក្នុង​ជម្លោះ​មួយ​ក្នុង​ហាង​ម៉ាត​ ១​ កន្លែង នៅក្បែរ​ផ្សារ​រាត្រី​ (​ផ្សារ​ចាស់​) ហើយ​បាន​ឈ្លោះ​គ្នា​ជាមួយ​ក្រុម​ជនរងគ្រោះ ដែលមាន​គ្នា​ពី ៥ ទៅ ៦​ នាក់​ក្នុង​ហាង​ម៉ាត​នោះ​។ ពេលនោះ​ក្រុម​ជនរងគ្រោះ​បាន​វាយ​លើ​ជនជាប់ចោទ​ដែលមាន​តែម្នាក់ឯង ហើយ​ជនជាប់ចោទ​ក៏បាន​បាញ់​ជនរងគ្រោះ​ឈ្មោះ​ សឺន ចាន់ដារ័ត្ន ភេទ​ប្រុស អាយុ ២៨ ​ឆ្នាំ​ដែល​ត្រូវជា​ប្អូនប្រុស​ជីដូនមួយ​របស់​អតីត​តារាសម្តែង​នាង ខៀវ សុខារ៉ាវី ស្លាប់​។

សំណុំ​រឿងនេះ​ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ​បើកសវនាការ និង​ប្រកាស​សាលក្រម​នៅ​ថ្ងៃទី ២៩ ឧសភា ឆ្នាំ ២០១៧ ផ្តន្ទាទោស​ជនជាប់ចោទ​ដាក់ពន្ធនាគារ ៧ ​ឆ្នាំ​ចោទ​ពី​បទហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស ដោយសារ​មរណភាព​នៃ​ជនរងគ្រោះ​។ ប៉ុន្តែ​ជនជាប់ចោទ​មិន​សុខ​ចិត្តនឹង​ទណ្ឌកម្ម​ទោស​បាន​ប្តឹង​ឧទ្ធរណ៍​ភ្នំពេញ​ហើយ​សាលាឧទ្ធរណ៍​បាន​បើកសវនាការ និង​ប្រកាស​សាលដីកា​នៅ​ថ្ងៃទី ​១៦ មីនា ឆ្នាំ​ ២០២១ ​តម្កល់​ទោស​ ៧ ​ឆ្នាំ​ដដែល​៕