
សកម្មភាពចរាចរណ៍នៅស្តុបផ្សារស៊ិនជូរីផ្លាហ្សានៅភ្នំពេញ។ ហេង ជីវ័ន
ភ្នំពេញៈ មន្ត្រីជំនាញនៃសាលារាជធានីភ្នំពេញកាលពីថ្ងៃទី ១១ ខែមករា បានចាប់ផ្ដើមពិភាក្សាលើគម្រោងសាងសង់ស្ពានអាកាសថ្មីមួយទៀតស្របពីលើបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី គ្របពីលើវិថីសម្តេចចៅហ្វាវាំង គង់ សំអុល (ផ្លូវ ២០០៤) ប្រសព្វជាមួយនឹងផ្លូវ ២០១១ នៅស្តុបផ្សារស៊ិនជូរីផ្លាហ្សា ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី-ភ្នំពេញ បានឱ្យដឹងថា ស្ពានអាកាសនេះនឹងចាប់ផ្ដើមនៅខែមីនា ឆ្នាំ ២០២២ ដោយប្រើប្រាស់រយៈពេលជាង ១៤ ខែ ហើយក្នុងរយៈពេលនេះរហូតដល់ខែមីនា ក្រុមជំនាញនឹងធ្វើការសិក្សាពីផ្លូវវាងនឹងធ្វើការសិក្សាពីផលប៉ះពាល់មួយចំនួន។
លោកបានឱ្យដឹងថា គម្រោងស្ពានអាកាសផ្លូវ ២០០៤ នេះមានប្រវែងសរុប ៥១៦,២ ម៉ែត្រ ប្រវែងបណ្តោយតួស្ពាន ២៣៣,៩ ម៉ែត្រ ប្រវែងទទឹងតួស្ពាន ១៥,៨ ម៉ែត្រ កម្ពស់តួស្ពានត្រង់ចំណុចកណ្ដាល ៥,០ ទៅ ៥,៥ ម៉ែត្រ ដែលស្ថិតនៅក្នុងសង្កាត់កាកាបទី ១ ខណ្ឌពោធិ៍សែនជ័យ។
អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បានលើកឡើងនៅក្នុងកិច្ចប្រជុំថា សម្រាប់ស្ពានអាកាសថ្មីនេះ ក្រុមកម្មករជំនាញនឹងធ្វើការងារទាំងថ្ងៃទាំងយប់ ដើម្បីឱ្យរួចរាល់ទៅតាមគម្រោងដែលបានគ្រោងទុក ពោលធ្វើឱ្យបានរួចរាល់នៅមុនពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេមឆ្នាំ ២០២៣។
លោកថ្លែងដោយជំរុញឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី-ភ្នំពេញ ធ្វើការសហការជាមួយនឹងក្រុមហ៊ុន OCIC សិក្សាពីការសាងសង់ផ្លូវក្រោមដីនៅចំណុចស្ពាននេះបន្ថែមទៀតឱ្យបានលឿនផងដែរ។
លោកថា៖ «តើមានផលប៉ះពាល់ទំហំប៉ុនណា ហើយគ្រោងនឹងចំណាយថវិកាប៉ុន្មាននៃផលប៉ះពាល់នេះ ដើម្បីយើងអាចដោះស្រាយស្ទះចរាចរណ៍នៅតំបន់នេះបានយូរអង្វែង»។
លោក ឃួង ស្រេង បានគូសបញ្ជាក់ថា ក្រោយពីស្ពានអាកាស និងផ្លូវក្រោមដីនៃរង្វង់មូលចោមចៅដាក់ឱ្យដំណើរការនាពេលខាងមុខ រំហូរចរាចរណ៍នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី នឹងមកកកស្ទះចរាចរណ៍នៅផ្លូវលេខ ២០០៤ ក៏ដូចជាផ្លូវលេខ ២០១១ កាន់តែខ្លាំងទើបរដ្ឋបាលរាជធានីភ្នំពេញធ្វើការសាងសង់ស្ពានអាកាសនៅត្រង់ចំណុចនេះ។ លោកសង្ឃឹមថា ស្ពានអាកាសនេះនឹងជួយសម្រួលចរាចរណ៍នៅតំបន់នេះឱ្យកាន់តែល្អប្រសើរ និងកាត់បន្ថយការកកស្ទះ។ នៅភ្នំពេញ ស្ពានអាកាសផ្លូវ ២០០៤ នេះនឹងក្លាយជាស្ពានអាកាសទី ៧ នៅរាជធានីភ្នំពេញ ខណៈស្ពានអាកាស ៦ ផ្សេងទៀតត្រូវបានដាក់ឱ្យប្រើប្រាស់ និងបានរួមចំណែកក្នុងការបញ្ចៀសការកកស្ទះចរាចរណ៍យ៉ាងសំខាន់ផងដែរ។ ស្ពានអាកាស ៦ ផ្សេងទៀតដែលកំពុងដាក់ឱ្យប្រើប្រាស់ រួមមាន ១- ស្ពានអាកាសក្បាលថ្នល់ ២- ស្ពានអាកាសស្ទឹងមានជ័យ ៣- ស្ពានអាកាស ៧ មករា ៤- ស្ពានអាកាស ៥ មករា (តិចណូ) ៥- ស្ពានអាកាសផ្សារដីហុយ និងទី ៦- ស្ពានអាកាស និងផ្លូវក្រោមដីនៅរង្វង់មូលចោមចៅដាក់ឱ្យដំណើរការផ្នែកខ្លះ និងមួយផ្នែកទៀតកំពុងដំណើរការសាងសង់ជិតរួចរាល់ហើយ។
នាយកអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំនៅកម្ពុជា (AIP) លោក គឹម បញ្ញា បានថ្លែងថា ការសាងសង់ស្ពានអាកាសពិតជាបានជួយដល់រំហូរចរាចរណ៍ឱ្យមានភាពប្រសើរជាងមុន។ ប៉ុន្តែទន្ទឹមនេះដែរ លោកស្នើដល់មន្ត្រីជំនាញពាក់ព័ន្ធត្រូវគិតគូរពីវិធីសាស្ត្រក្នុងការជួយសម្រួលចរាចរណ៍ក្នុងអំឡុងពេលសាងសង់នេះ។
លោកថា៖ «ជាធម្មតាមុននឹងបានជិះស្រួលយើងជួបលំបាកសិន អ៊ីចឹងសាលារាជធានីភ្នំពេញក៏ដូចជាមន្ទីរសាធារណការគួរគិតគូរជួយសម្រួលចរាចរណ៍ ហើយត្រូវបើកផ្លូវវាងណាកុំឱ្យកកស្ទះខ្លាំងនាំឱ្យខាតបង់ពេលវេលា»៕