ភ្នំពេញៈ ​ពលរដ្ឋ​លើកឡើងថា រថយន្ត​ធុន​ធំ​ចេញចូល​រាជធានី​ភ្នំពេញ​នៅពេល​ថ្ងៃ​នៅ​មិនទាន់​អនុវត្ត​ឱ្យមាន​ប្រសិទ្ធភាព​នៅឡើយ​ទេ ដែល​បាន​បង្កឱ្យមាន​ការកកស្ទះ និង​គ្រោះថ្នាក់​ចរាចរណ៍ ប៉ុន្តែ​អាជ្ញាធរ​ថា នៅតែ​បន្ត​អនុវត្ត​ហាមឃាត់​ដោយ​មិនមាន​ការ​បន្ធូរបន្ថយ​ឡើយ ហើយ​ក្នុងករណី​មានការ​ឆកល្វែង អាជ្ញាធរ​នឹង​ចាត់វិធានការ​បន្ថែម​ភ្លាមៗ​ពេល​ទទួលបាន​ព័ត៌មាន​។

លោក ចូវ លី ប្រជាពលរដ្ឋ​ម្នាក់​នៅ​រាជធានី​ភ្នំពេញ ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១១ មករា​ថា តាមរយៈ​ការធ្វើ​ដំណើរ​លើ​ដងផ្លូវ​ជា​រៀងរាល់ថ្ងៃ លោក​កត់សម្គាល់​ឃើញថា រថយន្ត​ធុន​ធំ នៅតែមាន​ការចេញចូល​។ ពេលខ្លះ​លោក​ក៏បាន​ឃើញ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បង្កដោយ​រថយន្ត​ធុន​ធំ ដែល​បណ្តាលឱ្យ​អ្នករងគ្រោះ​ពិការ​ដៃជើង និង​មាន​អ្នកខ្លះ​ស្លាប់​ទៀតផង​។

លោក​ថ្លែងថា​៖ «​ការគ្រប់គ្រង​រថយន្ត​ធុន​ធំ​ចូល​ក្រុង​តាម​ម៉ោង​ដែល​បានកំណត់ ហាក់​ឃើញ​នៅ​មិនទាន់មាន​ប្រសិទ្ធភាព​ទេ​។ រថយន្ត​ធំៗ​ទាំង​នោះបាន​បណ្តាលឱ្យមាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​ប្រជាពលរដ្ឋ​ទាំង​ស្លាប់​ទាំង​ពិការ​។ កត្តា​គ្រោះថ្នាក់​ចរាចរណ៍​ធ្វើឱ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​គ្រួសារ​ជនរងគ្រោះ​ច្រើនណាស់​»​។

ក្នុង​នាម​ប្រជាពលរដ្ឋ​ដែលមាន​ការព្រួយបារម្ភ​ក្នុង​ការធ្វើ​ដំណើរ​លើ​ដង​ផ្លូវលោក ចូវ លី បាន​សំណូមពរ​ឱ្យ​ក្រុមហ៊ុន​ដឹកជញ្ជូន​មាន​វិធានការ​ច្បាស់លាស់​ចំពោះ​អ្នកបើកបរ​រថយន្ត​ឱ្យ​គោរព​ច្បាប់​ចរាចរណ៍ និង​ត្រូវ​បើកបរ​ក្នុង​ល្បឿន​ដែល​ក្រសួង​សាធារណការ​បានកំណត់​ល្បឿន​នៅ​ទីប្រជុំជន​។ ជាមួយគ្នា​នោះ លោក​ក៏បាន​ស្នើឱ្យ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​អនុវត្ត​ច្បាប់​ចេញ-​ចូល​ក្រុង​តាម​ម៉ោង​ដែល​បាន​​កំណត់​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់ ហើយ​អនុវត្ត​ឱ្យ​ដូច​ភ្លៀងរលឹម ​កុំ​អនុវត្តបាន​តែមួយ​ឆាវ​ដូច​ភ្លើងចំបើង​។ លោក​ថ្លែងថា​៖ «​សម្តេច​ពុក​បាន​មានប្រសាសន៍​ហើយពី​កន្លងមក ច្បាប់​មានចែង​ហើយ​មន្ត្រី​ដែល​ត្រូវអនុវត្ត​ច្បាប់​នាំគ្នា​អនុវត្ត​ទៅ​។ ខ្ញុំបាទ សូម​លើកទឹកចិត្ត​ដល់​បងប្អូន​ដែល​ប្រើប្រាស់​ផ្លូវថ្នល់ សូម​ចូលរួម​ចំណែក​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា​»​។

លោក សុខ សុផាត ប្រជាពលរដ្ឋ​ម្នាក់ទៀត​នៅ​រាជធានី​-​ភ្នំពេញ​បាន​និយាយថា ជាការ​កត់សម្គាល់​របស់លោក តាមរយៈ​ការធ្វើដំណើរ​នៅលើ​ដងផ្លូវ​រាល់ថ្ងៃ គឺមាន​ពេលខ្លះ​នៅតែ​ឃើញ​មាន​រថយន្ត​ធុន​ធំ​ចេញ-ចូល​នៅពេល​ថ្ងៃ​។ រថយន្ត​ទាំងនោះ​បាន​បើកបរ​ក្នុង​ល្បឿន​លឿន​ជាពិសេស​នៅពេល​ថ្ងៃត្រង់​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​មាន​ការ​បារម្ភ​ចំពោះ​គ្រោះថ្នាក់​ចរាចរណ៍ នៅពេល​មាន​រថយន្ត​ធុន​ធំ​បើកបរ​លឿនៗ ហើយ​ពេលខ្លះ​ខ្ញុំ​ក៏បាន​ឃើញ​គ្រោះថ្នាក់​ចរាចរណ៍​ផ្ទាល់​ភ្នែក​ផងដែរ​។ អ៊ីចឹង​ខ្ញុំ​ចង់ឱ្យ​មាន​ការរឹតបន្តឹង​ឱ្យបាន​ខ្លាំង​ជាង​នេះ​បន្ថែមទៀត​»​។

ជុំវិញ​ករណីនេះ លោក ម៉េត ម៉ាសភក្តី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ថ្លែង​នៅ​ថ្ងៃទី​ ១១ ខែមករា​ថា អាជ្ញាធរ​រាជធានី-ភ្នំពេញ​នៅតែ​បន្ត​អនុវត្ត​ការរឹតបន្តឹង ហាមឃាត់ មិនឱ្យ​រថយន្ត​ធុន​ធំ​ចេញចូល​ក្នុង​ក្រុង​ចន្លោះ​ម៉ោង ៦ ​ព្រឹក​រហូតដល់​ម៉ោង ៩ ​យប់​។ លោក​ថា ប្រសិនបើ​មាន​ករណី​ខ្វះចន្លោះ ហើយ​ទទួលបាន​ព័ត៌មាន​ពី​ពលរដ្ឋ​នោះ​អាជ្ញាធរ​នឹងមាន​វិធានការ​ភ្លាមៗ​បន្ថែមទៀត​តាម​ជាក់ស្តែង​។

លោក​ថ្លែងថា​៖ «​យើង​អត់​មានអី​ដែល​ធ្លាក់ដៃ ឬក៏​ប្តូរ​យន្ត​ការដែល​ទូលាយ​ឡើងវិញ​គឺ​អត់​ទេ គឺ​យើង​នៅ​អនុវត្ត​ដដែល​ទេ ប៉ុន្តែ​ក្នុងករណី​មានការ​ឆកល្វែង​គឺ​យើង​ចាត់វិធានការ​ភ្លាម​»​។

លោក​ គឹម បញ្ញា នាយក​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី​ប្រចាំ​កម្ពុជា​ថ្លែងថា លោក​មិនបាន​ធ្វើការ​ស្រាវជ្រាវ​ជុំវិញ​រឿងនេះ​ទេ ប៉ុន្តែ​តាម​អ្វីដែល​លោក​បាន​មើលឃើញ​ក្នុង​សេចក្តី​រាយការណ៍​របស់​ប្រព័ន្ធ​សារព័ត៌មាន ឃើញថា ស្ថានភាព​នៃ​រថយន្ត​ចេញចូល​ក្រុង​នៅពេល​ថ្ងៃ មិនសូវ​កើតមាន​នោះទេ​។

លោក​ថ្លែងថា​៖ «​ជា​ទស្សនៈ​របស់ខ្ញុំ ខ្ញុំ​សុំឱ្យ​រថយន្ត​ប្រភេទ​ធំៗ ជាពិសេស​រថយន្ត​ដែល​យើង​​មើលឃើញ​ជាក់ស្តែង​ហ្នឹង​គឺ​ប្រភេទ​រថយន្ត​ដឹក​ស៊ីម៉ងត៍ លាយ​ស៊ីម៉ងត៍ ក្រឡុក​ស៊ីម៉ងត៍ អីហ្នឹង ​សុំឱ្យ​គាត់​ចេញចូល​ឱ្យបាន​មុន​ម៉ោង ៦​ ព្រឹក​ទៅ ហើយ​ចាំ​ដល់ពេល​ផុតពី​ហ្នឹង ម៉ោង​ណា​ដែល​យើង​កំណត់ថា មិនសូវ​មាន​ការកកស្ទះ មិនសូវមាន​ហានិភ័យ​ចាំ​បន្តដំណើរ​ចេញចូល​វិញ​»៕

វីដេអូ៖