ភ្នំពេញៈ ​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​កូរ៉េ (KOICA) និង​គណៈកម្មាធិការ​នីតិសម្បទា និង​អភិវឌ្ឍន៍​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CRDB/CDC) ពិភាក្សា​គ្នា​អំពី​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍន៍​សម្រាប់​ឆ្នាំ ២០២២-២០២៣ ខណៈ​ក្នុង​ឆ្នាំ​ ២០២២ ​នេះ​ជំនួយ​ឥតសំណង​របស់ KOICA ដល់​កម្ពុជា​មាន​ចំនួន​សរុប ២០,៧ ​លាន​ដុល្លារ​អាមេរិក​។

កិច្ចពិភាក្សា​គ្នា​លើ​គោលនយោបាយ​នេះ​បានធ្វើ​ឡើង​តាម​អនឡាញ ZOOM ក្រោម​អធិបតីភាព លោក ហ្យន់ជូន រ៉ូ (Hyunjun RHO) តំណាង​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​កូរ៉េ KOICA ប្រចាំ​ប្រទេស​កម្ពុជា និង​លោក ឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី អគ្គលេខាធិការ​គណៈកម្មាធិការ​នីតិសម្បទា និង​អភិវឌ្ឍន៍​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CRDB/CDC) នៅ​ថ្ងៃទី​ ១១ ខែមករា ឆ្នាំ​ ២០២២​។

គោលបំណង​សំខាន់​នៃ​កិច្ចពិភាក្សា​គោលនយោបាយ​នេះ​ធ្វើឡើង ទី​ ១- ដើម្បី​ពិភាក្សា​អំពី​ដំណើរការ​សម្រាប់​ការរៀបចំ​សកម្មភាព​របស់ KOICA នៅ​កម្ពុជា​ដូចជា សមិទ្ធផល​មួយចំនួន​ដែល​បានធ្វើ​ក្នុង​ឆ្នាំ​ ២០២១ និង​ផែនការ​សកម្មភាព​សម្រាប់​ឆ្នាំ​ ២០២២​។

ក្រៅពីនេះ​គម្រោង​បន្ត​របស់ KOICA គឺ​គម្រោង​ថ្មី​សម្រាប់​ឆ្នាំ ២០២២-២០២៣ កម្មវិធី​បណ្តុះបណ្តាល​ប្រចាំ​ប្រទេស​សម្រាប់​កម្ពុជា​នៅ​ឆ្នាំ​ ២០២២ និង​រហូតដល់​ឆ្នាំ​ ២០២៥ ការស្នើសុំ​សំណើ​គម្រោង​ថ្មី​សម្រាប់​ឆ្នាំ​ ២០២៤​។ ទី ​២- ​ដើម្បី​ពិភាក្សា​អំពី​ការរៀបចំ​ពិធី​សម្ពោធ​មជ្ឈមណ្ឌល ត្រចៀក ច្រមុះ បំពង់ក ​(ENT Center)​ ក្នុង​មន្ទីរពេទ្យ​ព្រះ​អង្គឌួង​ក្នុង​ខណ្ឌដូនពេញ​រាជធានី​ភ្នំពេញ​។

លោក ឈៀង យ៉ាណារ៉ា បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​ដែល KOICA សម្រេចបាន​ហើយ​បាន​ថ្លែងអំណរគុណ​ចំពោះ KOICA និង​ប្រជាជន ព្រមទាំង​រដ្ឋាភិបាល​កូរ៉េ​ដែល​តែងតែ​គាំទ្រ​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​របស់​ប្រទេស​កម្ពុជា តាមរយៈ​ការអនុវត្ត​គម្រោង និង​កម្មវិធី​នានា និង​ថ្លែងអំណរគុណ​ចំពោះ KOICA ដែល​គាំទ្រ​យ៉ាងសកម្ម​ដល់​ប្រទេស​កម្ពុជា​ក្នុង​ការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវីដ ​១៩ និង​សម្របសម្រួល​ការស្តារ​សេដ្ឋកិច្ច​ឡើងវិញ​។

លោក ហ្យន់ជូន រ៉ូ បាន​កោត​សរសើរ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​ដឹកនាំ​ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចំពោះ​ការខិតខំ​ប្រឹងប្រែង និង​សមិទ្ធផល​នានា​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា ជាពិសេស​ការ​គ្រប់គ្រង​បានល្អ​ទាក់ទង​ទៅនឹង​ការរីក​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ និង​សមិទ្ធផល​ក្នុង​ការផ្តល់​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ​ ១៩ ជូន​ដល់​ប្រជាជន​កម្ពុជា និង​ជនបរទេស ជាពិសេស​ប្រជាជន​កូរ៉េ​ដែល​បច្ចុប្បន្នកំពុង​ស្នាក់​នៅ និង​ធ្វើការ​ក្នុងប្រទេស​កម្ពុជា​។

លោក​ថ្លែងថា ចាប់តាំងពី​ឆ្នាំ​ ១៩៩១-២០២១ KOICA បានផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​ប្រមាណ ៣១៦ លាន​ដុល្លារ​អាមេរិក ដើម្បី​ចូលរួម​ចំណែក​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចសង្គម ដោយ​ផ្តោតលើ​វិស័យ​អាទិភាព​ចំនួន​ ៤ រួមមាន ទី​ ១ វិស័យ​គ្រប់គ្រង​ទឹក និង​សុខភាព​សាធារណៈ ទី​ ២ វិស័យ​អប់រំ ទី​ ៣ វិស័យ​កសិកម្ម​ និង​អភិវឌ្ឍ​ជនបទ និង ទី​ ៤ វិស័យ​ដឹកជញ្ជូន​។

ដោយឡែក សម្រាប់​ឆ្នាំ​ ២០២២ ​នេះ​ជំនួយ​ឥតសំណង​របស់ KOICA ដល់​កម្ពុជា​មាន​ចំនួន​សរុប ២០,៧ ​លាន​ដុល្លារ​អាមេរិក​។ នេះ​បើតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​។

សេចក្ដី​ប្រកាស​ព័ត៌មាន​បញ្ជាក់ថា នៅក្នុង​បរិបទ​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ KOICA បាន និង​កំពុង​គាំទ្រ​យ៉ាងសកម្ម​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវីដ​ ១៩ ​ក៏ដូចជា ការដោះស្រាយ​ផលប៉ះពាល់​នៃ​ជំងឺ​កូវីដ​ ១៩ ចាប់តាំងពី​​ឆ្នាំ​ ២០២០ មក​។

ដោយឡែក​សម្រាប់​ឆ្នាំ​ ២០២២​ នេះ KOICA នឹង​ផ្តល់​រថយន្ត​សង្គ្រោះ​បន្ថែមចំនួន ១០ ​គ្រឿង និង​ឧបករណ៍​ធ្វើតេស្ត​រហ័ស​ចំនួន​ ៨៣ ៣២៥ ​តេស្ត​ដល់​ក្រសួង​សុខាភិបាល​កម្ពុជា​៕