ភ្នំពេញៈ តុលាការ​កំពូល​នៅ​ថ្ងៃទី​ ១២ មករា បាន​បើក​សវនាការ​ជំនុំជម្រះ​អតីតមន្ត្រី​យោធា​ផ្កាយ ​២ ឈ្មោះ សូយ ចាន់សឿន ពាក់ព័ន្ធ​ការសុំ​មោឃភាព​នីតិវិធី​ដែល​សាលាដំបូង​រាជធានី​ភ្នំពេញ​ចោទ​អំពើហិង្សា​លើ​អ្នកកាន់កាប់​អចលនវត្ថុ​ ខណៈ​ជន​រូបនេះ​ក៏​កំពុង​ត្រូវបាន​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ខេត្តកំពង់ស្ពឺ​ក្នុង​បទល្មើស​វាយ​មិត្តភកិ្ត​ស្រី​របស់ខ្លួន​ម្នាក់​កាលពី​ខែមករា ឆ្នាំ​ ២០២១​ នៅ​ខេត្ត​កំពង់ស្ពឺ​។

ក្នុង​បន្ទប់​សវនាការ​នៅ​ថ្ងៃទី​ ១២ មករា ដែលមាន​សមាសភាព​ចៅក្រម​ ៥ ​រូប និង​មាន​លោក និល ណុន ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​នោះ លោក​ ឈឺន សុខា ជា​មេធាវី​ការពារ​សិទ្ធិ​ឱ្យ​ជន​ត្រូវ​ចោទ​បាន​ថ្លែងថា កូនក្តី​របស់​លោក​ត្រូវបាន​ឈ្មោះ កើត ខេង ជាដើម​បណ្តឹង​រដ្ឋប្បវេណី​បាន​ប្តឹង​កូនក្តី​លោក​ពាក់ព័ន្ធ​ទំនាស់​ដី​មួយកន្លែង​នៅ​ភូមិ​ស្រែអំពិល ឃុំ​ឈើទាល ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល​។ សំណុំ​រឿងនេះ​ត្រូវបាន​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ចោទប្រកាន់​បទ​ប្រើ​ហិង្សា​ទៅលើ​អ្នកកាន់កាប់​អចលនវត្ថុ​ដោយ​សុចរិត និង​បរិហាកេរ្តិ៍​ជា​សាធារណៈ ហេតុដូច្នេះ​ហើយ​ទើប​កូនក្តី​របស់លោក​ប្តឹង​​មោឃភាព​នីតិវិធី​លើ​បទ​ចោទ​នេះ ដោយសារ​កូនក្តី​របស់លោក​មិន​សុខចិត្ត​នឹង​បទ​ចោទ​នេះ​ក៏បាន​ប្តឹង​ឧទ្ធរណ៍​ហើយ​ត្រូវបាន​សភា​ស៊ើបសួរ​សាលា​ឧទ្ធរណ៍​បើកសវនាការ​ជំនុំជម្រះ​កាលពី​ថ្ងៃទី​ ១៦ សីហា ឆ្នាំ ២០២១ និង​ប្រកាស​សាលដីកា​នៅ​ថ្ងៃទី​ ១៨ សីហា ឆ្នាំ ​២០២១ សម្រេច​ច្រានចោល​បណ្តឹង​មោឃភាព​នីតិវិធី​នេះ និង​តម្កល់​ដីកា​សម្រេច​របស់​តំណាង​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ​។

លោក​ប្រាប់​ចៅក្រម​ក្នុង​អង្គសវនាការ​ថា​៖ «​ខ្ញុំ​សូម​ស្នើ​ដល់​តុលាការ​កំពូល​មេត្តា​ពិចារណា​លើ​បណ្តឹង​មោឃភាព​នីតិវិធី​របស់​កូនក្តី​ខ្ញុំ ព្រោះ​សំណុំរឿង​ដូចគ្នានេះ​ក៏ត្រូវ​បាន​ភាគី​ដើមបណ្តឹង​ប្តឹង​នៅ​សាលាដំបូង​ខេត្តកណ្តាល​ដែរ​»​។

លោក​មេធាវី​បន្តថា កូនក្តី​លោក​បាន​ទិញ​ដី​ទំហំ​ ៤ ​ហិកតា​ចូលគ្នា​ជាមួយ​បុរស​ម្នាក់ទៀត​នៅ​ភូមិ​ស្រែអំពិល ឃុំ​ឈើទាល ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល​។ បន្ទាប់មក​បុរស​ម្នាក់​នោះ​មានទំនាស់​ជាមួយ​ឈ្មោះ​ កើត ខេង ដែល​អះអាងថា ដី​នោះ​ជា​កម្មសិទ្ធិ​របស់គាត់​ដែរ​នោះបាន​ប្តឹងទៅ​សាលាដំបូង​ខេត្តកណ្តាល​ហើយ​បច្ចុប្បន្ន​ក៏​តុលាការ​កំពុង​ដំណើរការ​នីតិវិធី​ដែរ​។

លោក ចាន់ តារារស្មី តំណាង​មហាអយ្យការ​បានធ្វើ​សេចក្តី​សន្និដ្ឋានថា ក្រោយពី​បាន​ពិនិត្យមើល​សំណុំរឿង​មក​លោក​យល់ឃើញ​ថា បណ្តឹង​មោឃភាព​របស់​ជន​ត្រូវ​ចោទ​ខុស​នឹង​គោលការណ៍​ច្បាប់​ «​ដូច្នេះ​ខ្ញុំ​ស្នើ​សូម​ក្រុមប្រឹក្សា​ជំនុំជម្រះ​តម្កល់​សាលដីកា​របស់​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​ភ្នំពេញ​ទុកជា​បានការ​ដដែល​»​។

លោក​ចៅក្រម និល ណុន បាន​ថ្លែងថា​សាលដីកា​នៃ​សំណុំ​រឿងនេះ​នឹង​ប្រកាស​នៅ​ថ្ងៃទី​ ១៩ មករា ២០២២៕