សៀមរាបៈ អភិបាលខេត្ត​សៀមរាប​គ្រោង​ជួបពិភាក្សា​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា ក្នុងការ​បង្កើតឱ្យមាន​កន្លែង​ផ្តល់​សេវា​មគ្គុទ្ទេសក៍​ទេសចរណ៍ ដើម្បី​ភាពងាយស្រួល​ដល់​សមាគម​មគ្គុទ្ទេសក៍​ទេសចរណ៍​នីមួយៗ​រៀបចំ​សមាជិក​របស់ខ្លួន​ឱ្យទៅ​នៅ​ផ្តល់​សេវា​ទីនោះ​ដោយមាន​ការប្តូរ​វេន​គ្នា​។

ក្នុង​ជំនួប​សំណេះសំណាល​ជាមួយ​សមាគម​មគ្គុទ្ទេសក៍​ទេសចរណ៍​កាលពី​ថ្ងៃទី​ ១១ មករា​នៅ​សាលាខេត្ត​សៀមរាប លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប​បាន​លើកឡើងថា លោក​គ្រោង​នឹង​ជួបពិភាក្សា​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា ដើម្បី​បង្កើតឱ្យមាន​ទីកន្លែង​សម្រាប់​ផ្តល់​សេវា​មគ្គុទេសក៍​ទេសចរណ៍ ដែល​ផ្តល់ឱកាស​ដល់​សមាគម​មគ្គុទេសក៍​ទេសចរណ៍ អាចដាក់​សមាជិក​របស់​ខ្លួន​នៅ​ផ្តល់​សេវា​ទៅតាម​គោលដៅ​តាម​ប្រាសាទ​នីមួយៗ​។ នេះ​បើតាម​ហ្វេសប៊ុក​រដ្ឋបាល​ខេត្តសៀមរាប​។

លោក ទៀ សីហា ឱ្យដឹងថា ក្រោយពី​បញ្ហា​កូវីដ ​១៩ ​បាន​ធូរស្រាល​បន្តិច ព្រមទាំង​មានការ​បើក​ប្រទេស​ឡើងវិញ ភ្ញៀវ​ទេសចរ​ក្នុងស្រុក​ក៏បាន​ចាប់ផ្តើម​ដើរ​កម្សាន្ត​តាម​រមណីយដ្ឋាន​នានា​។ សម្រាប់​ភ្ញៀវទេសចរ​ជាតិ និង​បរទេស​នៅក្នុង​ស្រុក​ដែល​បានមក​កម្សាន្ត​នៅតាម​ប្រាសាទ​នានា​ក្នុង​រមណីយដ្ឋាន​អង្គរ​ក៏​ងាក​មកប្រើប្រាស់​សេវា​មគ្គុទ្ទេសក៍​ទេសចរណ៍​ក្នុងការ​ពន្យល់​បកស្រាយ​អំពី​ប្រាសាទ​នីមួយៗ​ផងដែរ​។

ការប្រើប្រាស់​សេវា​នេះ​ធ្វើឱ្យ​មគ្គុទ្ទេសក៍​ទេសចរណ៍​រកចំណូលបាន​ខ្លះៗ​ឡើងវិញ​ ប៉ុន្តែ​មគ្គុទ្ទេសក៍​ទេសចរណ៍​មិនមាន​ទីកន្លែង​រង់ចាំ​ភ្ញៀវ​នៅឡើយ​។ ជាក់ស្តែង​ពួកគាត់​បាន​នៅតាម​ក្រោម​ម្លប់​ឈើ​តាមផ្លូវ​ចូលទៅ​ប្រាសាទ ឬ​អាច​និយាយថា អង្គុយចាំ​ចាប់​ម៉ូយ​ទៅតាម​លទ្ធភាព​រៀងៗ​ខ្លួន​។ លោក​ថ្លែងថា​៖ «​សកម្មភាព​ទាំងនេះ​ធ្វើឱ្យ​មាន​ការពិបាក​មើល​ចំពោះ​បងប្អូន​ដែល​គ្មាន​ទីតាំង​ប្រចាំការ​ច្បាស់លាស់ ក្នុង​ការ​បម្រើ​សេវា​ជូន​ដល់​ភ្ញៀវ​ក្នុងស្រុក ដែល​មក​ទស្សនា ដើម្បី​ដឹង និង​យល់​ពី​ជីវប្រវត្តិ និង​អត្ថន័យ​នៃ​រូបចម្លាក់​តាម​ជញ្ជាំង​ប្រាសាទ​» ។

លោក​អភិបាលខេត្ត​បន្តថា ដើម្បី​ជួយ​ដល់​បងប្អូន​មគ្គុទ្ទេសក៍​ទេសចរណ៍​នៅក្នុង​គ្រា​លំបាក​នេះ លោក​គ្រោង​ជួបពិភាក្សា​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា​រៀបចំ​ឱ្យមាន​កន្លែង​មួយ​សមរម្យ​នៅ​គ្រប់​ប្រាសាទ​ដោយ​ដាក់ថា កន្លែង​ផ្តល់​សេវា​មគ្គុទ្ទេសក៍​ទេសចរណ៍ ដើម្បី​ភាពងាយស្រួល​ដល់​សមាគម​មគ្គុទ្ទេសក៍​ទេសចរណ៍​នីមួយៗ​រៀបចំ​សមាជិក​របស់ខ្លួន​ឱ្យទៅ​នៅ​ផ្តល់​សេវា​នៅ​ទីនោះ ដោយមាន​ការប្តូរ​វេន​គ្នា​។ ការរៀបចំ​បែបនេះ ងាយស្រួល​ដល់​ភ្ញៀវទេសចរ​ដែល​ត្រូវការ​សេវា​មគ្គុទ្ទេសក៍​ទេសចរណ៍ និង​មាន​សណ្តាប់ធ្នាប់​ល្អ​ទៀតផង​។

ក្នុងឱកាស​សំណេះសំណាល​ជាមួយ​បងប្អូន​មគ្គុទ្ទេសក៍​ទេសចរណ៍​នេះដែរ លោក​អភិបាល​ខេត្ត​បានសម្រេច​ចេញ​លុយ​ចំពោះ​ការពិនិត្យ​សុខភាព​ក្នុង​ម្នាក់ ចំនួន​ ១០ ​ដុល្លារ​ជំនួស​មគ្គុទ្ទេសក៍​ទេសចរណ៍​ដែលមាន​សរុប​ជាង ៥ ១១៧ ​នាក់ (​ស្រី​ ៧០៩ ​នាក់​)​។

លោក រៀង សារម្យ ជា​មគ្គុទេសក៍​ទេសចរណ៍​នៅ​ខេត្ត​សៀមរាប​ថ្លែង​នៅ​ថ្ងៃទី​ ១២ ខែមករា​ថា ការបង្កើត​ឱ្យមាន​ទីកន្លែង​សម្រាប់​មគ្គុទេសក៍​ទេសចរណ៍​អាច​នឹងមាន​បញ្ហា​ក្នុង​ការ​ចែកវេន​គ្នា​ធ្វើការ ព្រោះ​មគ្គុទេសក៍​មួយចំនួន​ដែល​ចាប់​អូសទាញ​ភ្ញៀវ​មាន​ភាពអនាធិបតេយ្យ​នោះ មិន​ទម្លាប់​ធ្វើការ​ប្រកាន់​ម៉ោង​ពេល​ឡើយ​។

លោក លួត ប៊ុនឈួប ជា​មគ្គុទេសក៍​ទេសចរណ៍​នៅ​ខេត្ត​សៀមរាប​ម្នាក់ទៀត​ឱ្យដឹងថា ការបង្កើត​ឱ្យ​មាន​កន្លែង​សម្រាប់​មគ្គុទេសក៍​ទេសចរណ៍​រង់ចាំ​ភ្ញៀវ​ជា​ការល្អ​សម្រាប់​ការរង់ចាំ​ទទួលភ្ញៀវ​បរទេស ប៉ុន្តែ​មាន​ការលំបាក​ត្រង់​ថា ភ្ញៀវ​ខ្មែរ​មិន​ងាយ​ត្រូវការ​អ្នក​មគ្គុទេសក៍​ ដើម្បី​ជួយ​ប្រាប់​អំពី​ប្រវត្តិ​ប្រាសាទ​ឡើយ​។

លោក​ថ្លែងថា៖ «​បើ​ឯកឧត្តម​គាត់​ចង់ឱ្យ​ធ្វើ​ស្តង់​អ៊ីចឹង ជា​ការល្អ ប៉ុន្តែ​មិន​ងាយ​មាន​ភ្ញៀវ​យើង​ទៅ​សួ​រក​សេវា​ហ្គាយ​ទេ វា​ទាល់តែ​យើង​ឈរ​នៅ​អែប​ផ្លូវ ប៉ុន្តែ​យើង​ឈរ​មាន​សណ្តាប់ធ្នាប់​ទេ ពួកខ្ញុំ​នៅតែ​ដាក់​វេន​គ្នា អ្នកណា​ដែល​បាន​ហើយ គឺ​អ្នក​បន្ទាប់​ដែល​មិនទាន់បាន​មាន​សិទ្ធ​សួរ​ភ្ញៀវ​»​។

លោក ទៀ គីឡេង ប្រធាន​សមាគម​មគ្គុទេ្ទសក៍​ទេសចរណ៍​ភាសា​ចិន ថ្លែង​នៅ​ថ្ងៃទី​ ១២ ខែមករា​ថា ការរៀបចំ​ឱ្យមាន​ទីកន្លែង​សម្រាប់​អ្នក​មគ្គុទេសក៍​ទេសចរណ៍ គឺជា​រឿង​ល្អ ព្រោះ​ការរៀបចំ​បែប​នោះ​នឹង​ធ្វើ​ឱ្យមាន​របៀប​មាន​សណ្តាប់ធ្នាប់ ហើយ​ស័ក្តិ​សមជា​តំបន់​ទេសចរណ៍​ដែលមាន​ប្រាសាទ​អង្គរវត្ត​តំណាងឱ្យ​ប្រទេស​កម្ពុជា​។

លោក ទៀ គីឡេង ប្រាប់ថា តាម​ការកត់សម្គាល់​របស់​លោក​ឃើញថា នៅមុខ​ប្រាសាទ​អង្គរវត្ត គឺមាន​មគ្គុទេសក៍​ទេសចរណ៍​ជាច្រើន​នាក់​នៅចាំ​ភ្ញៀវទេសចរ ដែល​សកម្មភាព​នោះ​នៅក្រោម​ដើមឈើ​មិនទាន់មាន​ទីតាំង​ច្បាស់លាស់​មាន​ភាព​អនាធិបតេយ្យ​។ «​អ៊ីចឹង​សាលាខេត្ត ដែល​គាត់​មានបំណង​រៀបចំ​ហ្នឹង ខ្ញុំ​គិតថា គាត់​ចង់ឱ្យមាន​សណ្តាប់ធ្នាប់​ឱ្យ​មើល​ទៅ​វា​មាន​ស្តង់ដា​អ៊ីចឹងទៅ ព្រោះ​ជា​មុខមាត់​របស់​ប្រទេសជាតិ​យើង​ដែរ​»៕