រតនគិរីៈ ​សមាគម​អភិរក្ស​ដំរី​ខ្មែរ​អៃរាវត្ដា បាន​អំពាវនាវ​ដល់​សាធារណជន​ចូលរួម​ឧបត្ថម្ភ​លើ​កិច្ចការងារ​អភិរក្ស​ដំរី​ស្រុក បន្ទាប់ពី​ការចំណាយ​លើ​ការ​មើលថែ​មេដំរី និង​កូនដំរី​ញី​ដែល​ទើប​កើត ១​ ក្បាល​កាលពី​ថ្ងៃទី​ ២៦ ខែធ្នូ​ឆ្នាំ​ ២០២១ មានការ​កើនឡើង​។

លោកស្រី ក្លេខៃ ចិន្តា ប្រធាន​សមាគម​អភិរក្ស​ដំរី​ខ្មែរអៃរាវត្ដា (Airavata Khmer Elephant Foundation) ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍ នៅ​ថ្ងៃទី​ ១២ មករា​ថា សមាគម​អៃរាវត្ដា ដែលមាន​ទីតាំងនៅ​ស្រុក​លំផាត់​មាន​បេសកកម្ម​ក្នុងការ​អភិរក្ស​ដំរី​ស្រុក​។

សមាគម​មាន​សេចក្ដី​សោមនស្ស​រីករាយ​ក្រៃលែង​ជា​ទីមោទនៈ​ដោយសារ​កាលពី​ថ្ងៃទី​ ២៦ ខែធ្នូ ឆ្នាំ​ ២០២១ ដំរីមេ​ឈ្មោះ អ៊ីកែវ បានផ្ដល់​កំណើត​កូនដំរី​ញី ១ ​ក្បាល​ឈ្មោះ​ ណូអែល​។ លោកស្រី​ថ្លែងថា​៖ «​វា​ពិតជា​រឿង​ដ៏អស្ចារ្យ​ខ្លាំងណាស់ ដែល​នៅក្នុង​ប្រវត្ដិ​សាស្ដ្រ​កម្ពុជា​អស់​រយៈពេល​ប្រមាណ ៣០ ឆ្នាំ​កន្លងមកហើយ​ទើបតែ​មាន​ដំរី​ស្រុក​អាច​ផ្ដល់កំណើត​កូនដំរី​បាន​ ១ ​ក្បាល​។ វា​មិនមែនជា​រឿង​ធម្មតា​នោះទេ ដែល​ដំរី​ជា​សត្វ​និម្មិតរូប​នៃ​ព្រលឹង​ជាតិខ្មែរ​បាន​បង្កើតកូន​មួយ​នេះ​ឡើង​»​។

បើតាម​លោកស្រី ក្លេខៃ ចិន្តា ក្នុងការ​អភិរក្ស​នេះ សមាគម​មាន​កិច្ចសហការ និង​ការគាំទ្រ​ពី​ក្រសួងបរិស្ថាន​តាមរយៈ​មូលនិធិ​បរិស្ថាន និង​វិស័យ​ឯកជន​ក្នុងការ​អភិរក្ស​ដំរី​។ លោកស្រី​ថ្លែងថា​៖ «​បន្ទាប់ពី​មេ​ដំរី​បានទទួល​ស្គាល់​កូន និង​ឱ្យ​កូនបៅ​មក ណូអែល ​(​កូនដំរី​) មាន​សុខភាព​ល្អ​ប្រសើរឡើង និង​គួរឱ្យ​ខ្នាញ់​ខ្លាំងណាស់​»​។

បើតាម​លោកស្រី ចិន្តា ដើម្បី​ធានា​ចំពោះ​ការថែទាំ​សុខភាព​ដំរី​មេ ជាពិសេស​កូនដំរី​ឱ្យមាន​ការរស់រាន​មាន​ជីវិត​បាន​ធំធាត់​ឡើង​សមាគម​បាន​បន្ថែម​បុគ្គលិក​មួយចំនួនទៀត មានដូចជា​អ្នកជំនាញ​ដំរី​មកពី​បរទេស និង​ហ្មដំរី មើលថែទាំ​ជាប្រចាំ ​២៤ ​ម៉ោង​លើ​ ២៤​ ម៉ោង​។ ហេតុ​ដូច្នេះហើយ ការចំណាយ​នឹងមាន​ការកើនឡើង សម្រាប់​បើកប្រាក់​ខែ​បុគ្គលិក កម្រៃ​ឧបត្ថម្ភ​ពេទ្យសត្វ ថ្នាំពេទ្យ និង​ថ្លៃ​ចំណី​បំប៉នបន្ថែម​ដល់​មេ និង​កូនដំរី​។

លោកស្រី​អំពាវនាវ​ថា​៖ «​តាងនាម​ឱ្យ​ក្រុមការងារ​នៃ​សមាគម​អភិរក្ស​ដំរី​ខ្មែរ​អៃរាវត្ដា យើងខ្ញុំ​សូម​គោរព​ស្នើសុំ​បន្ត​ការជួយ​គាំទ្រ និង​ឧបត្ថម្ភ​ថវិកា​ពី​សម្ដេច ទ្រង់ អ្នកឧកញ៉ា លោក​ឧកញ៉ា ឯកឧត្តម លោកជំទាវ លោក​លោកស្រី ពុកម៉ែ បងប្អូន​ទាំងអស់ តាម​សទ្ធា​ជ្រះថ្លា និង​តាម​លទ្ធភាព​ដែលមាន តិចក្ដី ច្រើនក្ដី ទុកជា​ការធ្វើ​បុណ្យ សន្សំ​កុសល​រួមគ្នា​ដើម្បី​កិច្ចការ​អភិរក្ស​ស្ដេចសត្វ គឺ​ដំរី​ស្រុក​នៅ​កម្ពុជា​យើង​»​។

បច្ចុប្បន្ន សមាគម​អភិរក្ស​ដំរី​ខ្មែរ​អៃរាវត្ដា បានទទួល​ថវិកា​ឧបត្ថម្ភ​បន្តិច​បន្ទួច​ពី​សប្បុរសជន ដូច្នេះ​បើ​មាន​សប្បុរសជន​ចង់​ចូលរួម​ឧបត្ថម្ភ​ថវិកា​ដល់​ការថែទាំ​សុខភាព និង​ទិញ​ចំណី​សម្រាប់​បំប៉ន មេដំរី អ៊ីកែវ និង​កូនដំរី ណូអែល គឺ​ឧបត្ថម្ភ​ថវិកា​តាម​គណនី​ធនាគារ អេប៊ីអេ (ABA) ០០០ ៦៧៤ ៦៣៣​។ គណនី​ធនាគារ Phillip ០២០ ០០១ ៧៩២ ឬ​គណនី​វីង ០១២ ៩៦៥ ១៦៥​។ តំណ​ភ្ជាប់​គេហទំព័​រៈ https://donation.airavata-cambodia.com ។

បើតាម​លោកស្រី ចិន្តា ក្នុងចំណោម​ដំរី​ស្រុក​ដែល​សមាគម​កំពុង​អភិរក្ស​ចំនួន ៤ ​ក្បាល ក្នុងនោះ​មាន​ញី ១ ក្បាល​ឈ្មោះ អ៊ីកែវ កាលពី​ថ្ងៃទី​ ២៦ ខែធ្នូ ឆ្នាំ ២០២១ ដំរី​ញី​នេះ​បាន​បង្កើត​កូនដំរី​ញី ១ ​ក្បាល ក្រោយ​ពពោះ​រយៈ ២១ ​ខែ ដោយបាន​ដាក់ឈ្មោះ​កូនដំរី​នោះ​ថា ណូអែល​។ បច្ចុប្បន្ន​មាន​ដំរី​កំពុង​រស់នៅក្នុង​តំបន់​ការពារ​ធនធាន​ធម្មជាតិ​ក្នុងប្រទេស​កម្ពុជា​មាន​ចន្លោះ​ពី ៤០០-៦០០​ ក្បាល ក្នុងនោះ​មាន​ដំរី​ស្រុក​ប្រមាណ​ជិត ១០០ ​ក្បាល​៕

វីដេអូ៖