
ក្មេងប្រុសដែលសង្ស័យលេងគីបគ្រាប់ផ្ទុះស្លាប់នៅខេត្តកំពង់ធំ កាលពីថ្ងៃទី១២ មករា។ រូបថត CMAA
ភ្នំពេញៈ ក្មេងប្រុសជាសិស្សសាលាម្នាក់សង្ស័យលេងគីបគ្រាប់ផ្ទុះស្លាប់កាលពីថ្ងៃទី ១២ មករា ដែលកើតហេតុស្ថិតក្នុងភូមិឈូក ឃុំ សណ្តាន់ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។ នេះបើតាមមន្ត្រីនគរបាលប៉ុស្តិ៍ឃុំសណ្តាន់។
លោកឡុង ប៊ុនធាង នាយនគរបាលប៉ុស្តិ៍ឃុំសណ្តាន់ ឱ្យដឹងនៅថ្ងៃទី១៣ មករា ថា ក្មេងរងគ្រោះឈ្មោះ ឡាយ សីហា ភេទ ប្រុស អាយុ១៤ឆ្នាំ រស់នៅភូមិឈូក ឃុំសណ្តាន់ ស្រុកសណ្តាន់ ខេត្តកំពង់ធំ រៀននៅសាលាបឋមសិក្សាភូមិឈូក ក្នុងស្រុកសណ្តាន់។ លោកថា បើតាមមន្ត្រីនគរបាលជំនាញខេត្តកំពង់ធំ ដែលបានចុះទៅពិនិត្យដល់ទីតាំងកើតហេតុ និងធ្វើកោសល្យវិច័យបានសន្និដ្ឋានបឋមថា ការស្លាប់នេះអាចមកពីក្មេងរងគ្រោះរើសគីបគ្រាប់យកមកតភ្ជាប់ជាមួយថ្មពិល ដែលថ្មពិលនោះមានចរន្តភ្លើងហើយបង្កើតបានជាចំហេះផ្ទុះតែម្តងទៅ។
លោកថ្លែងថា៖«តាមការពិនិត្យមើលទៅស្ថានភាពរបួសរបស់ក្មេងរងគ្រោះអត់ឃើញបែកមុខបែកមាត់អីផង តែឃើញត្រូវចំថ្ងាសជ្រៅចូលក្នុងប៉ុនមេដៃ។ តែនេះគ្រាន់តែជាការសន្និដ្ឋានទេ ព្រោះអីគ្មានអ្នកណាឃើញហេតុការណ៍ផ្ទាល់ភ្នែកដែរ»។
លោកប៊ុនធាង បានពន្យល់ថា គីបដែលជាគ្រឿងផ្ទុះនោះមានទំហ៊ំប៉ុនមេដៃ ហើយមានរុំខ្សែភ្លើង បើកាលណាមានចរន្តភ្លើងអាចធ្វើឱ្យវាផ្ទុះបាន។ ហេតុដូច្នេះហើយករណីក្មេងរងគ្រោះម្នាក់នេះ បើជាគ្រឿងផ្ទុះដែលមានម្សៅរំសេវវិញ ប្រហែលជាផ្ទុះត្រូវប៉ះពាល់ខ្លួនប្រាណហើយ តែនេះឃើញត្រូវត្រង់ថ្ងាសតែមួយកន្លែងប៉ុណ្ណោះ។
លោកបាន ហេង ជាមេឃុំសណ្តាន់ បានប្រាប់នៅរសៀលថ្ងៃទី១៣ មករា ថា ហេតុការណ៍ផ្ទុះនេះបានកើតឡើងនៅវេលាម៉ោងជាង១២រសៀលថ្ងៃទី១២ មករា ឆ្នាំ២០២២ ស្ថិតនៅបរិវេណផ្ទះរបស់ក្មេងរងគ្រោះតែម្តង។ នៅថ្ងៃនោះឪពុកម្តាយក្មេងរងគ្រោះក៏ចេញទៅចម្ការដកដំឡូងមីអស់ហើយដែរ។ ករណីនេះគ្មាននរណាម្នាក់ដឹងថា ក្មេងរងគ្រោះរើសបានគ្រឿងផ្ទុះនោះមកពីណាដែរ ប៉ុន្តែនៅកន្លែងកើតហេតុឃើញតែថ្មពិល១ដុំនៅក្បែរសាកសពក្មេងតែប៉ុណ្ណោះ។
លោកបន្តថា៖«នៅតំបន់របស់ខ្ញុំគ្មានសំណល់គ្រាប់អីទេ ហើយកន្លងមកក៏មិនដែលមាននរណារងគ្រោះ ឬ ស្លាប់ដោយសារផ្ទុះគ្រាប់ដែរ ទើបតែលើកនេះទេ។ ដូច្នេះនៅពេលឃើញបែបនេះអ្នកភូមិក៏មានការភ្ញាក់ផ្អើលដែរ»។
បើតាមលោកបាន ហេង ទោះជាតំបន់ក្នុងឃុំសណ្តាន់គ្មានការរងគ្រោះដោយសារសំណល់គ្រាប់ក្តី ក៏អាជ្ញាធរគ្រប់លំដាប់ថ្នាក់តែងតែធ្វើការអប់រំណែនាំផ្សព្វផ្សាយជាប្រចាំ អំពីគ្រោះថ្នាក់ដោយសារគ្រាប់នេះជារៀងរហូតមក។ ហេតុដូច្នោះហើយប្រជាពលរដ្ឋ ក៏មានការយល់ដឹងច្រើនពីបញ្ហានេះដែរ ហើយបើពលរដ្ឋយល់ដឹងច្រើនគ្នាទៅ ពួកគាត់ក៏មានការប្រុងប្រយ័ត្នបានល្អដែរ៕