កំពង់ស្ពឺៈ ​លោក ស្រ៊ុន ដា​រិ​ទ្ធិ រដ្ឋលេខាធិការ​ ក្រសួងបរិស្ថាន នៅ​ថ្ងៃទី ១៣ ខែ មករា ឆ្នាំ ២០២២ បាន​ដឹក នាំ​ក្រុមការងារ​រដ្ឋបាល​ខេត្ត ស្រុក និង​អាជ្ញាធរ​មូលដ្ឋាន ចុះបោះបង្គោល​​កំណត់​​​ព្រំប្រទល់​ដី​វិនិយោគ​អភិវឌ្ឍន៍​អេកូ​ទេសចរណ៍​ធម្មជាតិ​ ដែលមាន​៣​គម្រោង ក្នុងភូមិ​ស្រែ​កិន ឃុំ​ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់។

លោក ស្រ៊ុន ដា​រិ​ទ្ធិ ថ្លែង​នៅ​ថ្ងៃទី១៣ ខែមករា​​ថា ការចុះទៅ​កំណត់​ព្រំប្រទល់​ដី​​វិនិយោគ​អភិវឌ្ឍន៍​អេកូ​ទេសចរណ៍ធម្មជាតិ​ នៅក្នុង​ភូមិ​ស្រែ​កិន ឃុំ​ត្រពាំង​ជោ ស្រុក​ឪ​រ៉ា​ល់​នេះ ធ្វើឡើង​សម្រាប់៣ម្រោ​ង​អភិវឌ្ឍន៍ ដែល​គម្រោង​នីមួយៗមាន​ត្រឹមតែ ៩ហិកតា។

ជាគោលការណ៍​ក្នុងការ​គ្រប់គ្រង​ការធ្វើ​កន្លែង​ទេសចរណ៍ធម្មជាតិ​ខ្នាតតូច គឺ​តម្រូវ​ឱ្យ​ក្រុមហ៊ុន​ធ្វើយ៉ាងណា​រក្សា​គោលដៅ​ដើម​ មិន​ឱ្យ​ប៉ះពាល់​ដល់​ធនធានធម្មជាតិ​ឡើយ។

លោក​ថ្លែងថា ៖«ការអនុវត្ត​គឺ​យើង​ឱ្យ​គាត់​រៀប​ជា​ផ្ទះ​ស្នាក់តូចៗ ជា​តង់​ជា​អី​ធ្វើ​ចន្លោះ​ដើមឈើ ដែល​មិន​ប៉ះពាល់​ដល់​ដើមឈើ ហើយ​ត្រូវ​គ្រប់គ្រង​សំណល់​រឹង និង​រាវ​ដោយ​ប្រមូល​ទុកដាក់​ឱ្យ​ច្បាស់លាស់» ។

លោក​រដ្ឋលេខាធិការ ឱ្យដឹង​ដែរ​ថា ការទន្ទ្រាន​កាន់កាប់​ដី​នៅតែ​បន្ត​កើតមាន ហេតុនេះ​មន្ត្រី​បរិស្ថាន​ នៅតែ​បន្តធ្វើ​ការទប់ស្កាត់​ជាប្រចាំ ដែលមាន​ទាំង​ការអប់រំ និង​ការអនុវត្ត​ច្បាប់ ព្រមទាំង​ពង្រឹង​ការ​ល្បាត​ជាប្រចាំ។

ប៉ុន្តែ​យ៉ាងណាក៏ដោយ ការផ្តល់​ដី​ជូនទៅ​ក្រុមហ៊ុន​សម្រាប់ធ្វើ​ការអភិវឌ្ឍ​តំបន់​អេកូ​ទស​រណ៍​ធម្មជាតិ​នេះ ក៏​ជា​ជ្រុង​មួយ​មាន​ប្រយោជន៍ ក្នុង​ការចូល​រួមការ​អភិរក្ស​ថែរក្សា​តំបន់​ធម្មជាតិ​ផងដែរ។

លោក​ថ្លែងថា ៖«ក្រុមហ៊ុន​ក៏​ជា​ភ្នែក​ជា​ច្រមុះ​យើង​ដែរ ក្នុង​ការជួយ​មើល​ក្រែងលោ​មាន​នរណា​ទៅ​ទន្ទ្រាន​ទៅ​អីក្បែរៗហ្នឹង គាត់​ត្រូវ​រាយការណ៍។ សូម្បីតែ​ព្រឹក​មិញ​ហ្នឹង​ ក៏​ខ្ញុំ​បាន​ណែ​នាំទៅ​ក្រុមហ៊ុន​​ដែរ​ថា នៅពេល​ឃើញ​ការទន្ទ្រានដី​​ព្រៃ​អីហ្នឹង ត្រូវ​រាយការណ៍​មក​ខាងយើង​ខ្ញុំ​ ដើម្បី​យើងខ្ញុំ​ចុះទៅ​ទាន់ ព្រោះ​គ្នា​យើង​តិច​ ត្រូវ​ចូលរួម​សហការគ្នា​ផ្តល់ព័ត៌មាន ទាំង​ពលរដ្ឋ និង​ក្រុមហ៊ុន» ។

លោក ស្រ៊ុន ដា​រិ​ទ្ធិ ប្រាប់ថា ការជំរុញ​វិស័យ​ទេសចរណ៍ធម្មជាតិ​ឱ្យ​បាន​កាន់តែច្រើន​ គឺ​ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​បាន​ទៅ​ទស្សនា​ព្រៃព្រឹក្សា និង​បំផុស​ឱ្យ​ពលរដ្ឋ​ចេះ​ស្រឡាញ់​ធម្មជាតិ​ ព្រោះ​កាលណា​ចេះ​ស្រឡាញ់​​ធម្មជាតិ គឺ​ពិតជា​មិន​ចង់ឱ្យ​មានការ​បាត់បង់​ធម្មជាតិ​នោះទេ។ ព្រមជាមួយ​គ្នា​នោះ ការបង្កើត​ឱ្យ​មាន​កន្លែង​កម្សាន្ត​បែប​ទេសចរណ៍ធម្មជាតិ គឺ​បណ្តុះ​គំនិត និង​កែប្រែ​ឥរិយា​បទរ​បស់​ប្រជាពលរដ្ឋ ឱ្យ​ងាក​មក​ចូលចិត្ត​ធម្មជាតិ​ផងដែរ។

លោក ស្រ៊ុន ដា​រិ​ទ្ធិ បាន​លើកទឹកចិត្ត​ឱ្យ​មានការ​វិនិយោគ​ លើ​ការបង្កើត​តំបន់​ទេសចរណ៍ធម្មជាតិ​នៅ​កម្ពុជា មិនថាតែ​នៅក្នុង​ឃុំ​ត្រពាំង​ជោរ ស្រុក​ឱ​រ៉ា​ល់​នោះទេ។ ក្រសួងបរិស្ថាន​ នឹង​ផ្តល់ឱកាស​ដល់​អ្នកវិនិយោគ​ នៅ​គ្រប់​ខេត្ត​ ដែលមាន​ធម្មជាតិ​អាច​រៀបចំ​ជា​តំបន់​ទេសចរណ៍ធម្មជាតិ​ខ្នាតតូច​បាន។

លោក​ថ្លែងថា ៖«ការវិនិយោគ​ លើ​វិស័យ​ទេសចរណ៍ធម្មជាតិ​ នៅមានកម្រិត ព្រោះ​បើ​រំពឹងថា ​បានតែ​ពី​អាហ្នឹង​ទៅធ្វើ​មានបាន ក៏​ពិបាក​ដែរ។ ភាគច្រើន​មានតែ​អ្នកមាន​មនោ​ស​ញ្ចេ​ត​នា មាន​ធនធាន​គ្រប់គ្រាន់ ធ្វើទៅបាន​ចំណូល​ដល់​មូលដ្ឋាន សហគមន៍ តាម​រយៈ​ការបម្រើ​សេវា​លក់​កម្លាំង​ពលកម្ម​និង ការលក់​ម្ហូបអាហារ» ៕