បណ្ណាល័យ​ជាតិ​បាន​កសាងឡើង​នៅ​ថ្ងៃទី​ ២៤ ខែធ្នូ ឆ្នាំ​ ១៩២៤ ដោយ​រដ្ឋាភិបាល​អាណានិគម​បារាំង​នៅ​ឥណ្ឌូចិន​ដែល​រហូត​មកទល់​ពេលនេះ​មាន​អាយុ​ ៩៨ ​ឆ្នាំ​ហើយ​។ នៅក្នុង​ឆ្នាំ​ ១៩៥៤ ក្រោយពី​ទទួល​​ឯករាជ្យ ពី​អាណានិគម​បារាំង​មក បណ្ណាល័យ​នេះ​បាន​ប្តូរ​ឈ្មោះ​ពី​បណ្ណាល័យ​កណ្តាល​មក​បណ្ណាល័យ​ជាតិ​កម្ពុជា​វិញ​។

បច្ចុប្បន្ន​បណ្ណាល័យ​នេះ​មាន ក្រាំង សាស្ដ្រា​ស្លឹករឹត ឯកសារ និង​សៀវភៅ​ចាស់ ថ្មី ជាង ១២ ម៉ឺន​ក្បាល​ដែលជា​ច្បាប់ និង​រដ្ឋបាល សម្រាប់​ប្រទេស​កម្ពុជា និង​ឥណ្ឌូចិន ក៏ដូចជា សៀវភៅ​អំពី​សិល្បៈ ការធ្វើដំណើរ និង​ប្រវត្តិសាស្ត្រ​កម្ពុជា​ផងដែរ​។

ភ្នំពេញ​ប៉ុស្ដិ៍​បាន​ជួប​សម្ភាស​លោកស្រី ខ្លូត វិបុលឡា ប្រធាន​បណ្ណាល័យ​ជាតិ និង​ជា​អនុប្រធាន​នាយកដ្ឋាន​សៀវភៅ និង​ការអាន​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​អំពី​ប្រវត្ដិ ការគ្រប់គ្រង ការអភិវឌ្ឍ និង​តួនាទី​សំខាន់ៗ​របស់​បណ្ណាល័យ​នេះ​ដែលមាន​ខ្លឹមសារ​ទាំងស្រុង​ដូចខាងក្រោម​៖

សូម​លោកស្រី​បង្ហាញ​អំពី​ប្រវត្ដិ​ខ្លះៗ​នៃ​បណ្ណាល័យ​ជាតិ​?

បណ្ណាល័យ​ជាតិ​បាន​កសាងឡើង​នៅ​ទី​ ២៤ ខែធ្នូ ឆ្នាំ​ ១៩២៤ ដោយ​រដ្ឋាភិបាល​អាណានិគម​បារាំង​នៅ​ឥណ្ឌូចិន​។ នៅ​ឆ្នាំ​ ១៩៥៤ ក្រោយពី​ទទួល​ឯករាជ្យ​ពី​អាណានិគម​បារាំង​មក​បណ្ណាល័យ​នេះ​បាន​ប្តូរ​ឈ្មោះ​ពី​បណ្ណាល័យ​កណ្តាល​មក​បណ្ណាល័យ​ជាតិ​កម្ពុជា​វិញ​។

ក្នុង​របប​ប៉ុលពត​ពី​ឆ្នាំ ១៩៧៥-១៩៧៩ បុគ្គលិក​បណ្ណាល័យ​ភាគច្រើន​ត្រូវ​បាន​គេ​សម្លាប់​យ៉ាង​ឃោរឃៅ​។ បណ្ណាល័យ​ជាតិ​កម្ពុជា​ក៏ដូចជា​អគារ​ភាគច្រើន​នៅ​ទីក្រុង​ភ្នំពេញ​ត្រូវ​បាន​រស់រាន​មាន​ជីវិត​ឡើងវិញ​ ក្រោយពី​របប​នៃ​រដ្ឋាភិបាល​មួយ​គ្រប់គ្រង​ដោយ​ខ្មែរក្រហម​។ បណ្ណាល័យ​ជាតិ​ត្រូវ​ទទួលរង​នូវ​ការបំផ្លិចបំផ្លាញ​យ៉ាងខ្លាំង ចំណែកឯ​ធនធាន​ឯកសារ​មួយផ្នែក​បាន​នៅ​សេសសល់​គង់វង្ស​រហូត​ដល់​បច្ចុប្បន្ននេះ​។ មកដល់​បច្ចុប្បន្ន បណ្ណាល័យ​នៅតែ​បន្ត​រក្សាទុក​បាន​នូវ​ឯកសារ​សាស្ត្រា​ស្លឹករឹត និង​ធនធាន​សៀវភៅ​ដ៏​មានតម្លៃ​ពី​ឆ្នាំ​ដំបូងៗ​នៃ​ជំនាន់​អាណានិគម​បារាំង​រហូតមក​។

បន្ទាប់ពី​ការដួលរលំ​នៃ​របប​ខ្មែរក្រហម បណ្ណាល័យ​ជាតិ​បាន​បើកទ្វារ​ឡើងវិញ​នៅ​ឆ្នាំ​ ១៩៨០ ស្ថិតក្រោម​ការគ្រប់គ្រង​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​។ ចាប់តាំងពី​ពេលនោះ​មក យើង​បាន​តស៊ូ​យ៉ាង​លំបាក ដើម្បី​រៀបចំ​ដំណើរការ​សេវាកម្ម​នានា​ឡើងវិញ​ដោយ​បុគ្គលិក​ស្ទើរតែ​គ្មាន​ជំនាញ ហើយ​ព្រម​ជាមួយ​គ្នា​នោះ ក៏​គ្មាន​ថវិកា​គ្រប់គ្រាន់​សម្រាប់​រៀបចំ​ដំណើរការ និង​ប្រមូល​ទិញ​សៀវភៅ​ដាក់​បណ្ណាល័យ​ដែរ​។

តើ​បណ្ណាល័យ​ជាតិ​មាន​រចនាសម្ព័ន្ធ​គ្រប់គ្រង​បែបណា? ក្នុងនោះ​មាន​មន្ដ្រី ឬ​បណ្ណារក្ស​ប៉ុន្មាន​នាក់​?

បច្ចុប្បន្ន​បណ្ណាល័យ​ជាតិ​កម្ពុជា​ស្ថិត​នៅក្រោម​នាយកដ្ឋាន​សៀវភៅ និង​ការអាន​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​។ បណ្ណាល័យ​យើង​មាន ៣ ​ការិយាល័យ​ក្នុងនោះ​មាន​ការិយាល័យ​តម្កល់ទុក​តាមច្បាប់ ការិយាល័យ​អភិរក្ស និង​ការិយាល័យ​កាតាឡុក​។ ដូច្នេះ​មន្ដ្រី​នៅក្នុង​បណ្ណាល័យ​ចំនួន ២២ ​នាក់ និង​បុគ្គលិក​អនាម័យ​ជាប់កិច្ចសន្យា ២ ​នាក់ និង​ឆ្មាំ​ម្នាក់​សរុប​ទាំងអស់ ២៥ នាក់​។ មន្ដ្រី និង​បុគ្គលិក​ម្នាក់ៗ​មាន​ការងារ និង​ភារកិច្ច​ធ្វើការ​រៀងៗ​ខ្លួន ដូចជា នៅពេលដែល​សៀវភៅ​ចូលមក​ដល់ គឺ​មាន​អ្នក​ចុះ​លេខ​កូដ​សៀវភៅ​ និង​អ្នក​បញ្ជូន​ទៅ​ធ្វើ​កាតាឡុក​ជាដើម​។ ​សៀវភៅ​នៅ​បណ្ណាល័យ​ជាតិ​យើង​ភាគច្រើន​ទទួលបាន​ពី​អ្នកបោះពុម្ពផ្សាយ​។

តើ​ការគ្រប់គ្រង និង​អភិរក្ស​របស់​បណ្ណាល័យ​ត្រូវ​ចំណាយ​ថវិកា​ប្រហែល​ប៉ុន្មាន​ក្នុង​ ១ ​ឆ្នាំៗ​ថវិកា​នេះ​នរណា​ខ្លះ​ជួយ​គាំទ្រ​ហើយ​គ្រប់គ្រាន់​លើ​ការចំណាយ​ដែរ​ទេ​?

នៅ​បណ្ណាល័យ យើង​ត្រូវ​ការចំណាយ​ជាប្រចាំ​ទៅលើ​កិច្ចការងារ​អភិរក្ស ថែរក្សា​ឯកសារ​លើ​ការជួសជុល​សម្ភារ​នានា​មានដូចជា កុំព្យូទ័រ ម៉ាស៊ីនព្រីន ម៉ាស៊ីនថតចម្លង​ឯកសារ ទិញ​ទឹក​ថ្នាំ សម្រាប់​ថតចម្លង​ឯកសារ​ជាដើម​។ បណ្ណាល័យ​ក៏​ធ្លាប់​ទទួលបាន​ការជួយ​ឧបត្ថម្ភ​គាំទ្រ​ពី​បណ្តា​ប្រទេស​នានា​ពី​រដ្ឋាភិបាល​បរទេស​ ពី​អង្គការ និង​អ្នកស្ម័គ្រចិត្ត​នានា​ក្នុង​នោះ​មាន​រដ្ឋាភិបាល​បារាំង សាកល​វិទ្យាល័យ​ក័​រនែល​ (Cornell)​ បណ្ណាល័យ​ជាតិ អូស្ត្រាលី ស្ថានទូត​អូស្ត្រាលី និង​មជ្ឈមណ្ឌល​អប់រំ​អូស្ត្រាលី រដ្ឋាភិបាល​នូវែល​សេឡង់ សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ អាស៊ាន អង្គការ​យូណេសស្កូ ស្ថានទូត​សហរដ្ឋ​អាមេរិក រដ្ឋាភិបាល​ប៉ូឡូញ តាមរយៈ​ស្ថានទូត​ប៉ូឡូញ​ប្រចាំ​នៅ​ទីក្រុង​បាងកក និង​បណ្តា​ស្ថានទូត​នានា​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ផងដែរ​។ ចំណែក​ការចំណាយ​ផ្សេងៗ​ទៀត​ដូចជា​ថ្លៃ​ទឹក ថ្លៃ​ភ្លើង និង​បៀវត្សរ៍​មន្ដ្រី គឺ​យើង​ប្រើប្រាស់​ថវិការដ្ឋ​តាមរយៈ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​។

ទិដ្ឋភាព​បណ្ណាល័យ​ជាតិ​។ហ៊ាន រង្សី

ប្រទេស​បារាំង​ដែល​ធ្លាប់ជា​ប្រទេស​ដាក់​អាណានិគម​លើ​កម្ពុជា​បាន​ជួយ​លើ​ផ្នែក​អ្វីខ្លះ​?

ប្រទេស​បារាំង​បាន​ជួយផ្តល់​ថវិកា​ដល់​ផ្នែក​បេតិកភណ្ឌ​សម្រាប់​ថែរក្សា​ការពារ និង​ការរៀបចំ​ឯកសារ​កាលពី​ជំនាន់​អាណានិគម​បារាំង និង​ការជួស​ជុល​សាស្ត្រា​ស្លឹករឹត​ដែល​ឧបត្ថម្ភ​ផ្ទាល់ ដោយ​សាលា​បារាំង​ចុងបូព៌ា​។ សៀវភៅ​ទាំងនេះ​ត្រូវ​បាន​បោះពុម្ព​ក្នុង​ក្របខ័ណ្ឌ​នៃ​កម្មវិធី​ស្គែន​សៀវភៅ​ចាស់ៗ​ជា​ភាសា​បាំរាំង​ និង​ភាសា​ខ្មែរ​ដែល​ផ្តល់​ហិរញ្ញប្បទាន​ដោយ​គម្រោង​មូលនិធិ​សាមគ្គីភាព​ជា​អាទិភាព​ ដើម្បី​លើកតម្កើង​វិស័យ​សំណេរ​នៅ​អាស៊ីអាគ្នេយ៍​ហៅ​កាត់​ថា (FPS -VALEASE) នៃ​ស្ថានទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា និង​ក្រសួង​ការបរទេស​បារាំង​។ គម្រោង​នេះ​បាន​បំពាក់​នូវ​សម្ភារ​ដូចជា កុំព្យូទ័រ គ្រឿងសង្ហារិម​ភ្ជាប់​ប្រព័ន្ធ​អ៊ីនធឺណិត សេវាកម្ម​ថែទាំ ព្រមទាំង​ផ្តល់នូវ​ការបណ្តុះបណ្តាល​ជំនាញ​ដល់​បណ្ណារក្ស​ផងដែរ​។

ចុះ​អង្គការ UNESCO បាន​ជួយ​លើ​ផ្នែក​អ្វី​ដែរ ?

អង្គការ UNESCO ជា​អ្នក​ជួយ​បង្កើត​ការិយាល័យ​ចុះបញ្ជី​លេខ​សៀវភៅ​តាម​ខ្នាត​អន្តរជាតិ​ហៅថា ISBN​។ គណៈកម្មការ​ជាតិ​យូណេស្កូ បាន​យកចិត្ត​ទុកដាក់​ទៅលើ​ឯកសារ​ចាស់ៗ​ដោយបាន​ផ្តល់​ជា​គម្រោង​សម្រាប់​ការថែរក្សា និង​ការពារ និង​សម្ភារ​ជួសជុល​សៀវភៅ និង​បោះពុម្ព​បញ្ជី​គន្ថនិទេស​ជាតិ​។ រីឯ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​អាស៊ាន និង​អាស៊ាន​បូក​ ៣ បានផ្តល់​ម៉ាស៊ីន​ស្គែន សម្រាប់​ស្គែន​ឯកសារ​ចាស់ៗ​អំពី​កម្ពុជា ជា​ឯកសារ​អេឡិចត្រូនិក និង​បានរៀបចំ​វគ្គប​ណ្តុះបណ្តាល​ដល់​មន្ត្រី​បណ្ណាល័យ​ជាតិ​ថែម​ទៀតផង​។

តើ​បណ្ណាល័យ​មាន​ឯកសារ​សំខាន់ៗ​អ្វីខ្លះ​សរុប​មាន​ចំនួន​ប៉ុន្មាន​ក្បាល​?

ការប្រមូល​ធនធាន​ឯកសារ​នៅ​បណ្ណាល័យ​ជាតិ គឺមាន​គោលបំណង​សំខាន់​ដើម្បី​អភិរក្ស​ថែរក្សា​មរតក​បេតិកភណ្ឌ​នៃ​វប្បធម៌​ជាតិ​។ យើង​មានការ​ប្រមូលផ្ដុំ​ដ៏ទូលំទូលាយ​នូវ​ឯកសារ​គ្រប់​ប្រភេទ ដែល​បាន​បោះពុម្ពផ្សាយ​នៅក្នុង​ប្រទេស​កម្ពុជា និង​ក្រៅប្រទេស​។ តួនាទី​ដ៏សំខាន់​នៃ​បណ្ណាល័យ​ជាតិ​កម្ពុជា​មិនមែន​ត្រឹមតែ​អភិរក្ស​ប៉ុណ្ណោះ​ទេ គឺ​ពង្រីក​ការប្រើប្រាស់​សេវាកម្ម បណ្ណាល័យ​សម្រាប់​ជួយ​គាំទ្រ​ដល់​ការសិក្សា​ជាន់ខ្ពស់​ការស្រាវជ្រាវ​ និង​ដើម្បី​គាំទ្រ​ដល់​ការប្រមូល​សៀវភៅ​ដល់​បណ្ណាល័យ​ផ្សេងទៀត​។

ឯកសារយោង និង​សៀវភៅ​ទាំងអស់​នៅក្នុង​បណ្ណាល័យ ត្រូវ​បានដាក់​តាំង​បង្ហាញ​នៅ​សាលអាន​។ ធនធាន​ឯកសារ​ផ្សេងទៀត​ត្រូវបាន​ដាក់តាំង​នៅក្បែរ​គ្នា ដែល​បង្ក​ភាពងាយស្រួល​​ដល់​ការស្វែងរក​។ ភ្ញៀវ​អាច​អាន​ និង​អាច​ថតចម្លង​សៀវភៅ​ទាំងនោះ​បានតែ​នៅក្នុង​សាល​អាន​តែប៉ុណ្ណោះ​ក៏ប៉ុន្តែ​សៀវភៅ​សម្រាប់​ខ្ចី​មាន​ផ្នែក​សាល​ខ្ចី​ដែលជា​ផ្នែក​តូច​មួយ​នៃ​បណ្ណាល័យ​ជាតិ​ដែល​បើក​បម្រើ​សេវាកម្ម​ខ្ចី​អាន​ជូន ជា​បណ្ណាល័យ​សាធារណៈ​។

តើ​ឯកសារ​ចាស់ៗ​ដែល​តម្កល់​នៅ​បណ្ណាល័យ​មាន​ចំនួន​ប្រហែល​ប៉ុន្មាន​?

ការប្រមូលផ្តុំ​ឯកសារ​ចាស់ៗ​មាន​ប្រហែល ២៣ ០០០ ​ក្បាល​ដែល​សរសេរ​ស្ទើរតែ​ជា​ភាសា​បារាំង​។ ទាំងអស់នេះ​ជា​ឯកសារ​ដែល​នៅ​សេសសល់​ក្នុង​បណ្ណាល័យ​តាំងពី​ជំនាន់​សម័យ​អាណានិគមនិយម​បារាំង​ចាប់ពី​ឆ្នាំ​ ១៨២៤ ដល់ ១៩៥៣​។ បណ្ណាល័យ​ជាតិ​មាន​ឯកសារ​ច្បាប់ និង​រដ្ឋបាល​សម្រាប់​ប្រទេស​កម្ពុជា និង​ឥណ្ឌូចិន ក៏ដូចជា សៀវភៅ​អំពី​សិល្បៈ ការធ្វើដំណើរ និង​ប្រវត្តិសាស្ត្រ​សម្រាប់​ប្រទេស​កម្ពុជា​ផងដែរ​។ លើសពី​នេះទៅទៀត​នោះ​ការចងក្រង​នេះ​មាន​កំណាព្យ​ជា​ភាសា​បារាំង​ជាច្រើន​ចាប់ពី​សតវត្សរ៍​ទី​ ១៩ ដល់ ទី​ ២០ ហើយ​និង​សៀវភៅអាន​កម្សាន្ត​ដែល​គេ​ធ្លាប់​មើលឃើញ​ក្នុង​បណ្ណាល័យ​សាធារណៈ​នៃ​ប្រទេស​បារាំង​។

ឯកសារ​ទាំងអស់​ត្រូវបាន​ជួសជុល​ថែរក្សា​ទុកជា​ឯកសារ​ពិសេស ដែល​បាន​ឆ្លុះ​បញ្ជាំង​ពី​មនុស្សសាស្ត្រ ប្រវត្តិសាស្ត្រ និង​ផ្នត់គំនិត​របស់​មនុស្ស​នាសម័យ​នោះ​។ វា​មានតម្លៃ​ខ្លាំងណាស់​ដែល​បាន​យល់​ទាំង​សហគមន៍​របស់​បារាំង​នៅក្នុង​ប្រទេស​កម្ពុជា​ និង​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​កម្ពុជា​។ ឯកសារ​ផ្នែក​នេះ​នៅក្នុង​មាន​កាតាឡុក​របស់​បណ្ណាល័យ​ដែល​មិនអាច​ខ្ចី​យកចេញ​ក្រៅ​បាន​។ តែ​ឯកសារ​ទាំង​នោះគេ​អាច​អាន​បានតែ​នៅក្នុង​​បន្ទប់​អាន​។

តើ​លោកស្រី​មាន​ផែនការ​ និង​ចក្ខុវិស័យ​យ៉ាងណាខ្លះ​លើ​ការអភិវឌ្ឍ និង​អភិរក្ស​ឯកសារ​នៅ​បណ្ណាល័យ​ជាតិ​កម្ពុជា​?

ចក្ខុវិស័យ​របស់​យើង​ឥឡូវនេះ កំពុង​ផ្តោត​យ៉ាងខ្លាំង​ទៅលើ​ការងារ​ថតចម្លង​ឯកសារ​ចាស់ ពីព្រោះ​ឯកសារ​ចាស់ៗ វា​មាន​អាយុ​តាំងពី​ឆ្នាំ​ ១៨៣០ ដែល​ក្នុង​សាស្ដ្រា​ស្លឹករឹត ក្រាំង និង​ឯកសារ​ជា​ភាសា​ខ្មែរ​មានដូចជា កាសែត ទស្សនាវដ្ដី តាំងពី​ឆ្នាំ​ ១៩៥០ ជាដើម​ដែល​យើង​ចាត់ទុកជា​ឯកសារ​ចម្បង​បំផុត​ត្រូវ​ថតចម្លង​ទុក​ក្នុង​ប្រព័ន្ធ​ទិន្នន័យ​ឌីជីថល (Database)​។

យើង​មាន​ឯកសារ​ចាស់ៗ​ទាំងអស់​នេះ គឺ​យើង​មាន​ផែនការ​មួយ​យ៉ាង​ច្បាស់លាស់ យើង​ត្រូវតែ​អភិរក្ស​វា ធ្វើ​ទៅជា​ឌីជីថល ពីព្រោះ​ឯកសារ​វា​ពុកផុយ​មែនទែន​ហើយ យើង​កាន់​ទៅ​វា​ផុយ ហើយ​អាយុកាល​វា​ក៏​រាប់រយឆ្នាំ​មកហើយ​ដែរ​។ ឯកសារ​ខ្លះ​មាន​អាយុ​ច្រើនជាង​បណ្ណាល័យ​ទៅទៀត​បណ្ណាល័យ​ទើប​មាន​អាយុ ៩៨ ឆ្នាំ​ទេ​។ ឯកសារ​ទាំងអស់នេះ អភិរក្ស​ហើយ​យើង​បង្កើត​ប្រព័ន្ធ​ទិន្នន័យ​ឌីជីថល​សម្រាប់​ដាក់​ឯក​សារ​នេះ​ចូលទៅ​។ ទិសដៅ​ធំ​របស់​យើង គឺ​ចង់​ជំរុញ​ការអាន​នៅក្នុង​ប្រទេស​កម្ពុជា​រប​ស់​យើង​ធ្វើ​ម៉េច​ឱ្យ​ទាំង​យុវជន​សិស្សានុសិស្ស​កុមារា​កុមារី អ្នក​អាណាព្យាបាល​ទាំងអស់ នាំគ្នា​អាន​សៀវភៅ​។

តើ​បណ្ណាល័យ​ក្នុង​ ១​ឆ្នាំៗ​មាន​សិស្សានុសិស្ស យុវជន អ្នកសិក្សា​ស្រាវជ្រាវ​ចូល​អាន​ប៉ុន្មាន​នាក់​?

កាលពី​ឆ្នាំ ២០១៩ មាន​សិស្សានុសិស្ស យុវជន អ្នកសិក្សា​ស្រាវជ្រាវ​បាន​ចូលមក​អាន​សៀវភៅ​ក្នុង​បណ្ណាល័យ​ជាតិ​ជាង ៥ ​ពាន់​នាក់ ឆ្នាំ ២០២០ ប្រមាណ ៤ ​ពាន់​នាក់ និង​ឆ្នាំ​ ២០២១ មាន​អ្នក​ចូល​អាន​ប្រមាណ​តែ​ជាង ៣០០ ​នាក់​ប៉ុណ្ណោះ​។ ការធ្លាក់ចុះ​ចំនួន​សិស្សានុសិស្ស​ចូល​អាន​សៀវភៅ​នេះ ដោយសារតែ​បញ្ហា​នៃ​ការរីក​រាលដាល​ជំងឺ​កូវីដ​ ១៩​។

យើង​សង្កេតឃើញ​អ្នក​ចូលមក​អាន​សៀវភៅ​ក្នុង​បណ្ណាល័យ​មានការ​ធ្លាក់ចុះ​ក្នុង​ឆ្នាំ ​២០២០-២០២១ ​នេះ ប៉ុន្ដែ​ចំនួន​អ្នក​ខ្ចី​សៀវភៅ​យកទៅ​អាន មាន​ការកើនឡើង​វិញ​។ ក្នុង​ឆ្នាំ​ ២០២១ ​នេះ​មាន​អ្នក​ខ្ចី​សៀវភៅ​ក្នុង ​១ ​ខែៗ​មាន​ពី ២០០ ទៅ​ ៣០០ ​នាក់​ដែល​នេះ​ជា​ចំនួន​កើនឡើង​ដែរ​។ នៅក្នុងពេល​រីក​រាលដាល​កូវីដ-១៩​នេះ បណ្ណាល័យ​យើង​បើក​រហូត​មិនមាន​បិទ​ទេ​។ បណ្ណាល័យ​យើង​បើក​ឱ្យចូល​ចាប់ពី​ថ្ងៃ​ចន្ទ​ដល់​ថ្ងៃ​សុក្រ ក្នុង​ ១ ​ថ្ងៃ ៨ ម៉ោង បើក​ចាប់ពី​ម៉ោង ៨ ព្រឹក រហូតដល់​ម៉ោង​ ៤ ​ល្ងាច​ពេល​ថ្ងៃត្រង់​ក៏​យើង​មិនបាន​បិទ​ដែរ​។

សូម​លោកស្រី​បង្ហាញ​អំពី​សារៈសំខាន់​នៃ​ការអាន​សម្រាប់​អនាគត​របស់​យុវជន និង​ប្រទេស​កម្ពុជា​?

ការអាន គឺមាន​សារៈសំខាន់​ណាស់ បើ​គ្មាន​សារៈសំខាន់ មិនមែន​រាជរដ្ឋាភិបាល និង​ក្រសួង​អប់រំ យុវជន និង​កីឡា ខិតខំ​បង្កើត​បណ្ណាល័យ​ជាច្រើន​នៅតាម​សាលារៀន សាកល​វិទ្យាល័យ​នោះទេ​។ ការអាន​គឺ​ចាំបាច់​សម្រាប់​មនុស្ស​គ្រប់​វ័យ​ទាំងអស់​តាំងពី​កូនក្មេង​រហូតដល់​មនុស្ស​ចាស់ សូម្បី​ទារក​នៅក្នុង​ពោះ​ក៏​យើង​ត្រូវ​ទម្លាប់​អាន​ឱ្យ​រៀន​ស្ដាប់​តាំងពី​នៅក្នុង​ពោះ​នោះ ដើម្បី​បង្កើត​ទម្លាប់​អាន មិនមែន​មាន​ស្មាតហ្វូន​ប្រើ​ភ្លេច​ការអាន​នោះទេ​៕

វីដេអូ៖