The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - កម្ពុជា និង​ជប៉ុន ឯកភាព​រួមគ្នា​ដោះស្រាយ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ និង​កូរ៉េខាងជើង




កម្ពុជា និង​ជប៉ុន ឯកភាព​រួមគ្នា​ដោះស្រាយ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ និង​កូរ៉េខាងជើង

Content image - Phnom Penh Post
លោក​ ប្រាក់ សុខុន (​ឆ្វេង​) ​និង​លោក Hayashi Yoshimasa ដែល​បាន​សន្ទនា​គ្នា​តាម​ទូរស័ព្ទ​ពីថ្ងៃ​ ១១ មករា​។ រូបថត FB

កម្ពុជា និង​ជប៉ុន ឯកភាព​រួមគ្នា​ដោះស្រាយ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ និង​កូរ៉េខាងជើង

ភ្នំពេញៈ ​កម្ពុជា និង​ជប៉ុន​ឯក​ភាព​ធ្វើការ​រួមគ្នា ដើម្បី​ដោះស្រាយ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង និង​កូរ៉េខាងជើង ខណៈ​ជប៉ុន​សង្ឃឹមថា ការបោះឆ្នោត​ឃុំ​សង្កាត់​នៅ​កម្ពុជា​ឆ្នាំនេះ និង​ការបោះឆ្នោត​សកល​នៅ​ឆ្នាំក្រោយ​នឹង​ឆ្លុះបញ្ចាំង​ពី​សំឡេង​ចម្រុះ​របស់​ប្រជាជន​កម្ពុជា​។

ការឯកភាព​គ្នា​នេះ ធ្វើឡើង​ក្នុង​កិច្ចសន្ទនា​តាម​ទូរស័ព្ទ​រវាង​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា លោក​​ ប្រាក់ សុខុន និង​រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន លោក ហាយ៉ាហ្ស៊ី យ៉ូហ្ស៊ីម៉ាសា​ (Hayashi Yoshimasa) ​កាលពី​ថ្ងៃទី​ ១១ ខែមករា​។

ក្រសួង​ការបរទេស​ជប៉ុន​បញ្ជាក់​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​នា​ថ្ងៃទី​ ១១ ខែមករា ថា លោក Hayashi បាន​អបអរសាទរ​ចំពោះ​ការទទួល​តំណែង​ជា​ប្រធាន​អាស៊ាន​របស់​កម្ពុជា​​ និង​បង្ហាញ​ពី​ចេតនា​របស់​ជប៉ុន​ក្នុងការ​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​រួមទាំង​ការលើកកម្ពស់​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ការពារជាតិ ខណៈ​នៅ​ឆ្នាំនេះ​ជា​ខួប​លើក​ទី​ ៣០​ នៃ​បេសកកម្ម​នៅក្រៅ​ប្រទេស​លើកដំបូង​របស់​កងកម្លាំង​ស្វ័យការពារ​ជប៉ុន​នៅ​កម្ពុជា ក្រោម​ប្រតិបត្តិការ​រក្សា​សន្តិភាព​នៃ​អង្គការ​សហប្រជាជាតិ​។

លោក ប្រាក់ សុខុន បានបង្ហាញ​ពី​ចេតនា​របស់​កម្ពុជា​ក្នុង​ការពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​ និង​សហការ​យ៉ាង​ជិតស្និទ្ធ​​ជាមួយ​ប្រទេស​ជប៉ុន​លើ​កិច្ចការ​តំបន់​។ ​រដ្ឋមន្ត្រី​ទាំង​ ២ ក៏​បាន​ផ្លាស់ប្តូរ​យោបល់​លើ​កិច្ចការ​តំបន់​ផងដែរ​។

ក្រសួង​ការបរទេស​ជប៉ុន​បញ្ជាក់ថា​ «​រដ្ឋមន្ត្រី​ទាំង​ ២ ​បាន​ឯកភាព​លើ​ការធ្វើការ​រួមគ្នា​នៅ​​ក្នុង​កិច្ចប្រជុំ​ពាក់ព័ន្ធ​អាស៊ាន ដើម្បី​ដោះស្រាយ​បញ្ហាសំខាន់ៗ​នៅក្នុង​តំបន់ ដូចជា​សមុទ្រ​ចិន​ខាងត្បូង និង​កូរ៉េខាងជើង​»​។

រដ្ឋមន្ត្រី​ទាំង​ ២ បាន​ពិភាក្សា​​គ្នា​អំពី​ស្ថានភាព​របស់​កូរ៉េ​ខាងជើង​រួមទាំង​ការបាញ់​មីស៊ីល​កាលពី​ថ្ងៃទី​ ៥ និង​ថ្ងៃទី​ ១១ ខែមករា ហើយ​បាន​បញ្ជាក់ថា​នឹង​បន្ត​ការសម្របសម្រួល​រវាង​ប្រទេស​ទាំង​ ២ ​ដើម្បី​ដោះស្រាយ​បញ្ហា​កូរ៉េខាងជើង រួមទាំង​បញ្ហា​ការចាប់​ពង្រត់​ផងដែរ​។

ក្រសួង​ការបរទេស​ជប៉ុន​បញ្ជាក់ថា​ «​រដ្ឋមន្ត្រី​ Hayashi បាន​សម្តែង​ការព្រួយបារម្ភ​ចំពោះ​ស្ថានភាព​បច្ចុប្បន្ន​របស់​មីយ៉ាន់ម៉ា​ដែល​អំពើហិង្សា​នៅ​​តែ​បន្ត និង​ស្វាគមន៍​ការចូលរួម​យ៉ាងសកម្ម​របស់​កម្ពុជា​​ក្នុងឋានៈ​ជា​ប្រធាន​អាស៊ាន​លើ​ស្ថានភាព​នៅ​មីយ៉ាន់ម៉ា​។

រដ្ឋមន្ត្រី​ទាំង​ ២ មាន​ទស្សនៈ​ដូចគ្នា ដើម្បី​សម្របសម្រួល​យ៉ាង​ជិតស្និទ្ធ​លើ​ស្ថានភាព​នៅ​ប្រទេស​នេះ​»​។

បើតាម​ក្រសួង​ការបរទេស​ជប៉ុន លោក​ Hayashi បាន​​វាយតម្លៃ​ពី​វឌ្ឍនភាព​ឆ្ពោះទៅ​​រក​បទ​ឈប់​បាញ់​ជាមួយ​ជនជាតិ​ភាគតិច និង​ជំនួយ​មនុស្សធម៌​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់​ប្រទេស​មីយ៉ាន់ម៉ា​កាលពីពេល​ថ្មីៗ​នេះ​។

រដ្ឋមន្ត្រី​ទាំង​ ២ បាន​ពិភាក្សា​អំពី​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ទាក់ទង​នឹង​វិធានការ​ទប់ស្កាត់​ជំងឺ​កូវីដ​ ១៩ និង​ការ​អភិវ​ឌ្ឍ​កំពង់ផែ​ក្រុងព្រះសីហនុ ខណៈ លោក ប្រាក់ សុខុន បាន​អរគុណ​ចំពោះ​ការគាំទ្រ​របស់​ប្រទេស​ជប៉ុន​រហូតមកទល់​បច្ចុប្បន្ន រួមទាំង​វិធានការ​ទប់ស្កាត់​ជំងឺ​កូវីដ​ ១៩ ​ផងដែរ​។

ក្រសួង​ការបរទេស​ជប៉ុន​បាន​​ឱ្យដឹង​ដែរ​ថា «​លោក​រដ្ឋមន្ត្រី Hayashi បានបង្ហាញ​ក្តីសង្ឃឹម​ថា ការបោះឆ្នោត​ឃុំ​សង្កាត់​នៅ​កម្ពុជា​ក្នុង​ខែមិថុនា​នេះ​ និង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នៅ​ឆ្នាំក្រោយ​នឹង​ប្រព្រឹត្ត​ទៅ​តាមរបៀប​មួយ​ដែល​ឆ្លុះបញ្ចាំង​ពី​សំឡេង​ចម្រុះ​របស់​ប្រជាជន​កម្ពុជា​»​។

ក្រសួង​ការបរទេស​កម្ពុជា​បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​នា​ថ្ងៃទី​ ១២ ​មករា ថា បន្ថែម​លើ​ជំនួយ​ដល់​កម្ពុជា​ក្នុងការ​ឆ្លើយតប​នឹង​ជំងឺ​កូវីដ​ ១៩ ការអភិវឌ្ឍ​កំពង់ផែ​ស្វយ័ត​ក្រុង​​ព្រះសីហនុ​ឱ្យទៅជា​កំពង់ផែ​ស្នូល​ និង​លើ​វិស័យ​ផ្សេងទៀត ជប៉ុន​ក៏​កំពុង​ពិចារណា​ផ្តល់ជំនួយ​បន្ថែម​ដល់​កម្ពុជា​សម្រាប់​ការដោះមីន ការផ្គត់ផ្គង់​ទឹកស្អាត និង​អគ្គិសនី​ផងដែរ ក្នុង​ចំណោម​វិស័យ​ផ្សេងទៀត​។

បើតាម​ក្រសួង​ការបរទេស​កម្ពុជា លោក​ ប្រាក់ សុខុន អះអាង​ប្រាប់​លោក Hayashi ថា កម្ពុជា​ផ្តល់​សារៈសំខាន់​យ៉ាងខ្លាំង​ចំពោះ​ការឯកភាព​​ និង​មជ្ឈភាព​របស់​អាស៊ាន​ព្រមទាំង​ការព្រមព្រៀង​ជា​ឯកច្ឆន្ទ​ ៥ ​ចំណុច​របស់​អាស៊ាន ក៏ដូចជា​ការរក្សា​អាស៊ាន ១០ ​ប្រទេស​។

លោក រ៉ូ វណ្ណៈ សហស្ថាបនិក​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​​ថ្ងៃទី​ ១៣ ​មករា​ថា ក្នុង​បរិបទ​នៃ​ការរះឡើង​របស់​ចិន​នៅក្នុង​តំបន់ និង​ឥទ្ធិពល​ចិន​នៅ​កម្ពុជា​​ជប៉ុន​ព្យាយាម​រក្សា​ និង​ពង្រីក​ឥទ្ធិពល​របស់ខ្លួន​តាមរយៈ​អំណាច​ទន់​ (softpower)​ នៃ​នយោបាយ​សហការ​សេដ្ឋកិច្ច ជំនួយ​សេដ្ឋកិច្ច ការកសាង​ធនធានមនុស្ស និង​ការកសាង​ហេដ្ឋារចនា​សមព័ន្ធ​ដ៏មាន​គុណភាព​សម្រាប់​កម្ពុជា​។

លោក​ថ្លែងថា​៖ «​ជប៉ុន​ព្យាយាម​មិន​ដាក់​សម្ពាធ និង​ហាក់​មិន​ចង់​ជ្រៀតជ្រែក​បញ្ហា​ផ្ទៃក្នុង​របស់​កម្ពុជា​រឿង​ការដើរថយក្រោយ​នៃ​លទ្ធិប្រជាធិបតេយ្យ និង​ការរឹតត្បិត​សេរី​ភាព​នយោបាយ​លើ​សំឡេង​ជំទាស់ ឬ​អ្នកមាន​និន្នាការ​ជំទាស់​នឹង​រដ្ឋាភិបាល​កម្ពុជា​​ក៏​ព្រោះ​ជប៉ុន​នៅ​ចង់​រក្សា​ឥទ្ធិពល​របស់ខ្លួន​ជាមួយ​អ្នក​កាន់អំណាច​នៅ​កម្ពុជា​ក្នុង​ការធ្វើ​​តុល្យភាព​អំណាច​ជាមួយ​​ចិន ដែល​កំពុង​កើន​ឥទ្ធិពល​នយោបាយ និង​សេដ្ឋកិច្ច​ខ្លាំង​​នៅក្នុង​ប្រទេស​កម្ពុជា​ជារួម​ និង​មន្ត្រី​កាន់អំណាច​កម្ពុជា​ដាច់ដោយឡែក​»​។

លោក វណ្ណៈ ថ្លែងថា វត្តមាន​​ជប៉ុន​សំខាន់​ជា​យុទ្ធសាស្ត្រ​​នយោបាយ​សម្រាប់​កម្ពុជា​នៅ​​ពេល​កម្ពុជា​ព្យាយាម​ធ្វើ​ពិពិធកម្ម​នយោបាយ​ការបរទេស និង​ការទូត​សេដ្ឋកិច្ច​ក្នុង​តំបន់​ដើម្បី​​កាត់បន្ថយ​ការពឹងផ្អែក​របស់​កម្ពុជា​ខ្លាំង​ពេក​ទៅលើ​ចិន​។ ​ជារួម​អំណាច​ទន់​របស់​ជប៉ុន​នៅ​​កម្ពុជា​មាន​ទម្ងន់​ជាង​ចិន​សម្រាប់​​ប្រជាពលរដ្ឋ​ខ្មែរ​។ ហេតុដូចនេះ​រាល់​គំនិត​ផ្តួចផ្តើម​ណា​​មួយ​របស់​ប្រទេស​ជប៉ុន តែងតែ​ទទួល​បានការ​សាទរ​ពី​ប្រជាពលរដ្ឋ​ខ្មែរ​៕

អត្ថបទគួរចាប់អារម្មណ៍

  • ភ្នំពេញៈ ក្រុមហ៊ុន Longfruiter Anlong Veng Oddor Meanchey Agriculture Park Co., Ltd បាន​បញ្ចេញ​ប្រាក់​វិនិយោគ ៥១ ​លាន​ដុល្លារ​ទៅលើ​ការដាំ​ដំណាំ​ចេក និង​ដំណាំ​ហូប​ផ្លែ​មួយចំនួន​នៅក្នុង​ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ ដើម្បី​ជំរុញ​ការនាំចេញ ពិសេស​ទៅ​ទីផ្សារ​ប្រទេស​ចិន​។

  • ភ្នំពេញៈ មូលនិធិ​កម្ពុជា​ប្រឆាំង​កូវីដ​ ១៩ បន្ត​អំពាវនាវ​ដល់​សប្បុរជន​ឱ្យ​ចូលរួម​បរិច្ចាគ​ធនធាន ដើម្បី​រួមចំណែក​ក្នុងការ​ឧបត្ថម្ភ​ទ្រទ្រង់​ដល់​ពលរដ្ឋ​ដែល​កំពុង​ជួប​ការលំបាក និង​ក្រុមគ្រូពេទ្យ​អាវស អំឡុងពេល​ប្រយុទ្ធប្រឆាំង​ជំងឺ​កូវីដ ខណៈ​មូលនិធិ​នេះ​បាន​ជួយ​ដល់​ពលរដ្ឋ​ជាង ១ ​ម៉ឺន​គ្រួសារ តាមរយៈ​ការផ្តល់​ជា​គ្រឿង​បរិភោគ និង​កញ្ចប់​ថ្នាំ​ជាដើម​។

  • ភ្នំពេញៈ ​ជន​ជាប់ឃុំ​នៅតាម​ពន្ធនាគារ និង​មណ្ឌល​អប់រំ​កែប្រែ​រាជធានី​-​ខេត្ដ​ជាង ២ ​ពាន់​នាក់​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ ​ដូស​ទី​ ៣ និង​កំពុង​បន្ត​ចាក់​ដូស​ជំរុញ​នេះ​បន្ថែមទៀត ខណៈ​ជន​ជាប់ឃុំ​សរុប​ប្រមាណ ៣៨ ០០០ ​នាក់​បាន​ចាក់​ ២​ ដូស​រួចហើយ​។

  • ភ្នំពេញៈ ​សាកលវិទ្យាល័យ និង​គ្រឹះស្ថាន​អប់រំ កម្រិត​ឧត្ដមសិក្សា​សាធារណៈ និង​ឯកជន​ប្រមាណ​ ២០ នៅ​ថ្ងៃទី​ ២៩ ខែមករា ខាងមុខនេះ​នឹង​រៀបចំ «​ពិព័រណ៍​ជំនាញ និង​សាកលវិទ្យាល័យ​» ​តាម​អន​ឡាញ​ដើម្បីឱ្យ​វាគ្មិន​ជំនាញ​ចែករំលែក​ចំណេះដឹង បទពិសោធ ដល់​និស្សិត​លើ​ការជ្រើសរើស​មុខជំនាញ​សិក្សា និង​សាកលវិទ្យាល័យ​សិក្សា​នៅក្នុង​ប្រទេស​កម្ពុជា​។

  • ភ្នំពេញៈ ជប៉ុន​បាន​ផ្ដល់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​ ៤ ​គ្រឿង​ដល់​អង្គភាព​ការិយាល័យ​នគរបាល​បង្ការ ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ចូលរួមចំណែក​ធ្វើឱ្យ​ប្រសើ​ឡើង​នូវ​ប្រសិទ្ធភាព​ការងារ​ឆ្លើយតប និង​ការ​កាត់បន្ថយ​នូវ​ហានិភ័យ​នានា ដែល​បង្កឡើង​ដោយ​គ្រោះ​អគ្គិភ័យ​នៅ​កម្ពុជា ពិសេស​ក្នុង​រាជធានី​ភ្នំពេញ​។

  • ភ្នំពេញៈ ​សាជីវកម្ម​ធានាឥណទាន​កម្ពុជា (CGCC) និង​មជ្ឈមណ្ឌល​បច្ចេកវិទ្យា និង​ព័ត៌មាន​ជីវឧស្ម័ន (BTIC) នៅ​ថ្ងៃទី​ ២៤ ខែមករា បាន​ចុះ​អនុស្សរណៈ​ជាមួយ​គ្នា ដើម្បី​លើកកម្ពស់​បរិយាកាស​អំណោយផល​ដល់​ការវិនិយោគ​លើ​បច្ចេកវិទ្យា​ជីវឧស្ម័ន​ខ្នាត​ធំ​នៅ​កម្ពុជា​ដើម្បី​រួមចំណែក​កាត់​បន្ថយ​ការប្រែប្រួល​អាកាសធាតុ​។ នេះ​បើតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​។