ភ្នំពេញៈ ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​​ដើម្បី​អភិវឌ្ឍន៍​អន្តរជាតិ USAID ផ្តល់​ថវិកា​ប្រមាណ​ ២,១​ លាន​ដុល្លារ សម្រាប់​គម្រោង​ពិនិត្យ​ភ្នែក​ និង​ការ​វាស់​វ៉ែនតា​ភ្នែក​នៅតាម​សាលារៀន និង​មណ្ឌល​ស្តារ​គំហើញ​នៅក្នុង​ ១៦​ រាជធានី​ខេត្ត ដែល​គម្រោង​នេះ​រំពឹងថា​នឹង​ផ្តល់​ផល​ដល់​កុមារ​ប្រមាណ ​៨ ​ម៉ឺន​នាក់ និង​ពលរដ្ឋ​ទូទៅ​ប្រមាណ ៣ ​ម៉ឺន​នាក់ ដែល​រស់នៅ​ក្រោម​បន្ទាត់​ក្រីក្រ​នៅ​កម្ពុជា​។

កាលពី​ថ្ងៃទី​ ១៣ និង​ ១៤ មករា កម្មវិធី​ជាតិ​សុខភាព​ភ្នែក​នៃ​ក្រសួង​សុខាភិបាល​សហការ​ជាមួយ​មន្ទីរ​សុខាភិបាល ក្រសួង​អប់រំ យុវជន និង​កីឡា និង​មូលនិធិ ហ្វ្រេតហូឡូ ព្រមទាំង​ដៃគូ​ជាច្រើន​ទៀត​បាននិងកំពុង​រៀបចំ​កិច្ចប្រជុំ​រយៈពេល​ ២ ​ថ្ងៃ​នៅ​សណ្ឋាគារ​ភ្នំពេញ ស្តីពី​ការចាប់ផ្តើម​អនុវត្ត​គម្រោង​បង្កើន​វិសាលភាព​សេវា​កំហុស​កំណុំ​រូបភាព​នៅ​កម្ពុជា​។

គោលបំណង​នៃ​កិច្ចប្រជុំ​នេះ គឺ​ដើម្បី​បង្ហាញជូន​ដៃគូ​របស់​គម្រោង ជាពិសេស​មន្ត្រី​បង្គោល និង​ថ្នាក់ដឹកនាំ​លើ​ទិដ្ឋភាព​រួម​នៃ​គម្រោង​គោលដៅ​ផែនការ​ថវិកា សូចនាករ​គោល និង​យន្តការ​រាយការណ៍​នៃ​ការអនុវត្ត​គម្រោង​។ ជាពិសេស​នោះ កិច្ចប្រជុំ​នេះ​ក៏មាន​សិក្ខាកាម​មកពី​បណ្តា​អង្គការ​ក្នុង​វិស័យ​សុខភាព​ភ្នែក​ដទៃទៀត​ចូលរួម ដើម្បី​ពិភាក្សា​លម្អិត​អំពី​ប្រតិបត្តិការ​របស់​មណ្ឌល​ស្តារ​គំហើញ ដំណើរការ​ទូទៅ ប្រព័ន្ធ​ហិរញ្ញវត្ថុ ចរន្ត​ថវិកា លទ្ធកម្ម​ស្តុក ដើម្បី​រៀបចំ​ជា​គំរូ​ប្រតិបត្តិ​ល្អ​ក្នុង​ការធានា​ប្រសិទ្ធភាព​ ​និង​និរន្តរភាព​របស់​មណ្ឌល​ស្តារ​គំហើញ​ទាំង​ ១៦ ​របស់​កម្ពុជា​ផងដែរ​។ ​នេះ​បើតាម​ការចុះផ្សាយ​លើ​គេហទំព័រ​របស់​ក្រសួង​ព័ត៌មាន​កាលពី​ថ្ងៃទី​ ១៣ មករា​។

លោក Tokyo Bak នាយក​មូលនិធិ​ហ្វ្រេតហូឡូ​កម្ពុជា​ (FHF) បានឱ្យដឹង​តាមរយៈ​របាយការណ៍​ស្វាគមន៍​របស់លោក​ថា ដើម្បី​ជួយ​គាំទ្រ​ដល់​រាជរដ្ឋាភិបាល​ក្នុង​ការ​លើកកម្ពស់​សុខភាព​ភ្នែក ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​ដើម្បី​អភិវឌ្ឍន៍​អន្តរជាតិ​ (USAID)​ បានផ្តល់​ថវិកា​តាមរយៈ​អង្គការសហប្រជាជាតិ UNOPS ប្រមាណ​ ២,១ ​លាន​ដុល្លារ​អាមេរិក សម្រាប់​គម្រោង​ជំរុញ​ការពិនិត្យ​ភ្នែក និង​ការវាស់​វ៉ែនតា តាមរយៈ​កម្មវិធី​សុខភាព​ភ្នែក​ក្នុង​សាលារៀន និង​មណ្ឌល​ស្តារ​គំហើញ​នៅក្នុង ១៦​ រាជធានី​ខេត្ត​នៅ​កម្ពុជា​។

លោក Tokyo Bak បាន​បញ្ជាក់ថា​៖ «​កិច្ចប្រជុំ​ដែល​រៀបចំឡើង​ដោយ​កម្មវិធី​ជាតិ​សុខភាព​ភ្នែក សហការ​ជាមួយ​ក្រសួង​អប់រំ យុវជន និង​​កីឡា និង​មូលនិធិ ហ្វ្រេតហូឡូ​នេះ ដើម្បី​ផ្សព្វផ្សាយ​ពី​ការងារ​ចាប់ផ្តើម​អនុវត្ត​គម្រោង​បង្កើន​វិសាលភាព សេវា​កំហុស​កំណុំ​រូបភាព​នេះ​នៅ​កម្ពុជា​»​។

លោក​រំពឹងថា កិច្ចប្រជុំ​នេះ​នឹង​អាច​ស្វែងរក​យន្តការ​ល្អៗ​ក្នុង​ការធានា​ធនធាន​ហិរញ្ញវត្ថុ ដើម្បី​ផ្តល់​សេវា​វាស់​វ៉ែនតា​ជូន​ពលរដ្ឋ​មាន​គុណភាព​ប្រកប​ដោយ​សមធម៌ និង​បរិយាប័ន្ន​។ លោក​បន្តថា បន្ថែម​ពីនេះ​ក៏​នឹង​ជំរុញ​ការលើកកម្ពស់​ការយល់​ដឹង​ពលរដ្ឋ និង​សិស្សានុសិស្ស​ទាក់ទង​នឹង​សុខភាព​ភ្នែក ដើម្បី​បង្កើន​ការប្រើប្រាស់​សេវា និង​ការពាក់​វ៉ែនតា​។

លោក​ Tokyo Bak បានបញ្ជាក់​ទៀតថា​៖ «​កិច្ចប្រជុំ​នេះ​នឹង​ជំរុញ​ការពិនិត្យ​ភ្នែក និង​ការវាស់​វ៉ែនតា​តាមរយៈ​កម្មវិធី​សុខ​ភាព​ភ្នែក​ក្នុង​សាលារៀន និង​មណ្ឌល​ស្តារ​គំហើញ​នៅក្នុង​ ១៦ ​រាជធានី​/​ខេត្ត​។ ​(​ខ្ញុំ​) ​រំពឹងថា នឹង​អាច​ផ្តល់​វ៉ែនតា​ដល់​កុមារ​ប្រមាណ​ ៨ ​ម៉ឺន​នាក់ និង​ប្រជាពលរដ្ឋ​ស្រី ប្រុស ប្រមាណ​ ៣ ​ម៉ឺន​នាក់​ដែល​រស់នៅ​ក្រោម​បន្ទាត់​ក្រីក្រ​»​។

យោងតាម​របាយការណ៍​អង្កេត​រហ័ស​ថ្នាក់ជាតិ​លើ​ភាពពិការ​ភ្នែក​ដែល​អាច​ចៀសវាង​បាន​ឆ្នាំ​ ២០១៩ បាន​បង្ហាញថា ក្នុង​ចំណោម​មនុស្ស​ដែលមាន​អាយុ​លើសពី ​៥០ ​ឆ្នាំ​មាន​បញ្ហា​កំហុស​កំណុំ​រូបភាព​គឺជា​មូលហេតុ​ចម្បង​នៃ​បញ្ហា​ខ្សោយ​គំហើញ​កម្រិត​ស្រាល​ ៦១,២​ ភាគរយ និង​ជា​មូលហេតុ​ចម្បង​ទី​ ២ នៃ​បញ្ហា​ខ្សោយ​គំហើញ​​កម្រិត​មធ្យម​ ១៧,៥ ​ភាគរយ​។

របាយការណ៍​ដដែល​នេះ ក៏​បានបង្ហាញ​ដែរ​ថា ប្រជាពលរដ្ឋ​កម្ពុជា​អាយុ​លើស ៥០ ​ឆ្នាំ ប្រមាណ ​៨០ ​ភាគរយ ដែលមាន​​បញ្ហា​ម៉្ញូប​ភ្នែក​មិនមាន​វ៉ែនតា​ពាក់​ទេ នេះ​មិន​រាប់បញ្ចូល​ពលរដ្ឋ​ដែលមាន​បញ្ហា​ភ្នែក Presbyopia ដែលមាន​រហូតដល់​ ៨៩,៣ ​ភាគរយ​។

ចំណែក​របាយការណ៍​ពិភពលោក​ស្តីពី​គំហើញ​ឆ្នាំ​ ២០១៩ ​វិញ​បាន​ប៉ាន់​ស្មានថា នៅ​ទូទាំង​ពិភពលោក​មនុស្ស​ប្រមាណ ១ ៨០០ ​លាន​នាក់ មាន​បញ្ហា Presbyopia និង​មាន​មនុស្ស​ប្រមាណ​ ២ ៦០០ ​លាន​នាក់ មាន​បញ្ហា​ម៉្ញូប​ឆ្ងាយ ហើយ​ចំនួន​នេះ​អាច​នឹង​កើន​ដល់ ៤ ៧០០ ​លាន​នាក់ ក្នុង​ឆ្នាំ​ ២០៥០​។ របាយការណ៍​ដដែល​នេះ បញ្ជាក់​​ថា បញ្ហា​កំហុស​កំណុំ​រូបភាព​បង្ក​ផលប៉ះពាល់​យ៉ាងខ្លាំង​ដល់​សង្គម ពិសេស​ក្នុង​វិស័យ​អប់រំ ការអភិវឌ្ឍ​ធនធានមនុស្ស សុខភាព មុខរបរ និង​ជីវភាព និង​សេដ្ឋកិច្ចជាតិ​ជារួម​។

តំណាង​ USAID ប្រចាំ​កម្ពុជា​មិនអាច​សុំ​ការបញ្ជាក់​បន្ថែម​​ជុំវិញ​ការផ្ដល់​ជំនួយ​នេះ​បានទេ​​កាលពី​ថ្ងៃទី​ ១៣ ខែមករា​៕