The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - មន្ត្រី​អំពាវនាវ​ទៅដល់​ប្រជាពលរដ្ឋ​កុំឱ្យ​រើសអើង​ចំពោះ​វ៉ាក់សាំង​កូវីដ​ ១៩




មន្ត្រី​អំពាវនាវ​ទៅដល់​ប្រជាពលរដ្ឋ​កុំឱ្យ​រើសអើង​ចំពោះ​វ៉ាក់សាំង​កូវីដ​ ១៩

Content image - Phnom Penh Post
លោកស្រី ឱ វណ្ណឌីន ពិនិត្យ​វ៉ាក់សាំង​ពីថ្ងៃ​ទី​ ១៣ មករា​។ រូបថត ក្រសួង​សុខាភិបាល

មន្ត្រី​អំពាវនាវ​ទៅដល់​ប្រជាពលរដ្ឋ​កុំឱ្យ​រើសអើង​ចំពោះ​វ៉ាក់សាំង​កូវីដ​ ១៩

ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់​នៃ​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស​បាន​អំពាវនាវ​ទៅដល់​ប្រជាពលរដ្ឋ​ទាំងអស់ កុំ​មានការ​រើសអើង​ចំពោះ​វ៉ាក់សាំង​កូវីដ​ ១៩ ប៉ុន្តែ​សំខាន់​ត្រូវ​ឱ្យមាន​វ៉ាក់សាំង​នេះ​បាន​ចាក់​ចូលទៅក្នុង​ខ្លួន ដើម្បី​ការពារ​ពី​វីរុស​កូវីដ​ ១៩ ពិសេស​វីរុស​បំប្លែង​ថ្មី​អូមីក្រុង​។

លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូវីដ-១៩​ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស (​គ.វ.ក-១៩) បាន​ថ្លែង​នៅ​ថ្ងៃទី​ ១១ ខែមករា ថា វ៉ាក់សាំង​កូវីដ​ ១៩​ នៅតែ​ជា​ឧបករណ៍​ដ៏សំខាន់​សម្រាប់​ការពារ​ខ្លួន​ពី​ភាព​ធ្ងន់ធ្ងរ​នូវ​ការវាយលុក​ពី​វីរុស​កូវីដ​ ១៩ ជាពិសេស​ពពួក​អូមីក្រុង​។

អ្នកជំងឺ​ដែល​ឆ្លង​វីរុស​អូមីក្រុង​ក្នុង​ប្រទេស​កម្ពុជា​មាន​ស្ថានភាព​ធម្មតា មិនមាន​អ្វី​គួរឱ្យកត់សម្គាល់​នោះឡើយ ហើយ​ក៏មាន​អ្នកជំងឺ​មួយចំនួន​បានជា​សះស្បើយ​ហើយ​ដែរ​។

លោកស្រី ឱ វណ្ណឌីន បាន​ថ្លែងថា​៖ «​មាន​មនុស្ស​មួយចំនួន​ហាក់​មានការ​រើសអើង​ចំពោះ​វ៉ាក់សាំង ដោយសារ​ពួកគាត់​ថា វ៉ាក់សាំង​នេះ​មិនល្អ វ៉ាក់សាំង​នោះបាន​ល្អ ប៉ុន្តែ​ខ្ញុំ​សុំ​ប្រាប់ថា វ៉ាក់សាំង​អ្វី​ក៏ដោយ ឱ្យតែ​ជា​ប្រភេទ​វ៉ាក់សាំង ដែល​ស្ថិតក្នុង​បញ្ជី​ប្រើប្រាស់​បន្ទាន់​របស់​អង្គការ​សុខភាព​ពិភពលោក គឺ​សុទ្ធតែជា​វ៉ាក់សាំង​ដែលមាន​គុណភាព​ និង​ប្រសិទ្ធភាព​»​។ ប្រធាន គ.វ.ក-១៩ រូបនេះ​បាន​ពន្យល់​ដោយ​ស្នើឱ្យ​ប្រជាពលរដ្ឋ​ឈប់​មានការ​រើសអើង​ទៅលើ​វ៉ាក់សាំង ហើយ​ត្រូវ​យល់​ពី​អត្ថប្រយោជន៍​នូវ​ការប្រើប្រាស់​វ៉ាក់សាំង​ដែល​ស្ថិតនៅក្នុង​បញ្ជី​ប្រើប្រាស់​បន្ទាន់​របស់​អង្គការ​សុខភាព​ពិភពលោក​។

លោកស្រី​បញ្ជាក់ថា៖ «​ឥឡូវនេះ ឱ្យ​តែមាន​វ៉ាក់សាំង​ចាក់​មាន​វ៉ាក់សាំង​បាន​ចូលក្នុង​សាច់​របស់​យើង គឺ​ដើម្បី​ជួយ​ការពារ​យើង​ពី​ការឆ្លង និង​ការវាយលុក​ទៅរក​ភាព​ធ្ងន់ធ្ងរ​ពេល​ឆ្លង​វីរុស​កូវីដ​ ១៩»​។

ទាក់ទង​នឹង​ការចាក់​វ៉ាក់សាំង​កូវីដ​ ១៩​ នេះដែរ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើង​ផងដែរ​ថា រហូតមកដល់​ពេលនេះ កម្ពុជា​បាន​ចាក់​វ៉ាក់សាំង​ជូន​ប្រជាជន​បាន​ចំនួន​ជាង ១៥ ​លាន​នាក់​ហើយ​ក្នុងចំណោម​ប្រជាជន​ជាង​ ១៦ ​លាន​នាក់​។

លោក​បាន​បន្ថែមថា​៖ «​យើង​បាន​បើក​យុទ្ធនា​ការចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ដូស​ទី​ ៣​ ឬ​ដូស​ជំរុញ​នៅ​ទូទាំងប្រទេស និង​មានការ​ចូលរួម​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ទៅ​ចាក់​វ៉ាក់សាំង​យ៉ាងច្រើន​លើសលប់ ថ្វីដ្បិតតែ​មានការ​ឃោសនា​រារាំង​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ពី​ក្រុម​អគតិ​ដើម្បី​បំផ្លាញ​សេចក្តីសុខ​របស់​ប្រជាជន​កម្ពុជា​យើង​ក៏ដោយ​»​។

ជាមួយ​នឹង​ជោគជ័យ​នៃ​ការចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស និង​ការ​ថយចុះ​ជា​លំដាប់​នៃ​អត្រា​អ្នក​ឆ្លង និង​គ្មាន​អ្នកស្លាប់​ដោយសារ​ជំងឺ​កូវីដ​ ១៩ នៃ​ព្រឹត្តិការណ៍​ ២០ កុម្ភៈ នៅក្នុង​ដំណាក់កាល​ចុងក្រោយ​នេះ រាជរដ្ឋាភិបាល​សម្រេច​បិទ​បញ្ចប់​ព្រឹត្តិការណ៍​ ២០ ​កុម្ភៈ ដែលជា​ព្រឹត្តិការណ៍​សោកនាដកម្ម​សម្រាប់​ប្រទេស​កម្ពុជា​ផងដែរ​។

ដោយឡែក​រថយន្ត​គិលាន​សង្គ្រោះ​ចំនួន ១០ ​គ្រឿង និង​តេស្ត​រហ័ស (Rapid Test)​ ជាង ៨០ ០០០​ តេស្ត​ត្រូវបាន​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​កូរ៉េ (KOICA) ប្រគល់ជូន​ក្រសួងសុខាភិបាល​នា​ថ្ងៃទី ​១២ ខែមករា នៅ​ទីស្តីការ​ក្រសួង​សុខាភិបាល​។

លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​បានឱ្យដឹងថា រដ្ឋាភិបាល​ និង​ប្រជាជន​កូរ៉េ​តែង​គាំទ្រ​ទាំង​បច្ចេកទេស និង​ថវិកា​ក្នុង​ការជួយ​គាំទ្រ​ដល់​វិស័យ​សុខាភិបាល​នៅ​កម្ពុជា​ជា​បន្តបន្ទាប់​ផងដែរ​៕

អត្ថបទគួរចាប់អារម្មណ៍

  • ភ្នំពេញៈ ក្រុមហ៊ុន Longfruiter Anlong Veng Oddor Meanchey Agriculture Park Co., Ltd បាន​បញ្ចេញ​ប្រាក់​វិនិយោគ ៥១ ​លាន​ដុល្លារ​ទៅលើ​ការដាំ​ដំណាំ​ចេក និង​ដំណាំ​ហូប​ផ្លែ​មួយចំនួន​នៅក្នុង​ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ ដើម្បី​ជំរុញ​ការនាំចេញ ពិសេស​ទៅ​ទីផ្សារ​ប្រទេស​ចិន​។

  • ភ្នំពេញៈ មូលនិធិ​កម្ពុជា​ប្រឆាំង​កូវីដ​ ១៩ បន្ត​អំពាវនាវ​ដល់​សប្បុរជន​ឱ្យ​ចូលរួម​បរិច្ចាគ​ធនធាន ដើម្បី​រួមចំណែក​ក្នុងការ​ឧបត្ថម្ភ​ទ្រទ្រង់​ដល់​ពលរដ្ឋ​ដែល​កំពុង​ជួប​ការលំបាក និង​ក្រុមគ្រូពេទ្យ​អាវស អំឡុងពេល​ប្រយុទ្ធប្រឆាំង​ជំងឺ​កូវីដ ខណៈ​មូលនិធិ​នេះ​បាន​ជួយ​ដល់​ពលរដ្ឋ​ជាង ១ ​ម៉ឺន​គ្រួសារ តាមរយៈ​ការផ្តល់​ជា​គ្រឿង​បរិភោគ និង​កញ្ចប់​ថ្នាំ​ជាដើម​។

  • ភ្នំពេញៈ ​ជន​ជាប់ឃុំ​នៅតាម​ពន្ធនាគារ និង​មណ្ឌល​អប់រំ​កែប្រែ​រាជធានី​-​ខេត្ដ​ជាង ២ ​ពាន់​នាក់​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ ​ដូស​ទី​ ៣ និង​កំពុង​បន្ត​ចាក់​ដូស​ជំរុញ​នេះ​បន្ថែមទៀត ខណៈ​ជន​ជាប់ឃុំ​សរុប​ប្រមាណ ៣៨ ០០០ ​នាក់​បាន​ចាក់​ ២​ ដូស​រួចហើយ​។

  • ភ្នំពេញៈ ​សាកលវិទ្យាល័យ និង​គ្រឹះស្ថាន​អប់រំ កម្រិត​ឧត្ដមសិក្សា​សាធារណៈ និង​ឯកជន​ប្រមាណ​ ២០ នៅ​ថ្ងៃទី​ ២៩ ខែមករា ខាងមុខនេះ​នឹង​រៀបចំ «​ពិព័រណ៍​ជំនាញ និង​សាកលវិទ្យាល័យ​» ​តាម​អន​ឡាញ​ដើម្បីឱ្យ​វាគ្មិន​ជំនាញ​ចែករំលែក​ចំណេះដឹង បទពិសោធ ដល់​និស្សិត​លើ​ការជ្រើសរើស​មុខជំនាញ​សិក្សា និង​សាកលវិទ្យាល័យ​សិក្សា​នៅក្នុង​ប្រទេស​កម្ពុជា​។

  • ភ្នំពេញៈ ជប៉ុន​បាន​ផ្ដល់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​ ៤ ​គ្រឿង​ដល់​អង្គភាព​ការិយាល័យ​នគរបាល​បង្ការ ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ចូលរួមចំណែក​ធ្វើឱ្យ​ប្រសើ​ឡើង​នូវ​ប្រសិទ្ធភាព​ការងារ​ឆ្លើយតប និង​ការ​កាត់បន្ថយ​នូវ​ហានិភ័យ​នានា ដែល​បង្កឡើង​ដោយ​គ្រោះ​អគ្គិភ័យ​នៅ​កម្ពុជា ពិសេស​ក្នុង​រាជធានី​ភ្នំពេញ​។

  • ភ្នំពេញៈ ​សាជីវកម្ម​ធានាឥណទាន​កម្ពុជា (CGCC) និង​មជ្ឈមណ្ឌល​បច្ចេកវិទ្យា និង​ព័ត៌មាន​ជីវឧស្ម័ន (BTIC) នៅ​ថ្ងៃទី​ ២៤ ខែមករា បាន​ចុះ​អនុស្សរណៈ​ជាមួយ​គ្នា ដើម្បី​លើកកម្ពស់​បរិយាកាស​អំណោយផល​ដល់​ការវិនិយោគ​លើ​បច្ចេកវិទ្យា​ជីវឧស្ម័ន​ខ្នាត​ធំ​នៅ​កម្ពុជា​ដើម្បី​រួមចំណែក​កាត់​បន្ថយ​ការប្រែប្រួល​អាកាសធាតុ​។ នេះ​បើតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​។