ភ្នំពេញៈ ជនសង្ស័យ​ប្រុស​-​ស្រី​ចំនួន ០២ នាក់ ដែល​ធ្វើ​សកម្មភាព​ជួញដូរ​គ្រឿងញៀន ដោយ​ផ្ញើ​តាម​រថយន្ត​ក្រុមហ៊ុន​ដឹកជញ្ជូន​ពី​ភ្នំពេញ​ទៅ​ខេត្តបាត់ដំបង ត្រូវបាន​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សហការ​ជាមួយ​កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្តបាត់ដំបង ស្រាវជ្រាវ​បង្ក្រាប​ចាប់ខ្លួន​បានជា​បន្តបន្ទាប់ ដោយ​រឹបអូស​បាន​គ្រឿងញៀន​មួយចំនួនធំ។

បើតាម​ការ​ចុះផ្សាយ​របស់​អគ្គ​ស្នងការដ្ឋាននគរបាល​ជាតិ នៅ​ថ្ងៃទី ១៣ ខែមករា ប្រតិបត្តិ​ការបង្ក្រាប​គ្រឿង​ញៀន​នេះ បាន​ធ្វើឡើង​រយៈពេល ០៣ ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី ១០ ដល់​ថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២២ នៅ​ភ្នំពេញ ធ្វើឡើង​នៅ​ចំណុច​បុរីពិភពថ្មី​កួរស្រូវ២ សង្កាត់​រលួស ខណ្ឌដង្កោ និង​នៅ​ខេត្តបាត់ដំបង ក្នុង​ភូមិ​បវេល១ ឃុំ​បវេល ស្រុក​បវេល។

លោក​វរសេនីយ៍ទោ រ៉ឹម ម៉ិច នាយការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន រាជធានី​ភ្នំពេញ​ប្រាប់​ឱ្យដឹងថា ការបង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ពី​ភ្នំពេញ​យកទៅលក់​ចែកចាយ​នៅតាម​បណ្តា​ខេត្ត គឺ​ដឹកនាំ​បង្ក្រាប​ផ្ទាល់​ដោយ​លោក ឧត្តម​សេនីយ៍​ត្រី គល់ យី ស្នងការរង​ទទួល​ផែន​ការងារ​ប្រឆាំង​គ្រឿងញៀន អនុវត្តតាម​បញ្ជា​ដឹកនាំ​ផ្ទាល់​របស់លោក ឧត្តម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ។

ក្រៅពីនេះ មានការ​សម្របសម្រួល​នីតិវិធី​ពី​ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង រាជធានី​ភ្នំពេញ លោក ស៊ិត វណ្ណៈ ដោយ​កងកម្លាំង​បាន​ស្រាវជ្រាវ​ស៊ើបអង្កេត​ឈានទៅដល់​ការបង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​បាន ០២ នាក់។

ជនសង្ស័យ​មានឈ្មោះ ជា សុវណ្ណ បញ្ចការ ភេទ​ស្រី អាយុ ២៩ ឆ្នាំ ប្រកបមុខរបរ​លក់​អីវ៉ាន់​តាម​អន​ឡាញ រស់នៅ​ភូមិ​បវេល១ ឃុំ​បវេល ស្រុក​បវេល ខេត្តបាត់ដំបង និង​ឈ្មោះ ម៉ម សាវី ភេទ ប្រុស អាយុ ៣៣ ឆ្នាំ គ្មាន​មុខរបរ​ពិតប្រាកដ រស់នៅ​ចំណុច​បុរី​ពិភពថ្មី​កួរស្រូវ២ សង្កាត់​រលួស ខណ្ឌដង្កោ។

លោក រ៉ឹម ម៉ិច ប្រាប់​ឱ្យដឹងទៀតថា ប្រតិបត្តិ​ការបង្ក្រាប​គ្រឿង​ញៀន គឺមុនដំបូង​កម្លាំង​សមត្ថកិច្ច​បាន​ស្រាវជ្រាវ​ដឹងថា មាន​ករណី​ជួញដូរ​គ្រឿងញៀន គឺ​ផ្ញើ​ពី​ភ្នំពេញ​ទៅ​ខេត្តបាត់ដំបង និង​ក្រុង​ប៉ោយប៉ែត តាម​រថយន្ត​ក្រុមហ៊ុន​ដឹកជញ្ជូន​មួយ។

បន្ទាប់មក​កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​រាជធានី​ភ្នំពេញ​សហការ​ជាមួយ​កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្តបាត់ដំបង​បាន​ចាប់ខ្លួន​ជនសង្ស័យ​ជា​ស្ត្រី​មានឈ្មោះ​ជា សុវណ្ណ បញ្ចការ នៅ​ស្រុក​បវេល ខេត្តបាត់ដំបង ខណៈ​ស្ត្រី​សង្ស័យ​កុម្ម៉ង់​ទិញ និង​រង់ចាំ​ទទួលយក​គ្រឿងញៀន ពី​ជនសង្ស័យ​ឈ្មោះ ម៉ម សាវី រស់នៅ​ភ្នំពេញ។

លោក​បន្តទៀតថា ក្រោយពី​បង្ក្រាប​ចាប់ខ្លួន​ស្ត្រី​សង្ស័យ​នេះហើយ កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន រាជធានី​ភ្នំពេញ ក៏​ឈានទៅ​បង្ក្រាប​ចាប់ខ្លួន​ជនសង្ស័យ​ឈ្មោះ ម៉ម សាវី នៅ​ភ្នំពេញ​ដែលជា​អ្នក​ផ្ញើ​គ្រឿងញៀន​ទៅឱ្យ​ស្ត្រី​សង្ស័យ​ឈ្មោះ ជា សុវណ្ណ បញ្ចការ។

កម្លាំង​សមត្ថកិច្ច​ឆែកឆេរ​ត្រួតពិនិត្យ និង​ទៅ​ដកហូត​បាន​វត្ថុតាង​គ្រឿងញៀន​មួយចំនួន​នៅតាម​សាខា​ចំណតរថយន្ត ០៣ កន្លែង ក្នុង​រាជធានី​ភ្នំពេញ ដែល​ជនសង្ស័យ​បម្រុង​ផ្ញើ​គ្រឿងញៀន​យកទៅលក់​ចែកចាយ​នៅតាម​បណ្តា​ខេត្ត​ហើយ​បញ្ជូន​មក​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​យកមកអនុវត្ត​តាម​នីតិវិធី។

លោក​វរសេនីយ៍ទោ រ៉ឹម ម៉ិច ប្រាប់​ឱ្យ​ដឹង​ទៀត​ថា ប្រតិបត្តិ​ការ​បង្ក្រាប​គ្រឿង​ញៀន​ខាងលើ កម្លាំង​សមត្ថកិច្ច​ដកហូត​វត្ថុតាង​គ្រឿងញៀន​រួមមាន ១-ក្រាម និង​ម្សៅ​ម៉ត់​ពណ៌ស ចំនួន​០៦ កញ្ចប់​(ថង់​តូច​-​ធំ) ២-​ថ្នាំ​គ្រាប់​ពណ៌​ផ្កាឈូក​ចំនួន ២៥០ គ្រាប់ ៣-ថ្នាំ​គ្រាប់​ពណ៌​បៃតង​ចំនួន ២០០ គ្រាប់ និង ៤-គ្រាប់កាំភ្លើង ០៧ គ្រាប់៕