ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន អំពាវនាវ​ដល់​អ្នក​សារព័ត៌មាន​ត្រូវបំពេញ​តួនាទី​តាម​វិជ្ជាជីវៈ​បញ្ចេញ​នូវ​ព័ត៌មាន​ពិត ប្រយុទ្ធប្រឆាំង​ព័ត៌មាន​មិន​ពិត​ទាំង​នៅ​ក្របខ័ណ្ឌ​ជាតិ-​អន្តរជាតិ និង​ត្រូវ​បន្ត​បំផ្លាញចោល​ពួក​ឱកាសនិយម​ស្វែងរក​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ជ្រក​ក្រោម​ស្លាក​សារព័ត៌មាន ធ្វើឱ្យប៉ះពាល់​ដល់​តម្លៃ​កិត្យានុភាព​របស់​អ្នក​សារព័ត៌មាន​ទូទៅ​។

លោក​ ហ៊ុន សែន លើកឡើង​ដូចនេះ​តាមរយៈ​សារលិខិត​ផ្ញើជូន​អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ​ក្នុង​ឱកាស​ទិវា​នៃ​ពិធី​ជំនួប​រវាង​រូបលោក​ជាមួយ​អ្នកសារព័ត៌មាន​កម្ពុជា​លើក​ទី​ ៦ ដែល​ធ្វើ​ឡើងជា​រៀងរាល់ឆ្នាំ​នៃ​​ថ្ងៃទី​ ១៤ មករា​។

រយៈពេល​ ២ ​ឆ្នាំ​ចុងក្រោយ​នេះ រាជរដ្ឋាភិបាល​បាន​អាក់ខាន​មិនបាន​រៀបចំ​ពិធី​ជួបជុំ​ដ៏​មាន​សារៈសំខាន់​ដោយសារ​ការឆ្លង​រីករាលដាល​នៃ​ជំងឺ​កូវីដ ​១៩ ទ្រង់ទ្រាយ​ធំ​ចូលក្នុង​សហគមន៍ ហើយ​សម្រាប់​ឆ្នាំ ​២០២២​ នេះ​ការជួបជុំ​រវាង​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ជាមួយ​អ្នកសារព័ត៌មាន​ក៏ត្រូវ​បានប្រកាស​លើក​ពេលធ្វើ​នៅ​ឆ្នាំក្រោយ​ផងដែរ​។

លោក​ ហ៊ុន សែន បញ្ជាក់ថា​៖ «​អ្នកសារព័ត៌មាន​ត្រូវ​បន្ត​ចូលរួម​ប្រយុទ្ធ​ជាមួយ​ភាព​អសកម្ម ភាពមិនប្រក្រតី អំពើពុករលួយ និង​ភាពអយុត្តិធម៌​នៅក្នុង​សង្គម ដើម្បី​កសាង​កម្ពុជា​ជា​សង្គម​មួយ​ដែល​ស្អាតស្អំ មាន​តម្លាភាព​»​។

លោក​ក៏បាន​ស្នើសុំ​ឱ្យ​អ្នកសារព័ត៌មាន​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​នៅពេល​រាជរដ្ឋាភិបាល​កំពុង​ជំរុញ​កំណែទម្រង់​រដ្ឋ ដើម្បី​ឱ្យមាន​តម្លាភាព​ដែល​ទាមទារ​ឱ្យ​អ្នកសារព័ត៌មាន​បំពេញ​តួនាទី​តាម​វិជ្ជាជីវៈ​មាន​សមត្ថភាព និង​សិក្សា​បញ្ហា​ដល់ទី​ជម្រៅ ហ៊ាន​បញ្ចេញ​នូវ​ព័ត៌មាន​ពិត មិន​ក្លែង​បន្លំ បំភាន់​ភ្នែក​។

លោក​ ហ៊ុន សែន បន្ថែមថា​៖ «​ត្រូវ​បន្ត​បំផ្លាញចោល​ពួក​ឱកាសនិយម​ស្វែងរក​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ជ្រក​ក្រោម​ស្លាក​សារព័ត៌មាន​ធ្វើឱ្យប៉ះពាល់​ដល់​តម្លៃ កិត្យានុភាព​របស់​អ្នកសារព័ត៌មាន​ទូទៅ​ និង​ស្ថាប័ន​សារព័ត៌មាន​»​។

លោក​បន្តថា​៖ «​និង​ត្រូវ​បន្ត​ចូលរួម​ប្រយុទ្ធប្រឆាំង​ព័ត៌មាន​មិន​ពិត និង​ព័ត៌មាន​ក្លែងក្លាយ​ទាំង​នៅ​ក្របខ័ណ្ឌ​ជាតិ និង អន្តរជាតិ​ដែល​បច្ចុប្បន្ន​តំណាង​សារព័ត៌មាន​របស់​យើង​ក៏មាន​ក្នុង​ក្របខ័ណ្ឌ​ស្ថាប័ន​ព័ត៌មាន​អាស៊ាន​ផងដែរ​»​។

ព័ត៌មាន​មិន​ពិត និង​ព័ត៌មាន​ក្លែងក្លាយ​ជា​ផ្នែក​ចិត្តសាស្ត្រ​ដែល​អាចធ្វើឱ្យ​សង្គម​ទាំងមូល​មាន​ភាពចលាចល អស្ថិរភាព​នយោបាយ អសន្តិសុខ​សង្គម និង​កើតមាន​អរិភាព​ជាមួយ​បរទេស​។ សមាគម​អ្នកសារព័ត៌មាន​ទាំងអស់​ត្រូវ​បន្ត​សហការ​ជាមួយ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ដោយ​ធ្វើការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ សមត្ថភាព​ជំនាញ​ដល់​បុគ្គលិក​ និង​ភ្នាក់ងារ​របស់ខ្លួន​ឱ្យ​ដើរ​ទាន់​ការវិវឌ្ឍ​នៃ​បច្ចេកវិទ្យា ប្រព័ន្ធ​ផ្សព្វផ្សាយ​ឌីជីថល​។ នេះ​ជាការ​បញ្ជាក់​របស់លោក ​ហ៊ុន សែន​។

​លោក​បន្ថែមថា​៖ «​យើង​ត្រូវ​ចាំ​ថា ប្រសិនបើ​យើង​មាន​ឧបករណ៍ សម្ភារ​ទំនើប ប៉ុន្តែ​យើង​មិនមាន​ធនធានមនុស្ស​សម្រាប់​ប្រើប្រាស់​ក៏​មិនអាច​មានការ​រីកចម្រើន​បានដែរ​។ ជាពិសេស​សារព័ត៌មាន​ប្រពៃណី​ត្រូវ​អភិវឌ្ឍ​ខ្លួន ដើម្បី​ឈរជើង​ប្រកួតប្រជែង​ទីផ្សារ​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទំនើប​»​។

ទន្ទឹមនឹងនេះ លោក​ ហ៊ុន សែន ក៏បាន​ស្នើឱ្យ​អ្នកសារព័ត៌មាន​ធ្វើការ​ផ្សព្វផ្សាយ​ជំរុញ​ឱ្យ​អាជ្ញាធរ និង​ស្ថាប័ន​មាន​សមត្ថកិច្ច​ទប់ស្កាត់​ និង​ចាត់វិធានការ​រាល់​បទល្មើស​គ្រឿងញៀន ល្បែងស៊ីសង​គ្រប់​ប្រភេទ ក្មេង​ទំនើង ចោរប្លន់​ប្រដាប់អាវុធ គ្រោះថ្នាក់​ចរាចរណ៍​ជាដើម​ដែល​កើត​ក្នុង​មូលដ្ឋាន​។

មិនតែប៉ុណ្ណោះ លោក​ក៏បាន​ស្នើឱ្យ​អ្នកសារព័ត៌មាន​ចូលរួម​ប្រយុទ្ធប្រឆាំង​ជំងឺឆ្លង​កូវីដ​ ១៩ ដោយ​ធ្វើការ​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​អប់រំ និង​វិធានការ​របស់​រាជរដ្ឋាភិបាល ៣​ កុំ ៣ ​ការពារ និង វិធានការ​របស់​ក្រសួង​សុខាភិបាល​ឱ្យបាន​ខ្ជាប់ខ្ជួន​ ដើម្បី​ទប់ស្កាត់ លុបបំបាត់​ការឆ្លង​រីករាលដាល​នៃ​ជំងឺ​នេះ​គ្រប់​ប្រភេទ​ចូលក្នុង​សហគមន៍​។

លោក​ ហ៊ុយ វណ្ណៈ ប្រធាន​សហភាព​សហព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា គាំទ្រ​អនុសាសន៍​របស់​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន អំពី​តួនាទី​ដ៏សំខាន់​របស់​អ្នក​សារព័ត៌មាន​។ លោក​ក៏បាន​សរសើរ​ចំពោះ​អ្នកសារព័ត៌មាន​អាជីព​ដែល​រក្សាបាន​នូវ​គុណតម្លៃ​តួនាទី​ខ្លួន​ប្រកប​ដោយ​វិជ្ជាជីវៈ​ល្អប្រសើរ​។

លោក​ក៏បាន​លើកឡើងថា​៖ «​ប៉ុន្តែ​យើង​ក៏មាន​ការសោកស្តាយ ចំពោះ​បងប្អូន​អ្នកសារព័ត៌មាន​អនឡាញ​មួយចំនួន​តូច ដែល​ធ្វើ​សកម្ម​ភាពមិន​ត្រឹមត្រូវ​ធ្វើឱ្យ​ជះ​រូបភាព​មិនល្អ​ដល់​តួនាទី​សារព័ត៌មាន​ជាទូទៅ​។ ខ្ញុំ​តែងតែ​ចែករំលែក​ថា ការងារ​ជា​អ្នកសារព័ត៌មាន​មិនមែន​ធ្វើ​ដើម្បី​ដូរដុំ​បាយ​នោះទេ​។ ប៉ុន្តែ​សារព័ត៌មាន គឺជា​ការងារ​បញ្ញវន្ត​ជួរមុខ​ផ្នែកមនសិការ និង​ឧត្តមគតិ​ថ្លៃថ្នូរ ខ្ពង់ខ្ពស់ ដែល​បម្រើ​ដល់​ផលប្រយោជន៍​មនុស្សជាតិ​»​។

លោក​ ហ៊ុយ វណ្ណៈ បន្ថែមថា​៖ «​មហាជន​គោរព​យើង គឺ​នៅលើ​តម្លៃ​នៃ​ចំណេះដឹង​ផ្សាយ​ការពិត និង​មាន​ក្រមសីលធម៌​វិជ្ជាជីវៈ​។ អ្នកសារព័ត៌មាន​តោង​រំឭក​ខ្លួនឯង​ជាប្រចាំ​ថា យើង​មិនមែន​ជា​សកម្មជន មិនមែន​ជា​ចៅក្រម កុំ​ជោរ ហើយ​កុំ​សម្តែង​»​។

វិជ្ជាជីវៈ​នីមួយៗ ដែល​ទទួល​បាន​ការគោរព និង​ការជឿ​ទុកចិត្ត​ពី​សាធារណជន គឺ​អាស្រ័យ​លើ​ក្រមសីលធម៌​មុនគេ​បំផុត​។ ប្រសិនបើ​សីលធម៌​ធ្លាក់ចុះ គឺ​អ្វីៗ​ក៏​នឹង​ធ្លាក់ចុះ ហើយ​នៅពេល​បាត់បង់​នូវ​ជំនឿ​ទុកចិត្ត និង​ការគោរព គឺ​ប្រែថា ស្លាប់​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក​ ហ៊ុយ វណ្ណៈ​។

ចំណែក​លោក​ ណុប វី នាយក​ប្រតិបត្តិ​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា ​(​ខេមបូចា​) ​ក៏បាន​បង្ហាញ​ពី​ការគាំទ្រ​ចំពោះ​អនុសាសន៍​របស់លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ដូចគ្នា​ផងដែរ ក្នុង​ការលើក​ទឹកចិត្ត​ឱ្យ​អ្នកសារព័ត៌មាន​បំពេញ​តួនាទី​តាម​វិជ្ជាជីវៈ បញ្ចេញ​នូវ​ព័ត៌មាន​ពិត​ដោយ​មិនមាន​ការព្រួយបារម្ភ ភ័យខ្លាច​។

លោក​បាន​ថ្លែងថា​៖ «​យ៉ាងណា​មិញ រដ្ឋាភិបាល​គួរតែ​ពង្រឹង​នូវ​ការផ្តល់​ការការពារ​សុវត្ថិភាព សន្តិភាព​ឱ្យបាន​ពេញលេញ ចំពោះ​អ្នកសារព័ត៌មាន​ដែល​បាន​បំពេញភារកិច្ច​តាម​វិជ្ជាជីវៈ​ពិត​។ ប៉ុន្តែ​ខ្ញុំ​យល់ថា មិនគួរ​ណា​ធ្វើការ​បំផ្លាញចោល​ចំពោះ​សារព័ត៌មាន​ណា ដែល​មិនទាន់​បាន​អនុវត្ត​នូវ​គោលការណ៍​ក្រមសីលធម៌ វិជ្ជាជីវៈ​ពេញលេញ​នៅឡើយ​ទេ​»​។

ទោះបីជា​យ៉ាងណាក៏ដោយ លោក​ ណុប វី មិន​គាំទ្រ​ចំពោះ​ការឱ្យ​បំផ្លាញចោល​ពួក​ឱកាស​និយម​ស្វែងរក​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ជ្រក​ក្រោម​ស្លាក​សារព័ត៌មាន​នោះទេ ព្រោះ​ជាធម្មតា វា​ជា​សេរីភាព​របស់​អ្នកសារព័ត៌មាន​ហើយ​ដែល​សេរីភាព​នោះ​មិនគួរ​ត្រូវបាន​គំរាមកំហែង បំភិតបំភ័យ​ឡើយ​។ ប៉ុន្តែ​ការមិន​បាន​បំពេញ​នូវ​វិជ្ជាជីវៈ​ត្រឹមត្រូវ និង​ការប្រើប្រាស់​វិជ្ជាជីវៈ ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន វា​នឹង​ធ្វើឱ្យ​អ្នកសារព័ត៌មាន​នោះ​បាត់បង់​តម្លៃ និង​បាត់បង់​ការគាំទ្រ ពេលនោះ​ប្រព័ន្ធ​ព័ត៌មាន​របស់​ពួកគាត់​នឹងមិន​អាច​ដំណើរការ​ទៀត​ដែរ​។

យោងតាម​គណៈកម្មការ​តាមដាន​ការផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​នៃ​ក្រសួង​ព័ត៌មាន​ដែល​បាន​ស្រង់​ប្រភព​ផ្សព្វផ្សាយ​សារ និង​វីដេអូ​ពាក់ព័ន្ធ​នឹង​ដំណឹង​ក្លែងក្លាយ ព័ត៌មាន​មិន​ពិត ញុះញង់ បំពុលសង្គម និង​ជេរប្រមាថ​ថ្នាក់ដឹកនាំ​មាន​ចំនួន​ ១ ៩៣៨​ ករណី ក្នុង​ឆ្នាំ​ ២០២១​។ ករណីនេះ​មានការ​កើនឡើង​បន្តិចបន្តួច បើ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ ​២០២០​។

របាយការណ៍​នៃ​គណៈកម្មការ​ដដែល​បានឱ្យដឹងថា ក្នុងចំណោម​ករណី​ដែល​ត្រូវបាន​រកឃើញ​ទាំងនោះ រួមមាន ព័ត៌មាន ញុះញង់ រិះគន់​រាជរដ្ឋាភិបាល និង​ព័ត៌មាន​ប្រឌិត​បំភ្លៃ​ការពិត​ចំនួន​ ១ ០២៣ ​ករណី និង​ព័ត៌មាន​ជេរប្រមាថ​ព្រះមហាក្សត្រ និង​ថ្នាក់ដឹកនាំ​ចំនួន​ ៨០៩​ ករណី ព័ត៌មាន​មិន​ពិត និង​បំពុលសង្គម​ចំនួន​ ១០៦ ​ករណី​៕