ព្រៃវែងៈ ស្រូវប្រាំងជិត ៤ ពាន់ហិកតារបស់កសិករនៅឃុំចំនួន ៥ ក្នុងស្រុកស្វាយអន្ទរ ខេត្តព្រៃវែងដែលខ្វះខាតទឹក ត្រូវបានមន្ត្រីជំនាញក្រសួងធនធានទឹក និងមន្ត្រីជំនាញខេត្តសហការគ្នាបូមទឹកបំពេញដីស្រែ ដើម្បីសង្គ្រោះស្រូវទាំងនោះឱ្យបានទាន់ពេលវេលា។
កាលពីថ្ងៃទី ១២ ខែមករា លោក ម៉ី លីហួត អនុរដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម ដែលជាប្រធានមុខព្រួញទទួលបន្ទុកខេត្តព្រៃវែងរួមដំណើរដោយ លោក ថាំង វិយុទ្ធដា ប្រធាននាយកដ្ឋានធារាសាស្ដ្រកសិកម្ម និងមន្ត្រីជំនាញខេត្តនេះបានចុះដល់ទីតាំងដីស្រែដែលជួបការខ្វះទឹក បន្ទាប់ពីមានសំណើពីពលរដ្ឋនៅទីនោះ។
ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង លោក ឃុន សាឃឿន ដែលរួមដំណើរដែរនោះប្រាប់ភ្នំពេញប៉ុស្តិ៍ថានៅក្នុងប្រតិបត្តិការជួយសង្គ្រោះស្រូវកាលពីថ្ងៃទី ១២ ខែមករា ក្រុមជំនាញបានចុះអន្តរាគមន៍បូមទឹកនៅស្ថានីយទី ២ ដោយប្រើថាមពលអគ្គិសនីនៃប្រព័ន្ធធារាសាស្ដ្រវ៉ៃគោ ១ សង្គ្រោះស្រូវប្រាំងពលរដ្ឋនៅលើផ្ទៃដី ៣ ៨៨៧ ហិកតា ក្នុងឃុំចំនួន ៥ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
លោកបន្តថា ការអន្តរាគមន៍នេះទោះបីយឺតបន្តិច ប៉ុន្តែអាចជួយសង្គ្រោះស្រូវទាំងនោះបានទាន់ពេល។ លោកថា៖ «ក្រោយពីមានសំណូមពលរដ្ឋដោយសារខ្វះទឹក ៣ ថ្ងៃមក យើងបានសិក្សា និងចុះអន្តរាគមន៍ ហើយស្រូវអត់ងាប់ទេ ខែនេះជារដូវប្រាំងខ្វះទឹកណាមួយប្រជាពលរដ្ឋដែលធ្វើស្រែនៅឆ្ងាយពីប្រភពទឹក ទើបយើងចុះជួយគាត់»។
លោកបានឱ្យដឹងថា ក្នុងប្រតិបត្តិការជួយបូមទឹកដាក់ស្រែនេះត្រូវប្រើពេលពី ៣ ទៅ ៤ ថ្ងៃ ដើម្បីស្រោចស្រពស្រូវប្រាំងជិត ៤ពាន់ហិកតានេះ ដោយក្នុង ១ ថ្ងៃអាចបូមទឹក ៨ ម៉ោង។ លោកថា៖ «សម្រាប់ស្រូវនេះយើងបូមទឹកដាក់លើកទី ១ ប៉ុន្តែបើអត់គ្រប់គ្រាន់យើងនឹងបូមដាក់លើកទី ២ ឬលើកទី ៣ ហើយគាត់ទទួលផលហើយ»។
លោកឱ្យដឹងដែរថា សម្រាប់ស្រែប្រាំងក្នុងខេត្តព្រៃវែងមិនមែនមានតែកន្លែងនេះទេគឺនៅមានទីតាំងផ្សេងទៀតដែលមន្ត្រីជំនាញនឹងបូមទឹកដាក់ស្រែ ប៉ុន្តែអាស្រ័យលើតម្រូវការជាក់ស្តែង។ លោកថា៖ «ព្រោះយើងបូមនៅតំបន់ណាដែលមានប្រភពទឹកទេ បើអត់មានប្រភពទឹកមិនដឹងបូមតាមណាទេ មួយវិញទៀតបើដីស្រែតិចតួច ពលរដ្ឋគាត់អាចធ្វើខ្លួនគាត់បាន ប៉ុន្តែបើទំហំធំបែបនេះ យើងត្រូវតែចុះអន្តរាគមន៍»។

បើតាមលោក សាឃឿន មានពលរដ្ឋប្រមាណ ២ ពាន់គ្រួសារដែលរងផលប៉ះពាល់លើផ្ទៃដីស្រែជិត ៤ ពាន់ហិកតានេះ។
លោកថាតំបន់ស្រែប្រាំងដែលរងគ្រោះនោះក្នុង ១ ឆ្នាំ ពលរដ្ឋធ្វើស្រែបាន ៣ ដង ដោយធ្វើស្រែប្រាំងនៅលើដីស្រែវស្សា។
លោកបានបញ្ជាក់ថា ជាវិធានការដែលក្រសួង និងមន្ទីរធនធានទឹកត្រូវប្រកាន់យកនោះគឺត្រូវយកចិត្តទុកដាក់ និងដោះស្រាយដោយប្រើប្រាស់គ្រប់លទ្ធភាពដើម្បីជួយសង្គ្រោះដល់ការងារបង្កបង្កើនផលរបស់ប្រជាកសិករនៅគ្រប់កន្លែងដែលមានប្រភពទឹក។
អ្នកបច្ចេកទេសកសិកម្មអង្គការ GRET លោក ប៉ាត សុវណ្ណ បានថ្លែងថា ការចុះអន្តរាគមន៍នេះគឺជាវិធានការដ៏ល្អមួយដែលអាចជួយស្រូវប្រាំងប្រជាពលរដ្ឋទាន់ពេលវេលា។ លោកថា៖ «នេះជាជំហានសង្គ្រោះបន្ទាន់របស់ក្រសួងដ៏ល្អមួយដែលជួយទាន់ពេលសម្រាប់ប្រជាជនខ្វះទឹកធ្វើស្រែ»។
ទន្ទឹមនេះលោកបានជំរុញដល់មន្ត្រីជំនាញ ក៏ដូចជា ពលរដ្ឋគួរមានការពិភាក្សាគ្នាមុនធ្វើស្រែប្រាំងថា តើទំហំប៉ុនណាដែលអាចធ្វើស្រែបាន ចៀសវាងផលប៉ះពាល់ជាយថាហេតុ។ លោកថា៖ «ឥឡូវ រដ្ឋចាប់ផ្តើមធ្វើប្រព័ន្ធធារាសាស្ត្រច្រើនដូចជា ប្រឡាយទឹក អ៊ីចឹងខ្ញុំគិតថា ជំហានបន្ទាប់គាត់គួរធ្វើម៉េចឱ្យមានប្រឡាយទឹកគ្រប់គ្រាន់ចូលដល់ស្រែរបស់កសិករ ហើយប្រជាជនខ្លួនឯងគួរចេះចាប់ផ្តើមរៀបចំផែនការនៃការដាំដុះទៅលើទំហំដី និងទឹកសមាមាត្រគ្នាឬអត់ ដើម្បីកុំឱ្យខ្វះទឹកទៀត»៕