
ក្រុមការងារបង្ក្រាបបទល្មើសដីព្រៃចម្ការឈើស្រល់របស់រដ្ឋ ចុះស្រាវជ្រាវ ការទន្ទ្រានយកដីចម្ការស្រល់ដោយខុសច្បាប់នៅមណ្ឌលគិរី។ រូបថត រដ្ឋបាលខេត្តមណ្ឌលគិរី
មណ្ឌលគិរីៈ ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ១១ ខែមករានេះ ក្រុមការងារចុះបង្ក្រាបបទល្មើសដីព្រៃចម្ការឈើស្រល់របស់រដ្ឋបានដកបង្គោលរបងឈើ របងថ្ម និងរបារថ្ម សរុបជិត ៥ ពាន់ដើមមានលួសបន្លាប្រវែង ៣៧ ៤២៧ ម៉ែត្រ ព្រមទាំងផ្តួលរំលំរោងដែកប្រក់ស័ង្កសី ៩ រោង ដែលជនល្មើសបានហ៊ុមព័ទ្ធ និងសាងសង់ដោយខុសច្បាប់នៅសង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
លោក ជាក់ ម៉េងហ៊ាង អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តមណ្ឌលគិរី ថ្លែងប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ១២ ខែមករាថា លទ្ធផលសរុបពីថ្ងៃទី ៥ ដល់ថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២២ នេះក្រុមការងារចុះបង្ក្រាបបទល្មើសដីព្រៃចម្ការឈើស្រល់របស់រដ្ឋបានដកបង្គោលរបងសរុបចំនួន ៤ ៩៩៩ ដើមក្នុងនោះមានបង្គោលឈើ ២ ៦៧៨ ដើម បង្គោលថ្ម ១៥០៤ ដើម របារថ្ម ៨១៧ ដើម លួសបន្លាប្រវែង ៣៧ ៤២៧ ម៉ែត្រ និងប្រមូលបង្គោលរបងឈើដែលគេគរទុក ៤៤៧ ដើម។
អ្នកនាំពាក្យរដ្ឋបាលខេត្តមណ្ឌលគិរី រូបនេះបានឱ្យដឹងថា ក្នុងប្រតិបត្តិការនោះក្រុមការងារបានបង្ក្រាបបទល្មើសហ៊ុមព័ទ្ធកាន់កាប់ដីព្រៃ និងចម្ការស្រល់ចំនួន ៣ ទីតាំង ដែលមានផ្ទៃដីសរុបទំហំ ៧២៦ ហិកតា និងពិនិត្យស្រាវជ្រាវលើដី ២៥៥ ហិកតា ផ្តួលរំលំរោងដែកប្រក់ស័ង្កសី ចំនួន ៩ រោង និងរោងដែលគេរំលំស្រាប់ចំនួន ១ រោងផងដែរ។ មកដល់ថ្ងៃទី ១២ ខែមករានេះ ក្រុមការងារ បាននិងកំពុងបន្តអនុវត្តការងារនៅចម្ការស្រល់រដ្ឋទៀត។
លោក ស៊ី ថាវ សមាជិកសហគមន៍ដីសមូហភាពជនជាតិដើមភាគតិចព្នងនៅភូមិពូឆប ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ថ្លែងនៅថ្ងៃទី ១២ ខែមករាថា ទីតាំងដីគ្រោងចុះបញ្ជីដីសមូហភាពរបស់សហគមន៍ជនជាតិដើមភាគតិចព្នង ភូមិពូឆប ដែលកំពុងដំណើរការនៃការចុះបញ្ជីនោះមានទំហំប្រមាណ ២០ ហិកតា ត្រូវបានជនមិនស្គាល់អត្តសញ្ញាណធ្វើរបងលួស ២ជាន់ដែលមានលួសសំណាញ់ និងលួសបន្លាផងហ៊ុមព័ទ្ធជុំវិញយកអស់ចំនួនប្រមាណ ១០ ហិកតា មិនឱ្យចេញចូលបានឡើយ។
លោកថ្លែងថា៖ «ដីគ្រោងចុះបញ្ជីហ្នឹង គឺសម្រាប់ឱ្យប្រជាសហគមន៍គាត់ប្រើប្រាស់លក្ខណៈជាប្រពៃណី ហើយតំបន់ណាដែលត្រូវគោរពបូជា កប់សព ផ្នូរខ្មោចអីហ្នឹង គឺយើងរក្សាទុកសម្រាប់កូនចៅជំនាន់ក្រោយ»។
លោក ស៊ី ថាវ ប្រាប់ថា លោកមិនទាន់បានឃើញក្រុមការងារចុះបង្ក្រាបបទល្មើសដីព្រៃចម្ការឈើស្រល់របស់រដ្ឋ ចុះទៅដល់ទីតាំងដីគ្រោងចុះបញ្ជីរបស់សហគមន៍ជនជាតិដើមភាគតិចភូមិពូឆបនៅឡើយ គិតមកដល់ថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២២ នេះ ប៉ុន្តែយ៉ាងណាលោកមានការសង្ឃឹមថា ក្រុមការងារនឹងបន្តចុះទៅពិនិត្យដល់ទីតាំងនោះ ក្នុងពេលឆាប់ៗហើយធ្វើការរុះរើរបងទាំងនោះចេញវិញ។
ជុំវិញរឿងដីចុះបញ្ជីសមូហភាពសហគមន៍ជនជាតិដើមភាគតិចព្នងពូឆបនេះ លោក ជាក់ ម៉េងហ៊ាង អ្នកនាំពាក្យរដ្ឋបាលខេត្តមណ្ឌលគិរីថ្លែងថា សូមកុំឱ្យប្រជាសហគមន៍ពូឆបមានការព្រួយបារម្ភឡើយ ព្រោះក្រុមការងារបង្ក្រាបបទល្មើសលើដីសាធារណៈរបស់រដ្ឋ និងដីឯកជនរបស់រដ្ឋកំពុងបន្តធ្វើការងារជាជំហានៗដោយមានយន្តការចុះពិនិត្យទីតាំងត្រឹមត្រូវ។
លោក ចាស់ ណា មេឃុំដាក់ដាំថ្លែងនៅថ្ងៃទី ១២ ខែមករាថា ការការព័ទ្ធរបងនេះលោកកំពុងធ្វើការស្រាវជ្រាវនៅមិនទាន់អាចបញ្ជាក់ថា យ៉ាងណាបាននៅឡើយទេ ប៉ុន្តែយ៉ាងណាក៏ដោយលោកថា លោកមិនធ្លាប់បានទទួលស្គាល់ចំពោះការទិញលក់ដីនៅទីនោះទេ។
លោក ចាស់ ណា មេឃុំដាក់ដាំ ថ្លែងទៀតថា៖ «ខ្ញុំអត់ទាន់បានស្រាវជ្រាវដឹងច្បាស់ទេ ព្រោះអីខ្លាចក្រែងពេលខ្ញុំមិននៅហើយគេមានការផ្ទេរសិទ្ធិផ្ទេរអ៊ីចឹងទៅ។ តាមរយៈការស្រាវជ្រាវកន្លងមកខ្ញុំបានដឹងថាមានការព័ទ្ធរបងនៅទីនោះ តែជុំវិញការព័ទ្ធដីនោះយ៉ាងម៉េចខ្ញុំនៅមិនទាន់ដឹងច្បាស់ទេ ខ្ញុំធ្លាប់ប្រាប់អ្នកព័ទ្ធរបងទីនោះថា បើព័ទ្ធរបងធ្វើយ៉ាងណាកុំព័ទ្ធបិទផ្លូវសាធារណៈ»៕
វីដេអូ៖