
យុវជនសង្ស័យដែលកាប់សម្លាប់ឪពុកចុងត្រូវចាប់បញ្ជូនទៅតុលាការ។ រូបថត នគរបាល
កំពង់ស្ពឺៈ នគរបាលព្រហ្មទណ្ឌខេត្តកំពង់ស្ពឺនឹងបញ្ជូនយុវជនម្នាក់ទៅសាលាដំបូងខេត្តនៅថ្ងៃទី ១៤ មករា បន្ទាប់ពីចាប់ខ្លួនបាន ២ ថ្ងៃ ករណីកាប់ឪពុកចុងរបស់ខ្លួនស្លាប់ កាលពីយប់ថ្ងៃទី ១០ មករា ឆ្នាំ ២០២២ ដោយសារខឹងជនរងគ្រោះវាយធ្វើបាបប្រព្រឹត្តនៅភូមិស្រែកិន ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់។
លោក សម សាក់ ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺប្រាប់ភ្នំពេញប៉ុស្តិ៍ នៅថ្ងៃទី ១៣ មករា ថា ជនសង្ស័យឈ្មោះ ផ្លេង កំសត់ ភេទប្រុស អាយុ ១៨ ឆ្នាំ។ រីឯជនរងគ្រោះជាឪពុកចុងឈ្មោះ ស្រី វ៉ាត អាយុ ៤៤ ឆ្នាំ។ ពួកគេរស់នៅក្នុងភូមិស្រែកិន។ លោកបន្តថា៖ «យើងបញ្ជូនគាត់ទៅតុលាការនៅថ្ងៃស្អែក (ថ្ងៃទី ១៤ មករា)។ ជនសង្ស័យក្រោយប្រព្រឹត្តបទល្មើសរួច គាត់មិនបានគេចខ្លួនទៅណាទេ ប៉ុន្តែយើងប្រើជំនាញរបស់យើងដើម្បីចាប់គាត់»។
ពាក់ព័ន្ធមូលហេតុនៃអំពើមនុស្សឃាតនេះដែរ ត្រូវបានលោក ប៊ុត ប៊ុនធឿន អធិការនគរបាលស្រុកឱរ៉ាល់បានឱ្យដឹងតាមសម្តីអ្នកភូមិនៅថ្ងៃទី ១៣ មករា ថា កាលពីប៉ុន្មានឆ្នាំមុន ជនរងគ្រោះបានយកស្ត្រីមេម៉ាយម្នាក់ដែលជាម្តាយរបស់ជនសង្ស័យធ្វើជាប្រពន្ធ។ ស្ត្រីម្នាក់នោះមានកូនជាមួយប្តីមុនរាប់ទាំងជនសង្ស័យម្នាក់ផង។ ចំណែកឯជនរងគ្រោះក៏ទទួលបន្ទុកជាមេគ្រួសារ ចិញ្ចឹមមើលថែទាំកូនៗរបស់ប្រពន្ធក្រោយទាំងអស់។
លោកបន្តថា នៅថ្ងៃទី ១០ មករា អ្នកភូមិបាននាំគ្នាធ្វើពិធីដាលាន ក្រោយប្រមូលផលស្រូវរួចដោយមានការរាំធុងបាស់លេងកម្សាន្តផង។ ខណៈអ្នកភូមិកំពុងរាំលេងសប្បាយ ស្រាប់តែជនរងគ្រោះត្រូវបានគេកាប់ស្លាប់ពេលគាត់កំពុងអង្គុយលើម៉ូតូមើលគេរាំធុងបាស់ នៅវេលាម៉ោងប្រមាណជាជាង ១០ យប់នៅថ្ងៃដដែល។
ពេលកំពុងតែមានហ្វូងមនុស្សច្របូកច្របល់គ្នានោះ ជនសង្ស័យបានរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុភ្លាម។ បន្ទាប់មកសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខេត្តកំពង់ស្ពឺសហការជាមួយកម្លាំងនគរបាលស្រុកឱរ៉ាល់បានចុះដល់ទីតាំងកើតហេតុទាំងយប់។ នៅទីនោះសមត្ថកិច្ចជំនាញប្រមូលបានព័ត៌មាននៅជុំវិញកន្លែងកើតហេតុ និងបានធ្វើការស្រាវជ្រាវរហូតចាប់ជនសង្ស័យបាននៅក្នុងពិធីបុណ្យសពជនរងគ្រោះកាលពីថ្ងៃទី ១២ មករា។
លោកប្រាប់ថា៖« ជនសង្ស័យម្នាក់នេះ លាក់មុខធ្វើជាជួយចាត់ចែងរកតាអាចារ្យ ធ្វើជាខំខ្នះខ្នែងជួយបុណ្យសពឪពុកចុង ដែលគិតថាប្រហែលជាសមត្ថកិច្ចមិនអាចដឹងទេមើលទៅ។ តែជនសង្ស័យ ប្រើល្បិចបែបនេះមិនអាចគេចផុតពីជំនាញរបស់សមត្ថកិច្ចបានទេ»។
លោកបន្ថែមថា ក្រោយចាប់ខ្លួនសមត្ថកិច្ចដកហូតបានកាំបិតផ្កាក់ ១ របស់ជនសង្ស័យ ដែលជាមធ្យោបាយសម្លាប់ជនរងគ្រោះ។ ជនសង្ស័យឆ្លើយប្រាប់សមត្ថកិច្ចថា មូលហេតុដែលគេសម្លាប់ជនរងគ្រោះដោយសារគេចងគំនុំជាមួយជនរងគ្រោះជាយូរមកហើយ។ ព្រោះតាំងពីរូបគេនៅតូច ជនរងគ្រោះតែងតែវាយធ្វើបាប និងជេររាល់ថ្ងៃ នេះជាមូលហេតុដែលគេសម្លាប់ជនរងគ្រោះ៕