ខេត្តកណ្តាលៈ លោក ម៉ៅ ភិរុណ ប្រធាន​ក្រុមប្រឹក្សា​ខេត្តកណ្ដាល បានប្រកាស​ឱ្យដឹងថា សមាជិក​ក្រុមប្រឹក្សា​ខេត្តកណ្ដាល​ទាំងអស់ នឹង​ទៅ​ទទួល​ការចាក់​វ៉ាក់សាំង​ដូស​ជំរុញ​ឬ​ដូស​ទី៤ នៅ​ថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២២ ដើម្បី​ជាការ​លើកទឹកចិត្ត​ដល់​មន្ត្រីរាជការ ក៏ដូចជា​ប្រជាពលរដ្ឋ​ទូទាំង​ខេត្តកណ្ដាល ឱ្យមក​ទទួល​វ៉ាក់សាំង​ដូស​ជំរុញ​ទី ឱ្យបាន​គ្រប់គ្នា សំដៅ​ការពារ​ខ្លួន​ឱ្យ​កាន់តែ​ប្រសើរ​ពី​ជំងឺ​កូវីដ ១៩។

បើតាម​រដ្ឋបាល​ខេត្តកណ្តាល លោក ម៉ៅ ភិរុណ បានប្រកាស​ដូច្នេះ នៅក្នុង​កិច្ចប្រជុំ​សាមញ្ញ​ក្រុមប្រឹក្សា​ខេត្ត លើក​ទី៣២ អាណត្តិ​ទី៣ កាលពី​រសៀល​ថ្ងៃទី ១៣ ខែមករា ដោយបាន​ការអញ្ជើញ​ចូលរួម​ពី​លោក គង់ សោភ័ណ្ឌ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល សមាជិក​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត មន្ត្រី​នៃ​មន្ទីរ​ជុំវិញ​ខេត្ត និង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើនរូប។

ក្នុង​កិច្ចប្រជុំ​នេះ លោក ម៉ៅ ភិរុណ បានស្នើ​ដល់ មន្ដ្រីរាជការ អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ និង​មន្ទីរជំនាញ​ពាក់ព័ន្ធ ត្រូវ​សហការគ្នា ដើម្បី​បន្ដ​ផ្សព្វផ្សាយ និង​ណែនាំ​ប្រជាពលរដ្ឋ​ទាំងអស់ មក​ទទួល​ការចាក់​វ៉ាក់សាំង​ដូស​ទី៣ ឬ​ទី៤ ដែលជា​ដូស​ជំរុញ នៅតាម​ទីតាំង​ដែល​នៅ​ជិត​មូលដ្ឋាន​ខ្លួន។

លោក​បន្តថា ត្រូវ​បន្ត​អនុវត្តតាម​វិធានការ​ការពារ​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺ ៣ កុំ និង ៣ ការពារ ដើម្បី​ការពារ​ខ្លួន​ឱ្យបាន​កាន់តែ ប្រសើរ ពី​ជំងឺ​កូវីដ ១៩ ពិសេស​ជំងឺ​កូវីដ ១៩ បំប្លែង​ថ្មី ប្រភេទ​អូមីក្រុង ដែល​វីរុស នេះ​វា​ឆ្លង​លឿន​ជាង​វីរុស​ប្រភេទ​ដែលតា (Delta) គួរឱ្យ​ព្រួយបារម្ភ។

គួរបញ្ជាក់​ផងដែរ​ថា សម្រាប់​ការចាក់​វ៉ាក់សាំង​កូវីដ ១៩ ក្នុង​ខេត្តកណ្តាល (ចាប់ពី​ថ្ងៃទី ១ មីនា ដល់​ថ្ងៃទី ២១ ធ្នូ ឆ្នាំ ២០២១)​គឺ សម្រាប់​មនុស្ស​អាយុ​ពី ១៨ ឆ្នាំ​ឡើង បាន​ចាក់​ដូស​ទី​១ សរុប ៨៧៨ ៤៩៤ នាក់ ស្មើនឹង ១០១,៤៥% នៃ​ផែនការ។ ដូស​ទី២ សរុប ៨៦០ ៥៨៨ នាក់ ស្មើ ៩៧,៩៦% នៃ​ដូស​ទី១។ ដូស​ទី៣ ឬ ដូស​ជំរុញ​សរុប ២៤០ ៥១៨ ដូស ស្មើ ២៧,៧៨%។

រដ្ឋបាល​ខេត្តកណ្តាល​បានឱ្យដឹង​ទៀតថា ចំពោះ​កុមារ និង​យុវវ័យ អាយុ​ពី ១២ ឆ្នាំ ដល់​ក្រោម ១៨ ឆ្នាំ បាន​ចាក់​ដូស​ទី១ សរុប ១៥២ ៧៨៥ នាក់ ស្មើ ១០៦,២០% នៃ​ផែនការ។ ដូស​ទី២ សរុប ១៤៦ ៧៧១ នាក់ ស្មើ ៩៦,០៦% នៃ​ដូស​ទី១

កុមារ អាយុ​ពី ៦ ឆ្នាំ ដល់​ក្រោម​១២ ឆ្នាំ បាន​ចាក់​ដូស​ទី១​សរុប ១៦០ ៣៣៦ នាក់ ស្មើ ១១៨,៩៧% នៃ​ផែនការ និង​ដូស​ទី២ សរុប ១៥១ ៨០១ នាក់ ស្មើ ៩៤,៦៨% នៃ​ដូស​ទី១។

ដោយឡែក​ការចាក់​វ៉ាក់សាំង​កុមារ​អាយុ ៥ ឆ្នាំ ចាក់​ដូស​ទី១ បាន ២៥ ០៩០ នាក់ ស្មើ ១១៤,០៥% នៃ​ផែនកា​សរុប និង​ដូស​ទី ២ បាន ១៨ ៤៨៦ នាក់ ស្មើ ៧៣,៦៨% នៃ​ដូស​ទី១៕