ភ្នំពេញៈ លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​បាន​ដកហូត​មុខតំណែង​លោក ហួត សីហា ពី​នាយ​ប៉ុស្តិ៍នគរបាល​​រដ្ឋបាល​សំរោង​ធំ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ និង​កាត់បន្ថយ​ឋានន្តរស័ក្តិ​ ១​ កាំ​។

យោងតាម​ប្រកាស​ស្ដីពី​ការអនុវត្ត​វិន័យ​មន្ត្រី​នគរបាលជាតិ​ចុះ​ថ្ងៃទី​ ៥ ខែមករា ឆ្នាំ​ ២០២២ ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទើប​ទទួលបាន​នៅ​ថ្ងៃទី​ ១៣ ខែមករា​លោក ស ខេង បានសម្រេច​ថា​៖ «​ត្រូវបាន​អនុវត្ត​វិន័យ​ចំពោះ​វរសេនីយ៍ត្រី ហួត សីហា អត្តលេខ ៨៥១១១ ក្រោមរូបភាព​ដកហូត​មុខតំណែង​ពី​នាយប៉ុស្ដិ៍​នគរបាល​រដ្ឋ​បាល​សំរោងធំ​នៃ​អធិការដ្ឋាន​នគរបាល ស្រុក​កៀនស្វាយ​ចំណុះ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល​ឱ្យ​មកជា​មន្ត្រី​ និង​បន្ថយ​ឋានន្តរស័ក្តិ​ចំនួន​ ១​ ថ្នាក់​ឱ្យម​ក​នៅត្រឹម​ថ្នាក់​អនុសេនីយ៍ឯក​»​។

នៅក្នុង​ប្រកាស​នោះ​លោក ស ខេង បាន​គូសបញ្ជាក់​ពី​មូលហេតុ​នៃ​ការដកហូត​មុខតំណែង​វរសេនីយ៍ត្រី ហួត សីហា ពី​នាយប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​សំរោង​ធំ​ថា​ដោយសារ​ «​ល្មើស​វិន័យ​របស់​កងកម្លាំង​នគរបាលជាតិ​»​។

​ប៉ុន្តែ​បើតាម​របាយការណ៍​ព័ត៌មាន​របស់​បណ្ដាញសារព័ត៌មាន​ក្នុងស្រុក​មួយចំនួន ដែល​បានចេញ​ផ្សាយ​កាល​ថ្ងៃទី​ ២៨ ខែកញ្ញា ឆ្នាំ​ ២០២១ ការដកហូត​តំណែង និង​ការ​កាត់បន្ថយ​ឋានន្តរស័ក្តិ​ចំនួន ១ ​ថ្នាក់​របស់​លោក ហួត សីហា នៅពេលនេះ​គឺមាន​ជាប់​ពាក់ព័ន្ធ​រឿងអាស្រូវ​ពុករលួយ តាមរយៈ​ការទទួលប្រាក់​សំណូក​ ៣ ៥០០​ ដុល្លារ​ពី​អាណាព្យាបាល​របស់​ជនសង្ស័យ​ប្រើប្រាស់​ និង​ចែកចាយ​គ្រឿងញៀន​ ៣ ​នាក់​ជា​ថ្នូរ​នឹង​ការដោះលែង​កូនៗ​របស់​ពួកគេ​។

របាយការណ៍​ព័ត៌មាន​របស់​បណ្ដាញសារព័ត៌មាន​ក្នុងស្រុក​ទាំងនោះ​បាន​ផ្សព្វផ្សាយ​ថា កាលពី​ថ្ងៃទី​ ៣០ ខែកក្កដា ឆ្នាំ​ ២០២១ លោក​ហួត សីហា បាន​ចាប់​ជនសង្ស័យ​ក្នុងករណី​គ្រឿងញៀន​ ៣​ នាក់​នៅ​ចំណុច​ភូមិ​ព្រែក​តាកែវ ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។ បន្ទាប់មក​លោក សីហា ក៏បាន​យល់ព្រម​ដោះលែង​ជនសង្ស័យ​ទាំង​៣​នាក់​នោះ​វិញ តាម​ការស្នើសុំ​របស់​ឪពុកម្ដាយ​ពួកគេ​ជា​ថ្នូរ​ទទួល បាន​សំណូក​ជា​ប្រាក់ ៣ ៥០០ ​ដុល្លារ​។

ក្រោយពី​មានការ​ផ្សព្វផ្សាយ​អំពី​ករណីនេះ លោក ឈឿន សុចិត្ត ស្នងការ​នគរបាល​ខេត្តកណ្តាល​បាន​ចាត់​ឱ្យ​មន្ត្រី​ជំនាញ​នៃ​ការិយាល័យ​បុគ្គលិក​ចុះ​ស្រាវជ្រាវ ហើយ​រកឃើញថា លោក ហួត សីហា នាយប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សំរោង​ធំ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ​បាន​ «​អនុវត្ត​ខុស​នីតិវិធី​»​។

លោក​ ឈឿន សុចិត្ត ក៏បាន​សម្រេច​ដាក់ពិន័យ​រដ្ឋបាល​ដោយ​តម្រូវឱ្យ​លោក ហួត សីហា មក​បម្រើ​ការងារ​នៅ​ការិយាល័យ​បុគ្គលិក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល និង​បានធ្វើ​របាយការណ៍​សុំ​គោលការណ៍​បន្ថែម​ទៅ​ថ្នាក់ជាតិ​ ដើម្បី​ពិនិត្យ​សម្រេច​។

លុះដល់​ថ្ងៃទី ​៥ ខែមករា ឆ្នាំ​ ២០២២ ​លោក ស ខេង បានចេញ​ប្រកាស​ដាក់ទណ្ឌកម្ម​វិន័យ​លោក ហួត សីហា ដោយ​ដកហូត​មុខតំណែង​ពី​នាយប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សំរោង​ធំ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ​ឱ្យ​មកជា​មន្ត្រី​ [​ធម្មតា​] ​វិញ និង​បន្ថយ​ឋានន្តរស័ក្ដិ​ចំនួន ១ ​ថ្នាក់ ឱ្យមក​នៅត្រឹម​ថ្នាក់ អនុសេនីយ៍ឯក​ក្រោម​ហេតុផល ល្មើស​វិន័យ​កងកម្លាំង​នគរបាលជាតិ​។

កាលពី​រសៀល​ថ្ងៃទី ​១៣ ខែមករា ឆ្នាំ​ ២០២២ លោក អំ សំអាត អនុប្រធាន​អង្គការ​លីកាដូ​បាន​លើកឡើងថា ករណីនេះ​គួរតែ​បើក​ការ​ស៊ើបអង្កេត បន្ថែមទៀត​លើ​ករណី​ទាក់ទង​នឹង​ការប្រព្រឹត្ត​អំពើពុករលួយ និង​ការដោះលែង​ជនសង្ស័យ ដើម្បី​អនុវត្តតាម​ផ្លូវច្បាប់​ជា​គំរូ​មួយ​កុំឱ្យ​មានការ​អនុវត្ត​ខុស​តួនាទី និង​ប្រព្រឹត្ត​អំពើ​ខុសច្បាប់​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​យល់ឃើញថា​ការដកហូត​តំណែង និង​ទម្លាក់​ស័ក្តិ ១ ​ថ្នាក់​ទៅលើ​នាយប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល នេះ​គ្រាន់តែ​ជា​ការ​អនុវត្តតាម​វិន័យ​រដ្ឋបាល​កងកម្លាំង​នគរបាល​ជាតិ​តែប៉ុណ្ណោះ​...​គួរតែ​បើក​ការស៊ើបអង្កេត​លើ​នាយប៉ុស្តិ៍​រូបនោះ​ក្នុងករណី​ទាក់ទង​នឹង​ការប្រព្រឹត្ត​អំពើពុករលួយ និង​ការដោះលែង​ជនសង្ស័យ ដើម្បី​អនុវត្តតាម​ផ្លូវច្បាប់​ជា​គំរូ​មួយ​កុំឱ្យ​មានការ​អនុវត្ត​ខុស​តួនាទី និង​ប្រព្រឹត្ត​អំពើ​ខុសច្បាប់​»៕