ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា ប្រេសិត​ពិសេស​របស់​អង្គការ​សហប្រជាជាតិ (UN) ប្តេជ្ញា​ចិត្តនឹង​ខិតខំ​ធ្វើ​ការងារ​ជាមួយ​អាស៊ាន​ដើម្បី​បញ្ចៀស​វិបត្តិ​នៅ​មីយ៉ាន់ម៉ា ហើយ​លោក​ក៏​ស្នើឱ្យ​ប្រេសិត​ពិសេស ​UN នេះ​ធ្វើការ​ដោយផ្ទាល់​ជាមួយ​ប្រេសិត​ពិសេស​អាស៊ាន​លើ​បញ្ហា​មីយ៉ាន់ម៉ា​ផងដែរ​។

ការប្តេជ្ញាចិត្ត​បែបនេះ​ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​វីដេអូ​រវាង​លោក ហ៊ុន សែន និង​ប្រេសិត​ពិសេស​ថ្មី​របស់​អគ្គលេខាធិការ UN ​ទទួលបន្ទុក​កិច្ចការ​មីយ៉ាន់ម៉ា លោកស្រី ណូលីន ហេយហ្សឺ ​(Noeleen Heyzer) នា​ថ្ងៃទី​ ១៣ ខែមករា ឆ្នាំ​ ២០២២​។

យោងតាម​ហ្វេសប៊ុកលោក ហ៊ុន សែន បញ្ជាក់​នា​ថ្ងៃទី​ ១៣ មករា ថា លោកស្រី Noeleen Heyzer បាន​ឯកភាព​នូវ​ចំណុច​ដែលជា​ការងារ​បន្ទាន់​គឺ​ការបញ្ឈប់​បទ​ឈប់​បាញ់ អំពើហិង្សា ការផ្ដល់​ជំនួយ និង​ការសន្ទនា​​ជាមួយ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​នៅលើ​ទឹកដី​មីយ៉ាន់ម៉ា​។

ហ្វេសប៊ុក​ដដែល​បញ្ជាក់ថា​៖ «​លោកជំទាវ​នឹង​ប្ដេជ្ញាចិត្ត​ខិតខំ​ធ្វើ​ការងារ​នេះ​ជាមួយ​អាស៊ាន និង​ប្រធាន​អាស៊ាន ជាពិសេស​ក្នុងការ​ធ្វើយ៉ាងណា​កុំឱ្យ​ស្ថានភាព​នៅ​មីយ៉ាន់ម៉ា​នេះ ធ្លាក់ចុះ​ជាង​បច្ចុប្បន្ននេះ​»​។​ លោកជំទាវ​នៅតែ​គិតថា ប្រធាន​អាស៊ាន និង​ផ្នែក​ពាក់ព័ន្ធ​ទាំងអស់​នឹង​រួមគ្នា​ក្នុង​ការងារ​នេះ ហើយ​លោកជំទាវ​ក៏បាន​លើកឡើង​ទៀតថា យើង​នៅតែ​ជំរុញ​ធ្វើយ៉ាងណា​នៅពេល​ខាងមុខនេះ​ឱ្យ​អាស៊ាន និង​អង្គការ​សហប្រជាជាតិ ធ្វើការ​ជាមួយគ្នា​យ៉ាង​ជិតស្និទ្ធ​» ។

លោក ហ៊ុន សែន បានស្នើ​លោកស្រី Heyzer ​ធ្វើ​ការងារ​ផ្ទាល់​ជាមួយ​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន គឺ​លោក ប្រាក់ សុខុន ដែលជា​រដ្ឋមន្ត្រី​ការបរទេស​ដើម្បី​សម្របសម្រួល​រឿង​កិច្ចសហប្រតិបត្តិការ​រវាង​អាស៊ាន និង​ UN ដើម្បី​រក​ដំណោះស្រាយ​នៃ​វិបត្តិ​នៅ​មីយ៉ាន់ម៉ា​នេះ​។

បើតាម​ហ្វេសប៊ុក​លោក ហ៊ុន សែន លោកស្រី Heyzer បាន​សម្ដែង​ក្តី​រីករាយ​ចំពោះ​អ្វីដែល​លោក ហ៊ុន សែន បាន​ជំរុញ​ដើម្បី​ស្វែងរក​ដំណោះស្រាយ​វិបត្តិ​នៅ​មីយ៉ាន់ម៉ា ព្រោះ​វា​ជា​ស្មារតី​មួយ​បន្ទាន់​សម្រាប់​សភាពការណ៍​នៅ​មីយ៉ាន់ម៉ា​។

ហ្វេសប៊ុក​ដដែល​ដកស្រង់​សម្តី​លោកស្រី Heyzer ដែល​ថ្លែងថា លោក ហ៊ុន សែន នឹង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​កិច្ចការ​អន្តរជាតិ ហើយ​លោកស្រី​រំពឹងថា​ UN ក៏ដូចជា​លោកស្រី​នឹង​សហការគ្នា​ដើម្បី​ចូលរួមចំណែក​ក្នុងការ​ដោះស្រាយ​បញ្ហា​ផ្សេងៗ​ក្នុង​តំបន់ ជាពិសេស​នៅ​មីយ៉ាន់ម៉ា​នេះ​តែម្ដង​។

លោក ហ៊ុន សែន បាន​ប្រាប់​លោកស្រី ថា ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅ​មីយ៉ាន់ម៉ា​កាលពី​ថ្ងៃទី​ ៧-៨ មករា មិន​ចេញ​ឆ្ងាយ​ពី​ធម្មនុញ្ញ​អាស៊ាន និង​កិច្ចព្រមព្រៀង​ ៥ ​ចំណុច​របស់​មេដឹកនាំ​អាស៊ាន​ទាំង​ ១០​ ប្រទេស​នោះទេ​។

លោក​ថ្លែងថា ការងារ​អាស៊ាន​ក្នុង​ឆ្នាំ​ ២០២១ ​មិនបាន​ដើរ​រលូន ដូច្នេះ​អ្វីដែល​នៅ​សេសសល់​រហូតដល់​ឆ្នាំ​ ២០២២​ ដែល​កម្ពុជា​ធ្វើជា​ប្រធាន​អាស៊ាន គឺ​ការធ្វើ​ទស្សនកិច្ច​របស់លោក​ទៅ​មីយ៉ាន់ម៉ា​នោះ​ក្នុង​បំណង​ចង់រក​មធ្យោបាយ​ ដើម្បី​បញ្ចប់​ភាព​ហិង្សា បញ្ចប់​​បទ​ឈប់​បាញ់ និង​ផ្ដល់ជំនួយ​មនុស្សធម៌​ដល់​មីយ៉ាន់ម៉ា ដែល​ត្រូវការ​ចាំបាច់​នៅក្នុង​គ្រានេះ​។

លោក ហ៊ុន សែន ថ្លែងថា​៖ «​យើង​មិនអាច​នៅជាប់​គាំង​បែបនេះ​នោះទេ គឺ​យើង​ត្រូវ​រក​មធ្យោបាយ ដោះស្រាយ​បញ្ហា​ជាប់គាំង​នេះ ដើម្បី​ចាប់យក​ឱកាស​ក្នុង​ការចរចា​។ ជាមួយគ្នា​នោះ ការងារ​​ផ្ទៃក្នុង​អាស៊ាន​នេះ យើង​ត្រូវតែ​ធ្វើការ​ជាមួយគ្នា ជាពិសេស​ដើម្បី​ឱ្យមាន​ការឯកភាព​គ្នា​»​។

លោក​ផ្តល់​អាទិភាព​ចំនួន​ ២​ ក្នុងចំណោម​ចំណុច​ទាំង​ ៥​ ដែល​បាន​ឯកភាព​ក្នុងចំណោម​មេដឹកនាំ​អាស៊ាន​។ អាទិភាព​ទី​ ១ គឺ​បទឈប់​បាញ់ និង​បញ្ចប់​អំពើហិង្សា ដែល​លោក​អះអាងថា ត្រូវតែ​ធ្វើការ​ជាមួយគ្នា​មិន​ត្រឹមតែ​អាស៊ាន​ទេ គឺជា​មួយ​អ្នកពាក់ព័ន្ធ​ផ្សេងៗ ជាពិសេស​ទាំង​ UN ​ផងដែរ​។

លោកនាយក​រដ្ឋមន្ត្រី​បញ្ជាក់ថា ចំពោះ​បទ​ឈប់​បាញ់​នេះ​គឺ​ធ្វើយ៉ាងណា​ជំរុញឱ្យមាន​ប្រធាន​អាស៊ាន​ឆ្នាំនេះ​គឺ​កម្ពុជា ប្រធាន​អាស៊ាន​ឆ្នាំមុន​គឺ​ប្រ៊ុយណេ និង​ប្រធាន​អាស៊ាន​ឆ្នាំក្រោយ​គឺ​​ឥណ្ឌូនេស៊ី បូករួម​នឹង​អគ្គលេខាធិការ​អាស៊ាន​ដើម្បី​ធ្វើការ​សម្របសម្រួល​កិច្ចការ​នេះ​។

ចំណែក​អាទិភាព​ទី​ ២ គឺ​ការផ្ដល់​ជំនួយ​មនុស្សធម៌ ដែល​លោក​អះអាងថា គឺជា​ការងារ​សំខាន់​របស់​បេសកជន​ពិសេស​អាស៊ាន អគ្គលេខាធិការ​អាស៊ាន និង​មជ្ឈមណ្ឌល​អាហារ រួមទាំង​អ្នកសម្របសម្រួល​ខាង​ភាគី​​មីយ៉ាន់ម៉ា​បូក​នឹង​ភ្នាក់ងារ​ UN​។

លោក ថុង ម៉េងដាវិត អ្នកសិក្សា​ស្រាវជ្រាវ​នៅ​មជ្ឈមណ្ឌល​មេគង្គ​សម្រាប់​ការសិក្សា​យុទ្ធសាស្ត្រ​នៃ​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នា​ថ្ងៃទី ​១៣ មករា​ថា ការដែល​ប្រេសិត​ពិសេស​របស់ UN ធ្វើការ​ជាមួយ​ប្រេសិត​កម្ពុជា​នេះ​គឺជា​វិធាន​មួយ​ដ៏ល្អ និង​សមស្រប​ទៅតាម​យន្តការ​ស្នូល​អាស៊ាន​ដែលមាន​គោល​បំណង​ដោះស្រាយ​បញ្ហា​ប្រកប​ដោយ​សន្តិវិធី និង​តាម​ស្មារតី​ពហុភាគី​និយម​។ កិច្ចសន្ទនា​នេះ​បាន​បង្ហាញថា​កម្ពុជា​មិន​ធ្វើការ​ដោយ​ម្នាក់ឯង​នោះទេ គឺមាន​ការពិភាក្សា​ជាមួយ​ដៃគូ​តំបន់​ក៏ដូចជា UN ក្នុងការ​ស្វែងរក​ដំណោះស្រាយ​ល្អ​ចំពោះ​បញ្ហា​វិបត្តិ​នៅ​មីយ៉ាន់ម៉ា​នេះ​។

លោក​ថ្លែងថា​៖ «​កម្ពុជា​ជា​ប្រទេស​តូច​តែមាន​បេះដូង​ធំ ជា​ប្រទេស​ដែល​ស្រលាញ់​សន្តិភាព និង​ធ្លាប់​ឆ្លងកាត់​ភ្លើងសង្គ្រាម​ជាច្រើន​ឆ្នាំ​។ ដូចនេះហើយ​កម្ពុជា​យល់​ច្បាស់​ថា បញ្ហា​មីយ៉ាន់ម៉ា​នេះ​ទាមទារ​ឱ្យមាន​ការចូលរួម និង​ជួយ​ពី​សហគមន៍​អន្តរជាតិ​ក្នុងការ​ផ្តល់ជំនួយ​សេដ្ឋកិច្ច មនុស្សធម៌ ក៏ដូចជា​វិធាន​នានា​ក្នុងការ​ធ្វើយ៉ាងណា​ឱ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​នៅ​មីយ៉ាន់ម៉ា​បញ្ឈប់​ការបាញ់​គ្នា និង​អាច​អនុញ្ញាត​ឱ្យ​ប្រេសិត​ពិសេស​របស់​អាស៊ាន​អាច​ជួបពិភាក្សា និង​ស្វែងរក​សន្តិភាព និង​ស្ថិរភាព​ជូន​ប្រជាជន​មីយ៉ាន់ម៉ា​បាន​»​។ លោក ម៉េងដាវិត បន្តថា កិច្ចការ​ស្វែងរក​សន្តិភាព និង​ដោះស្រាយ​វិបត្តិ​នៅ​មីយ៉ាន់ម៉ា​នេះ​មិនអាច​បញ្ចប់​បាន​ក្នុងពេល​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​អាស៊ាន​នោះទេ តែ​កម្ពុជា​បាន​ខិតខំ​បំពេញ​តួនាទី​របស់ខ្លួន​យ៉ាង​សស្រោកសស្រាំ​ ដើម្បី​ប្រយោជន៍​អាស៊ាន​ទាំង​ ១០ ​ប្រទេស​៕