ភ្នំពេញៈ ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​កំពុង​ពិនិត្យ​លទ្ធភាព​អភិវឌ្ឍន៍​កម្មវិធី​ (App) ​មួយ​ដែលមាន​ឈ្មោះថា «​គម្រោង PR Care» ​សម្រាប់​តាមដាន គ្រប់គ្រង​ព័ត៌មាន​ប្រវត្តិ​នៃ​ការអនុវត្ត​គម្រោង​សាងសង់​ផ្លូវថ្នល់ និង​វាយតម្លៃ​មធ្យោបាយ​នៃ​​អនុវត្ត​គម្រោង​នៅតាម​ការដ្ឋាន ដូចជា ធនធានមនុស្ស និង​សម្ភារ​គ្រឿងចក្រ ជាដើម​។

លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​ពិភាក្សា​អំពី​គម្រោង​រៀបចំ​អភិវឌ្ឍន៍​កម្មវិធី (App)​ កាលពី​ថ្ងៃទី​ ១២ ខែមករា ឆ្នាំ ​២០២២ ថា ការរៀបចំ (App) ​នេះ​ក៏​ដើម្បី​តាមដាន​របាយការណ៍​វឌ្ឍនភាព​ការងារ​សម្រេចបាន​ប្រចាំ​ខែ​ប្រកបដោយ​ប្រសិទ្ធភាព​ចាប់តាំងពី​ការ​ដំណើរ​ការបើក​ការដ្ឋាន​សាងសង់​រហូតដល់​ការសម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​​ជា​ផ្លូវការ​។

លោក​រដ្ឋមន្ត្រី​បាន​ណែនាំ​ឱ្យ​ក្រុមការងារ​បច្ចេកវិទ្យា​ព័ត៌មាន​របស់​ក្រសួង​ជួយ​ពិនិត្យ កែសម្រួល និង​សហការ​ឱ្យបាន​ជិតស្និទ្ធ​ជាមួយ​ភាគី​ពាក់ព័ន្ធ​​ដើម្បី​ឱ្យ​ដំណើរការ​នៃ​ការអភិវឌ្ឍ​កម្មវិធី​នេះ​អាច​សម្រេចបាន​ជោគជ័យ​តាម​ការគ្រោង​ទុក និង​អាច​ដាក់ឱ្យ​ដំណើរការ​ដើម្បី​ជួយ​សម្រួល​ដល់​ការងារ​តាមដាន និង​គ្រប់គ្រង​ការងារ​សាងសង់ និង​ជួសជុល​ថែទាំ​ផ្លូវ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​។

លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យ និង​ជា​ប្រធាន​នាយកដ្ឋាន​ព័ត៌មាន និង​សាធារណៈ​​នៃ​ក្រសួង​នេះ​បាន​ប្រាប់​ភ្នំពេញ-​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១៣ ខែមករា ឆ្នាំ​ ២០២២ ថា «​គម្រោង PR Care» នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​ការគ្រប់គ្រង​ការងាររដ្ឋបាល​ផ្លូវថ្នល់​តាម​ប្រព័ន្ធ​ឌីជីថល ព្រោះ​បច្ចុប្បន្ននេះ​ជា​សម័យមួយ​នៃ​ការប្រើប្រាស់​ប្រព័ន្ធ​ឌីជីថល ដើម្បី​ធានា​នូវ​ការងារ​ឱ្យមាន​ប្រសិទ្ធភាព​ និង​ឆ្លើយតប​​បាន​រហ័ស​ទាន់ពេលវេលា និង​​គ្រប់​កាលៈទេសៈ​ទាំងអស់​។

លោក​ថ្លែងថា​៖ «​ក្នុងទិសដៅ​ធ្វើ App មួយ​នេះ ថ្នាក់ដឹកនាំ ឯកឧត្តម ទេសរដ្ឋមន្ត្រី ចង់ឱ្យមាន​ការភ្ជាប់​ប្រព័ន្ធ​ ដើម្បី​ចែករំលែក​រុញ​បញ្ជូន​ព័ត៌មាន​ឱ្យ​គ្នា​ទៅវិញ​ទៅមក​។ ​ឧទាហរណ៍​ចង់​​ដឹង​ពី​ប្រវត្តិ​ផ្លូវថ្នល់ យើង​មើល​​ឃើញ អ៊ីចឹង នេះ​ជាការ​ប្រើ​វិធាន​រួមបញ្ចូល​ឱ្យ​ស្ថិតនៅក្នុង​ដំបូល​តែមួយ​ដែលមាន PA Care នេះ ដើរតួនាទី​ស្នូល​ក្នុង​ការគ្រប់គ្រង​រដ្ឋបាល​គម្រោង​»​។

បើតាម លោក ហ៊ាង សុទ្ធាយុត្តិ គម្រោង​មួយ​នេះ​បាន​ទទួល​ការឯកភាព និង​គាំទ្រ​ពី​ថ្នាក់​ដឹកនាំ​របស់​ក្រសួង​ដែលមាន​លោក​​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដាក់ចេញ​ផែនការ​ឱ្យ​ក្រុម​ការងារ​បញ្ចូល​នូវ​ប្រព័ន្ធ​ទាំងអស់​​ឱ្យ​វា​ស្គាល់គ្នា និង​ចែករំលែក​នូវ​ទិន្នន័យ​ឱ្យ​គ្នា​ទៅវិញ​ទៅមក​។

លោក​បញ្ជាក់ថា លោក ស៊ុនចាន់ថុល បានដាក់​ទិសដៅ​ជំរុញ​ធ្វើយ៉ាងណា​ឱ្យ​គម្រោង​នេះ (Digital Transformations) សម្រេច​នៅក្នុង​ឆ្នាំនេះ ព្រោះ​គម្រោង PA Care គឺជា​គម្រោង​មួយ សម្រាប់​មន្ត្រី​ផ្ទៃក្នុង​ដោយ​ភ្ជាប់​ជាមួយនឹង Road Care App ​ឱ្យ​វា​ស្គាល់គ្នា​។ កន្លងមក​​នេះ ទិន្នន័យ​ខ្លះ​ត្រូវបាន​កត់ត្រា​ក្នុង​សៀវភៅ និង​មានការ​​បោះពុម្ព​ខ្លះ និង​មួយទៀត នៅ​​ពេល​ដែលមាន​មនុស្ស​ឈប់​ធ្វើការ ឯកសារ​ទាំងឡាយ​ក៏ត្រូវ​បាន​បាត់​ទៅតាម​នោះដែរ​។

លោក​បាន​ថ្លែង​ទៀតថា​៖ «​នៅពេលដែល​យើង​ដាក់​នៅក្នុង​ប្រព័ន្ធ​ឌីជីថល​មិន​ថា អ្នកធ្វើ ឬ​អ្នកទទួលខុសត្រូវ​ទេ គឺ​យើង​មាន​ឯកសារ​តម្កល់​នៅក្នុង​ប្រព័ន្ធ​ឌីជីថល​មើលឃើញ​ទាំងអស់​»​។

លោក ង៉ែត មុសេ អ្នក​ជំនាញ​បច្ចេកទេសផ្នែក​បច្ចេកវិទ្យា​បាន​ស្វាគមន៍​ចំពោះ​គម្រោង​​មួយ​នេះ ដើម្បី​រក្សា​ទិន្នន័យ និង​ព័ត៌មាន​នានា​របស់​ក្រសួង​ និង​អនុញ្ញាតឱ្យ​មន្ត្រី​ផ្សេងៗ​ដែល​ពាក់ព័ន្ធ​អាច​ចូលទៅ​ពិនិត្យមើល និង​ទាញយក​ទិន្នន័យ​ទាំងអស់​នោះ យក​មកប្រើប្រាស់​បាន​ផងដែរ​។

ទោះជា​យ៉ាងណា លោក​ថា គម្រោង​នេះ គួរតែ​ក្រសួង​ធ្វើ​យូរ​មកហើយ ព្រោះ​បច្ចេកវិទ្យា និង​ឌីជីថល​នៅ​កម្ពុជា​បាន​ដើរ​លឿន​រួចហើយ និង​ក្រសួង​ខ្លះ​ក៏មាន​ប្រព័ន្ធគ្រប់គ្រង​ទិន្នន័យ​រួចហើយ​ដែរ តែ​ក្រសួង​ខ្លះ នៅ​​មិនទាន់មាន​នោះទេ ដែល​គួរតែ​គិត​ធ្វើ​វា ព្រោះ​កម្ពុជា​បច្ចុប្បន្ន​ស្ថិតនៅក្នុង​ការប្រើប្រាស់​បច្ចេកវិទ្យា និង​ឌីជីថល​។

លោក​យល់ថា ការជំរុញ​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ក្នុង​ការរៀបចំ​អភិវឌ្ឍ​កម្មវិធី​ (App) ​ដែលមាន​ឈ្មោះថា «​គម្រោង PR Care» នេះ​វា​នឹង​បង្ក​ភាពងាយស្រួល​បំផុត​សម្រាប់​មន្ត្រី​បច្ចេកទេស​ និង​ថ្នាក់ដឹកនាំ​ក្នុង​ការទទួល​របាយការណ៍​បាន​លឿន និង​ជាក់លាក់​ផងដែរ​។ ក៏ប៉ុន្តែ​បើ​គម្រោង​នេះ អនុញ្ញាតឱ្យ​ទទួលបាន​ការឆ្លើយតប​ពី​អ្នក​ចូលរួម​គឺ​រឹតតែ​ល្អ​ ១​ កម្រិត​ទៀត​។

លោក​បាន​បញ្ជាក់ថា​៖ «​ការគ្រប់គ្រង​ទិន្នន័យ គឺជា​រឿង​សំខាន់​របស់​ប្រទេស​កម្ពុជា តទៅ​មុខទៀត ហើយ​វា​នឹង​ក្លាយទៅជា Digital Assets របស់​សាមីក្រសួង នៅពេល​ដែល​មាន​ប្រព័ន្ធ​នេះហើយ​ក្រសួង​គួរតែមាន​គោលការណ៍​ ឬ​គោលនយោបាយ​ការពារ​​ទិន្នន័យ​បន្ថែមទៀត ទើប​ជា​ការល្អ ពីព្រោះ​វា​អាច​នឹង​បាត់បង់ ប្រសិនបើ​គ្មាន​ការការពារ​​ទេនោះ​»៕