ភ្នំពេញៈ គណៈកម្មាធិការ​ដោះស្រាយ​បញ្ហា​ជនអនាថា ខេត្តសៀមរាប​ជំរុញ​មន្ត្រី​ពាក់ព័ន្ធ​បង្កើត​យន្តការ​គ្រប់គ្រង​ជន​ងាយ​រងគ្រោះ (​ជនអនាថា និង​អ្នក​សុំទាន​) ដើម្បី​រក្សា​សណ្តាប់ធ្នាប់​ឱ្យបាន​ល្អប្រសើរ​ក្នុងនាម​ជា​ខេត្ត-​ក្រុង​គោលដៅ​ទេសចរណ៍​។

ការជំរុញ​នេះ​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​ស្តីពី​បញ្ហា​ជនអនាថា និង​អ្នកសុំទាន​កាលពី​ថ្ងៃទី​ ១២ ខែមករា ដើម្បី​គ្រប់គ្រង​ជន​ងាយ​រងគ្រោះ​ទាំងនោះ​ឱ្យបាន​ល្អ​។

អភិបាលរង​ខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​ដោះស្រាយ​បញ្ហា​ជនអនាថា លោក នាក់ ណេរ៉ុន ថ្លែងថា បញ្ហា​ជនអនាថា និង​អ្នកសុំទាន​បាន​កំពុង​កើតមាន​នៅក្នុង​ខេត្តសៀមរាប ជាពិសេស​នៅក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ និង​ឧទ្យាន​ជាតិ​ភ្នំ​គូលែន ដែល​បង្កឱ្យមាន​ភាពអនាធិបតេយ្យ បាត់បង់​សណ្តាប់ធ្នាប់ ដែល​តម្រូវឱ្យ​អាជ្ញាធរខេត្ត​ពាក់ព័ន្ធ​នៅតាម​មន្ទីរ អង្គភាព និង​អាជ្ញាធរ​ក្រុង​ស្រុក ត្រូវមាន​យន្តការ​មួយ​ដើម្បី​គ្រប់គ្រង​។ ក្នុងន័យនេះ លោក​ជំរុញ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​ទូទាំង​ខេត្ត​ត្រូវដាក់​ចេញ​នូវ​ផែនការ​ច្បាស់លាស់ ដើម្បី​ស្រង់​ទិន្នន័យ​ជន​ងាយ​រងគ្រោះ​ទាំងនោះ​ងាយស្រួល​ក្នុងការ​ដោះស្រាយ​។

លោក​គូសបញ្ជាក់ថា ការជំរុញ​ឡើងវិញ​នេះ​គឺ​ដើម្បី​ពញ្ញាក់​អារម្មណ៍​ដល់​មន្ត្រី​ថ្នាក់ក្រោម​ជាតិ​ឱ្យ​គិតគូរ​ពី​បញ្ហា​នេះ​ បន្ទាប់ពី​រាជរដ្ឋាភិបាល​បានប្រកាស​បើក​ប្រទេស​ឡើងវិញ ដែល​ពេលនេះ​មាន​ភ្ញៀវទេសចរ​ដើរ​កម្សាន្ត ហើយក៏​មាន​លេច​វត្តមាន​ជនអនាថា និង​អ្នកសុំទាន​ដែរ​។ «​ដើម្បី​គ្រប់គ្រង​ឱ្យមាន​ប្រសិទ្ធភាព យើង​ត្រូវធ្វើ​ស្ថិតិ ឬ​ជំរឿន​ជនអនាថា ហើយ​ត្រូវ​កំណត់​មុខសញ្ញា​គាត់​ឱ្យ​ច្បាស់​ ថា​តើ​គាត់​ជា​អ្នក​ទីទ័លក្រ​មែន ឬ​គាត់​គ្រាន់តែ​យក​បញ្ហា​នេះ​មក​ធ្វើជា​របរ​ដែល​ធ្វើឱ្យ​ខូច​សណ្តាប់ធ្នាប់​»​។ ការកំណត់​មុខសញ្ញា​ជន​ងាយ​រងគ្រោះ​ទាំងនោះ​ដើម្បី​ងាយស្រួល​ក្នុង​ការយកទៅ​អប់រំ​ណែនាំ និង​ផ្តល់​ការបណ្តុះបណ្តាល​ដល់​ពួកគាត់​។

លោក​ថា​៖ «​ព្រោះ​បើ​សិន​ជា​គាត់​ទីទ័លក្រ​មែន យើង​បញ្ចូល​គាត់​ទៅក្នុង​អត្តសញ្ញាណកម្ម​ក្រីក្រ ក្រ​១ ក្រ​២ ទៅតាម​លក្ខណវិនិច្ឆ័យ ហើយ​រក​វិធី​ដោះស្រាយ​បន្តទៀត ដូចជា​ផ្តល់​មុខរបរ បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ស្តារនីតិសម្បទា​គាត់​» ។

ប៉ុន្តែ​ក្នុងករណី​រកឃើញថា ពួកគាត់​មិនមែនជា​ជនទីទ័លក្រ​ហើយ​យក​របរ​ធ្វើជា​អ្នកសុំទាន​នោះ អាជ្ញាធរ​នឹង​យក​គាត់​ទៅ​ណែនាំ ឬ​ធ្វើ​សមាហរណកម្ម​គាត់​ត្រឡប់​ទៅ​គ្រួសារ ស្រុកកំណើត​គាត់​វិញ ព្រោះ​រឿងនេះ​ធ្វើឱ្យ​ខូច​សណ្តាប់ធ្នាប់​។ ពាក់ព័ន្ធ​ករណីនេះ​អាជ្ញាធរ​ខេត្ត​ក៏បាន​រៀបចំ​មណ្ឌល​សំចត ដោយ​ផ្តល់​កន្លែង​ស្នាក់នៅ​បណ្តោះអាសន្ន​ផ្តល់​បាយ ទឹក នៅពេល​ប្រមូល​ពួកគាត់​មក​មុននឹង​បញ្ជូន​ទៅតាម​ស្រុកកំណើត​វិញ​។

លោក នាក់ ណេរ៉ុន បាន​កត់សម្គាល់ថា ជនអនាថា​ទាំងនោះ​មាន​ទាំងចាស់ និង​ក្មេង​ប៉ុន្តែ​ភាគច្រើន​ពុំមែន​ជា​អ្នក​ទីទ័លក្រ​នោះទេ ពោល​មាន​មេខ្យល់​នៅ​ពីក្រោយ ដើម្បី​ទទួលផល​ប្រយោជន៍​ពី​ក្រុម​ជន​ងាយ​រងគ្រោះ​។

លោក​បញ្ជាក់ថា​៖ «​បើ​អ្នក​ទីទ័ល​មែនទែន​មិនសូវ​ជាមាន​ទេ ភាគច្រើន​ចូលទៅ​លក្ខណៈ​ជួញដូរ កន្លងទៅ​យើង​រកឃើញ​មាន​អ្នករៀបចំ​ដើម្បី​ទទួលផល​ប្រយោជន៍​ពី​ជនអនាថា​ទាំងនោះ ដោយ​ដឹក​គាត់​មកឱ្យ​ដើរ​សុំទាន់​។​ ក្នុងករណីនេះ យើង​ក៏បាន​ចាត់វិធានការ​មេខ្យល់​ទាំងនោះ​ដោយបាន​កសាង​សុំណុំ​រឿង​ករណី​ជួញដូរ​បញ្ជូនទៅ​តុលាការ​ផងដែរ​»​។

លោក ណេរ៉ុន អំពាវនាវ​ដល់​អង្គការ​ដៃគូ និង​សប្បុរជន​នានា​បន្ត​ផ្តល់​ជា​មតិយោបល់ ឬ​ជា​ធនធាន​បន្ថែមទៀត​ក្នុង​ការជួយ​ដោះស្រាយ​បញ្ហា​នេះ​។

ស្ថាបនិក​អង្គការ​ផ្ទះបាយ​កុមារ​លោក ង៉ូវ ឈីវ ថ្លែងថា នេះ​ជា​យន្តការ​មួយ​ដ៏ល្អ​ដែល​អាចជួយ​ដល់​ជនអនាថា ជាពិសេស​កុមារ​រងគ្រោះ ដោយសារ​ការជួញដូរ​ដោយ​មេខ្យល់​។ «​ខ្ញុំ​មើលឃើញថា រាល់ថ្ងៃ​រដ្ឋាភិបាល​ខំប្រឹង​ណាស់​ក្នុង​ការជួយ​ជនអនាថា អ្នកសុំទាន និង​កុមារ​ដោយ​ប្រើ​គ្រប់​មធ្យោបាយ​ទៅតាម​លទ្ធភាព​ដែលមាន ប៉ុន្តែ​ក៏​នៅមាន​ចន្លោះប្រហោង​ដែល​ធ្វើឱ្យ​ជនខិលខូច​កេងប្រវ័ញ្ច​ពលកម្ម​លើ​ពួកគាត់​ជាពិសេស​លើ​កុមារ​»​។ ដើម្បី​ជួយ​ដល់​រដ្ឋាភិបាល​ក្នុង​រឿងនេះ អង្គការ​របស់លោក​ក៏បាន​កំពុង​ជួយ​ដល់​ជនអនាថា​មួយចំនួន​ដោយ​ផ្តល់​ជា​ម្ហូបអាហារ ជាពិសេស​ជួយ​លើ​កុមារ​តែម្តង​។

លោក​បន្តថា​៖ «​បច្ចុប្បន្ន​នេះ​យើង​ជួយ​កុមារ​បាន​ជាង​ ៧០០ ​នាក់​ឱ្យបាន​ហូបចុក​គ្រប់គ្រាន់ និង​ផ្តល់​សម្ភារ​សិក្សា​។ ខ្ញុំ​ជឿថា រាល់​កុមារ​ដែល​យើង​ជួយ​នេះ អ្នក​ចង់​ជួញដូរ​កុមារ​ក៏​ខ្លាច​ដែរ វា (​មេខ្យល់​)​ ខ្លាច​ត្រង់​ថា កុំ​ប៉ះពាល់​កុមារ​អស់ហ្នឹង​ជា​កុមារ​របស់​អង្គការ​វីវរ​រឿងរ៉ាវ​»៕