កំពតៈ កងរាជអាវុធហត្ថ​ខេត្តកំពត នៅ​ថ្ងៃទី ​១៣ ខែមករា កំពុង​សួរនាំ​លោក ប៉ែន នួន ដែលមាន​ងារ​ជា​ឧកញ៉ា ជុំវិញ​ករណី​បណ្តឹង​របស់​ឈ្មោះ ស៊ុន ប៊ុល ភេទ​ប្រុស អាយុ​ ៣៨ ​ឆ្នាំ ដែល​ប្តឹង​ថា​បាន​ប្រព្រឹត្ត​អំពើ​ឆបោក​មាន​ស្ថាន​ទម្ងន់ទោស និង​រំលោភ​លើ​ទំនុកចិត្ត​។

ដីកា​ចេញ​កាលពី​ថ្ងៃទី​ ២៣ ខែធ្នូ ឆ្នាំ​ ២០២១ របស់លោក ខា ដែនណា តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តកំពត​បាន​បញ្ជា​ឱ្យ​លោក ប៉ែន នួន ដែល​បច្ចុប្បន្ន​រស់នៅ​ភូមិ​អង្គកែវ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ ចូលមក​បង្ហាញខ្លួន​នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តកំពត​ឱ្យបាន​មុន​ថ្ងៃទី​ ១១ ខែមករា ឆ្នាំ ​២០២២ នៅ​រៀងរាល់​ម៉ោង​ធ្វើការ​។

ការបញ្ជា​ឱ្យចូល​ខ្លួន​នេះ​គឺ​ដើម្បី​សាកសួរ​ករណី​បណ្តឹង​របស់​ឈ្មោះ ស៊ុន ប៊ុល ភេទ​ប្រុស អាយុ​ ៣៨ ​ឆ្នាំ​ដែល​ប្តឹង​លោក​ ប៉ែន នួន ថា​បាន​ប្រព្រឹត្ត​អំពើ​ ឆបោក​មាន​ស្ថាន​ទម្ងន់ទោស និង​រំលោភ​លើ​ទំនុកចិត្ត​ប្រព្រឹត្ត​នៅក្នុង​អំឡុង​ខែមិថុនា​ឆ្នាំ​ ២០២១ រហូតមកដល់​បច្ចុប្បន្ន​។

យ៉ាងណា​ក៏ដោយ លោក ប៉ែន នួន មិនបាន​ចូលខ្លួន​តាម​ការបញ្ជារ​បស់​តំណាង​អយ្យការ​ឡើយ​ទើប​នៅ​ថ្ងៃទី ១១ ខែមករា ឆ្នាំ​ ២០២២ កម្លាំង​កងរាជ​អាវុធហត្ថ​ខេត្តកំពត​បាន​ចាប់ខ្លួន​រូបលោក​នាំយកទៅ​សួរនាំ​តាម​ដីកា​បញ្ជា​ឱ្យចូល​ខ្លួន​របស់​លោក ខា ដែនណា តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តកំពត​។

លោក កែវ សុផល​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកំពត​ថ្លែង​នៅ​ថ្ងៃទី ​១៣ ខែមករា​ថា អង្គភាព​របស់លោក​មិន​អនុញ្ញាតឱ្យ​និយាយ​ជាមួយ​អ្នកសារព័ត៌មាន​ទេ ហើយ​លោក​បាន​ណែ​នាំឱ្យ​ទំនាក់ទំនង​សួរ​ទៅ​លោក អេង ហ៊ី អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ។ យ៉ាងណា​ក៏ដោយ​លោក អេង ហ៊ី ប្រាប់ថា ជុំវិញ​រឿងនេះ​សូម​សួរ​ទៅ​តំណាង​អយ្យការ ព្រោះ​តំណាង​អយ្យការ​ជា​អ្នកដឹកនាំ​សម្របសម្រួល​។

លោក ខា ដែនណា ព្រះរាជអាជ្ញារង​ និង​ជា​អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពត​ថ្លែង​នៅ​ថ្ងៃទី ១៣ ខែមករា​ថា មកដល់​ថ្ងៃទី ១៣ ខែមករា កម្លាំង​អាវុធហត្ថ​កំពុង​បន្ត​សួរនាំ ឈ្មោះ ប៉ែន នួន​ថែមទៀត​។ លោក​ថ្លែងថា​៖ «​អត់​ទាន់​មាន​លទ្ធផល​ដោយសារ​ការសាកសួរ គឺ​ត្រូវ​ធ្វើ​ឱ្យ​លម្អិត​ពេល​ថ្ងៃ​ម៉ោង ១១ ម៉ោង ១២ ​ហ្នឹង​គេ​សម្រាក​ហូបបាយ មិនទាន់​អាច​សម្រេច​លទ្ធផល​លឿន​អ៊ីចឹង​ទេ ពេល​ល្ងាច​អី​បាន​គេ​សាកសួរ​ហើយ​» ៕

វីដេអូ៖