កំពង់ស្ពឺៈ ក្រោយពី​ពលរដ្ឋ​បោះឆ្នោត​គាំទ្រ​ឱ្យ​ជាប់ឆ្នោត​ជា​មេឃុំ​មាន​រយៈពេល​ ៤​ អាណត្ដិ​គិត​ចាប់ពី​ឆ្នាំ​ ២០០២ ​មក លោក​ នៅ ឌឹម មេឃុំ​វល្លិស ដែលជា​ឃុំ​ ១ ​ក្នុងចំណោម​ឃុំ​ចំនួន​ ១៥ ស្ថិតនៅ​ស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ អះអាង​ថា លោក​បាន​ដក​ស្មៀនឃុំ​ចំនួន​ ៣ ​រូប​ចេញពី​តួនាទី បន្ទាប់ពី​មិនបាន​ផ្ដល់​សេវា​ល្អ​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​។

លោក ​នៅ ឌឹម បញ្ជាក់​បែបនេះ តាមរយៈ​សន្និសីទ​សារព័ត៌មាន​ស្តីពី​វឌ្ឍនភាព​មូលដ្ឋាន​ឃុំ សង្កាត់ និង​ទិសដៅ​ការងារ​បន្ត​របស់​ខេត្ដ​កំពង់ស្ពឺ​នៅ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​កាលពី​ថ្ងៃទី​ ១៣ មករា​។ លោក​ថ្លែងថា បញ្ហា​ផ្ដល់​សេវា​នេះ​មាន​សារៈសំខាន់​ណាស់​។ រយៈកាល​កន្លងមកនេះ បើ​កុំ​តែ​រាជរដ្ឋាភិបាល ជាពិសេស​ក្រសួងមហាផ្ទៃ​ដាក់បទបញ្ជា​ខ្លាំង​ចំពោះ​ស្មៀន គឺ​ស្មៀន​មួយចំនួន​មិនបាន​អនុវត្ដ​ការងារ​ល្អ​ដល់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ឡើយ​។

លោក​ថ្លែងថា​៖ «​ស្មៀន​ពី​ដើម បើ​យើង​ចង់​ផ្លាស់ប្ដូរ​ទាល់តែ​ធ្វើ​ពាក្យ​ទៅ​ស្រុក​ពី​ស្រុក​ទៅ​ខេត្ដ ពី​ខេត្ដ​មក​ក្រសួង​បាន​ផ្លាស់ប្ដូរ​ស្មៀន​បាន​។ ប៉ុន្ដែ​ឥឡូវ​អត់​អ៊ីចឹង​ទេ លោក​អភិបាលស្រុក​ក៏​លោក​មាន​សិទ្ធិ​ [​ដក​] ឱ្យតែ​ធ្វើ​មិន​ត្រឹមត្រូវ មិន​តាម​ការងារ​ដែល​យើង​ត្រូវបំពេញ​ ១​ ថ្ងៃ​ ៨ ​ម៉ោង​ឱ្យបាន​ត្រឹមត្រូវ​តាម​បទដ្ឋាន​របស់​រដ្ឋបាល គឺ​យើង​ដក​»​។

លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​ដក​ស្មៀន​អស់​ ៣ ​ហើយ ៤ ​អាណត្ដិ​នេះ​។ វា​មិនមែន​យ៉ាងម៉េច​ទេ គ្រាន់តែ​ថា ការបម្រើ​ប្រជាពលរដ្ឋ គឺថា​ត្រូវធ្វើ​យ៉ាងម៉េច​ឱ្យបាន​រហ័ស លឿន​បំផុត​កៀក​កិត​នឹង​ប្រជាពលរដ្ឋ​ចង់បាន​តែ​ប៉ុណ្ណឹង​ទេ​»​។

ប្រជាពលរដ្ឋ​មកដល់​សាលាឃុំ​ក្នុង​នាម​ជា​មេឃុំ ឬ​ស្មៀនឃុំ គឺ​ត្រូវតែ​អញ្ជើញ ឬ​សាកសួរ​ពួកគាត់​ទៅណា​មក​ណា ខ្វះ​ឯកសារ​តូច ធំ​បែបណា​ជាដើម​។ ពលរដ្ឋ​មួយចំនួន​មិនសូវ​ដឹង​ពី​របៀប​របប​រដ្ឋបាល​ទេ​។ បើ​មិន​បំពេញ​បន្ថែម​លើ​កិច្ចការងារ​អស់នោះ គឺ​ពួកគាត់​មិនអាច​ធ្វើ​បំពេញ​ឯកសារ​ផ្សេងៗ​បានទេ​។ ឯកសារ​ខ្លះ​ពលរដ្ឋ​កាន់​មក​មិនដឹង​ធ្វើ​អ្វីខ្លះ​ទេ និង​មានការ​ខ្វះខាត​ឯកសារ​ជាដើម​។ បើ​គ្មាន​មេឃុំ ក្រុមប្រឹក្សា​ឃុំ ជា​អ្នក​ជួយ​បំពេញ​បន្ថែម​ទេ ប្រជាពលរដ្ឋ​មាន​បញ្ហា​កង្វល់​ច្រើន​លើ​កិច្ចការងារ​រដ្ឋបាល​នេះ​។ នេះ​ជាការ​បញ្ជាក់​របស់លោក​មេឃុំ​។

លោក​ថ្លែងថា​៖ «​ដូច​ឆ្នាំមុនៗ ក៏​អ៊ីចឹង​ដែរ បើ​មេឃុំ​ស៊ីញ៉េ​ពេល​ព្រឹក ទាល់​រសៀល​បាន​បាន​ចុះហត្ថលេខា ស្មៀន​អាល័យ​ផឹក ហើយ​ផឹក​នេះ​មិនមែន​ប្រាប់ថា អាល័យ​ផឹក​ហូបចុក​អី​ទេ គាត់​ប្រាប់ថា អាល័យ​ទៅនេះ​ទៅនោះ​។ ប៉ុន្ដែ​យើង​តាម​គាត់​រហូត​ដូចជា​បើ​ទៅ​ធនាគារ សួរ​ទៅ​ធនាគារ​ថា មាន​ឃើញ​ទៅ​ទីនោះ​ឬ​អត់​? ទាល់តែ​តាមដាន​ជាប់​អ៊ីចឹង​បាន​ញញើត​បន្តិច​»​។

លោក​បញ្ជាក់​ថា​៖ «​ប៉ុន្តែ​ឥឡូវ​រាង​ត្រង់​ហើយ អត់​អី​ទេ​ស្មៀនឃុំ​គ្រាន់បើ​ហើយ ព្រោះ​សិទ្ធិអំណាច​របស់​ស្រុក​របស់​ខេត្ដ​។ លោក​អភិបាលខេត្ដ​ប្រាប់​ហើយ​ថា ឱ្យតែ​ប្រាប់​ខ្ញុំ​មក​មិនបាច់​ប្រជុំ​ក្រុមប្រឹក្សា​ទេ​ដកចេញ​សិន​ឱ្យតែ​ធ្វើ​មិន​ត្រឹមត្រូវ​»​។

លោក​ នៅ ឌឹម លើកឡើងថា ការផ្ដល់សេវា​ដល់​ប្រជាពលរដ្ឋ គឺមាន​របៀប​ច្រើនណាស់ ប្រជាពលរដ្ឋ​មក បើសិន​ជា​ស្មៀនឃុំ មេឃុំ​មិនបាន​ស្វាគមន៍​ទេ ពលរដ្ឋ​ខ្លះ​បើ​រង់ចាំ​យូរ​បន្តិច​នឹង​មាន​ការថ្នាំងថ្នាក់​។ ពលរដ្ឋ​មករក​សេវា​នៅ​ឃុំ គឺ​គ្មាន​ពេល​គិតថា ម៉ោង​ ១១-១២-១៣ ​អ្វី​ទេ មក​ម៉ោង​ប៉ុន្មាន គឺត្រូវធ្វើ​ជូន​ពួកគាត់​។ លោក​ថា ធ្វើ​មេឃុំ​បើ​ហ្មត់ចត់​ពេក​ក៏​មិនកើត​ដែរ ទាល់តែ​ផ្សារភ្ជាប់​ទៅលើ​ការផ្ដល់សេវា​ទាន់​ពេលវេលា និង​កិច្ចការ​នៅ​មូលដ្ឋាន​ទាំងអស់ បើ​ពលរដ្ឋ​ត្រូវការ​ពេលណា​ត្រូវ​បំពេញ​កិច្ច​ពេលនោះ​។

លោក​បញ្ជាក់ថា​៖ «​តិច​ទៅប្រាប់ គាត់ ​[​ពលរដ្ឋ​] ​ថា ម៉េច​មិន​មក​ម៉ោង ១-២ អី​មក​។ គាត់​ថា​ទេ​ខ្ញុំ​រវល់​ធ្វើ​ការងារ​រោងចក្រ មក​ម៉ោង​នេះ​ខាត​ការងារ​ខ្ញុំ ១១-១២ នេះ​ម៉ោង​សម្រាក​របស់ខ្ញុំ​»​។ អ៊ីចឹង ធ្វើ​មេឃុំ ក្រុមប្រឹក្សាឃុំ ធ្វើ​ស្មៀន ត្រូវតែ​បត់បែន​តាម​ប្រជាពលរដ្ឋ​ទាំងអស់​បាន​ទៅរួច ហើយ​បើ​យើង ​[​រឹតបន្តឹង​] តាម​ម៉ោង​តាម​ពេល ម៉ោង​ ៨ ​ព្រឹក​ចូល ម៉ោង​ ១១ ​ព្រឹក​ចេញ ម៉ោង​ ២​ រសៀល​ចូល ម៉ោង​ ៥ ​ល្ងាច​ចេញ​ទេ អត់​ទាញ​សន្លឹកឆ្នោត​បានទេ​។ អត់​ទាញ​ទឹកចិត្ត​គាត់ [​ពលរដ្ឋ​] បានទេ​។ ធ្វើ​មេឃុំ​ទាល់តែ​ឱនក្រាប​ជាមួយ​ប្រជាពលរដ្ឋ​តែម្ដង​»​។

បើតាម​លោក​ នៅ ឌឹម ឃុំ​វល្លិ​ ស្ថិតក្នុង​ចំណោម​ឃុំ​ទាំង​ ១៥ ក្នុងស្រុក​សំរោងទង ខេត្តកំពង់ស្ពឺ​។ ឃុំ​វល្លិស​មាន​ផ្ទៃដី​សរុប​ ២ ៦៣៣ ​ហិកតា មាន​ ២៣ ​ភូមិ​។ ពលរដ្ឋ​មាន​ចំនួន​ ៣ ៣៨២ ​គ្រួសារ​មាន​ពលរដ្ឋ​សរុប​ ១៥ ២២៧ ​នាក់ ស្រី ៧ ៩៣៤ នាក់​។ ប្រជាពលរដ្ឋ​ចំណាកស្រុក​ក្នុង និង​ក្រៅប្រទេស​ចំនួន​ ១៥១ ​នាក់ ស្រី​ ៨៧ ​នាក់​។

លោក​ យឹម សុខុម ប្រធាន​ក្រុមប្រឹក្សា​ខេត្តកំពង់ស្ពឺ​ឱ្យដឹង​តាមរយៈ​សន្និសីទ​នេះ​ថា ខេត្តកំពង់ស្ពឺ​មាន​ផ្ទៃដី​ ៦ ៩៦៥,៦៣ ​គីឡូម៉ែត្រ​ការ៉េ ចែកចេញជា​ក្រុង​ ១ មាន​ ៥ សង្កាត់ ស្រុក​ចំនួន​ ៧ មាន ៨៣​ ឃុំ និង​មាន​ភូមិ​ចំនួន​ ១ ៣៧៩​ ភូមិ​ក្នុង​នោះ​ភូមិ​ដែល​កំពុង​រៀបចំ​ស្នើសុំ​ឱ្យមាន​ការទទួលស្គាល់​ជា​ផ្លូវការ​ចំនួន​ ១១ ​ភូមិ​។

​ប្រជាជន​សរុប​ទូទាំង​ខេត្ត​មាន​ចំនួន ​៨៧២ ២១៩ ​នាក់​ក្នុងនោះ​ស្រី​ ៤២៦ ០៥៥ ​នាក់ គ្រួសារ​មាន​ ១៨៧ ៨៣៥​ គ្រួសារ និង​មាន​ដង់ស៊ីតេ​ប្រជាជន​ ១១៩​ នាក់​/​គម​ ២​។ ៥៨% នៃ​គ្រួសារ​សរុប​ក្នុង​ខេត្ត គឺ​ពឹង​ផ្អែកលើ​វិស័យ​កសិកម្ម​ដែលជា​វិស័យ​ចម្បង​ក្នុងការ​ទ្រទ្រង់​ជីវភាព​រស់នៅ​របស់ខ្លួន​។ ក្រៅពី​ប្រកបរបរ​លើ​វិស័យ​កសិកម្ម ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​កំពង់ស្ពឺ​ប្រកបរបរ​វិស័យ​សេវាកម្ម និង​ឧស្សាហកម្ម ដែល​ជា​វិស័យ​ជំរុញ​កំណើន​សេដ្ឋកិច្ច​ទាំងមូល​របស់​ខេត្ត​ឱ្យមាន​ការរីកចម្រើន​។

លោក​ថា​ ទន្ទឹមនឹង​ការទទួល​បាន​នូវ​លទ្ធផល​ការងារ​ល្អ​រដ្ឋបាល​ខេត្ត​ក៏មាន​បញ្ហា​ប្រឈម​មួយចំនួន ដូចជា សំណូមពរ និង​កង្វល់​របស់​ប្រជាពលរដ្ឋ​មួយចំនួន​ពុំទាន់​បាន​ដោះស្រាយ​ទាន់ពេលវេលា ហើយ​បញ្ហា​ខ្លះ​លើសពី​សមត្ថកិច្ច​របស់​ខេត្ត​។ ប្រជាពលរដ្ឋ​មួយ​ចំនួន​មាន​ការលំបាក​ និង​ចំណាយ​ថវិកា​ច្រើន​ក្នុង​ការធ្វើដំណើរ​មក​ទទួល​សេវាសាធារណៈ​នៅ​មូលដ្ឋាន​ដោយសារ តំបន់​មួយចំនួន​នៅ​ឆ្ងាយ​៕