ភ្នំពេញៈ អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួត​ប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ កបប ពង្រឹង​ការត្រួតពិនិត្យ​នៅតាម​បណ្តា​ផ្សារ​ទីតាំង​លក់ដុំ និង​ឃ្លាំង​ស្តុក​នានា ដើម្បី​ទប់ស្កាត់​ការប្រើប្រាស់​ផលិតផល​គ្មាន​គុណភាព ហួស​សុពលភាព​ប្រើប្រាស់​ក្នុង​រដូវ​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ចិន និង​វៀតណាម​ដែល​នឹង​ចូល​មកដល់​ចុងខែ​នេះ​។

លោក ផាន អូន ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​អគ្គនាយក នៃ កបប ប្រាប់​ភ្នំពេញ​-​ប៉ុស្តិ៍​នៅ​ថ្ងៃទី ​១៣ មករា​ថា ដើម្បី​ការពារ​សុខុមាលភាព និង​ការពារ​ផលប្រយោជន៍​សេដ្ឋកិច្ច​របស់​ប្រជាពលរដ្ឋ ពិសេស​ក្នុង​រដូវ​បុណ្យចូលឆ្នាំថ្មី​ចិន និង​វៀតណាម ដែល​នឹង​ឈានចូល​មកដល់​នៅ​ចុងខែ​នេះ អគ្គនាយកដ្ឋាន ក.ប.ប បានដាក់​ចេញ​នូវ​បទបញ្ជា​ឱ្យ​បណ្តា​សាខា ក.ប.ប ទូទាំង​រាជធានី ខេត្ត ចេញ​ប្រតិបត្តិការ​ត្រួតពិនិត្យ​តាម​បណ្តា​ផ្សារ ទីតាំង​លក់ដុំ និង​ឃ្លាំង​ស្តុក​ទំនិញ​នានា​ទូទាំងប្រទេស​។

ការពង្រឹង​ការត្រួតពិនិត្យ​នេះ​ត្រូវបាន​គាំទ្រ​ដោយ​រថយន្ត​ពិសោធន៍​ចល័ត​របស់​អគ្គនាយកដ្ឋាន ក.ប.ប រួមទាំង​ការដក​យក​គំរូ​មក​វិភាគ​នៅ​មន្ទីរ​ពិសោធន៍​ខា្នត​តូច ដែលមាន​នៅតាម​បណ្តា​សាខា និង​មន្ទីរពិសោធន៍​ធំ​របស់​អគ្គនាយកដ្ឋាន​ ក.ប.ប ផងដែរ​។ លោក បញ្ជាក់ថា​៖ «​ការងារ គឺ​ដើម្បី​ទប់ស្កាត់​ពី​ការប្រើប្រាស់​ផលិតផល​គ្មាន​គុណភាព ហួស​សុពលភាព​ប្រើប្រាស់ មាន​សារ​ធាតុគីមី ឬ​សំណល់​ថ្នាំ​កសិកម្ម ការលក់​ដំឡើងថ្លៃ កឹបកេង​យក​ផលចំណេញ​ហួសហេតុ​ពី​ប្រជាពលរដ្ឋ​។ ម្ហូបអាហារ​ដែលជា​គោលដៅ​នៃ​ការត្រួតពិនិត្យ​រួមមាន បន្លែ ផ្លែឈើ ត្រី សាច់ ផលិតផល​សមុទ្រ និង​គ្រឿងឧបភោគបរិភោគ​ផ្សេងទៀត​»​។

បើតាម​អគ្គនាយកដ្ឋាន ក.ប.ប បច្ចុប្បន្ន​រថយន្ត​ពិសោធន៍​ចល័ត​ផ្នែក​ម្ហូបអាហារ ចំនួន​ ៥ ​គ្រឿង​ត្រូវបាន​អគ្គនាយកដ្ឋាន ប្រគល់​ឱ្យ​បណ្តា​សាខា​គ្រប់គ្រង និង​ប្រើប្រាស់​នៅតាម​បណ្តា​ចង្កោម​ខេត្ត​របស់ខ្លួន ដើម្បី​គាំទ្រ​ដល់​សកម្មភាព​ត្រួតពិនិត្យ​ផលិតផល​ម្ហូបអាហារ​។

ជាមួយ​នឹង​ការពង្រឹង​នេះ លោក​ ផាន អូន បានឱ្យដឹង​បន្ថែមថា ជាក់ស្តែង​ចាប់ពី​ថ្ងៃទី​ ១ ដល់​ថ្ងៃទី​ ១២ ខែមករា ឆ្នាំ​ ២០២២ មន្ត្រី​ជំនាញ​របស់​អគ្គនាយកដ្ឋាន ក.ប.ប បាន​ចុះ​ត្រួតពិនិត្យ​ទីផ្សារ​បាន​ចំនួន ២៨ ​លើក ដោយ​រឹបអូស​ផលិតផល​មាន​ភាពមិន​អនុលោម​នឹង​បញ្ញត្តិ​ប្រមាណ​ជិត​ ១ ​តោន យកមក​កម្ទេចចោល​។ លោក ផាន អូន អំពាវនាវ​ដល់​អាជីវករ ពាណិជ្ជករ ផលិតករ សូម​គិតដល់​សុខភាព​របស់​ប្រជាពលរដ្ឋ​ដោយ​រក​ទទួលទាន​ដោយ​សុចរិត កុំ​ព្រោះតែ​ផលចំណេញ​របស់ខ្លួន​ធ្វើឱ្យ​ប៉ះពាល់​ដល់​សុខភាព អាយុជីវិត ឬ​ធ្វើឱ្យ​ខាតបង់​ផលប្រយោជន៍​សេដ្ឋកិច្ច​របស់​អតិថិជន​ខ្លួន ហើយ​ថែមទាំង​អាច​ប្រឈម​ចំពោះមុខ​ច្បាប់​ថែម​ទៀតផង​។

លោក​បន្តថា​៖ «​ខ្ញុំ​សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែលជា​អ្នកប្រើប្រាស់ មុននឹង​ទិញ​ផលិតផល​មកប្រើប្រាស់​សូម​ពិនិត្យ​លក្ខណៈ​រួម និង​ស្លាក​សញ្ញា​ផលិតផល​ឱ្យបាន​ច្បាស់លាស់ ចៀសវាង​ទិញ​ផលិតផល​គ្មាន​គុណភាព​យកមកប្រើ​ប្រាស់​»​។

លោក សុខ យ៉ន ​អនុប្រធាន​សមាគម​សុវត្ថិភាព ត្រី សាច់ បន្លែ កម្ពុជា​បាន​លើកឡើងថា ការត្រួតពិនិត្យ​គុណភាព​សុវត្ថិភាព​ផលិតផល​នៅលើ​ទីផ្សារ ក្នុងពេល​បច្ចុប្បន្ន គឺ​ហាក់​មាន​ភាពខ្វះ​ចន្លោះ និង​មិនសូវមាន​ការត្រួតពិនិត្យ​បាន​ទូលំទូលាយ​នោះទេ​។ ជាពិសេស​នោះ គឺ​ផលិតផល​ដែល​នាំចូល​ពី​ប្រទេសជិតខាង​ដែលមាន​ចំនួន​ច្រើន​លើសលប់​ដែល​អាចធ្វើឱ្យ​ប៉ះពាល់​ដល់​ការផលិត​ក្នុងស្រុក​ និង​ប៉ះពាល់​ដល់​សុខភាព​របស់​ប្រជាពលរដ្ឋ​ខ្មែរ​។

លោក​បញ្ជាក់ថា​៖ «​សព្វថ្ងៃនេះ ឃើញ​មានការ​ត្រួតពិនិត្យ​ដែរ ប៉ុន្តែ​ការត្រួតពិនិត្យ​នេះ ធ្វើឡើង​មិន​ដិតដល់ ដែលនាំឱ្យ​ឈ្មួញ​ដែល​នាំចូល អ្នករកស៊ី​នាំចូល និង​ចរាចរ​តាម​អំពើ​ចិត្ត​។ ពួកគេ មិន​ហ៊ាន​ប្រឈមមុខ​នឹង​បញ្ហា​គុណភាព សុវត្ថិភាព និង​អនាម័យ​»​។ ដូច្នេះ លោក សុខ យ៉ន ជំរុញឱ្យមាន​ការទប់ស្កាត់​ផលិតផល​នាំចូល​ពី​ប្រទេសជិតខាង​ឱ្យបាន​កាន់​តែមាន​ប្រសិទ្ធភាព​បន្ថែមទៀត និង​បង្កើត​ការត្រួតពិនិត្យ​ទប់ស្កាត់​លើ​ផលិតផល​គ្មាន​គុណភាព​ទាំងនេះ​ឱ្យបាន​ទូលំទូលាយ​បន្ថែមទៀត នៅក្នុង​ប្រទេស ​ដើម្បី​សុវត្ថិភាព​ដល់​អ្នក​ប្រើប្រាស់​៕