តាកែវៈ ចាប​ព្រៃវែង​បានចាប់ផ្ដើម​បង្ហាញ​វត្តមាន​សាជាថ្មី​ទៀត​នៅក្នុង​តំបន់​ការពារទេសភាព​បឹង​ព្រែក​ល្ពៅ​ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​ភូមិសាស្ត្រ ស្រុក​បុរី​ជលសា និង​ស្រុក​កោះអណ្តែត ខេត្តតាកែវ​។

លោក លឹម វ៉ាត ប្រធានស្ដីទី តំបន់​ការពារ​ទេសភាព​បឹង​ព្រែកល្ពៅ​បាន​ប្រាប់​ភ្នំពេញ​-​ប៉ុស្តិ៍​ថា កាលពី​ឆ្នាំមុន ចាបព្រៃវែង ប្រមាណ​ជាង​ ២ ០០០​ ក្បាល​បាន​បំលាស់​ទី​រក​ចំណី​មកកាន់​តំបន់​ការពារ​ទេសភាព​បឹង​ព្រែកល្ពៅ​ បន្ទាប់ពី​ពួកវា​បាន​អវត្តមាន​ជាច្រើន​ឆ្នាំ​នៅ​កម្ពុជា​។ វត្តមាន​របស់​ពួកវា​បាន​ធ្វើឱ្យ​ក្រុម​អ្នក​អភិរក្ស​សត្វ​ស្លាប​ និង​ជីវចម្រុះ​នៅក្នុង​តំបន់​នេះ​មាន​ក្ដីរំភើប​រីករាយ​ជាទីបំផុត​។

លោក​បាន​បញ្ជាក់ថា​៖ «​យើង​ពិតជា​រីករាយ​ និង​មាន​មោទនភាព​ជា​ទីបំផុត នៅពេល​ឃើញ​ចាបព្រៃ​វែង​ដែល​ជា សត្វ​ស្លាប​ទេសន្តរប្រវេសន៍​ជិត​ផុត​ពូជ​បំផុត បង្ហាញ​វត្តមាន​នៅលើ​តំបន់​ការពារ​ទេសភាព​របស់​យើង​។ វត្តមាន​របស់​វា នាពេលនេះ​បង្ហាញថា​តំបន់​ការពារ​ទេសភាព​បឹង​ព្រែក​ល្ពៅ​របស់​យើង ជា​ទីតាំង​រក​ចំណី​ដ៏មាន​សុវត្ថិភាព និង​សម្បូរ​សប្បាយ បំផុត​សម្រាប់​ពួកវា​ស្នាក់​នៅតាម​​រដូវកាល​»​។

យ៉ាងណាក៏ដោយ គេ​នៅ​មិនទាន់​ដឹង​អំពី​ចំនួន​របស់​វា​នៅឡើយ​ទេ នៅពេលនេះ ដោយ​ក្រុមមន្ត្រី​ជំនាញ​ផ្នែក​សត្វ​ស្លាប នៅ​មិនទាន់​ឯកភាព​គ្នា​ក្នុង​ការកំណត់​ពេលវេលា​ជាក់លាក់ សម្រាប់​ការធ្វើ​យុទ្ធនាការ​ជំរឿន​សត្វ​ស្លាប​អាស៊ី នា​រដូវកាល​ដើមឆ្នាំ​ ២០២២ ​នេះ​។

លោក​ លឹម វ៉ាត បាន​និយាយថា នៅពេល​នេះ ក្រុមការងារ​របស់លោក​កំពុង​ពិភាក្សា​ជាមួយ​អង្គការ​ជា​ដៃគូ​អំពី​ពេលវេលា​នៃ​ការរៀបចំ​ធ្វើ​ជំរឿន​សត្វ​ស្លាប​អាស៊ី​សម្រាប់​ឆ្នាំ ​២០២២ ​ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ចន្លោះ​ខែមករា ដល់​ខែមេសា​។

បើតាម​លោក លឹម វ៉ាត នៅ​ចន្លោះ​ខែធ្នូ​ដល់​ខែមេសា ចាបព្រៃ​វែង ដែល​មាន​ប្រភព​បង្ក​កំណើត​នៅ​អឺរ៉ុប និង​អាស៊ី​ខាងជើង​បានធ្វើ​បំផ្លាស់​ទី​រក​ចំណី​មកកាន់​បណ្ដា​ប្រទេស​មួយចំនួន ក្នុង​តំបន់​អាស៊ី (Wintering Migration) ​ដូចជា​ប្រទេស​ឥណ្ឌា ចិន​ភាគខាងត្បូង ភូមា វៀតណាម ឡាវ​ថៃ និង​ប្រទេស​កម្ពុជា​។ វា​ជា​ប្រភេទ​សត្វ​ស្លាប​ទេសន្តរប្រវេសន៍​ជិត​ផុត​ពូជ​បំផុត អាស្រ័យ​ដោយ​ចំនួន​របស់​វា​នៅលើ​ពិភពលោក​បាន​ថយចុះ​ជាង ៨០% នា​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។

យោងតាម​ទិន្នន័យ​ក្រសួងបរិស្ថាន​មុន​ឆ្នាំ​ ២០០២ នៅ​កម្ពុជា​គេ​ឃើញ​វត្តមាន​ពួកវា​ជា​ហ្វូង​ធំ​រហូតដល់​ជាង ១ ០០០ ​ក្បាល​។ បន្ទាប់មក ចាប់ពី​ឆ្នាំ​ ២០០២ ដល់​ឆ្នាំ ​២០១២ ចាប​ព្រៃវែង​ត្រូវបាន​កត់ត្រា​ថា នៅមាន​ប្រមាណ​ចន្លោះ ពី​ ២០ ទៅ​ ១០០ ​ក្បាល​ប៉ុណ្ណោះ និង​បន្ត​មកដល់​ពេលបច្ចុប្បន្ន​វត្តមាន​របស់​វា​មិនមាន​ការកត់ត្រា​ជាក់លាក់​នោះទេ​។

កាលពី​ខែកញ្ញា ឆ្នាំ​ ២០១៩ អង្គការ WCS បានធ្វើ​បទបង្ហាញ​មួយ​ដល់​អ្នកចូលរួម​ក្នុង​សិក្ខា​សាលា​ស្ដីអំពី​ការអភិរក្ស​សត្វ​ចាបព្រៃ​វែង ដែល​ក្នុង​បទបង្ហាញ​នោះ មាន​ការកត់ត្រា​ចាបព្រៃ​វែង ប្រមាណ​ជាង​ ២០០ ​ក្បាល​នៅ​ខេត្តក្រចេះ​ក្នុង​ចន្លោះ​ឆ្នាំ​ ២០១៦ និង​ ២០១៧​។ ចំនួន​សត្វ​នេះ​ត្រូវបាន​គេ​រកឃើញ​មានការ​កើនឡើង នៅក្នុង​ឆ្នាំ​ ២០១៩ ដោយមាន​ការ​កត់​ត្រា​បាន​ប្រមាណ ​៦០០​ ក្បាល​ក្នុង​នោះ មាន​ប្រមាណ​ ៣០០​ ក្បាល​នៅ​តំបន់​វាល​ខ្សឹប​ស្ថិតក្នុង​ភូមិសាស្ត្រ​ស្រុក​ស្ទោង​ខេត្តកំពង់ធំ និង​ស្រុក​ជីក្រែង ខេត្ត​សៀមរាប និង​ប្រមាណ​ ៣០០ ​ក្បាល​ទៀត នៅ​ស្រុក​បាកាន ខេត្ត​ពោធិ៍សាត់​៕

វីដេអូ៖