​ក្រសួង​អប់រំ យុវជន និង​កីឡា បានប្រកាស​ពី​លទ្ធផល​នៃ​ការប្រឡង​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​) នៃ​សម័យ​ប្រឡង​កាលពី​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០២១ ដែលមាន​បេក្ខជន​បាន​ប្រឡង​ជាប់​ចំនួន ៧២ ០១៦ នាក់ ត្រូវជា ៦៥,៦៥% ដែលមាន​ការថយចុះ​ជាង​ឆ្នាំ ២០១៩ ដែលមាន ៦៨,៦២% ចំណែក​បេក្ខជន​ដែល​ទទួលបាន​និទ្ទេស A មាន​ចំនួន ១ ៧៥៣ នាក់ ដែលមាន​ការកើនឡើង​ជាង​ឆ្នាំ​២០១៩​។​

​យោងតាម​សេចក្តីប្រកាស​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​នា​ថ្ងៃទី​១៤ ខែមករា ស្តីពី លទ្ធផល​នៃ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ បានឱ្យដឹងថា បេក្ខជន​ប្រឡង​ជាប់​មាន​ចំនួន ៧២ ០១៦ នាក់ ត្រូវជា ៦៥,៦៥% (​បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៩ ចំនួន ៦៨,៦២%) ក្នុងនោះ​បេក្ខជន​ដែល​ទទួលបាន​និទ្ទេស A មាន​ចំនួន ១ ៧៥៣ នាក់ ដែល​ក្នុង​ឆ្នាំ​២០១៩ មាន​ចំនួន ៤៤៣ នាក់​)​។​

​ក្រសួង​បាន​បន្ថែមថា សម្រាប់​និទ្ទេស B មាន​ចំនួន ៥ ២១៥ នាក់ ដែល​ឆ្នាំ​២០១៩ មាន​ចំនួន ២ ៤៣០ នាក់​), និទ្ទេស C មាន​ចំនួន ១១ ៦៣៤ នាក់ ដែល​ឆ្នាំ​២០១៩ ចំនួន ៥ ៨៤៧ នាក់​, និទ្ទេស D មាន​ចំនួន ២៣ ៤៩៩ នាក់ ដែល​ឆ្នាំ​២០១៩ ចំនួន ១៤ ១០០ នាក់​, និង​និទ្ទេស E មាន​ចំនួន ២៩ ៩១៥ នាក់ ដែល​ឆ្នាំ​២០១៩ ចំនួន ៥៦ ២៣២ នាក់​។​

​ក្រសួង​បានបញ្ជាក់​ទៀតថា បេក្ខជន​គ្រប់​រាជធានី ខេត្ត ដែល​ទទួលបាន​និទ្ទេស A ចំនួន ១៧៥៣ នាក់ ក្នុងនោះ បេក្ខជន​មកពី​រាជធានី ភ្នំពេញ ៥៦៥ នាក់​, ខេត្តសៀមរាប ១៥៣ នាក់​, កណ្ដាល ១២៧ នាក់​, បាត់ដំបង ១២៣ នាក់​, កំពង់ចាម ១១៨ នាក់​។ ខេត្តបន្ទាយមានជ័យ ៩៩ នាក់​, តាកែវ ៩៩ នាក់​, ព្រៃវែង ៨៧ នាក់​, កំពត ៧៥ នាក់​, ត្បូងឃ្មុំ ៥៤ នាក់​, ក្រចេះ ៤៥ នាក់​, កំពង់ធំ ៤១ នាក់​, កំពង់ស្ពឺ ៣៣ នាក់​, ពោធិ៍សាត់ ២៨ នាក់​, ស្វាយរៀង ២៦ នាក់​។ ខេត្តកំពង់ឆ្នាំង ២២ នាក់​, ព្រះសីហនុ ២០ នាក់​, រតនគិរី ០៩ នាក់​, ស្ទឹងត្រែង ០៦ នាក់​, ប៉ៃលិន ០៦ នាក់​, ឧ​ត្ត​រ​មានជ័យ ០៥ នាក់​, កោះកុង ០៤ នាក់​, ព្រះវិហារ ០៤ នាក់​, កែប ០៣ នាក់​, និង​ខេត្តមណ្ឌលគិរី ០១ នាក់​។​

​គួរ​បញ្ជាក់ថា ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ដែល​បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី​២៧-២៨ ខែធ្នូ ឆ្នាំ​២០២១ មាន​បេក្ខជន​សរុប ចំនួន ១១៤ ១៨៧ នាក់ ក្នុងនោះ ១០៤ ២៩៩ នាក់ ជា​បេក្ខជន​ចំណេះ​ទូទៅ​, ៤ ៤១៧ នាក់ ជា​បេក្ខជនស្វៃរិន​, ៣ ៤៣៦ នាក់ ជា​បេក្ខជន​បំពេញវិជ្ជា និង ២ ០៣៥ នាក់ ជា​បេក្ខជនស្វៃរិន​បំពេញវិជ្ជា​។

​ក្រសួង​អប់រំ យុវជន និង​កីឡា បានឱ្យដឹងថា ដំណើរការ​នៃ​ការប្រឡង រួមបញ្ចូល​ទាំង​ដំណើរការ​សំណេរ​, កំណែ​, ស្រង់ បូក​ពិ​ន្ទ​ដោយ​កុំព្យូទ័រ​, និង​ផ្ទៀងផ្ទាត់​ពិ​ន្ទ បាន​ប្រព្រឹត្តទៅ​ប្រកបដោយ​ជោគជ័យ និង​ពុំមាន​ឧបទ្ទវ​ហេតុអ្វី​គួរឱ្យកត់សម្គាល់​ឡើយ​។

​ការប្រកាស​លទ្ធផល ធ្វើឡើង​នៅ​រសៀល​ថ្ងៃទី​១៤ ខែមករា សម្រាប់​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល និង​នៅ​ព្រឹក​ថ្ងៃទី​១៥ ខែមករា​សម្រាប់​ខេត្ត​ដទៃទៀត​៕​

វីដេអូ៖