​សៀមរាបៈ ប្រាសាទតុប​ខាងលិច ត្រូវបាន​អាជ្ញាធរ​ជាតិ​អប្សរា សហការ​ជាមួយ​វិទ្យាស្ថាន​ជាតិ​ណា​រ៉ា ប្រទេស​ជប៉ុន​ កំពុង​ជំរុញ​ដំណើរការ​ជួសជុល ដោយ​នៅពេលនេះ ជួសជុល​បាន​ជិត​ ៨០ ​ភាគរយ​ហើយ ដែល​តាម​គម្រោង​នឹងត្រូវ​បញ្ចប់​ការជួសជុល នៅ​ពាក់កណ្តាល​ឆ្នាំ ​២០២២​។

​បើតាម​ហ្វេ​ស​ប៊ុ​ក​អាជ្ញាធរ​ជាតិ​អប្សរា បាន​ចុះផ្សាយ​ថា អាជ្ញាធរ​ជាតិ​អប្សរា កំពុង​ជំរុញ​ការងារ​ជួសជុល​ប្រាសាទតុប​ខាងលិច​នេះ ដោយមាន​ការសហការ​ជាមួយ​វិទ្យាស្ថាន​ជាតិ​ណា​រ៉ា​ប្រទេស​ជប៉ុន កំពុង​ជំរុញ​ការងារ​ជួសជុល​ប្រាង្គ​កណ្តាល​នៃ​ប្រាសាទតុប​ខាងលិច ដែល​ទទួលរង​ការខូចខាត​ធ្ងន់ធ្ងរ​ដោយ​ការដួលរលំ​ស្ទើរ​ទាំងស្រុង​។

​ក្នុង​ដំណើរការ​ជួសជុល​នេះ មានការ​លំបាក​យ៉ាងខ្លាំង និង​ប្រើ​ពេលវេលា​យូរ ដោយសារ​ថ្ម​ប្រាសាទ​មួយចំនួនធំ ត្រូវ​បាត់បង់​និង​ខូចគុណភាព​។

​ប៉ុន្តែ​ទោះយ៉ាងណា រហូតមកដល់​ពេលនេះ ការងារ​ជួសជុល​សម្រេចបាន​ជិត​៨០​ភាគរយ​ហើយ​។

​ដោយឡែក​ការងារ​ដែល​នៅ​សេសសល់​ដូចជា​ការរៀប​តួ​ប្រាសាទ​ឡើងវិញ ពី​ហោជាង​ទៅ​ដំបូល​ខាងលើ គ្រោង​នឹង​បញ្ចប់​នា​ពាក់កណ្តាល​ឆ្នាំ​២០២២​ខាងមុខ​៕​