
លោក ខៃហ្វឹ តូស្ស៊ីគិ អតីតនាយករដ្ឋមន្ត្រីជប៉ុន ដែលបានទទួលមរណភាព។ រូបថត AFP
ភ្នំពេញៈ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន កាលពីថ្ងៃទី១៤ ខែមករា បានផ្ញើសារទៅលោក គីស៊ីដា ហ្វីមីអូ នាយករដ្ឋមន្ដ្រីជប៉ុន សម្ដែងការសោកសៅយ៉ាងក្រៃលែងក្រោយពេលទទួលបានដំណឹងថា លោក ខៃហ្វឹ តូស្ស៊ីគិ អតីតនាយករដ្ឋមន្ត្រីជប៉ុន បានទទួលមរណភាព។
យោងតាមសាររបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ផ្ញើទៅកាន់លោក គីស៊ីដា ហ្វីមីអូ នាយករដ្ឋមន្ដ្រីជប៉ុន បានសរសេរថា៖«ឯកឧត្តមជាទីរាប់អាន ខ្ញុំមានអារម្មណ៍សោកសៅយ៉ាងក្រៃលែង នៅពេលបានទទួលដំណឹងអំពីមរណភាពរបស់ ឯកឧត្តម ខៃហ្វឹ តូស្ស៊ីគិ អតីតនាយករដ្ឋមន្ត្រីជប៉ុន»។
លោកនាយករដ្ឋមន្ដ្រីថ្លែងថា តាងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា លោកសូមសម្តែងនូវមរណទុក្ខយ៉ាងក្រៀមក្រំបំផុតជូនចំពោះលោកនាយករដ្ឋមន្ដ្រីជប៉ុន និងតាមរយៈលោកនាយករដ្ឋមន្ដ្រីជប៉ុន ជូនដល់ ប្រជាជនជប៉ុន ពិសេសក្រុមគ្រួសារនៃសពលោក ខៃហ្វឹ តូស្ស៊ីគិ អតីតនាយករដ្ឋមន្ត្រីជប៉ុន។
លោកនាយករដ្ឋមន្ដ្រីបញ្ជាក់ថា អតីតនាយករដ្ឋមន្ត្រី លោក ខៃហ្វឹ ជារដ្ឋបុរសដ៏លេចធ្លោរបស់ជប៉ុន នឹងនៅតែត្រូវគេចងចាំជានិច្ច ចំពោះតួនាទីយ៉ាងសំខាន់របស់គាត់ក្នុងកិច្ចខិតខំប្រឹងប្រែងគាំទ្រដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ និងសកលលោក ពិសេសការចូលរួមចំណែកដល់ដំណើរការសន្តិភាពនៅកម្ពុជា រហូតឈានទៅដល់ការសម្រេចបានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។
លោកនាយករដ្ឋមន្ដ្រីបញ្ជាក់ថា៖«សមានចិត្តយ៉ាងជ្រាលជ្រៅ និងការបន់ស្រន់របស់យើងខ្ញុំ នឹងស្ថិតនៅជាមួយឯកឧត្តម និង ប្រជាជនជប៉ុន នៅក្នុងគ្រាដ៏លំបាកនេះ»៕
