ភ្នំពេញៈ អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) កាលពី​ថ្ងៃទី​១៤ ខែមករា​នេះ បាន​ជួបពិភាក្សា​ជាមួយ តំណាង​គណបក្សនយោបាយ​ចំនួន ៣ និង​តំណាង​អង្គការ​ខុមហ្វ្រែល​អំពី​ការកែប្រែ​លើ​កំណត់ហេតុ​នៃ​ការរាប់​សន្លឹកឆ្នោត (​ទម្រង់​បែបបទ ១១០២) ដើម្បី​កាត់បន្ថយ​នូវ​កំហុសឆ្គង​មួយចំនួន​ដែល​ធ្លាប់មាន​ការឆកល្វែង​ដែល​កើតឡើង​ដោយ​អ​ចេតនា​របស់​មន្ត្រី​ការិយាល័យ​បោះឆ្នោត គណៈកម្មការ​ឃុំ សង្កាត់​រៀបចំ​ការបោះឆ្នោត ប៉ុន្ដែ​តំណាង​គណបក្ស និង​អង្គការ​នៅតែ​ទទូច​រក្សា​ជំហរ​ទាមទារ​របស់ខ្លួន​ដដែល​។ នេះ​បើតាម​សេ​ក្ដី​ប្រកាស​ព័ត៌មាន​របស់ គ​.​ជ​.​ប​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ គ​.​ជ​.​ប ស្តីពី​ការជួបពិភាក្សា​បានឱ្យដឹង​ថា​ដោយមាន​ការអនុញ្ញាត​ពី គ​.​ជ​.​ប លោក ទេព នីថា អគ្គលេខាធិការ គ​.​ជ​.​ប បាន​អញ្ជើញ​តំណាង​គណបក្សនយោបាយ​ចំនួន ៣ គឺ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន គណបក្ស​កម្ពុជា​និយម គណបក្ស​កែទម្រង់​កម្ពុ​ជា និង​តំណាង​អង្គការ​ខុមហ្វ្រែល ដើម្បី​ចូលរួម​ពិភាក្សា​លើ​អនុសាសន៍​របស់​គណបក្ស​នយោបាយ​ពាក់ព័ន្ធ​នឹង​កំណត់ហេតុ​នៃ​ការរាប់​សន្លឹកឆ្នោត (​ទម្រង់​បែបបទ ១១០២) នៅ​ទីស្តីការ គ​.​ជ​.​ប កាលពី​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២២​នេះ​។​

​នៅក្នុង​ជំនួប​ពិភាក្សា​នេះ លោក ទេព នីថា បាន​ថ្លែងថា កំណត់ហេតុ​នៃ​ការរាប់​សន្លឹកឆ្នោត (​ទម្រង់​បែបបទ ១១០២) គណបក្សនយោបាយ​អាច​ថត​នៅមុខ​ការិយាល័យ​បោះឆ្នោត​នៅពេល​បិទ​ផ្សាយ​ជា​សាធារណៈ ហើយ​គណបក្សនយោបាយ​អាច​ទៅ​ទទួលយក​ទម្រង់​បែបបទ ១១០២ ដដែល​នេះ​ពី​គណៈកម្មការ​ឃុំ សង្កាត់​រៀបចំ​ការបោះឆ្នោត (​គឃ​.​សប​)​។ ទម្រង់ បែបបទ ១១០២ នេះ ត្រូវបាន​គណៈកម្មការ​ឃុំ សង្កាត់​រៀបចំ​ការបោះឆ្នោត ស្កេ​ន (Scan) ដោយផ្ទាល់ រួច​បោះពុម្ព​ចេញពី​កុំព្យូទ័រ ហើយ​ចែកជូន​តំណាង​គណបក្សនយោបាយ​ដែលមាន​វត្ត​មាននៅ​គណៈកម្មការ ឃុំ សង្កាត់​រៀបចំ​ការបោះឆ្នោត​។​

​លោក ទេព នីថា បញ្ជាក់ថា​៖«​ហេតុផល​ដែលមាន​ការកែប្រែ​លើ​ចំណុច​នេះ ដោយសារតែ​ប្រទេស​កម្ពុជា មានការ​រីកចម្រើន​ផ្នែក​បច្ចេកវិទ្យា និង​កំណើនសេដ្ឋកិច្ច ហើយ​រាជរដ្ឋាភិបាល​បានផ្ដល់​ថវិកា​មួយចំនួន ដើម្បីឱ្យ គ​.​ជ​.​ប មានលទ្ធភាព​ទិញ​កុំព្យូទ័រ និង​ម៉ាស៊ីន Scanner សម្រាប់​ផ្តល់ជូន​ទៅដល់​គណៈកម្មកា​រ ឃុំ សង្កាត់ រៀបចំ​ការបោះឆ្នោត​ក្នុងការ​បំពេញការងារ​នាពេលខាងមុខ​»​។

​លោក​បន្តថា ការបោះឆ្នោត​កន្លងមក គណៈកម្មការ​ឃុំ សង្កាត់​រៀបចំ​ការបោះឆ្នោត ពុំមាន​សម្ភារ​ឧបករណ៍​ទាំង​នោះទេ​។ ម្យ៉ាងទៀត​ដើម្បី​កាត់បន្ថយ​នូវ​កំហុសឆ្គង​មួយចំនួន​ដែល​ធ្លាប់មាន​ការឆកល្វែង ដែល​កើតឡើង​ដោយ​អ​ចេតនា​របស់​មន្ត្រី​ការិយាល័យ​បោះឆ្នោត គណៈកម្មការ​ឃុំ សង្កាត់​រៀបចំ​ការបោះឆ្នោត​ជា​អ្នក​ចែកជូន​ទម្រង់​បែបបទ ១១០២ ដល់​តំណាង​គណបក្សនយោបាយ​ដោយផ្ទាល់​ដៃ​វិញ​។​

​លោក ទេព នីថា បន្តថា​ការបោះឆ្នោត​កន្លងមក មន្ត្រី​ការិយាល័យ​បោះឆ្នោត​ត្រូវ​ចម្លង​លទ្ធផល​នៃ​ការរាប់​សន្លឹកឆ្នោត​ដោយ​ដៃ​ជាច្រើន​ច្បាប់​ចែកជូន​ភ្នាក់ងារ​គណបក្សនយោបាយ​ដែលមាន​វត្ត​មាននៅ​ការិយាល័យ​បោះឆ្នោត​។ លើសពីនេះ​ទៀត​ក្នុង​ថ្ងៃ​បោះឆ្នោត មន្ត្រី​ការិយាល័យ​បោះឆ្នោត​ធ្វើការ​លើស ១២ ម៉ោង ហួសកម្លាំង​មន្ត្រី​ការិយាល័យ​បោះឆ្នោត​អាច​នឹង​មានការ​ថ្លោះធ្លោយ​នៅក្នុង​ការសរសេរ​ចម្លង​លទ្ធផល​នៃ​ការបោះឆ្នោត​ដោយ​ដៃ​។​

​សម្រាប់​ការបោះឆ្នោត​នៅ​ឆ្នាំ​២០២២ ខាងមុខ គ​.​ជ​.​ប បានធ្វើការ​កែសម្រួល​ត្រង់ចំណុច​នេះ ដោយ​ភ្នាក់ងារ​គណបក្សនយោបាយ​ដែលមាន​វត្តមាន នៅតែ​ទទួលបាន​ទម្រង់​បែបបទ ១១០២ ដដែល គ្រាន់តែ​ពីមុន​ទទួល​ដោយផ្ទាល់​ដៃ​នៅ​ការិយាល័យ​បោះឆ្នោត ប៉ុន្តែ​ពេលនេះ​ត្រូវ​មក​ទទួល​ដោយផ្ទាល់​ដៃ​នៅ​គណៈកម្មការ​ឃុំ សង្កាត់​រៀបចំ​ការបោះឆ្នោត​វិញ ក្នុង​ថ្ងៃ​បោះឆ្នោត​ដដែល​។ ម្យ៉ាងទៀត​សាធារណជន​ក៏​អាច​ចូល​មើល​លទ្ធផល​នៃ​ការបោះឆ្នោត​នៅលើ​គេហទំព័រ​របស់ គ​.​ជ​.​ប ផងដែរ​។​

​លោក ទេព នីថា ពន្យល់​ទៀតថា កន្លងមក​តួលេខ​នៅលើ​ទម្រង់​បែបបទ ១១០២ មាន​ខុស​តែ​បន្តិចបន្តួច​មិន​ធ្វើឱ្យប៉ះពាល់​ដល់​លទ្ធផល​នៃ​ការបោះឆ្នោត​ទេ​។ ប៉ុន្តែ​ត្រូវបាន​គណបក្សនយោបាយ​ខ្លះ​ឬ​មហាជន​មួយចំនួន​ថត​បង្ហោះ​ផ្សព្វផ្សាយ​លើ​បណ្តាញ​សង្គម ដើម្បី​ធ្វើឱ្យ​សាធារណជន​មានការ​ភាន់ច្រឡំ​អំពី​លទ្ធផល​នៃ​ការបោះឆ្នោត​។ មូលហេតុ​ទាំងនេះហើយ ទើប​ពេលនេះ គ​.​ជ​.​ប បានធ្វើការ កែសម្រួល ដើម្បីឱ្យ​លទ្ធផល​នៃ​ការបោះឆ្នោត​កាន់តែ​មាន​ភាព​សុក្រឹត តម្លាភាព ហើយ​ដំណើរការ​បោះឆ្នោត​ប្រព្រឹត្ត​ទៅដោយ​រលូន​។​

​ទោះបីជា គ​.​ជ​.​ប បាន​ពន្យល់​ហេតុផល​សព្វគ្រប់​យ៉ាងណា​ក៏ដោយ ភាគី​ខាង​គណបក្សនយោបាយ​ទាំង ៣ នៅតែ​ទទូច​រក្សា​ជំហរ​ទាមទារ​របស់ខ្លួន​ដដែល​។ ភាគី​គណបក្សនយោបាយ​ទាំង ៣ ក៏បាន​ថ្លែងអំណរគុណ​ដល់ គ​.​ជ​.​ប ដែល​បាន​ផ្តល់ឱកាស​ឱ្យ​គណបក្សនយោបាយ​បាន​ជួបពិភាក្សា​ផ្ទាល់​លើ​ចំណុច​ខ្វែងគ្នា​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​។

​លោក​បាន​បន្តថា គ​.​ជ​.​ប នៅមាន​កិច្ចការ​ជាច្រើន​ទៀត​ដែល​ត្រូវ​ជួបពិភាក្សា​ការងារ​ជាមួយ​ភាគី​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត​។ លោក​បាន​ថ្លែងអំណរគុណ​ដល់​គណបក្ស​នយោបាយ និង​អង្គការ​ខុមហ្វ្រែល​ដែល​បាន​ចូលរួម​ផ្ដល់​អនុសាសន៍​លើ​សេចក្តីព្រាង​បទបញ្ជ និង​នីតិវិធី​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២​។​

​ភាគី​ទាំង​២​បាន​វាយតម្លៃ​ចំពោះ​ជំនួប​ពិភាក្សា​ដោយផ្ទាល់​នេះ​ថា វា​ជាការ​យោគយល់​គ្នា និង​បាន​ជជែក​គ្នា​ត្រង់​ទៅ​ត្រង់​មក​។ ជំនួប​ពិភាក្សា​រយៈពេល​ប្រមាណ​ជា ២ ម៉ោង បាន​បញ្ចប់ទៅ ដោយ​ភាពស្និទ្ធស្នាល​៕