ភ្នំពេញៈ បុរស​ជាងសំណង់​ម្នាក់​បាន​ដុត​ផ្ទះ​ខ្លួនឯង​បណ្ដាលឱ្យ​ឆាបឆេះ​អស់​ចំនួន ៤ ខ្នង និង​ឆេះ​សម្ភារ​អស់ទាំង​ស្រុង ប៉ុន្ដែ​មិន​បណ្ដាលឱ្យ​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ ហើយ​សមត្ថកិច្ច​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​អស់​ចំនួន ២១ គ្រឿង​ទើប​ពន្លត់​បាន​ទាំងស្រុង​។

ករណីនេះ​កើតឡើង​កាល​យប់​ថ្ងៃទី​ ១៤ ខែមករា ស្ថិតនៅ​ចំណុច​ផ្ទះ​លេខ​ ៧២ ភូមិ ​២១ ក្រុម ​២៥៧ សង្កាត់​ស្រះចក ខណ្ឌដូនពេញ​។ នេះ​បើតាម​របាយការណ៍​របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​។

លោក ព្រហ្ម យ៉ន នាយការិយាល័យ​បង្ការ​ពន្លត់​អគ្គិភ័យ​ និង​សង្គ្រោះ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹងថា ម្ចាស់​ទីតាំង​មានឈ្មោះ​លៀង ទិនធី ភេទ​ប្រុស អាយុ ៣២ ឆ្នាំ មុខរបរ​ជាងសំណង់​។ មូលហេតុ​នៃ​ការឆាបឆេះ​បណ្តាលមកពី​ការដុត​ផ្ទះ​ដោយ​ខ្លួនឯង​ទើប​បង្ក​ជា​អគ្គិភ័យ​។

លោក​ថ្លែងថា​៖ «​ក្នុង​ហេតុការណ៍​គ្រោះ​អគ្គិភ័យ​ខាងលើនេះ​បណ្តាលឱ្យ​ឆាបឆេះ​ផ្ទះ​ឈើ​លើ​ថ្ម​ក្រោម ទំហំ ៤ ​ម៉ែត្រ x ៨ ​ម៉ែត្រ ខូចខាត​ចំនួន ៤ ខ្នង និង​សម្ភារ​អស់ទាំង​ស្រុង​»​។

បើតាម​របាយការណ៍​របស់​សមត្ថកិច្ច ប្រតិបត្តិការ​សង្គ្រោះ​ករណី​អគ្គិភ័យ​នេះ សមត្ថកិច្ច​បាន​ប្រើប្រាស់​រថយន្ដ​ការិយាល័យ​បង្ការ និង​ពន្លត់​អគ្គិភ័យ​ចំនួន ២១ គ្រឿង ប្រើប្រាស់​ទឹក​អស់ ២១ ឡាន ស្មើនឹង ៨៤ ម៉ែត្រគុប និង​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ក្រុមហ៊ុន OCIC ចំនួន ៦ គ្រឿង ប្រើប្រាស់​ទឹក​អស់ ១ ឡាន ស្មើនឹង ៦ ម៉ែត្រគុប​។

របាយការណ៍​បញ្ជាក់ថា​គ្រោះ​អគ្គិភ័យ​ខាងលើនេះ កម្លាំង​សមត្ថកិច្ច​ជំនាញ​បាន​គ្រប់គ្រង​ទាំងស្រុង នៅវេលា​ម៉ោង​ ១២ ​និង​ ២០​ នាទី​រំលងអធ្រាត្រ​៕