កំពង់ស្ពឺៈ អភិបាលខេត្ដកំពង់ស្ពឺ លោក វ៉ី សំណាង បញ្ជាក់ថា សិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ជាប់និទ្ទេស A ចំនួន ៣៣ នាក់ក្នុងខេត្ដកំពង់ស្ពឺនឹងទទួលបានម៉ូតូក្នុង ១ នាក់ ១ គ្រឿង ដែលនេះជាការលើកទឹកចិត្ដដល់ការខិតខំប្រឹងប្រែងរៀនសូត្ររបស់ពួកគេ ទោះបីស្ថិតក្នុងស្ថានភាពការរីករាលដាលជំងឺកូវីដ ១៩ ក៏ដោយ។
លោក វ៉ី សំណាង ថ្លែងប្រាប់ភ្នំពេញប៉ុស្ដិ៍នៅថ្ងៃទី ១៥ មករានេះថា លោកសូមចូលរួមអបអរសាទរជាមួយនឹងបេក្ខជន ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាសម័យប្រឡង ២៧ ធ្នូ ២០២១ ជាពិសេស ក៏សូមកោតសរសើរដល់ពួកគេ ដែលបានខិតខំប្រឹងប្រែងរៀនសូត្ររហូតប្រឡងជាប់និទ្ទេស A ជាច្រើននាក់ បើទោះស្ថិតក្នុងដំណាក់កាលដ៏លំបាកនៃការរីករាលដាលជំងឺកូវីដ ១៩ ក៏ដោយ។
លោកថ្លែងថា៖ «យើងមានការផ្ដល់ម៉ូតូដល់សិស្សប្រឡងជាប់និទ្ទេស A ទាំងអស់ ក្នុង ១ នាក់ ១ គ្រឿង សរុប ៣៣ នាក់ គឺផ្ដល់ម៉ូតូ ៣៣ គ្រឿង។ ម៉ូតូនេះមិនមែនយកថវិការដ្ឋទៅទិញទេ គឺខ្ញុំសុំសប្បុរសជន អ្នកដែលគាត់រកស៊ីមានបាន គាត់ជួយ ១ គ្រឿង ២ គ្រឿង អ៊ីចឹងទៅ។ ឆ្នាំក្រោយក៏យើងធ្វើដូចគ្នាអ៊ីចឹងដែរ បើសិនជាមិនមានអ្វីចម្លែក»។
លោក វ៉ី សំណាង ក៏សូមអរគុណចំពោះមាតាបិតា អាណាព្យាបាលសិស្ស ដែលបានផ្ដល់ឱកាសឱ្យកូនបានរៀនសូត្រពេញលេញរហូតទទួលបាននូវកិត្តិយសគឺជយលាភីល្អសម្រាប់ខ្លួនគេ សម្រាប់គ្រួសារ សម្រាប់សាលារៀន និងសម្រាប់ខេត្តកំពង់ស្ពឺ។
លោកបន្តថា តាមរយៈនេះសូមលោកគ្រូ អ្នកគ្រូ អាណាព្យាបាលសិស្សានុសិស្ស ជាពិសេសក្មួយៗត្រូវបន្តខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីយកចំណេះវិជ្ជាមកចូលរួមអភិវឌ្ឍន៍គ្រួសារ សហគមន៍ និងសង្គមជាតិទាំងមូល។
បើតាមក្រសួងលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០២១ នេះបានឱ្យដឹង ខេត្ដកំពង់ស្ពឺមានបេក្ខជនប្រឡងសរុបចំនួន ៤ ៥៥៥ នាក់ក្នុងនោះស្រី ២ ៣៨០ នាក់បានប្រឡងជាប់សញ្ញាបត្រសរុបចំនួន ២ ៩៧៩ នាក់ ក្នុងនោះស្រី ១ ៧២២ នាក់ និងមានសិស្សប្រឡងជាប់និទ្ទេស A សរុបចំនួន ៣៣ នាក់៕