ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក អ៊ិត សំហេង ចាត់ទុក​វិស័យ​វាយនភណ្ឌ​កាត់ដេរ ផលិត​ស្បែកជើង និង​ផលិត​ផលិតផល​ធ្វើដំណើរ និង​កាបូប​ជា​វិស័យ​ទ្រទ្រង់​សេដ្ឋកិច្ច​ដ៏សំខាន់ និង​នៅតែ​ជា​វិស័យ​នាំចេញ​សំខាន់​ជាងគេ​របស់​កម្ពុជា ខណៈ​កំណើន​ប្រចាំឆ្នាំ​ជា​មធ្យម​ក្នុង​រយៈពេល ១០ ឆ្នាំ​ចុងក្រោយ​នេះ​មាន​អត្រា​ប្រហែល​ ១០%​។

ទោះបីជា​មានការ​ធ្លាក់ចុះ​បន្តិចបន្តួច​ចំពោះ​វិស័យ​វាយនភណ្ឌ​កាត់ដេរ​នៅក្នុង​ឆ្នាំ​ ២០២០ ប៉ុន្ដែ​បាន​ងើបឡើង​វិញ​បាន​យ៉ាង​ល្អ​ក្នុង​ឆ្នាំ​ ២០២១ ដោយ​ការនាំចេញ​ក្នុង​រយៈពេល ១០ ខែ​ដំបូង​មាន​កំណើន​គួរឱ្យ​កត់សម្គាល់​ក្នុងនោះ​ការនាំចេញ​សម្លៀកបំពាក់​មាន​ទឹកប្រាក់ ៦ ៥៣៨ លាន​ដុល្លារ កើនឡើង ​៦% ធៀប​នឹង​ឆ្នាំ​កន្លងទៅ​ស្រប​ពេលដែល​ការនាំចេញ​ផលិតផល​ស្បែកជើង​មាន​ទឹកប្រាក់ ១ ១១៣ លាន​ដុល្លារ កើនឡើង ២០% ការនាំចេញ​ផលិតផល​ធ្វើដំណើរ​មាន​ទឹកប្រាក់ ១ ១៧៩ លាន​ដុល្លារ កើនឡើង ៤៩%​។ លោក អ៊ិត សំហេង បានបញ្ជាក់​បែបនេះ​ក្នុង​សន្និបាត​លើក​ទី​ ១៥ របស់​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) រៀបចំ​នៅ​សមាគម​នេះ​ស្ថិត​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​កាលពី​ថ្ងៃទី​ ១៥ ខែមករា ឆ្នាំ​ ២០២២​។

លោក​បាន​ថ្លែងថា តាំងពី​ឆ្នាំ​ ១៩៩៦ GMAC បាន​ដំណើរការ ២៥ ឆ្នាំ​កន្លង​មកហើយ និង​បាន​ដើរតួនាទី​ជា​តំណាង​សំឡេង​រួម​តែមួយ​របស់​វិនិយោគិន​ក្នុង​វិស័យ​កាត់ដេរ ដោយបាន​ការពារ និង​លើកកម្ពស់​សិទ្ធិ និង​ប្រយោជន៍​ស្របច្បាប់​របស់​វិនិយោគិន​ទាំងអស់​ក្នុង​វិស័យនេះ និង​បាន​បង្កើត​នូវ​វេទិកា​សម្រាប់​ការប្រឹក្សា​យោបល់ និង​កិច្ចសន្ទនា​សង្គម​នានា​ជាមួយ​គ្រប់ភាគី​ពាក់ព័ន្ធ​លើ​បញ្ហា​ជាច្រើន​ដែលមាន​ផលប៉ះពាល់​ជា​សក្តានុពល​ដល់​បរិយាកាស​វិនិយោគ​ទូទៅ​សំដៅ​បង្កើត​នូវ​ស្ថានភាព​មួយ​ដែល​អំណោយផល​ដល់​កំណើន​នៃ​ការនាំចេញ និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។

លោក​បន្តថា​៖ «១ ​យើង​ពិត​ជាមាន​មោទនភាព​ណាស់ ដែល​កន្លងមកនេះ GMAC បាន​ចូលរួម​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​, ក្រសួង​ពាណិជ្ជកម្ម​, ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​, អង្គការ​អន្តរជាតិ​ខាង​ការងារ​, សហជីព និង​ដៃគូ​សង្គម​នានា ដើម្បី​រួមចំណែក​ធ្វើឱ្យ​សេដ្ឋកិច្ច សង្គម​កម្ពុជា​ទទួល​បាន​ការអភិវឌ្ឍ​រីកចម្រើន​ដូច​បច្ចុប្បន្ន​»​។

លោក អ៊ិត សំហេង បាន​រំឭកថា វិស័យ​វាយនភណ្ឌ​កាត់ដេរ ផលិត​ស្បែកជើង និង​ផលិត​ផលិតផល​ធ្វើដំណើរ​ និង​កាបូប​មាន​រោងចក្រ សហគ្រាស និង​កម្មករនិយោជិត​តិចតួច នៅពេល​កម្ពុជា​បានចាប់ផ្តើម​បើក​សេដ្ឋកិច្ច​របស់ខ្លួន និង​ទទួល​វិនិយោគ​ចាប់ពី​ឆ្នាំ​ ១៩៩៣ និង​បាន​បន្ត​កើនឡើង​ជា​បន្តបន្ទាប់​រហូត​មក​។ លោក​បន្តថា គិត​ត្រឹម​ចុងឆ្នាំ​ ២០២១ នេះ​រោងចក្រ សហគ្រាស​ដែល​បាន​ចុះបញ្ជី​ផ្លូវការ​ក្នុង​វិស័យនេះ​បាន​កើន​ដល់​ប្រមាណ​ជាង ១២០០ រោងចក្រ ដែល​ផ្តល់​ការងារ​ក្នុង​ប្រព័ន្ធ​ដល់​កម្មករ​និយោជិត​ប្រមាណ​ជិត ១ លាន​នាក់​។

លោក​បានឱ្យដឹងថា​ក្នុង​ឆ្នាំ ២០២១ ទឹកប្រាក់​នាំចេញ​សរុប​នៃ​វិស័យនេះ​មាន​ប្រមាណ​ជិត ១០ ពាន់​លាន​ដុល្លារ​អាមេរិក ឬ​ប្រមាណ ៦៣ ភាគរយ​នៃ​ទឹកប្រាក់​នាំចេញ​សរុប​របស់​កម្ពុជា​។ ដោយឡែក​ជីវភាព​កម្មករ​និយោជិត​ក៏បាន​ប្រសើរ​ឡើងជា​លំដាប់​ដោយ​ការយកចិត្ត​ទុកដាក់រ​បស់​រាជរដ្ឋាភិបាល តាមរយៈ​ការដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ជា​បន្តបន្ទាប់​។

បើ​គិត​ចាប់ពី​ឆ្នាំ​ ១៩៩៧ ដល់​ឆ្នាំ​ ២០២១ រាជរដ្ឋាភិបាល​បាន​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ដល់​កម្មករ​និយោជិត​បាន​ចំនួន ១៨ លើក​ដោយ​កើន​ពី ៤០ ​ដុល្លារ​អាមេរិក​សម្រាប់​ឆ្នាំ​ ១៩៩៧ ដល់ ១៩៤ ដុល្លារ​អាមេរិក​សម្រាប់​ឆ្នាំ​ ២០២២​។

សម្រាប់​ឆ្នាំ​ ២០២២​ នេះ​ដោយ​បូក​រួមទាំង​ប្រាក់រង្វាន់​អតីតភាព​ការងារ និង​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ កម្មករ​និយោជិត​ម្នាក់ៗ​អាច​ទទួលបាន​ប្រាក់​ឈ្នួល​ចាប់ពី ២១១ ​ដុល្លារ​អាមេរិក ទៅ ២២២ ដុល្លារ​អាមេរិក​ក្នុង​មួយខែ​។ ក្រៅពី​កម្មករនិយោជិត​ប្រមាណ​ជិត ១ លាន​នាក់​ដែល​ទទួលផល​ផ្ទាល់​មាន​ប្រជាពលរដ្ឋ​ប្រមាណ​ជាង ២ ​លាន​នាក់​ដែល​ទទួលផល​ដោយ​ប្រយោល​ពី​វិស័យនេះ​។ លោក អ៊ិត សំហេង​បញ្ជាក់​៕