ភ្នំពេញៈ មន្ត្រី​យោធា ២ នាក់​មាន​ឋាន:​ជា​ពលបាលឯក​បាន​ស្លាប់​នៅនឹង​កន្លែង ខណ:​កំពុង​ហ្វឹកហាត់​បាញ់​គ្រាប់​ពិត​ប្រភេទ​គ្រាប់ផ្លោង (​កាំភ្លើងត្បាល់​) នៅ​ទីលាន​បាញ់​គ្រាប់​ពិត ចំណុច​អូរតាឡាស់ ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង កាលពី​ថ្ងៃទី ១៤ មករា ឆ្នាំ​ ២០២២​។

លោក ម៉ៅ ផល្លា អ្នកនាំពាក្យ​កងទ័ពជើងគោក​ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍ នៅ​ថ្ងៃទី​ ១៥ ខែមករា​នេះ​ថា ករណី​គ្រោះថ្នាក់​នេះ​កើតឡើង​នៅ​អំឡុង​ពេលដែល​យោធា​ទាំង ២ រូប​កំពុង​អនុវត្ដ​បាញ់​គ្រាប់​ពិត ប្រភេទ​គ្រាប់ផ្លោង ប្រើប្រាស់​ប្រភេទ​កាំភ្លើងត្បាល់​។

លោក​ថ្លែងថា​៖ «​យោធា​យើង​រងគ្រោះ​មរណភាព ២ ​នាក់​ពេល​កំពុង​ហ្វឹកហ្វឺន​បាញ់​គ្រាប់​ពិត​។ យើង​ពិតជា​សោកស្ដាយ​ណាស់ វា​ជា​រឿង​ចៃដន្យ​។ ពេល​កំពុង​ហ្វឹកហ្វឺន​នេះ យោធា​យើង​ប្រើប្រាស់​កាំភ្លើងត្បាល់​បាញ់​គ្រាប់ផ្លោង បាញ់​បាន ២ ​គ្រាប់​ហើយ នៅតែ​ ១ ​គ្រាប់​ចុងក្រោយ បាញ់​មិន​ចេញ​ក៏​ផ្ទុះ​នៅក្នុង​កាណុង​កាំភ្លើង​នោះ​តែម្ដង​»​។

បើតាម​លោក ម៉ៅ ផល្លា ផ្នែក​យោធភូមិភាគ​បានរៀបចំ​បញ្ជូន​សព​មន្ត្រី​យោធា​រងគ្រោះ​ទាំង ២ រូប​ទៅដល់​គ្រួសារ និង​កំពុង​សហការគ្នា​រៀបចំ​ពិធីបុណ្យ​ទៅតាម​ប្រពៃណី​ខ្មែរ​៕