ភ្នំពេញៈ លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន នឹង​ជួប​សិស្ស​ប្រឡង​ជាប់​បាក់​ឌុប​និទ្ទេស A ហើយ​លោក​បាន​ថ្លែង​អបអរសាទរ​សិស្ស​ដែល​បានប្រឡង​ជាប់​មធ្យម​សិក្សាទុតិយ​ភូមិ​ទាំងអស់​នៅ​ទូទាំង​ប្រទេស។

តាម​រយៈហ្វេសប៊ុក​ផ្លូវការ​របស់​លោក​នៅ​ល្ងាច​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ ២០២២ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​សរសេរ​ថា៖ "ខ្ញុំ​សូមកោត​សរសើរ​ចំពោះចៅៗ​ដែល​បាន​ជាប់​ចំណាត់​ថ្នាក់​និទ្ទេស A ទាំងអស់​ដែល​ឆ្នាំ​នេះ​មាន​រហូត​ដល់ ១ ៧៥៣ នាក់។ ដូច​ឆ្នាំ​មុនៗ​ដែរ​ លើក​លែង​តែ​ឆ្នាំ ២០២០ ដែល​ឱ្យ​ជាប់​ទាំងអស់​គ្នា​ដោយ​គ្មាន​និទេ្ទស​ដោយសារ​កូវីដ​១៩។ ឆ្នាំ​នេះ​ ខ្ញុំ​នឹង​ជួប​ជាមួយ​ចៅៗ​ដើម្បី​លើក​ទឹក​ចិត្តសម្រាប់​ចៅៗ​ដែល​បាន​ខិតខំ​រៀន​សូត្រ​រហូត​ប្រឡង​ជាប់​និង​ទទួល​បាន​និទ្ទេស A"។

លោក​បាន​បន្ថែម​ថា ពេល​វេលា​និង​ទី​កន្លែង​ជួប​នឹង​ជម្រាប​តាម​ក្រោយ​តាម​រយៈ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួងអប់រំ យុវជន និងកីឡា៕