
សមត្ថកិច្ច ចុះទៅដល់កន្លែងកើតហេតុ បន្ទាប់ពីចោរប្លន់យកកាបូបលុយជនជាតិចិនបានសម្រេច កាលពីយប់ថ្ងៃទី១៥មករា។ រូបថត ហ្វេសប៊ុក
ភ្នំពេញៈនគរបាល កំពុងបន្តធ្វើការស៊ើបអង្កេត ស្វែងរកចាប់ខ្លួន ក្រុមចោរប្លន់កាបូបលុយជនជាតិចិន២នាក់ប្តីប្រពន្ធ ដែលបានផ្ទុះអាវុធ គំរាមជនរងគ្រោះ នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កាលពីយប់ថ្ងៃទី១៥មករា ឆ្នាំ ២០២២ ប៉ុន្តែលទ្ធផលយ៉ាងណានោះ នៅមិនទាន់ដឹងនៅឡើយទេ។
លោក សាល បណ្តុះ នាយប៉ុស្តិ៍នគរបាលសង្កាត់ទន្លេបាសាក់ បានឱ្យភ្នំពេញប៉ុស្តិ៍ដឹងនៅថ្ងៃទី១៦ មករា ថា ពាក់ព័ន្ធក្រុមជនសង្ស័យប្លន់កាបូបនេះ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ របស់លោក សហការជាមួយកម្លាំងជំនាញខណ្ឌចំការមនកំពុងធ្វើការស៊ើបអង្កេត។
ប៉ុន្តែ លោកថ្លែងថា៖«ករណីនេះ គឺសមត្ថកិច្ចរបស់ខ្ញុំ នៅមិនទាន់បានទទួលបានព័ត៌មាន ពីភាគីជនរងគ្រោះទេ ហើយសមត្ថកិច្ច ខ្ញុំកំពុងតែព្យាយាមទាក់ទងស្រាវជ្រាវរកពីរនាក់ប្តីប្រពន្ធនោះហើយ»។
ពាក់ព័ន្ធព័ត៌មាន ស្តីពីហេតុការណ៍ប្លន់កាបូបលុយនេះ មិនត្រូវបានលោកនាយនគរបាលប៉ុស្តិ៍ទន្លេបាសាក់ផ្តល់ព័ត៌មានលម្អិតនោះទេ ហើយលោកក៏មិនដឹងថា នៅក្នុងកាបូបនោះ មានលុយប៉ុន្មាននោះដែរ។
ប៉ុន្តែបើតាមមន្ត្រីនគរបាលខណ្ឌចំការមនមួយរូប ស្នើសុំមិនបញ្ចេញឈ្មោះ ឱ្យដឹងនៅថ្ងៃទី១៦ មករា តាមសាក្សីនៅកន្លែងកើតហេតុថា កាលពីវេលាម៉ោងជាង១០យប់ថ្ងៃទី១៥ មករាឆ្នាំ២០២២ មានជនល្មើសមានគ្នាប្រមាណពី២ទៅ៣នាក់ បានប្លន់យកកាបូបលុយពីជនជាតិចិន២នាក់ប្តីប្រពន្ធ ខណៈជនរងគ្រោះបើករថយន្ត១គ្រឿងម៉ាក PORSCHE ពណ៌ស ពាក់ស្លាកលេខ 2AF-8868 បម្រុងចូលចតក្នុងអគារខុនដូមួយ ដែលស្ថិតនៅទល់មុខស្ថានទូតម៉ាឡេស៊ី នៅក្នុងភូមិសាស្រ្តសង្កាត់ទន្លេបាសាក់។
មន្ត្រីនគរបាលរូបនេះបន្តថា នៅពេលនោះ គេបានឃើញជនរងគ្រោះ បើកគូទរថយន្តបំណងយកអីវ៉ាន់ ក៏ស្រាប់តែមានមនុស្សមួយក្រុម សុទ្ធតែជាមនុស្សប្រុស បានស្ទុះទៅដណ្តើមកាបូបលុយពីស្ត្រីជាប្រពន្ធ។
ប៉ុន្តែស្របពេលនោះក៏មានបុរសជាសន្តិសុខម្នាក់ស្ទុះមក បំណងជួយជនរងគ្រោះ តែក៏ត្រូវបានគ្នីគ្នារបស់ជនសង្ស័យបាញ់ស្ព្រាយដាក់ភ្នែក។
ស្របពេលនោះដែរ ក្រុមជនសង្ស័យបានប្រើកាំភ្លើងខ្លី១ដើម បាញ់ឡើងលើ គំរាមជនរងគ្រោះហើយក៏បាននាំគ្នារត់ឡើងរថយន្តមួយគ្រឿង ជាមួយកាបូបលុយគេចខ្លួនបាត់។
មន្ត្រីដដែលបញ្ជាក់ថា៖«សមត្ថកិច្ចរបស់យើង ចុះអន្តរាគមន៍ដល់កន្លែងកើតហេតុ ដើម្បីប្រមូលព័ត៌មានជុំវិញហេតុការណ៍នេះហើយ ហើយសមត្ថកិច្ចកំពុងធ្វើកិច្ចការនេះបន្ត»។
បើតាមមន្ត្រីរូបនេះ ក្រោយកើតហេតុ ក្រុមជនសង្ស័យបានបន្សល់ទុកម៉ូតូ១គ្រឿង ម៉ាកអ៊ែរប្លេក ពាក់ស្លាកលេខកំពង់ស្ពឺ IF-7720 នៅកន្លែងកើតហេតុ និងកាំភ្លើងខ្លី១ដើម ជ្រុះលើដី ដែលជាកាំភ្លើងក្រុមជនសង្ស័យធ្វើសកម្មភាពប្រើបាញ់គំរាមជនរងគ្រោះ។
នៅថ្ងៃទី១៦ មករា ភ្នំពេញប៉ុស្តិ៍ បានទូរស័ព្ទទាក់ទងទៅលោកយិន សាន អធិការនគរបាល ខណ្ឌ ចំការមន ដើម្បីសុំការបញ្ជាក់បន្ថែម ប៉ុន្តែ ទូរស័ព្ទរបស់លោកមិនអាចទាក់ទងបាន៕