
លោក ម៉ៅ ធនិន (បង់កក្រមា) ពេលជួបអ្នករត់ម៉ូតូឌុប និងអ្នកបើកបរតាត់ស៊ី ពីថ្ងៃទី ១៦ មករា។ រូប រដ្ឋបាលខេត្តកំពត
កំពតៈ លោក ម៉ៅ ធនិន អភិបាលខេត្តកំពតប្រកាសបន្តផ្តល់ការឧបត្ថម្ភស្បៀងដល់អ្នករត់ម៉ូតូឌុប និងបើកតាក់ស៊ីនៅទូទាំងខេត្តក្នុងករណីពួកគេជួបប្រទះនូវការខ្វះខាតជាមួយនឹងការអំពាវនាវឱ្យអ្នកប្រកបមុខរបរនេះចូលរួមរាយការណ៍ពីភាពអសន្តិសុខនានាទៅកាន់អាជ្ញាធរមូលដ្ឋានឱ្យមានចំណាត់ការភ្លាមៗ ដើម្បីធ្វើយ៉ាងណាឱ្យភូមិឃុំមានសុវត្ថិភាព។
ការប្រកាសយ៉ាងដូច្នេះបានធ្វើឡើងនាព្រឹកថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២២ ក្នុងអំឡុងពេលលោកដឹកនាំក្រុមការងារចុះ ជួបសំណេះសំណាល និងផ្តល់ស្បៀងដល់គ្រួសារម៉ូតូឌុប និងតាក់ស៊ីជិត ៤០០ នាក់នៅទូទាំងស្រុកកំពង់ត្រាច នៅបរិវេណសាលាស្រុកកំពង់ត្រាច។
លោក ម៉ៅ ធនិន បានថ្លែងក្នុងឱកាសនោះថា រដ្ឋបាលខេត្តមិនអាចធានាជួយដល់បងប្អូនអ្នករត់ម៉ូតូឌុប និងអ្នកបើកតាក់ស៊ីឱ្យបានក្លាយជាអ្នកមានបាននោះទេ ប៉ុន្តែគ្រាន់តែបាយ ៣ ពេល គឺរដ្ឋបាលខេត្តអាចជួយបាន ជាពិសេសនោះបើពេលណាបងប្អូនមានការខ្វះខាត គឺអាចមកស្នើសុំស្បៀងនៅតាមរដ្ឋបាលខេត្ត ស្រុក ឬស្នើដោយផ្ទាល់ជាមួយលោកក៏បាន។
យ៉ាងណាក្តីលោកបញ្ជាក់ថា រដ្ឋបាលខេត្តនឹងបន្តផ្គត់ផ្គង់ដល់អ្នករត់ម៉ូតូឌុបម៉ូតូកង់ ៣ និងតាក់ស៊ីបន្ថែមទៀតនៅពេលដែលពួកគាត់មានបញ្ហាជួបការលំបាកផ្សេងៗពិតប្រាកដ។ ប៉ុន្តែបើក្នុងករណីរកឃើញថា ពួកគាត់ទៅប្រព្រឹត្តបទល្មើសផ្សេងៗដូចជា លេងបៀ និងជល់មាន់ចាញ់ ឬត្រូវនគរបាលចាប់ឃាត់ខ្លួន ឬឃាត់ម៉ូតូទុកជាដើមនោះរដ្ឋបាលខេត្តនឹងមិនជួយអន្តរាគមន៍ឡើយ។
លោកបញ្ជាក់ថា៖ «នៅពេលនេះ ម៉ោងនេះ យើងអត់ខ្វះទេក្នុងការចែករំលែកគ្នារស់។ ជីវភាពរបស់យើងគឺមានលទ្ធភាពរស់ តែសំខាន់បំផុតគឺកត្តាសាមគ្គីគ្នា ហើយនិងភាពទទួលខុសត្រូវរបស់យើង។ កន្លែងដែលយើងរកទទួលទាននេះយើងបានផលប្រយោជន៍ទាំងអស់គ្នា ក៏ដោយសារតែគ្រួសារម៉ូតូឌុប និងតាក់ស៊ីបានអាចដំណើរការបាន។ អ៊ីចឹងអ្នកណាមានអង្ករហូបអ្នកណារស់របៀបម៉េច យើងត្រូវបន្តជួយ»។
ជាមួយនឹងការប្រកាសជួយនេះ លោក ម៉ៅ ធនិន ក៏បានអំពាវនាវឱ្យបងប្អូនអ្នកម៉ូតូឌុប ម៉ូតូកង់ ៣ និងតាក់ស៊ី ចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋានក្នុងការរាយការណ៍នូវបទល្មើសនានា ដែលបង្កឱ្យមានភាពអសន្តិសុខសង្គមផងដែរ ដោយលោកចាត់ទុកថា អ្នកប្រកបរបរនេះ គឺបានជួប និងបានឃើញច្រើននូវបទល្មើសទាំងនេះ នៅក្នុងមូលដ្ឋានដែលអាចចូលរួមទប់ស្កាត់ទាំងអស់គ្នា។
លោកបញ្ជាក់ថា៖ «ខ្ញុំសូមផ្តាំទៅលោកមេប៉ុស្តិ៍ ឱ្យទទួលការចូលរួមពីគ្រួសារម៉ូតូឌុប គ្រួសារតាក់ស៊ី អ្នកទាំងអស់នេះ មានព័ត៌មានច្បាស់ណាស់ជល់មាន់នៅកន្លែងណា ក៏ដឹងដែរ ព្រោះឌុបគេទៅ។ កុំលាក់ខ្ញុំអី ហ្នឹងខ្ញុំ សុំឱ្យមានការចូលរួមជាមួយភូមិឃុំ មានសុវត្ថិភាពរាយការណ៍មកខ្ញុំផ្ទាល់តាមទូរស័ព្ទថា កន្លែងនេះកន្លែងនោះមានហេតុការណ៍អ៊ីចេះ»។
លោកក៏បាននិយាយដែរថា បើការរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានហើយមិនមានចំណាត់ការ នោះត្រូវរាយការណ៍មកលោកដោយផ្ទាល់ ដើម្បីមានចំណាត់បន្តក្នុងករណីទាំងនោះ ព្រោះបញ្ហាភូមិ ឃុំ មានសុវត្ថិភាពគឺចាំបាច់ដែលត្រូវដោះស្រាយ និងការចូលរួម។
អ្នកស្រី ជែង ភូមិ ជាអ្នករត់តាក់ស៊ីនៅក្នុងស្រុកកំពង់ត្រាចបានសម្តែងក្តីសប្បាយរីករាយដែលមានថ្នាក់ដឹកនាំខេត្តបានចូលរួមគិតគូរពីសុខទុក្ខរបស់ពួកគាត់ ខណៈដែលកន្លងមក មិនដែលសូវមានថ្នាក់ដឹកនាំ គិតគូរមកលើអ្នកប្រកបរបរដូចអ្នកស្រីនោះទេ។ អ្នកស្រីបញ្ជាក់ថា៖ «ខ្ញុំ សប្បាយរីករាយដែលគាត់មកស្រុកកំពង់ត្រាចខ្ញុំនេះ និងបង្កើតមុខរបរ និងការជួយសង្គ្រោះដល់អ្នកប្រកបរបរដូចពួកខ្ញុំ ដែលជាអ្នករត់តាក់ស៊ី ម៉ូតូឌុបទាំងអស់ហ្នឹង»។
ចំណែកលោក អ៊ិន ធាង ដែលជាអ្នករត់ម៉ូតូឌុបក្នុងស្រុកកំពង់ត្រាច បានលើកឡើងដែរថា មុខរបររបស់លោកសព្វថ្ងៃ គឺមិនសូរជាកាក់កបប៉ុន្មាននោះទេ ការរកប្រចាំថ្ងៃដោយផាត់រាល់ការចំណាយផ្សេងៗ គឺ ១ ថ្ងៃៗលោកសល់ប្រមាណ ១ ៥០០០ រៀលប៉ុណ្ណោះ។ ដូច្នេះលោក រំពឹងថា ការប្រកាសជួយពីរដ្ឋបាលខេត្តមកកាន់ក្រុមអ្នកម៉ូតូឌុបនឹងចូលរួមសម្រាលបន្ទុក និងការខ្វះខាតរបស់គ្រួសារលោកបានមួយផ្នែកផងដែរ។
លោក យឹម ផល្លី មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុកប្រចាំខេត្តកំពត លើកឡើងថា នេះគឺជាការគិតគូរមួយដ៏ល្អរបស់លោកអភិបាលខេត្តថ្មីដែលមានបំណងចង់ជួយសម្រាលទុក្ខលំបាករបស់អ្នកប្រកបរបររត់ម៉ូតូឌុប តាក់ស៊ី ដែលអភិបាលខេត្តមុនៗមិនដែលបានចាប់អារម្មណ៍។ ជាមួយគ្នានេះ លោកយល់ថា បើទោះជាការជួយនេះបន្តិចបន្តួចក្តីក៏បានចូលរួមសម្រាលបន្ទុកលំបាក និងលើកស្ទួយជីវភាពរបស់ពួកគេបានមួយគ្រាក្នុងអំឡុងពេលជួបវិបត្តិផងដែរ។
លោកបញ្ជាក់ថា៖ «មួយរយៈពេលខ្លីនេះ យើងឃើញអាជ្ញាធរដែនដី លោកហាក់ដូចជាសកម្មណាស់ក្នុងការចុះស្រាវជ្រាវពាក់ព័ន្ធតាំងពីម៉ូតូឌុប កង់៣យើង។ នេះគឺជាស្ថានភាពមួយជាក់ស្តែង ហើយអាជ្ញាធរមិនអាចធ្វើការកុហក ឬឆកល្វែងបានទេក្នុងកិច្ចការងារនេះ ដើម្បីផ្តល់ការជួយឧបត្ថម្ភដល់អ្នកខ្វះខាតពិតប្រាកដ»។
តាមតួលេខរបស់រដ្ឋបាលខេត្តកំពតដែលបានធ្វើបច្ចុប្បន្នភាពលើក្រុមអ្នកម៉ូតូឌុប ម៉ូតូកង់៣ និងតាក់ស៊ីនៅទូទាំងខេត្តកំពត កាលពីឆ្នាំ ២០២១ គឺមានអ្នកប្រកបរបរនេះប្រមាណ ៥ ០០០ នាក់ដែលលោកម៉ៅ ធនិន ធ្លាប់បានលើកឡើងថា ការបង្កើតក្រុមគ្រួសារម៉ូតូ និងតាក់ស៊ីនេះឡើង គឺដើម្បីផ្សារភ្ជាប់ទំនាក់ទំនង និងការជួយដល់ជីវភាពរបស់ពួកគាត់ នៅពេលប្រឈមនឹងការខ្វះខាត៕