ភ្នំពេញៈ លោកនាយក​រដ្ឋមន្ដ្រី​ ហ៊ុន សែន នឹង​ជួប​ជាមួយ​សិស្ស​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​និទ្ទេស A ឆ្នាំនេះ​ចំនួន ១ ៧៥៣ ​នាក់ ដើម្បី​លើក​ទឹកចិត្ត​ពួកគេ​ដែល​បាន​ខិតខំ​រៀនសូត្រ​។ អ្នកខ្លះ​ក្នុងចំណោម​សិស្ស​ទាំងនោះ​ថា ជំនួប​នេះ គឺជា​ក្ដី​ប្រាថ្នា និង​កត្ដា​ជំរុញ​ទឹកចិត្ដ​ពួកគេ​ឱ្យខិត​ខំរៀន​សូត្រ ដើម្បី​បាន​ជួប​លោកនាយក​រដ្ឋមន្ដ្រី​។

តាមរយៈ​ហ្វេសប៊ុក​កាលពី​ថ្ងៃទី​ ១៥ មករា លោកនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន បាន​សរសេរ​សារ​អបអរសាទរ​ចំពោះ​បេក្ខជន​ដែល​បាន​ប្រឡង​ជាប់​មធ្យមសិក្សា​ទុតិយភូមិ​ទាំងអស់​នៅ​ទូទាំងប្រទេស​។

លោក​សរសេរថា​៖ «​ខ្ញុំ​សូម​កោតសរសើរ​ចំពោះ​ចៅៗ​ដែល​បាន​ជាប់​ចំណាត់ថ្នាក់​និទ្ទេស A ទាំងអស់​ដែល​ឆ្នាំនេះ​មាន​រហូតដល់​ ១ ៧៥៣ ​នាក់​។ ដូច​ឆ្នាំមុនៗ​ដែរ​លើកលែងតែ​ឆ្នាំ​ ២០២០ ដែល​ឱ្យ​ជាប់​ទាំងអស់​គ្នា ដោយ​គ្មាន​និទេ្ទស​ដោយសារ​កូវីដ​ ១៩​។ ឆ្នាំនេះ​ខ្ញុំ​នឹង​ជួប​ជាមួយ​ចៅៗ ដើម្បី​លើកទឹកចិត្ត​សម្រាប់​ចៅៗ​ដែល​បាន​ខិតខំ​រៀនសូត្រ រហូត​ប្រឡង​ជាប់ និង​ទទួលបាន​និទ្ទេស​ A»​។

លោកនាយក​រដ្ឋមន្ដ្រី​បញ្ជាក់ថា ពេលវេលា និង​ទីកន្លែង​ជួប​ជាមួយ​បេក្ខជន​និទ្ទេស A នឹង​ជម្រាប​តាម​ក្រោយ តាមរយៈ​លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា​។

យុវជន​ប្រឡង​ជាប់​និទ្ទេស A ម្នាក់ នៅ​រាជធានី​ភ្នំពេញ ឈ្មោះ ដែត រ៉ាត (Deth Rat) ប្រាប់ថា លទ្ធផល​នៃ​ការប្រឡង​ជាប់​និទ្ទេស​A នេះ គឺជា​ការខិតខំ​ប្រឹងប្រែង រៀនសូត្រ​តាំងពី​ថ្នាក់ក្រោម​រហូតមក​។ ក្រោយ​ប្រឡង​ចប់​រូបគេ​ជឿជាក់ថា​នឹង​ជាប់​និទ្ទេស​ A លើ​គ្រប់​មុខវិជ្ជា ដោយសារ​គេ​បាន​ផ្ទៀងផ្ទាត់​ចម្លើយ​ធ្វើ​ត្រូវ​ទាំងអស់​។

យុវជន​វ័យ​ ១៧ ​ឆ្នាំ​រូបនេះ​ថា​៖ «​ខ្ញុំ​ខិតខំ​រៀនសូត្រ​តាំងពី​ថ្នាក់ក្រោមៗ​មក​យូរហើយ គឺមាន​បំណង​ថា បាន​ជួប​សម្ដេច [​ហ៊ុន សែន​] គឺ​ខ្ញុំ​រង់ចាំ​ថ្ងៃនេះ​យូរហើយ​»​។

ដែត រ៉ាត ឱ្យដឹងថា រូបគេ​សិក្សា​ចាប់ពី​ថ្នាក់​ទី​ ៣ ដល់​ថ្នាក់​ទី​ ១១ នៅ​វិទ្យាល័យ​បាក់​ទូក​។ ប៉ុន្ដែ​ដោយសារ​បញ្ហា​ការរីក​រាលដាល​ជំងឺ​កូវីដ​ ១៩ សាលា​របស់​រដ្ឋ​មានការ​ផ្អាក​រៀន​ច្រើន ដូច្នេះ​ក៏​ផ្លាស់ប្ដូរ​ទៅ​សិក្សា​ថ្នាក់​ទី​ ១២ នៅ​សាលារៀន​អន្តរទ្វីប​អាមេរិកាំង ដែលជា​សាលា​ឯកជន​ក្នុង​ឆ្នាំ​សិក្សា ២០២០-២០២១​។

បើតាម​យុវជន​រូបនេះ​ក្នុង​ចំណោម​វិញ្ញាសា​ប្រឡង​ចំនួន​ ៧ ​មុខវិជ្ជា រូបគេ​ប្រឡង​ជាប់​និទ្ទេស​ A ៦​ មុខ និង​ជាប់​និទ្ទេស B ១ ​មុខ លើ​មុខវិជ្ជា​ប្រវត្ដិវិទ្យា​។

ជា​កូន​កសិករ​ ១​ រូប​នៅ​ភូមិ​អង្គ ឃុំ​ជ្រៃ ស្រុក​មោងឫស្សី ខេត្ដ​បាត់ដំបង យុវតី កេះ លានហ៊ ជា​សិស្ស​នៅ​វិទ្យាល័យ​មោងឫស្សី ប្រឡង​ជាប់​និទ្ទេស​ A​ ដែរនោះ បង្ហាញ​ក្ដី​រីករាយ ក្រោយ​ទទួលដំណឹង​ថា លោក​ ហ៊ុន សែន ​នឹង​ជួប​សិស្ស​និទ្ទេស​ A នៅ​ទូទាំងប្រទេស​នាពេលខាងមុខ​។

យុវតី​វ័យ​ ១៦ ​ឆ្នាំ​រូបនេះ​ប្រាប់ថា​លទ្ធផល ដែល​នាង​ប្រឡង​ជាប់​នេះ​មិនមែន​ជាការ​ចៃដន្យ​នោះទេ គឺ​កើតចេញពី​ការខិតខំ​ប្រឹងប្រែង​រៀនសូត្រ​តាំងពី​ថ្នាក់ក្រោម​រហូតដល់​ថ្នាក់​វិទ្យាល័យ រួម​ជាមួយនឹង​ការបែងចែក​កាលវិភាគ​រៀនសូត្រ​ត្រឹមត្រូវ​ដោយ​ខ្លួនឯង​ជាប្រចាំ​ថ្ងៃ​។

លាន​ ហ៊ ថា​៖ «​លទ្ធផល​ប្រឡង​ជាប់​និទ្ទេស​ A​ នេះ គឺជា​ការរំពឹងទុក​របស់​ខ្ញុំ​ផ្ទាល់​។ ខ្ញុំ​បាន​ខិតខំ​រៀនសូត្រ​អស់ពី​សមត្ថភាព ខំរៀន​តាំងពី​ថ្នាក់ក្រោម​រហូតដល់​ថ្នាក់​វិទ្យាល័យ​។ រយៈពេល​កូវីដ​ ១៩​ហើយ​មាន​ការបិទ​សាលា ខ្ញុំ​បាន​ខិតខំ​ប្រឹងប្រែង​រៀន​តាម​អនឡាញ​ទាំង​ដែល​ស្រុក​ខ្ញុំ​មិនសូវ​មាន​បណ្ដាញ​អ៊ីនធឺណិត​»​។

អ្នកស្រី​ ហឹម យ៉េង ជា​ម្ដាយ យុវតី លានហ៊ ប្រាប់ថា កូនស្រី​របស់​អ្នកស្រី​ខិតខំ​រៀនសូត្រ​ខ្លាំងណាស់ ពេល​ល្ងាច​ប្រឹងរៀន​រហូតដល់​ម៉ោង​ ១១ ​យប់ ហើយ​ដាក់​ម៉ោង​រោទ៍​ភ្ញាក់​ពី​ព្រឹក​ម៉ោង ៤-៥ ​ព្រឹក​រៀន​ថែមទៀត​។

អ្នកស្រី​ប្រាប់ថា​៖ «​វា​ខំរៀន​ណាស់ ពេលខ្លះ​ខ្ញុំ​ឃាត់​កុំឱ្យ​វា​ខំរៀន​ពេក​ផង​។ ក្នុងស្រុក​ខ្ញុំ​មានកូន​អ្នកស្រុក​ផ្សេងទៀត​ប្រឡង​ជាប់​បាន​ ៥ ​នាក់ រួមទាំង​កូន​ខ្ញុំ ប៉ុន្ដែ មានតែ​កូន​ខ្ញុំ​ប្រឡង​ជាប់​និទ្ទេស​ A​។ ខ្ញុំ​សប្បាយ​ចិត្ដ​ចំពោះ​លទ្ធផល​ដែល​កូន​ខ្ញុំ​ខិតខំ​រៀនសូត្រ​នេះ​ណាស់​។ ទៅ​ថ្ងៃមុខ​កូន ខ្ញុំ​ចង់​រៀន​អ្វី​បន្តទៀត​គឺ​ខ្ញុំ​ស្របតាម​គាត់​»​។

ទាក់ទង​នឹង​ការកំណត់​ពេលវេលា និង​ទីតាំង​ដែល​លោកនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន ជួប​ជាមួយ​សិស្ស​និទ្ទេស ​A លោក​ រស់ សុវាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា ឱ្យដឹងថា យោងទៅតាម​សារ​របស់​លោកនាយក​រដ្ឋមន្ដ្រី ​ហ៊ុន សែន​ ទាំងស្រុង​មិនទាន់​អាច​បញ្ជាក់​ពី​ពេលវេលា​នៅឡើយ​ទេ​ត្រឹម​ថ្ងៃទី​ ១៦ ខែមករា​។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​អប់រំ​នា​ថ្ងៃទី​ ១៤ មករា ស្តីពី​លទ្ធផល​នៃ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង ២៧ ​ធ្នូ ២០២១ ​ឱ្យដឹងថា ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ដែល​បាន​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី​ ២៧-២៨ ធ្នូ ឆ្នាំ​ ២០២១ មាន​មណ្ឌល​ប្រឡង​នៅ​គ្រប់​រាជធានី​ខេត្ត​សរុប ២០៤ មណ្ឌល​។ បន្ទប់​ប្រឡង​ ៤ ៦១៥ ​បន្ទប់ និង​បេក្ខជន​ចុះឈ្មោះ​ក្នុង​បញ្ជី​សរុប​ ១១៤ ១៨៧ ​នាក់ ក្នុងនោះ​ ១០៤ ២៩៩ ​នាក់ ជា​បេក្ខជន​ចំណេះ​ទូទៅ​។ ៤ ៤១៧ ​នាក់ ជា​បេក្ខជនស្វៃរិន ៣ ៤៣៦ ​នាក់ ជា​បេក្ខជន​បំពេញវិជ្ជា និង ២០៣៥ ​នាក់ ជា​បេក្ខជនស្វៃរិន​បំពេញវិជ្ជា​។

បេក្ខជន​ប្រឡង​ជាប់​ ៧២ ០១៦​ នាក់​ត្រូវជា​ ៦៥.៦៥% (​បើ​ប្រៀបធៀប​នឹង​ឆ្នាំ​ ២០១៩ ​ចំនួន​ ៦៨.៦២%)​ក្នុងនោះ​បេក្ខជន​ដែល​ទទួលបាន​និទ្ទេស​ A មាន​ ១ ៧៥៣​ នាក់​ (​ឆ្នាំ​ ២០១៩ ចំនួន ​៤៤៣ នាក់​)​។ ​និទ្ទេស​ B​ មាន​ ៥ ២១៥ ​នាក់​ (​ឆ្នាំ​ ២០១៩ ​ចំនួន​ ២ ៤៣០ ​នាក់​)​។ ​និទ្ទេស​ C មាន​ ១១ ៦៣៤ ​នាក់ ​(​ឆ្នាំ​ ២០១៩ ចំនួន​ ៥ ៨៤៧​ នាក់​)​។ ​និទ្ទេស​ D​ មាន​ ២៣ ៤៩៩ ​នាក់​ (​ឆ្នាំ​ ២០១៩​ ចំនួន​ ១៤ ១០០​ នាក់​)​។ និទ្ទេស​ E មាន​ ២៩ ៩១៥ ​នាក់​ (​ឆ្នាំ ​២០១៩ ចំនួន ​៥៦ ២៣២​ នាក់​)​។

បេក្ខជន​គ្រប់​រាជធានី​ខេត្ត​ទទួលបាន​និទ្ទេស ​A១ ៧៥៣ ​នាក់ ក្នុង​នោះ បេក្ខជន​មកពី​រាជធានី​ភ្នំពេញ ៥៦៥ ​នាក់​។ ខេត្ត​សៀមរាប​ ១៥៣ ​នាក់ កណ្តាល​ ១២៧​ នាក់ បាត់ដំបង​ ១២៣ ​នាក់ កំពង់ចាម​ ១១៨ ​នាក់ បន្ទាយមានជ័យ​ ៩៩ ​នាក់ តាកែវ​ ៩៩ ​នាក់ ព្រៃវែង​ ៨៧ ​នាក់ កំពត ​៧៥ ​នាក់ ត្បូងឃ្មុំ ៥៤ ​នាក់ ក្រចេះ​ ៤៥ ​នាក់ កំពង់ធំ ៤១ ​នាក់ កំពង់ស្ពឺ ៣៣​ នាក់ ពោធិ៍សាត់​ ២៨​ នាក់ ស្វាយរៀង ​២៦ ​នាក់ កំពង់ឆ្នាំង ២២ ​នាក់ ព្រះសីហនុ​ ២០ នាក់ រតនគិរី​ ៩​ នាក់ ស្ទឹងត្រែង​ ៦ ​នាក់ ប៉ៃលិន​ ៦ ​នាក់ ឧត្តរមានជ័យ​ ៥​ នាក់ កោះកុង​ ៤ ​នាក់ ព្រះវិហារ​ ៤​ នាក់ កែប​ ៣ ​នាក់ និង​ខេត្តមណ្ឌលគិរី ១ ​នាក់​៕

វីដេអូ៖