ភ្នំពេញៈ ក្រសួងបរិស្ថាន​បង្ហាញ​ទិន្នន័យ​នៃ​វត្តមាន​សត្វព្រៃ​កម្រ​ជាច្រើន​ប្រភេទ ដែល​ត្រូវបាន​ថត​ជាប់​ដោយ​ម៉ាស៊ីនថត​ស្វ័យប្រវត្តិ​នៅ​តំបន់​ការពារ​ធម្មជាតិ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​ចំនួន​ ៣ គឺ​ខេត្តពោធិ៍សាត់ បាត់ដំបង និង​ខេត្តកោះកុង ខណៈ​អន្ទាក់ និង​បទល្មើស​គ្រប់​រូបភាព​ក្នុង​តំបន់​ការពារ​មួយចំនួន​នៅតែ​បន្ត​កើតមាន​។

លោក​ នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​បានឱ្យដឹង​នៅ​ថ្ងៃទី​ ១៤ ខែមករា​ថា​សត្វព្រៃ​ប្រភេទ​ជិត​ផុតពូជ​ប្រភេទ​ទទួលរង​គ្រោះថ្នាក់ ប្រភេទ​ទទួល​ការគំរាមកំហែង​ចំនួន ១០ ​ប្រភេទ​ត្រូវបាន​កត់សម្គាល់​តាមរយៈ​ទិន្នន័យ​ប្រមូលបាន​ពី​រូបថត​ម៉ាស៊ីន​ថត​ស្វ័យប្រវត្តិ​។ មន្ត្រី​ជំនាញ​នៃ​ក្រសួងបរិស្ថាន​បាន​អនុវត្ត​សិក្សា​ក្រោម​ការគាំទ្រ​ពី​គម្រោង​និរន្តរភាព​តំបន់​ទេសភាព និង​ទេសចរណ៍ធម្មជាតិ​កម្ពុជា​នៃ​ក្រសួងបរិស្ថាន​។

យោងតាម​លទ្ធផល​នៃ​ការសិក្សា​របស់​គម្រោង​និរន្តរភាព​តំបន់​ទេសភាព និង​ទេសចរណ៍ធម្មជាតិ​កម្ពុជា​នៃ​ក្រសួងបរិស្ថាន​ក្នុង​រយៈពេល​ ២ ​ខែ​កន្លងទៅ គឺ​ពី​ចុងខែ​តុលា ឆ្នាំ​ ២០២១ ដល់​ដើមខែ​មករា ឆ្នាំ​ ២០២២ ក្រសួង​បរិស្ថាន​បាន​រកឃើញ​វត្តមាន​ប្រភេទ​សត្វព្រៃ​មាន​ដោយ​កម្រ ប្រភេទ​ជិត​ផុត​ពូជ ប្រភេទ​ទទួលរង​គ្រោះថ្នាក់ ប្រភេទ​ទទួល​ការគំរាមកំហែង​ចំនួន​ ១០ ​ប្រភេទ​។

សត្វព្រៃ​កម្រ​ទាំងនោះ រួមមាន ដំរី​អាស៊ី ខ្ទីង ប្រើស​ស្បូវ កែះ ខ្លាឃ្មុំ​តូច ខ្លាឃ្មុំ​ធំ ឆ្កែព្រៃ ជ្រូកពោន ឬ​ជ្រូកព្រុល សំពោចកលឿង ស្វាត្រោស និង​ប្រភេទ ថនិកសត្វ ព្រមទាំង​បក្សី​មួយ​ចំនួន​ទៀត​មាន​វត្តមាន​ក្នុង​តំបន់​ការពារ​ធម្មជាតិ​នៃ​ភូមិសាស្ត្រ​ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និង​ខេត្តកោះកុង​។

លោក​ នេត្រ ភក្ត្រា ថ្លែងថា​៖ «​យើង​សូម​អរគុណ​ដល់​មន្ត្រី​ជំនាញ មន្ទីរ​បរិស្ថាន មន្ត្រី​ឧទ្យានុរក្ស និង​សហគមន៍​មូលដ្ឋាន​នៃ​ខេត្ត​ពោធិ៍សាត់ បាត់ដំបង និង​ខេត្ត​កោះកុង​ដែល​បាន​ខិតខំ​ប្រឹងប្រែង​ក្នុង​កិច្ចការងារ​នេះ ហើយ​ក្នុង​ការសិក្សា​ស្រាវជ្រាវ​នេះ ក្រុមមន្ត្រី​ជំនាញ​ក្រសួងបរិស្ថាន​បានដាក់​ម៉ាស៊ីន​ថត​ស្វ័យប្រវត្តិ​រហូតដល់​ចំនួន ​៤៩ ​ទីតាំង​»​។

តាម​ក្រសួងបរិស្ថាន ម៉ាស៊ីន​ថត​ស្វ័យប្រវត្តិ ដែល​ថត​បាន​សត្វ​កម្រ​ទាំងនោះ មាន​ក្នុង​ដែនជម្រក​សត្វព្រៃ​នៅ​ខេត្តពោធិ៍សាត់​ចំនួន​ ២៣ ​គ្រឿង ខេត្ត​បាត់ដំបង​ចំនួន​ ១៦ ​គ្រឿង និង​នៅ​ខេត្តកោះកុង មាន​ចំនួន​ ១០ ​គ្រឿង​។

លោក​ នេត្រ ភក្ត្រា បាន​បញ្ជាក់ថា ការដាក់​ម៉ាស៊ីន​ស្វ័យប្រវត្តិ​សម្រាប់​ការថត​នេះ​ក្នុង​គោលបំណង​ដើម្បី​បង្កើន​ចំណេះដឹង​ពី​វិធីសាស្ត្រ​សិក្សា និង​ប្រមូល​ទិន្នន័យ​ជីវចម្រុះ ស្វែងរក​វត្តមាន និង​អវត្តមាន​ប្រភេទសត្វ​មាន​ដោយ​កម្រ ជិត​ផុត​ពូជ​ទទួលរង​គ្រោះថ្នាក់ និង​គំរាមកំហែង និង​វាយតម្លៃ​ស្ថានភាព និង​របាយការណ៍​អំពី​សត្វព្រៃ​សំខាន់ៗ​។

នេះ​ជា​លើក​ទី​ ២ ​ហើយ​ក្នុង​ក្របខ័ណ្ឌ​នៃ​គម្រោង​និរន្តរភាព​តំបន់​ទេសភាព និង​ទេសចរណ៍ធម្មជាតិ​កម្ពុជា​។ មន្ត្រី​ជំនាញ​នៃ​ក្រសួងបរិស្ថាន​បាន​ប្រមូល​ទិន្នន័យ​ពី​ម៉ាស៊ីន​ថត​ស្វ័យប្រវត្តិ​ទទួលបាន​រូបភាព និង​វីដេអូ​សត្វព្រៃ​ក្នុង​តំបន់​ការពារ​ធម្មជាតិ​។ ការប្រមូល​ទិន្នន័យ​លើក​ទី​ ១​ ធ្វើឡើង​កាលពី​ថ្ងៃទី​ ២៩ ខែឧសភា ដល់​ថ្ងៃទី​ ៤ ខែមិថុនា ឆ្នាំ ​២០២១​ នៅ​ដែន​ជម្រក​សត្វព្រៃ​ក្នុង​ភូមិសាស្ត្រ​ខេត្តពោធិ៍សាត់ កំពង់ឆ្នាំង និង​ខេត្តកំពង់ស្ពឺ បន្ទាប់ពី​បានដាក់​ម៉ាស៊ីន​ថត ជាច្រើន​ខែ​រួចមក​។ រូបភាព​សត្វព្រៃ​ជិត​ផុត​ពូជ រង​ការ​គំរាមកំហែង និង​មាន​ដោយ​កម្រ​មួយចំនួន ដូចជា​សត្វ​ដំរី​អាស៊ី ខ្លា​ពពក ខ្លាឃ្មុំ​តូច ខ្ទីង ប្រើស​ដែល​ថត​បាន​ភាគច្រើន​ដើរ​ជា​ហ្វូង និង​មាន​កូនតូចៗ​ជាច្រើន ពិសេស​សត្វ​ដំរីព្រៃ​ក្នុង​ ១ ​ហ្វូង​មានកូន​តូច ដំរី​ជំទង់ និង​ពេញវ័យ​ក្នុង​ ១​ ក្រុមៗ មាន​ដំរីព្រៃ​ចន្លោះ​ពី​ ១០ ទៅ​ ២០ ​ក្បាល​។

សូម​បញ្ជាក់ដែរថា គម្រោង​និរន្តរភាព​តំបន់​ទេសភាព និង​ទេសចរណ៍​ធម្មជាតិ​កម្ពុជា ក្រោម​ហិរញ្ញប្បទាន​ពី​ធនាគារ​ពិភពលោក​។ គម្រោង​នេះ​បានចាប់ផ្តើម​អនុវត្ត​ជា​ផ្លូវការ​កាលពី​ថ្ងៃទី​ ១៧ ខែតុលា ឆ្នាំ​ ២០១៩ និង​គ្រោង​បញ្ចប់​នៅ​ថ្ងៃទី​ ៣១ ខែធ្នូ ឆ្នាំ​ ២០២៥​។

លោក​ នេត្រ ភក្ត្រា បញ្ជាក់​ទៀតថា ការដែល​ជ្រើសរើស​ដែនជម្រក​សត្វព្រៃ​ស្ថិតក្នុង​ភូមិសាស្ត្រ​ពោធិ៍សាត់ បាត់ដំបង និង​ខេត្តកោះកុង ដើម្បី​ដាក់​ម៉ាស៊ីន​ថត​ស្វ័យប្រវត្តិ​នេះ ដោយសារតែ​តំបន់​ការពារ​ធម្មជាតិ​នេះ​គ្របដណ្តប់​ដោយ​ប្រភេទ​ព្រៃស្រោង ពាក់កណ្តាល​ស្រោង ព្រៃល្បោះ លាយឡំ​ដោយ​ព្រៃ​ឫស្សី និង​វាលស្មៅ​។

លោក​បាន​បន្ថែមថា​៖ «​លើសពីនេះ​ទៀត ទីតាំង​ភូមិសាស្ត្រ​ក្នុង​ដែនជម្រក​សត្វព្រៃ​ក្នុងភូមិសាស្ត្រ​ខេត្ត​ទាំង​ ៣ ​នេះ​មាន​អូរ​បឹងបួ ស្ទឹង​ជា​ប្រភពទឹក ដែលជា​ទីជម្រក​ប្រសើរ សម្រាប់​សត្វព្រៃ និង​សម្រាប់​ជួយ​គាំទ្រ​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ ដែល​ចាំបាច់​តម្រូវឱ្យ​មានការ​គ្រប់គ្រង និង​អភិរក្ស​ស្រប​តាម​គោលការណ៍​ណែនាំ និង​បច្ចេកទេស​»​។

លោកក៏​បាន​អំពាវនាវ​ដល់​ប្រជាជន​កម្ពុជា​បន្ត​ចូលរួម​ទាំងអស់គ្នា ដើម្បី​បញ្ឈប់​ការបរិភោគ​សាច់សត្វ​ព្រៃ ការប្រើប្រាស់​ផលិតផល​ពី​សត្វព្រៃ ការជួញដូរ​សត្វព្រៃ ដែល​សុទ្ធសឹង​អាច​បង្ក​ហានិភ័យ​ខ្ពស់​ដល់​សុខភាព​មនុស្ស​។ ត្រូវ​ងាកមក​ចូលរួម​ការពារ និង​ថែរក្សា​ធនធាន​ធម្មជាតិ និង​ជីវចម្រុះ​របស់​កម្ពុជា​នេះ​ឱ្យបាន​គង់វង្ស​សម្រាប់​មនុស្ស​រាប់​ជំនាន់​ទៅមុខទៀត​។

ជាមួយ​គ្នា​នេះដែរ បណ្តាញ​ព្រះសង្ឃ និង​មន្ត្រី​ល្បាត​ព្រៃឈើ​នៅ​ព្រៃ​សង្ឃ​សហគមន៍​រុក្ខវ័ន​ស្ថិតនៅ​ខេត្ត​ឧត្តរមានជ័យ​នៅតែ​បន្ត​រកឃើញ​បទល្មើស​សត្វព្រៃ និង​អន្ទាក់​ជាច្រើន​នៅក្នុង​ព្រៃ ដែល​បណ្តាលឱ្យ​សត្វព្រៃ​រងគ្រោះ​របួស និង​ស្លាប់​ជា​បន្តបន្ទាប់​។

ទំព័រ​ហ្វេសប៊ុក​របស់លោក​ ប៊ុន សាលួត អតីត​ព្រះសង្ឃ​ដែលជា​អតីត​ប្រធាន​ព្រៃ​សង្ឃ​សហគមន៍​រុក្ខវ័ន​ឱ្យដឹង​កាលពី​ថ្ងៃទី​ ១៥ មករា ថា កាលពី​ថ្ងៃទី​ ១៤ ខែមករា ព្រះសង្ឃ​ ៤ ​អង្គ ប្រធាន​បណ្តាញ​ព្រៃឈើ​ខេត្ត​ ១ ​នាក់ និង​គណៈកម្មការ ២ ​នាក់ ព្រមទាំង​កម្លាំង​ប្រតិបត្តិការ​សឹក​រង​ស្រុក​ចុងកាល់​ ២ ​នាក់ ដឹកនាំ​ដោយ​ព្រះ​តេជ​ព្រះគណ ពឿត តួ បាន​ចុះល្បាត​ឃ្លាំង​មើល​បទល្មើស​ផ្សេងៗ និង​សា​អន្ទាក់​សត្វ​ក្នុងព្រៃ​។

ទំព័រ​ហ្វេសប៊ុក​ដដែល​បន្តថា ក្នុងពេល​ចុះ​ល្បាត​នោះ ក្រុម​ការងារ​បាន​ប្រទះឃើញ​សត្វឈ្លូស​ជាប់អន្ទាក់​ងាប់​ ១ ​ក្បាល ហើយ​ក្នុងនោះ​ក៏បាន​សា​អន្ទាក់​សត្វព្រៃ​បាន​ចំនួន​ ២៣ ​អន្ទាក់ ចាប់ពី​ចំណុច​អូរតាជី រហូតដល់​ត្រពាំង​ប្រិយ​ខាងលិច ស្ថិតនៅ​ភូមិ​ឈូកមាស សង្កាត់​កូនក្រៀល ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ​ផងដែរ​៕