ភ្នំពេញៈ រដ្ឋបាល​រាជធានី​ភ្នំពេញ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​នៅតាម​ខណ្ឌ​កណ្ដាល​រាជធានី​ភ្នំពេញ​ចំនួន ៥ ទុកដាក់ និង​បញ្ចេញ​សំរាម​ឱ្យបាន​ត្រឹមត្រូវ​តាម​ម៉ោង​កំណត់​គឺ​ចាប់ពី​ម៉ោង ៦-៩​ យប់ ខណៈ​អាជ្ញាធរ​កំពុង​បន្ត​ផ្សព្វផ្សាយ​សេចក្តីណែនាំ​ស្តីពី​ការគ្រប់គ្រង​សំរាម​សំណល់​រឹង​នេះ និង​ពង្រឹង​ការផាកពិន័យ​ចំពោះ​អ្នក​ដែល​ល្មើស​។ នេះ​បើតាម​លោក ហួត ហៃ អភិបាលរង​នៃ​គណៈ​អភិបាល​រាជធានីភ្នំពេញ​តំណាង​លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​ដែល​បាន​ណែនាំ​ដល់​អាជ្ញាធរ​ខណ្ឌ​ទាំង​ ១៤ មន្ទីរ​បរិស្ថាន សង្កាត់​ទាំង ១០៥ និង​ក្រុមហ៊ុន​ប្រមូល​សំរាម​ទាំង​៣​នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី ​១៤ ខែមករា ឆ្នាំ ២០២២ ពេល​ធ្វើជា​អធិបតី​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ស្តីពី​ការគ្រប់គ្រង​សំរាម​សំណល់​រឹង​ទីប្រជុំជន និង​ពង្រឹង​ការអនុវត្ត​ភារកិច្ច​របស់​ភ្នាក់ងារ​អនាម័យ​។

លោក​ថ្លែងថា រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ចាប់ផ្ដើម​អនុវត្ដ​ការគ្រប់គ្រង​សំរាម សំណល់​រឹង​នៅ​រាជធានី​ភ្នំពេញ​ចាប់តាំងពី​ថ្ងៃទី​ ១ ខែវិច្ឆិកា ឆ្នាំ​ ២០២១ មក ប៉ុន្ដែ​ការអនុវត្ដ​នេះ​នៅ​មិនទាន់បាន​តឹងតែង ដោយសារ​ការផ្សព្វផ្សាយ​មិនទាន់​បាន​ជ្រាប​ទៅដល់​ប្រជាពលរដ្ឋ​គ្រប់​ខ្នង​ផ្ទះ​នៅឡើយ​។ នៅក្នុង​កិច្ចប្រជុំ​ជាមួយ​សង្កាត់​ទាំង​ ១០៥ រដ្ឋបាល​រាជធានី​ភ្នំពេញ​ក៏បាន​ថតចម្លង សេចក្តី​ណែនាំ ស្តីពី​ការគ្រប់គ្រង​សំរាម សំណល់​រឹង​នេះ​ចែកជូន​ក្នុង​ ១ ​សង្កាត់​ចំនួន ៦០០ ច្បាប់ និង​ខិត្តប័ណ្ណ​ព័ត៌មាន​ស្ដីពី​ការគ្រប់គ្រង​សំរាម និង​សំណល់​រឹង​នេះ ដើម្បី​ចែកជូន​ដល់​មេភូមិ និង​ប្រជាពលរដ្ឋ​នៅតាម​ខ្នង​ផ្ទះ​នីមួយៗ​។

លោក​ថ្លែងថា​៖ «​យើង​ផ្សព្វផ្សាយ​ឱ្យ​ប្រជាពលរដ្ឋ​ដឹង​សិន​ថា ផ្លូវ​នឹង​ក្រុមហ៊ុន​ប្រមូល​សំរាម​នឹង​ចុះ​ប្រមូល​ម៉ោង​ប៉ុន្មាន និង​បញ្ចេញ​សំរាម​ម៉ោង​ប៉ុន្មាន​ឱ្យបាន​យល់​គ្នា​សិន កុំឱ្យ​គាត់​អត់​បានដឹង​ព័ត៌មាន​សោះ​ហើយ​យើង​ធ្វើការ​ផាកពិន័យ វា​ជា​រឿង​មួយ​មិន​យុត្ដិធម៌​សម្រាប់​ប្រជាពលរដ្ឋ​។ ប៉ុន្ដែ​នៅពេល​ពលរដ្ឋ​ដឹង​ហើយ នៅតែ​បញ្ចេញ​សំរាម​ខុស​ម៉ោង ខុស​ពេលវេលា​នោះ​យើង​នឹង​ចាប់ផ្ដើម​អនុវត្ដ​វិធានការ​ផាកពិន័យ​ហើយ​»​។

យោងតាម​សេចក្តី​ណែនាំ​ស្តីពី​ការគ្រប់គ្រង​សំរាម សំណល់​រឹង នៅ​រាជធានី​ភ្នំពេញ ចុះ​ថ្ងៃទី​ ១៦ ខែកញ្ញា ឆ្នាំ​ ២០២១ ​បាន​បញ្ជាក់ថា ការបញ្ចេញ​សំរាម សំណល់​រឹង សម្រាប់​សំរាម​សើម ខណ្ឌ​កណ្តាល​រាជធានី​ចំនួន ៥ រួមមាន ខណ្ឌដូនពេញ ខណ្ឌចំការមន ខណ្ឌ​៧​មករា ខណ្ឌទួលគោក និង​ខណ្ឌ​បឹងកេងកង ក្រុមហ៊ុន​នឹង​ប្រមូល និង​ដឹកជញ្ជូន​រៀងរាល់ថ្ងៃ​នៅ​ពេលយប់​ចាប់ពី​ម៉ោង​ ៩ ដល់​ម៉ោង ៥ ទៀបភ្លឺ​។ ដូច្នេះ​ម៉ោង​បញ្ចេញ​សំរាម​មាន ៣ ​ម៉ោង គឺ​ចាប់ពី ៦-៩ ​យប់​។ បើ​បញ្ចេញ​សំរាម​ខុសពី​ម៉ោង​នេះ​នឹង​ទទួល​ការផាកពិន័យ​។ ខណ្ឌ​ជាយ​រាជធានី ចំនួន​ ៩ រួមមាន ខណ្ឌ​ឫស្សីកែវ ខណ្ឌ​សែនសុខ ខណ្ឌ​ជ្រោយចង្វារ ខណ្ឌដង្កោ ខណ្ឌ​ព្រែកព្នៅ ខណ្ឌ​ពោធិ៍សែនជ័យ ខណ្ឌ​កំបូល ខណ្ឌ​មានជ័យ និង​ខណ្ឌ​ច្បារអំពៅ ក្រុម​ហ៊ុន​នឹង​ប្រមូល និង​ដឹកជញ្ជូន ដូចជា នៅតាម​ផ្លូវជាតិ​ត្រូវ​ប្រមូល និង​ដឹកជញ្ជូន​រៀងរាល់ថ្ងៃ​នៅពេល​យប់​វេលា​ម៉ោង ៩​ យប់ ដូច្នេះ​ការបញ្ចេញ​សំរាម​ត្រូវ​ចាប់ផ្តើម​ចន្លោះ​ពី​ម៉ោង ៦ យប់​រហូតដល់​ម៉ោង ៩ ​យប់​។ ផ្លូវធំ ត្រូវ​ប្រមូល និង​ដឹកជញ្ជូន​រៀងរាល់ថ្ងៃ (​ពេល​ថ្ងៃ វេលា​ម៉ោង ៨ ​ព្រឹក ឬ​ពេលយប់ ម៉ោង​ ៩)​។ តាមផ្លូវ​រណប​ត្រូវ​ប្រមូល និង​ដឹកជញ្ជូន​រៀងរាល់ ២ ​ថ្ងៃ​ម្ដង (​ពេល​ថ្ងៃ​វេលា​ម៉ោង ៨ ​ព្រឹក ឬ ពេលយប់ វេលា​ម៉ោង ៩ ​យប់​)​។

រដ្ឋបាល​រាជធានី​ភ្នំពេញ​បញ្ជាក់ថា ម៉ោង​ពេល​បញ្ចេញ​សំរាម សំណល់​រឹង នឹងត្រូវ​កំណត់ដោយ​អាជ្ញាធរ​មូលដ្ឋាន និង​ប្រតិបត្តិករ​ប្រមូល​តាម​ការ​ជាក់ស្តែង​។ សំរាម សំណល់​រឹង​ស្ងួត ក្រុមហ៊ុន​នឹង​ប្រមូល និង​ដឹកជញ្ជូន ២ ​ដង​/១ ​សបា្តហ៍ គឺ​នៅ​រៀងរាល់ថ្ងៃ​ចន្ទ និង​ថ្ងៃ​សុក្រ​។ ក្នុងករណី​ខកខាន​មិនបាន​បញ្ចេញ​សំរាម សំណល់​រឹង​តាម​ម៉ោង​ពេល​កំណត់ (​ពេល​ថ្ងៃ​ត្រឹម​ម៉ោង ៨ ព្រឹក និង​ពេលយប់ ត្រឹម​ម៉ោង ៩ ​យប់​) ត្រូវ​រង់ចាំ​បញ្ចេញ​នៅ​វេន​ក្រោយ ហើយ​មិន​ត្រូវយក​សំរាម​នេះ​មក​ទុក​គ្មាន​សណ្តាប់ធ្នាប់​ឡើយ​។ សំរាម និង​សំណល់​រឹង មុននឹង​បញ្ចេញ​ត្រូវ​សម្រិតទឹក​ចេញ​ដាក់ចូល​ទៅក្នុង​ប្រព័ន្ធ​លូ​ឱ្យបាន​ត្រឹមត្រូវ​។ ត្រូវ​ញែក​សំរាម សំណល់​រឹង​ជា ២​ ប្រភេទ គឺ​សំរាម​សើម និង​សំរាម​ស្ងួត​ដោយ​ដាក់​នៅក្នុង​ថង់​ដាច់ដោយ​ឡែក​ពីគ្នា​។ សម្រាប់ សំរាម​សើម (​សំណល់​ម្ហូបអាហារ សំណល់​សរីរាង្គ ផ្លែឈើ ផ្កា​) ត្រូវដាក់ នៅក្នុង​ថង់​ពណ៌​ខ្មៅ​។ ចំណែក​សំរាម​ស្ងួត (​ក្រដាស ក្រដាស​កាតុង ឡាំង គ្រឿង​ប្លាស្ទិក ហ្វូម ជ័រ ដែក កំប៉ុង ដប​...) ត្រូវដាក់​ក្នុង​ថង់​ពណ៌​ស​។

បើតាម​រដ្ឋបាល​រាជធានី​ភ្នំពេញ ការធ្វើ​កំណែទម្រង់​នៃ​ការគ្រប់គ្រង​សំរាម និង​សំណល់​រឹង​នៅ​រាជធានី​ភ្នំពេញ ចាប់ពី​ដើមខ្សែ​រហូតដល់​ចុង​ខ្សែ ទទួល​បាន​លទ្ធផល​គួរ​ជា​ទីមោទនៈ​ក្នុងនោះ ការដេញថ្លៃ​ជ្រើសរើស​ក្រុមហ៊ុន​ថ្មី ដើម្បី​ផ្តល់​សេវា​សម្អាត ប្រមូល និង​ដឹកជញ្ជូន​សំរាម សំណល់​រឹង នៅ​រាជធានី​ភ្នំពេញ​កន្លងមក ក្រុមហ៊ុន​ចំនួន ៣ ត្រូវបាន​ជ្រើសរើស​ហើយ​បានចាប់ផ្ដើម​ប្រតិបត្តិការ​ការងារ​របស់​ខ្លួន​កាន់តែ​ប្រសើរឡើង​ពី​ ១ ​ថ្ងៃ​ទៅ​ ១​ ថ្ងៃ ចាប់ពី​ថ្ងៃទី​ ១ ខែកក្កដា ឆ្នាំ​ ២០២១ មាន​ទី​ ១ ក្រុមហ៊ុន 800 Super Global Action for Environment Awareness Public Limited បានផ្តល់​សេវា ក្នុង​តំបន់​ទី​ ១ ដែលមាន ៥ ​ខណ្ឌ រួមមាន ខណ្ឌទួលគោក ខណ្ឌ​សែនសុខ ខណ្ឌឫស្សីកែវ ខណ្ឌ​ជ្រោយចង្វារ និង​ខណ្ឌ​ព្រែកព្នៅ​។ ទី​ ២ ក្រុមហ៊ុន Mizuda Group Co.,Ltd បានផ្តល់​សេវា​ក្នុង​តំបន់​ទី​ ២ ដែលមាន​ ៥​ ខណ្ឌ គឺ​ខណ្ឌដូនពេញ ខណ្ឌ​៧មករា ខណ្ឌដង្កោ ខណ្ឌ​កំបូល និង​ខណ្ឌ​ពោធិ៍សែនជ័យ​។ ទី​ ៣ ក្រុមហ៊ុន CINTRI (Cambodia)/ Everbright (China) បានផ្តល់​សេវា ក្នុង​តំបន់​ទី​ ៣ ដែលមាន ៤​ ខណ្ឌ គឺ ខណ្ឌ​ចំការមន ខណ្ឌ​បឹងកេងកង ខណ្ឌ​មានជ័យ និង​ខណ្ឌ​ច្បារអំពៅ​៕

វីដេអូ៖