ភ្នំពេញៈ កម្ពុជា មាន​ករណី​ឆ្លង​វីរុស​កូវីដ​ ១៩ ​បំប្លែង​ថ្មី ប្រភេទ​អូមីក្រុង​សរុប​ជាង​ ៣០០ ​ករណី​ហើយ ទាំង​ករណី​នាំចូល​ពី​ក្រៅប្រទេស និង​ករណី​ឆ្លង​ក្នុង​សហគមន៍​គិត​ត្រឹម​ពាក់កណ្តាល​ខែមករា ឆ្នាំ​ ២០២២ ដែល​ធ្វើឱ្យ​ក្រសួង​សុខាភិបាល​នៅតែ​បន្ត​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ប្រុងប្រយ័ត្ន​ខ្ពស់​ពី​វីរុស​ថ្មី​នេះ​ដែលមាន​ការឆ្លង​លឿន​ជាង​វីរុស​កូវីដ​ ១៩ ​ផ្សេងៗ​ទៀត​។

យោងតាម​របាយការណ៍​របស់​ក្រសួង​សុខាភិបាល​បាន​ឱ្យដឹងថា មាន​អ្នក​ឆ្លង​វីរុស​កូវីដ-១៩​បំប្លែង​ថ្មី អូមីក្រុង​សរុប​ចំនួន​ ៣៥៥​ ករណី​ហើយ​ទាំង​ករណី​នាំចូល​ពី​ក្រៅប្រទេស និង​ករណី​ឆ្លង​ក្នុង​សហគមន៍​ដោយ​ក្នុងនោះ​ករណី​ឆ្លង​ក្នុង​សហគមន៍​មាន​ចំនួន ៦៤​ ករណី​។

លោកស្រី​ ឱ វណ្ណឌីន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល បាន​ថ្លែង​កាលពី​ថ្ងៃទី​ ១៤ ខែមករា​ថា បច្ចុប្បន្ននេះ​វីរុស​កូវីដ​ ១៩ ​ប្រភេទ​អូមីក្រុង កំពុងតែ​ចរាចរ​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​ក្រសួង​ក៏បាន​រកឃើញ​អ្នក​ឆ្លង​វីរុស​នេះ​ជា​បណ្តើរៗ​ផងដែរ​។

លោកស្រី​មាន​ប្រសាសន៍​ថា​៖ «​ចំនួន​នៃ​ការរកឃើញ​អូមីក្រុង​នេះ នឹងមាន​កំណើន​កើនឡើង​ជា​បន្តបន្ទាប់​។ ដូច្នេះហើយ​តាម​ការដឹកនាំ​ដ៏ឆ្លាតវៃ​របស់​សម្តេចនាយករដ្ឋមន្ត្រី​បានប្រកាស​ឱ្យ​យើង​ធ្វើ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ដូស​ទី ​៣​ឬ​ដូស​ជំរុញ និង​ដូស​ទី​ ៤ ​នេះ​ឡើង​»​។

លោកស្រី ឱ វណ្ណឌីន ធ្លាប់បាន​លើកឡើង​ពី​វីរុស​ប្រភេទ​អូមីក្រុង​នេះ​ថា មេរោគ​នេះ​មានការ​ចម្លង​លឿន ដែល​ធ្វើឱ្យ​ប្រជាពលរដ្ឋ​ត្រូវ​បន្ត​យកចិត្ត​ទុកដាក់​ការពារ​ខ្លួន​ឱ្យបាន​ហ្មត់ចត់​មែនទែន ហើយ​មិនត្រូវ​ភ្លេចខ្លួន​នោះទេ ដោយ​ត្រូវ​ចាំ​ថា វីរុស​កូវីដ​ ១៩ មិនដែល​ភ្លេច (​យើង​) ​ទេ ប៉ុន្តែ​បុគ្គល​ម្នាក់ៗ​ងាយ​នឹង​ភ្លេច​កូវីដ​ ១៩​។

សម្រាប់​អ្នកជំងឺ​កូវីដ ​១៩​ ប្រភេទ​អូមីក្រុង​នេះ​ត្រូវ​បាន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​មិន​អនុញ្ញាត​ឱ្យ​សម្រាក​ព្យាបាល​ជំងឺ​នៅតាម​គេហដ្ឋាន​ឡើយ បើទោះបីជា​អ្នកជំងឺ​ស្ថិតក្នុង​កម្រិត​ជីវភាព​ណាក៏ដោយ គឺ​ត្រូវតែ​មក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ដោយសារ​វីរុស​នេះ​ឆ្លង​លឿន​ជាង​វីរុស​កូវីដ​ ១៩ ​ប្រភេទ​ផ្សេងទៀត​។

បើតាម​មន្ត្រី​ក្រសួង​សុខាភិបាល​នៅ​ទូទាំង​ប្រទេស​មាន​មណ្ឌល​ព្យាបាល​សម្រាប់​អ្នកជំងឺ​កូវីដ​ ១៩​ ប្រភេទ​អូមីក្រុង​នៅក្នុង​រាជធានី​ភ្នំពេញ​មាន​ចំនួន​ ៥ ​ទីតាំង ហើយ​នៅតាម​បណ្តា​ខេត្ត​មួយចំនួន គឺ​ដាក់ឱ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​។ មន្ទីរពេទ្យ​ចំនួន​ ៥​ ទីតាំង​ដែលមាន​ដាក់​ព្យាបាល​អ្នកជំងឺ​កូវីដ​ ១៩ ​ប្រភេទ​អូមីក្រុង មានដូចជា មជ្ឈមណ្ឌល​ជាតិ​កំចាត់​រោគរបេង និង​ហង់​សិន​មណ្ឌល​ព្យាបាល​ស្តាត​អូឡាំពិក​មណ្ឌល​សុខភាព​ចាក់អង្រែ មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត និង​មន្ទីរពេទ្យ​ហ្លួងម៉ែ​៕