ភ្នំពេញៈ ក្នុង​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​ដូស​ទី ​៤ រយៈពេល ​២​ ថ្ងៃ​កន្លងមកនេះ មាន​ប្រជាពលរដ្ឋ​ជាង​ ៤ ​ម៉ឺន​នាក់ បាន​ចាក់​វ៉ាក់សាំង​ប្រភេទ​ Pfizer នៅតាម​បណ្តា​មន្ទីរពេទ្យ មណ្ឌល​សុខភាព​ក្នុង​រាជធានី​ភ្នំពេញ ខណៈ​ដែល​មនុស្ស​ចំនួន​ជាង​ ៤ ​លាន​នាក់​បាន​ចាក់​វ៉ាក់សាំង​ដូស​ជំរុញ ឬ​ដូស​ទី ​៣​។

របាយការណ៍​របស់​ក្រសួង​សុខាភិបាល​ឱ្យដឹងថា យុទ្ធនាការ​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ដូស​ទី ​៤ បាន​ចាប់ផ្តើម​នា​ថ្ងៃទី​ ១៤ ខែមករា ដោយ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​អនុញ្ញាត​ឱ្យ​គ្រប់​ប្រជាពលរដ្ឋ​ដែល​ត្រូវ​ដល់​វេន​ចាក់​វ៉ាក់សាំង​ដូស​ទី​ ៤ ​នេះ មកចាក់​នៅ​រាជធានី​ភ្នំពេញ​បាន​។

លោកស្រី​ ឱ វណ្ណឌីន រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ចចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស ថ្លែង​ក្នុងពេល​ចុះ​ពិនិត្យមើល​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ដូស​ទី​ ៤ ថា ថ្ងៃ​ទី​ ១៤ មករា ជា​ថ្ងៃ​នៃ​ការបើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩​ ដូស​ទី​ ៤​។ ការចាក់​វ៉ាក់សាំង​នេះ គឺ​ធ្វើ​តែ​ក្នុង​ក្របខ័ណ្ឌ​រាជធានី​ភ្នំពេញ​ទេ ដោយសារ​វ៉ាក់សាំង ​Pfizer​ នេះ​ត្រូវ​រក្សាទុក​ក្នុង​ប្រព័ន្ធ​ត្រជាក់​រហូតដល់​ដក​ ៨០(-៨០)​ អង្សារ​សេ​ក្រោម​សូន្យ​។

លោកស្រី​ថ្លែងថា​៖ «​នៅតាម​បណ្តា​រាជ​ធានី​ខេត្ត​របស់​យើង​មិនទាន់​មាន​ប្រព័ន្ធ​ត្រជាក់​នេះ​ទេ តែ​តាមពិតទៅ​យើង​បាន​គ្រោង​នឹង​ចាត់ចែង​រៀបចំ​នេះ​នៅពេលដែល​ប្រព័ន្ធ​ត្រជាក់​នេះ​មកដល់​ប្រទេស​យើង តាមរយៈ​អង្គការ​យូនីសេហ្វ​ជា​អ្នកផ្គត់ផ្គង់ ហើយ​ប្រសិនបើ​មិនមាន​ការប្រែប្រួល​នោះទេ ប្រព័ន្ធ​ត្រជាក់​នេះ​អាច​នឹង​មកដល់​កម្ពុជា​នៅ​ចុងខែ​កុម្ភៈ​»​។

នៅពេល​ប្រព័ន្ធ​ត្រជាក់​មកដល់​ក្រសួង​នឹង​ធ្វើការ​ដំឡើង និង​ចែកជូន​ដល់​មន្ទីរ​សុខាភិបាល​រាជធានី-ខេត្ត​ក៏ដូចជា​នៅតាម​ស្រុក​ប្រតិបត្តិ ហើយ​វ៉ាក់សាំង​នេះ​នឹងធ្វើ​ការបែងចែក​ជា​បន្តបន្ទាប់ នៅពេល​មាន​ប្រព័ន្ធ​ត្រជាក់​នេះ​។ ប៉ុន្តែ​យុទ្ធនាការ​នេះ​ត្រូវបាន​ចាប់ផ្តើម ដោយមាន​ភាពចាំបាច់ និង​ការវិវឌ្ឍ​នៃ​ការបំប្លែង​ខ្លួន​ដ៏លឿន​របស់​វីរុស​កូវីដ ​១៩ ពិសេស​វីរុស​ប្រភេទ​អូមីក្រុង​ក្នុងប្រទេស​កម្ពុជា​។

ពលរដ្ឋ​ទទួល​ការចាក់​វ៉ាក់សាំង Pfizer ប្រឆាំង​កូវីដ នា​ថ្ងៃទី​ ១៦ មករា នៅ​ខណ្ឌ​ជ្រោយចង្វារ​។ហុង មិនា

លោកស្រី ​ឱ វណ្ណឌីន ដែលជា​អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល​ផង​នោះ​ប្រាប់ថា ការចាក់​វ៉ាក់សាំង​ដូស​ទី ​៤ ​ដែល​ពេលនេះ កំពុង​ប្រើប្រាស់​ប្រភេទ​វ៉ាក់សាំង Pfizer ប៉ុន្តែ វា​មិនមែន​មានន័យថា ចាំបាច់​ដូស​ទី ​៤ ត្រូវតែ​ប្រើ​វ៉ាក់សាំង​ប្រភេទ​នេះ​ទេ​។

លោកស្រី​បញ្ជាក់ថា​៖ «​ប្រសិនបើ​យើង​មិនមាន​ប្រភេទ​វ៉ាក់សាំង Pfizer នេះ​ទេ យើង​ក៏​អាច​ប្រើប្រាស់​វ៉ាក់សាំង​ Astrazeneca ឬ​វ៉ាក់សាំង Moderna ដែល​យើង​អាច​ប្រើប្រាស់​បាន​ជា​ដូស​ទី​ ៤​ ឬ​ដូស​ជំរុញ ហើយ​ប្រសិនបើ​យើង​មិនមាន​វ៉ាក់សាំង​ទាំងនេះ យើង​ក៏​អាច​ប្រើប្រាស់​វ៉ាក់សាំង​ប្រភេទ ស៊ីណូហ្វាម និង​ស៊ីណូវ៉ាក់​បានដែរ​»​។

បើតាម​លោកស្រី​ ឱ វណ្ណឌីន គ្រប់​វ៉ាក់សាំង​កូវីដ​ ១៩ ​ទាំងអស់​សុទ្ធតែ​ជា​វ៉ាក់សាំង ដែលមាន​ប្រសិទ្ធភាព​ខ្ពស់​សម្រាប់​ទប់ទល់​ពី​ការវាយលុក​ភាពធ្ងន់ធ្ងរ​ពី​វីរុស​កូវីដ​ ១៩ កាត់បន្ថយ​បានជា​អតិបរមា​នៃ​ការទទួល​មរណភាព ក៏ដូចជា​កាត់បន្ថយ​បាន​ពី​អត្រា​នៃ​ការ​ចូលមក​សម្រាក​ពេទ្យ​។

អ្នកនាំពាក្យ​រូបនេះ​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឱ្យមក​ទទួល​ការចាក់​វ៉ាក់សាំង​ដូស​ទី​ ៣​ ឬ​ដូស​ជំរុញ​ដែលមាន​ការធ្វើ​យុទ្ធនាការ​ចាក់​នេះ​នៅ​ទូទាំង​ប្រទេស លើកលែង​តែ​ដូស​ទី​ ៤ ដែល​មានតែ​នៅក្នុង​រាជធានី​ភ្នំពេញ​ប៉ុណ្ណោះ ដោយសារ​តែ​វ៉ាក់សាំង Pfizer តម្រូវ​រក្សាទុក​ក្នុង​ប្រព័ន្ធ​ត្រជាក់​ក្រោម​ ៨០​ អង្សាសេ​។

គួររំឭកថា កាលពី​ថ្ងៃទី​ ១០ មករា លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បានចេញ​បទបញ្ជា​ទៅ​ក្រសួង​សុខាភិបាល ​និង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​អនុញ្ញាតឱ្យ​ប្រជាពលរដ្ឋ​មកពី​គ្រប់​ទីកន្លែង​ ឬ​តាម​បណ្តា​ខេត្ត​នានា​អាចមក​ចាក់​វ៉ាក់សាំង​ដូស​ទី​ ៤ ​បាន​ដោយ​ ប្រើប្រាស់​វ៉ាក់សាំង​កូវីដ​ ១៩ Pfizer​។

លោក​ ហ៊ុន សែន បញ្ជាក់ថា​៖ «​ខ្ញុំ​បាន​ដាក់​បទបញ្ជា​រួចហើយ គឺ​ចាក់​ទៅដល់​គ្រប់​ប្រជាពលរដ្ឋ ដែល​មកពី​គ្រប់កន្លែង​ណា​ក៏​បានដែរ​។ បើ​អ្នកណា​ចង់​ចាក់​វ៉ាក់សាំង Pfizer គឺ​ចាក់ឱ្យ​ពួកគាត់​បាន ដោយសារ​វ៉ាក់សាំង​នេះ​ដឹកចេញទៅ​ខេត្ត​មិន​មាន​ប្រព័ន្ធ​ត្រជាក់ -៨០​ អង្សា វា​នឹង​ខូច​។ សំខាន់​ត្រូវឱ្យ​វ៉ាក់សាំង​បាន​ចូលទៅក្នុង​ខ្លួន​មនុស្ស​»​។

យោងតាម​របាយការណ៍​ក្រសួង​សុខាភិបាល​គិត​ត្រឹម​ថ្ងៃទី​ ១៥ មករា ឆ្នាំ​ ២០២២ ធៀប​នឹង​ប្រជាជន​សរុប​ ១៦​ លាន​នាក់ កម្ពុជា​បាន​ចាក់​វ៉ាក់សាំង​ដល់​ប្រជាពលរដ្ឋ​បាន​ចំនួន​ ៨៩,៤២% ​ហើយ ដោយ​ក្នុងនោះ​មាន​ចាប់ពី​កុមារ​អាយុ​ពី​ ៥​ ឆ្នាំ​ឡើង​។ ក្រសួង​បន្ថែមថា ចំពោះ​អ្នក​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩​ ដូស​ទី​ ៣ មាន​ជាង​ ៤ ​លាន ​៦ ​សែន​នាក់ និង​ដូស​ទី​ ៤ ​ចំនួន​ ៤៣,០៨១ ​នាក់​។

ដោយឡែក សម្រាប់​ការចាក់​វ៉ាក់សាំង​កុមារ​អាយុ ​៣ ​ឆ្នាំ និង​ ៤​ ឆ្នាំ ប្រមុខ​រាជរដ្ឋាភិបាល និង​ក្រសួង​សុខាភិបាល​មិនទាន់​សម្រេច​ឱ្យមាន​ការចាក់​ជូន​នៅឡើយ​ទេ ដោយ​រង់ចាំ​ការតាមដាន​មើល​ពី​បណ្តា​ប្រទេស​ផ្សេងៗ​ជាមុនសិន​។

លោកនាយក​រដ្ឋមន្ត្រី​លើកឡើង កាលពី​ថ្ងៃទី​ ១៤ មករា លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​របស់លោក​ក្នុង​ការឆ្លើយតប​នឹង​សំណួរ​របស់​ប្រជាពលរដ្ឋ​លើ​ការចាក់​វ៉ាក់សាំង​កុមារ​ក្រោម​ ៥ ​ឆ្នាំនេះ​ថា ការចាក់​វ៉ាក់សាំង​កូវីដ​ ១៩​ សម្រាប់​កុមារ​អាយុ​ ៣ ​ឆ្នាំ និង​ ៤ ​ឆ្នាំ មិនទាន់​សម្រេច​ចុងក្រោយ​នៅឡើយ​។

អ្នកលេង​បណ្តាញ​សង្គម​ហ្វេសប៊ុក​ ១ ​រូប​បាន​សរសេរ (comment) ​ក្នុង​រូបភាព របស់​លោក​ ហ៊ុន សែន និង​ភរិយា ដែល​បាន​បង្ហោះ​ពី​ការចាក់​វ៉ាក់សាំង​ដូស​ជំរុញ​ថា​៖ «​សម្តេច​ពុក​តើ​កូនក្មេង​អាយុ​ ៣ និង​ ៤ ​ឆ្នាំ អាច​ចាក់​វ៉ាក់សាំង​បាន​ពេលណា​ដែរ​?»​។

ជា​ការឆ្លើយតប​លោក​ ហ៊ុន សែន សរសេរ ថា​៖ «​មិនទាន់​មាន​ការសម្រេច​ចុងក្រោយ​នោះទេ​សម្រាក់​ការចាក់​ក្មេង​អាយុ​ ៣ ​និង ៤ ​ឆ្នាំ​។ ត្រូវ​រង់​ចាំមើល​ប្រទេស​នានា​ដែល​បាន​ចាក់ទៅលើ​ក្មេង ​៣ ​និង​ ៤ ​ឆ្នាំមាន​ប្រសិទ្ធភាព​ ឬ​ផលប៉ះពាល់​យ៉ាណា​?»៕