
ជនសង្ស័យពាក់ព័ន្ធគ្រឿងញៀនត្រូវសមត្ថកិច្ចចាប់ខ្លួន។ រូបថត នគរបាល
កំពង់ចាមៈ កម្លាំងសមត្ថកិច្ចនគរបាលនៃស្នងការនគរបាលខេត្តកំពង់ចាម កំពុងសាកសួរជនសង្ស័យ ១១ នាក់ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន ៩ កញ្ចប់ នៅរៀលថ្ងៃទី ១៦ មករា និងអាចបញ្ជូនទៅតុលាការនាថ្ងៃនេះ បន្ទាប់ពីចាប់បានជាបន្តបន្ទាប់ កាលពីថ្ងៃទី ១៥ ខែមករា នៅចំណុចចម្ការចេក ស្ថិតក្នុងភូមិទួលថ្ម ឃុំថ្មពូន ស្រុកព្រៃឈរ។
លោកឧត្តមសេនីយ៍ត្រី ជីវសេងរស់ ស្នងការរងនគរបាលខេត្តកំពង់ចាមថ្លែងនៅថ្ងៃទី ១៦ មករា ថា បន្ទាប់ពីទទួលបានព័ត៌មានរាយការណ៍ពីប្រជាពលរដ្ឋ និងមានការអនុញ្ញាតពីលោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម នៅថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២២ កម្លាំងសមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវស្វែងរក និងឃាត់ខ្លួនជនសង្ស័យបានចំនួន ១១ នាក់ពាក់ព័ន្ធបទល្មើសគ្រឿងញៀននៅចំណុចចម្ការចេក ស្ថិតក្នុងភូមិទួលថ្ម ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
លោក ជីវ សេងរស់ ប្រាប់ថា៖ «ក្រោយពីមានការផ្តល់ព័ត៌មានពីប្រជាពលរដ្ឋ យើងក៏បានឃ្លាំមើល និងចុះទៅធ្វើការឃាត់ខ្លួនឆែកឃើញមានថ្នាំញៀន។ តាមចម្លើយជនសង្ស័យយើងចាប់បានជាបន្តបន្ទាប់តាមលេខរៀងហ្នឹង ថា យក [គ្រឿងញៀន] ពី [អ្នកណា] យើងបន្តចាប់តាមលេខរៀងទី ១ ទី ២ ទី ៣ ទី ៤ រហូតអ៊ីចឹងទៅ»។
លោក ជីវ សេងរស់ ឱ្យដឹងថា ជាមួយនឹងការឃាត់ខ្លួន សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន ៩ កញ្ចប់ និងទូរស័ព្ទដៃ ៩ គ្រឿង។ លោកថា នៅរសៀលថ្ងៃទី ១៦ មករា សមត្ថកិច្ចជំនាញកំពុងបន្តសាកសួរជនសង្ស័យទាំងអស់តាមនីតិវិធី។
លោកថ្លែងថា៖ «តាមមើលប្រហែលជាអាចព្រឹក [ថ្ងៃទី ១៧ ខែមករា] ទើបយើងអាចបញ្ជូនទៅតុលាការបាន ដោយសារនីតិវិធី ចំនួន ១១ នាក់ ត្រូវចំណាយពេលច្រើនដែរ មើលទៅទាល់តែល្ងាចបានហើយ»៕