ភ្នំពេញៈ សាលាដំបូង​រាជធានី​ភ្នំពេញ​នឹង​បើក​សវនាការ​ជំនុំជម្រះ​ក្តី​តាម​ការគ្រោងទុក​នៅ​ថ្ងៃទី​ ១៩ ខែមករា សំណុំ​រឿង​លោក កឹម សុខា ក្រោម​បទចោទ «​សន្ទិដ្ឋភាព​ជាមួយ​បរទេស ​(​ក្បត់ជាតិ​)» ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល បន្ទាប់ពី​ត្រូវបាន​ពន្យារពេល​មួយរយៈ​ ខណៈ​អតីត​មេបក្ស​ប្រឆាំង​រូបនេះ​នៅតែ​បន្ត​ជួប​អង្គទូត​នានា​ជា​បន្តបន្ទាប់​។

លោក ប្លង់ សុផល អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១៦ មករា​ថា សម្រាប់​សវនាការ​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី​ ១៩ ​មករា ក្រុមប្រឹក្សា ដែល​ត្រូវ​​ជំនុំជម្រះ​គឺ​ដដែល​ដូច​លើក​មុន មិនមាន​ការផ្លាស់ប្តូរ​ទេ ក្នុងនោះ​រួមមាន លោក​ កូយ សៅ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ លោក​ សេង លាង និង​លោក​ ធាម ច័ន្ទពិសិដ្ឋ ចៅក្រម​ប្រឹក្សា​។ តំណាង​អយ្យការ​អម​សវនាការ លោក​ ប្លង់ សុផល ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ និង​ក្រឡាបញ្ជី​លោក​ ជ័យ វាសនា​។

តាម​ដីកា​កោះហៅ​ចុះ​ថ្ងៃទី​ ១៣ ខែធ្នូ ឆ្នាំ​ ២០២១ លោក ប្លង់ សុផល បាន​តម្រូវឱ្យ​លោក កឹម សុខា ត្រូវ​ចូលរួម​សវនាការ​ក្នុង​សំណុំរឿង «​សន្ទិដ្ឋភាព​ជាមួយ​បរទេស​» នៅ​ព្រឹក​ថ្ងៃទី​ ១៩ ខែមករា ឆ្នាំ ​២០២២​ ជា​កំហិត​។

ភ្នំពេញ​ប៉ុស្តិ៍ មិនអាច​ទាក់ទង​លោកស្រី ម៉េង សុភារី និង​លោក ចាន់ ចេន សហមេធាវី​របស់​លោក កឹម សុខា សុំ​ធ្វើ​អត្ថាធិប្បាយ​បានទេ នៅ​ថ្ងៃទី​ ១៦ ​មករា​។

លោក យង់ ពៅ គ្រូបង្រៀន​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា ថ្លែង​នៅ​ថ្ងៃទី​ ១៦ ខែមករា​ថា ការបើក​សវនាការ​ជំនុំជម្រះ ករណី​លោក កឹម សុខា នៅពេល​ខាងមុខនេះ​ជា​នីតិវិធី​របស់​តុលាការ​ទៅតាម​អំណាច​ឯករាជ្យ​របស់ខ្លួន បន្ទាប់ពី​បាន​ជាប់គាំង​មួយរយៈ​ពេល​វែង​ដោយសារ​ការរាតត្បាត​នៃ​ជំងឺ​កូវីដ​ ១៩​។ លោក​ថ្លែងថា​៖ «​ខ្ញុំ​យល់ឃើញថា លោក កឹម សុខា អ្នកនយោបាយ​ដែលមាន​អ្នកគាំទ្រ​។ អ៊ីចឹង នៅពេលដែល​ធ្វើ​សវនាការ គាត់​ប្រាកដ​ជាមាន​អ្នកគាំទ្រ និង​ចូលរួម​មើល​ហូរហែ​ហើយ អ៊ីចឹង​ទេ ជា​នីតិវិធី​របស់​តុលាការ​រង់ចាំ​ឱ្យ​កូវីដ​វា​ស្ងប់​សិន​»​។

លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះជាតិ​បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់លោក​កាលពី​ថ្ងៃ​ទី​ ១១ ខែមករា ក្រោយ​ជំនួប​ពិភាក្សា​ជាមួយ​លោកស្រី Amanda Milling រដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការ​អន្តរជាតិ ខូ​-​មិន​វែ​ល និង​អភិវឌ្ឍន៍​អង់គ្លេស​ ខណៈ​លោកស្រី​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​ថា​៖ «​ចក្រភព​អង់គ្លេស​នឹង​បន្ត​តាមដាន​ដោយ​យកចិត្ត​ទុកដាក់​អំពី​ដំណើរការ និង​លទ្ធផល​នៃ​សវនាការ​នាពេល​ខាងមុខ​ដែល​ពាក់ព័ន្ធ​នឹង​សេរីភាព​របស់ខ្ញុំ​ក្នុង​ការចូលរួម​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​នាពេល​ខាងមុខ​ផងដែរ​»​។

នៅក្នុង​ខែមករា ដើមឆ្នាំ​ថ្មី​ ២០២ ២​នេះ​ក្រៅពី​ជួប​អ្នកការទូត​សំខាន់ៗ​នៃ​សហគមន៍​អឺរ៉ុប​លោក កឹម សុខា ក៏បាន​ជួប​ជាមួយ​ឯកអគ្គរាជទូត​ជប៉ុន និង​ជួប​ជាមួយនឹង​រដ្ឋមន្ត្រី ​(Minister of State) ​ទទួលបន្ទុក​កិច្ចការ​អាស៊ី​នៃ​ក្រសួង​ការបរទេស​អង់គ្លេស​ក្នុងពេល​ថ្មីៗ​នេះ និង​ឯកអគ្គរដ្ឋទូត​បារាំង ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ឆេក ឯកអគ្គរដ្ឋទូត​សហព័ន្ធ​អាល្លឺម៉ង់ និង​ឯកអគ្គរដ្ឋទូត​ស្តីទី​នៃ​គណៈប្រតិភូ​សហភាព​អឺរ៉ុប ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ផងដែរ​។

លោក​ កឹម សុខា ថ្លែងថា​៖ «​ការដែល​អ្នកការទូត​តំណាង​ប្រទេស​ជា​មិត្ត​របស់​កម្ពុជា​ដែល​តែងតែ​ជួបពិភាក្សា​ជាមួយ​ខ្ញុំ​នោះ មិនមែន​ត្រឹមតែ​ស្វែងយល់​ពី​ទស្សនៈ និង​ទទួលស្គាល់​នូវ​គុណ​តម្លៃ​នៃ​ការតស៊ូ​ដោយ​អហិង្សា ការលះបង់​ដោយ​ការអត់ធ្មត់ ដើម្បី​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​របស់ខ្ញុំ​ប៉ុណ្ណោះ​ទេ លើសពីនេះទៅទៀត គឺជា​ការ​បញ្ជាក់ថា ការដែល​យើង​មិនបាន​ធ្វើ​អ្វី​ខុស មិន​បង្ក​ការឈឺចាប់​ដល់​អ្នកដទៃ និង​ដោយ​យើង​ប្រកាន់យក​នូវ​គោលការណ៍​ដ៏​ត្រឹមត្រូវ​នោះ យើង​មិន​នៅ​ឯកោ​ឡើយ​»​។

លោក កឹម សុខា ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃទី​ ៣ ​កញ្ញា ឆ្នាំ​ ២០១៧ ​នៅ​គេហដ្ឋាន​របស់លោក ក្នុង​ខណ្ឌ​ទួលគោក និង​ត្រូវបាន​បញ្ជូនទៅ​ឃុំខ្លួន​នៅក្នុង​ពន្ធនាគារ ត្រពាំង​ផ្លុង ខេត្ត​ត្បូងឃ្មុំ ដោយ​ចោទ​ពីបទ​ «​សន្ទិដ្ឋភាព​ជាមួយ​បរទេស​» ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​ដោយ​គិត​មកដល់​ពេលនេះ គឺមាន​រយៈពេល ៤ ​ឆ្នាំ​ហើយ​។ លោក​ កឹម សុខា ត្រូវបាន​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ កាលពី​ថ្ងៃទី ​១០ ខែវិច្ឆិកា ឆ្នាំ​ ២០១៩ ប៉ុន្តែ​ត្រូវ​ដាក់ឱ្យ​ស្ថិតក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ ទី​ ១ មិនត្រូវ​ចេញ​ក្រៅ​ព្រំប្រទល់​ដែនដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទី​ ២ មិនត្រូវ​ធ្វើ​សកម្មភាព​នយោបាយ និង​ទី​ ៣ ត្រូវ​ឆ្លើយតប​នឹង​ការកោះហៅ​ពី​គ្រប់​សមត្ថកិច្ច​៕

វីដេអូ៖