បាត់ដំបងៈ អភិបាលរង​ខេត្ត​បាត់ដំបង​បានស្នើ​ទៅ​គណៈអភិបាលក្រុង-ស្រុក​ទាំង​ ១៤ ​នៅក្នុង​ខេត្ត​ត្រូវ​ផ្សព្វផ្សាយ និង​មាន​វិធានការ​ទប់ស្កាត់​ការទន្ទ្រាន​កាន់កាប់​ដី​រដ្ឋ​ដោយ​ខុសច្បាប់ ដោយ​មាន​ប្រជាពលរដ្ឋ​មួយចំនួន​កំពុង​បន្តសកម្មភាព​ទន្ទ្រាន កាន់កាប់ សាងសង់​សំណង់​លើដី​កម្មសិទ្ធិ​របស់​រដ្ឋ ដូចជា ដី​សួនច្បារ ដី​ចំណីផ្លូវ ចំណី​ប្រឡាយ ចំណីស្ទឹង ចំណី​បឹងបួ ចំណី​ទន្លេ ដីព្រៃ ដីភ្នំ​។

យោងតាម​លិខិត​ដែល​ចុះហត្ថលេខា​ដោយ លោក យឹម សៀប អភិបាលរង​ខេត្តបាត់ដំបង កាលពី​ថ្ងៃទី​ ១១ ​ខែមករា ឆ្នាំ​ ២០២២ ឱ្យដឹងថា អាជ្ញាធរ​ដែនដី​ខ្លះ​បានបញ្ជាក់​លើ​លិខិត​ទិញ-លក់​ចេញ​លិខិត​បញ្ជាក់​ការកាន់កាប់ និង​បានធ្វើ​កិច្ចសន្យា​ឱ្យ​ប្រជាពលរដ្ឋ​សាងសង់​សំណង់​លើ​ដី​រដ្ឋ​ជា​បណ្តោះអាសន្ន ដែល​មិនមាន​លក្ខណៈ​ស្របច្បាប់​។ ដើម្បី​ទប់ស្កាត់​ករណី​ខាងលើ​នេះ រដ្ឋបាល​ខេត្ត​សូម​ស្នើ​លោក លោកស្រី​អភិបាល​នៃ​គណៈ​អភិបាលក្រុង-ស្រុក​ទាំង​ ១៤ ត្រូវ​ផ្សព្វផ្សាយ ណែនាំ និង​មាន​វិធានការ​ជាបន្ទាន់​៖ ១. ​ហាមឃាត់​ការទន្ទ្រាន កាន់កាប់​ដី​ជា​កម្មសិទ្ធិ​របស់​រដ្ឋ ដែល​មិន​ស្រប​គោលការណ៍ នីតិវិធី​ច្បាប់ និង​បទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​។ និង​ ២. ត្រូវ​លុបចោល​រាល់​លិខិតបទដ្ឋាន​ទាំងឡាយ ដែល​បានបញ្ជាក់​ដោយ​អាជ្ញាធរ​ឱ្យ​ប្រជាជន​សាងសង់​សំណង់​ជា​បណ្ដោះអាសន្ន និង​ការកាន់កាប់​ដី​រដ្ឋ​ដែល​មិន​ស្របច្បាប់​។

លោក យឹម សៀប បាន​សរសេរ​ថា​៖ «​ចំពោះ​អាជ្ញាធរ​ដែនដី​ណា​នៅតែ​បន្ត​ចេញ​លិខិតបញ្ជាក់ ឬ​ធ្វើ​កិច្ចសន្យា​ដូច​បាន​រៀបរាប់​ខាងលើ​ត្រូវ​ទទួលខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់​ជា​ធរមាន​»​។

លោក សើ សាម៉េត អភិបាល​ស្រុក​សំឡូត ខេត្ត​បាត់ដំបង ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ ឱ្យដឹងថា​លោក​ក៏បាន​ទទួល​លិខិត​ណែនាំ​នេះ​ពី​រដ្ឋ​បាន​ខេត្ត​រួចហើយ ។ ក្រៅពីនេះ​ក៏បាន​ទទួល​លិខិត​ណែនាំ​ពី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​ក្រសួងបរិស្ថាន​ជាដើម ក្នុងការ​ទប់ស្កាត់ និង​ទន្ទ្រាន​យក​ដី​របស់​រដ្ឋ​ធ្វើជា​កម្មសិទ្ធិ​។

លោក​បន្តថា បន្ថែម​ពីនេះ រដ្ឋបាល​ខេត្ត​ក៏​បានចេញ​សេចក្តី​ណែនាំ ចម្លង​បន្ត​ពី​ស្ថាប័ន​ទាំងនោះ​ផ្សព្វផ្សាយ​ទៅ​ប្រជាពលរដ្ឋ និង​គ្រប់​គោលដៅ​ទាំងអស់​ក្នុង​មូលដ្ឋាន​ស្រុក​ឱ្យ​ប្រជាពលរដ្ឋ​ទទួល​បាន​ការយល់ដឹង និង​ចូលរួម​ទប់ស្កាត់​ទាំងអស់គ្នា​ពី​ការកាប់​ទន្ទ្រានព្រៃ និង​ដី​សាធារណៈ​របស់​រដ្ឋ​។

លោក​ថ្លែងថា​៖ «​បន្ទាប់ពី​ការទទួល​បាន​ការណែនាំ រដ្ឋបាល​ស្រុក​បាន​យកចិត្ត​ទុកដាក់​ច្រើន និង​ដោយ​ប្រយ័ត្នប្រយែង​ជាទីបំផុត​ក្នុង​ការទប់ស្កាត់​នូវ​រាល់​សកម្មភាព​កាប់​រាន និង​ការកាប់​ដីព្រៃ​ជាដើម កុំឱ្យ​មាន​ការ​កើតឡើង​នៅក្នុង​មូលដ្ឋាន​បន្តទៀត​»​។

ដោយឡែក រដ្ឋបាល​ស្រុក​គាស់ក្រឡ​កាលពី​ថ្ងៃទី​ ១១ ខែមករា ឆ្នាំ​ ២០២២ ក៏បាន​ចេញ​សេចក្តី​ជូនដំណឹង​មួយ​ដល់​ប្រជាពលរដ្ឋ ដែល​រស់នៅ​ទីប្រជុំជន​ផ្សារ​នានា​ក្នុងស្រុក ក៏ដូចជា ប្រជាពលរដ្ឋ​នៅតាម​បណ្តា​មូលដ្ឋាន ឃុំ ភូមិ ដែល​បាន​សាងសង់​ផ្ទះ ឬ​អគារ​សំណង់ តយ៉ាប​នៅលើ ឬ​លើដី​សាធារណៈ​របស់​ចំណីផ្លូវ អូរ បឹងបួ និង​ប្រឡាយ​ចូលរួម​សហការ​រុះរើ​ចេញ​ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ ដោយមាន​រយៈពេល ២០ ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​ ១១ ​ខែមករា ឆ្នាំ​ ២០២២ ​រហូតដល់​ថ្ងៃទី​ ៣១ ខែមករា ឆ្នាំ ២០២២ ដើម្បី​ងាយស្រួល​​ក្នុង​ការអភិវឌ្ឍ​នានា​ក្នុង​ពេល​ខាងមុខ​។

រដ្ឋបាល​ស្រុក​បញ្ជាក់ថា ដើម្បី​រក្សា​បាន​នូវ​សណ្តាប់ធ្នាប់ និង​សុខ​សុវត្ថិភាព ធានា​គុណភាព​នៃ​ការរស់នៅ​ប្រកប​ដោយ របៀបរៀបរយ មាន​សោភ័ណភាព បរិស្ថាន​ល្អ និង​សុវត្ថិភាព​ក្នុង​ការធ្វើ​ចរាចរណ៍​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​ក្នុង​ទូទាំង​ភូមិសាស្ត្រ​ស្រុក​គាស់ក្រឡ រដ្ឋបាល​ស្រុក​មាន​ផែនការ​រៀបចំ​កែលម្អ​ទៅលើ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ដូចជា ចំណីផ្លូវ អូរ បឹងបួរ ប្រឡាយ និង​ដី​សាធារណៈ​របស់​រដ្ឋ​ក្នុង​ភូមិសាស្ត្រ​ស្រុក​គាស់ក្រឡ​ស្របតាម​ទិសដៅ​អភិវឌ្ឍន៍ លើកកម្ពស់ គុណភាព និង​សុខុមាលភាព​ក្នុងការ​រស់នៅ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុងស្រុក​។

​រដ្ឋបាល​ស្រុក​គាស់ក្រឡ​បន្តថា​៖ «​ករណី​បងប្អូន​ប្រជាពលរដ្ឋ​ណា​មិន​អនុវត្ត​តាម​ខ្លឹមសារ​សេចក្តី​ជូនដំណឹង​នេះ ផុត​រយៈពេល​កំណត់ ក្រុមការងារ​នៃ​រដ្ឋបាល​ស្រុក​នឹង​ចុះ​ទៅ​ធ្វើការ​រុះរើ​ផ្ទាល់ ហើយ​មិន​ទទួល​ខុសត្រូវ​រាល់​ការខូចខាត​ទ្រព្យសម្បត្តិ​ណាមួយ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ឡើយ​។

លោក ប៉ែន ប៊ុណ្ណារ៍ មន្ត្រី​កម្មវិធី​ពង្រឹង​សិទ្ធិអំណាច​សហគមន៍​មូលដ្ឋាន​នៃ​សមាគម​អាដហុក​បាន​សម្តែង​ការស្វាគមន៍​ចំពោះ​ចំណាត់ការ​របស់​អាជ្ញាធរ​ក្នុងការ​មាន​វិធានការ​បែបនេះ ដើម្បី​រក្សា​ដី​របស់​រដ្ឋ​ឱ្យបាន​គង់វង្ស​។ ទោះ​យ៉ាងណាលោក​ថា ការទន្ទ្រាន​យក​ដី​រដ្ឋ និង​រំលោភ​យក​ដី​របស់​រដ្ឋ​ធ្វើជា​កម្មសិទ្ធិ ភាគច្រើន​គឺ​សុទ្ធតែ​មន្ត្រី​ធំៗ និង​ឧកញ៉ា និង​បាន​បង្ខំ​ឱ្យ​មន្ត្រី​ថ្នាក់ក្រោម​ជាតិ​ស៊ីញ៉េ​។ ករណីនេះ ត្រូវតែ​ដាក់បន្ទុក​លើ​មន្ត្រី​ថ្នាក់ជាតិ​ទៀត ព្រោះ​អ្នក​ទាំងអស់​គ្នា​នេះ ធ្វើឱ្យ​ខូច​របៀបរបប និង​ខុសច្បាប់​។

លោក ផៃ ស៊ីផាន អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១៦ ខែមករា ឆ្នាំ ​២០២២ នេះ ឱ្យដឹងថា ការទន្ទ្រាន និង​រំលោភ​យក​ដី​របស់​រដ្ឋ​ធ្វើជា​កម្មសិទ្ធិ មិនមែន​ភាគច្រើន​ជា​មន្ត្រី ឬក៏​ឧកញ៉ា​នោះ​ដែរ ប្រជាពលរដ្ឋ​ធម្មតា​ក៏មាន​ការចូលរួម​ប្រព្រឹត្ត​ដែរ ដែល​អ្នកតាមដាន​សង្គម នៅពេល​ដែល​ប្រទះឃើញ​ករណី​ ត្រូវ​រាយការណ៍​នៅក្នុង​ទំព័រ​ហ្វេសប៊ុក​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​៕