
ជនសង្ស័យជាតិចិន និងគ្រឿងញៀនក្រោយសមត្ថកិច្ចចាប់បាន។ រូបថត មន្ទីរប្រឆាំងគ្រឿងញៀន
ភ្នំពេញៈ នគរបាលនៃមន្ទីរប្រឆាំងគ្រឿងញៀនបានបញ្ជូនបុរសជនជាតិចិនម្នាក់ទៅសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី ១៦ មករា បន្ទាប់ពីចាប់ខ្លួនបាន ៥ ថ្ងៃនៅបុរីសែនសុខ សង្កាត់ទួលសង្កែ២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ជាមួយគ្រឿងញៀន អិចស្តាស៊ី (MDMA) កេតាមីន (KETAMINE) ទម្ងន់ជាង ៦ គីឡូក្រាម។ នេះបើតាមមន្ត្រីនៃមន្ទីរប្រឆាំងគ្រឿងញៀន។
លោក អ៊ិន សុង អ្នកនាំពាក្យមន្ទីរប្រឆាំងគ្រឿងញៀននៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់នៅថ្ងៃទី ១៦ មករា ថា បុរសជាជនសង្ស័យឈ្មោះ លី ស៊ូចៃ (LY XUJAY) អាយុ ៦៣ ឆ្នាំជាជនជាតិចិនស្នាក់នៅផ្ទះជួលក្នុងបុរីសែនសុខសង្កាត់ទួលសង្កែ២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។
លោកថ្លែងថា៖ «ករណីនេះយើងបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញព្រឹកមិញ (ថ្ងៃទី ១៦ មករា) ហើយ។ ជាមួយគ្នានេះក៏មានទាំងវត្ថុតាងគ្រឿងញៀនជាង ៦ គីឡូក្រាមផង»។
បើតាមលោក អ៊ិន សុង មុនឈានដល់ការបង្ក្រាបនេះ សមត្ថកិច្ចជំនាញបានស្រាវជ្រាវយ៉ាងសកម្ម ហើយបន្ទាប់ពីសមត្ថកិច្ចជំនាញក្តាប់បានព័ត៌មានច្បាស់ហើយក៏បានស្នើសុំគោលការណ៍ពីនាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន និងឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនព្រមទាំងមានការសម្របសម្រួលពីលោក ទី មុនិន្ទ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
លោកបានឱ្យដឹងថា ប្រតិបត្តិការនេះបានធ្វើឡើងនៅម៉ោងជាង ៧ យប់ ថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២២ នៅចំណុចផ្ទះជួលលេខ ១ ផ្លូវលេខ ៦ បុរីសែនសុខ សង្កាត់ទួលសង្កែ ២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន (ក ៣) ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ ប្រុញ សាន និងលោកឧត្តមសេនីយ៍ទោ ភឹម ច័ន្ទតារា នាយករងមន្ទីរប្រឆាំងគ្រឿងញៀន។ ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបាន ឈ្មោះ (LYXUJAY) ភេទប្រុសអាយុ ៦៣ ឆ្នាំជាជនជាតិចិន។ ចំពោះវត្ថុតាងដែលសមត្ថកិច្ចដកហូតបានមានអិចស្តាស៊ី (MDMA) ទម្ងន់ ៦,៤០ គីឡូក្រាម ថ្នាំកេតាមីន (KETAMINE) ទម្ងន់ ១០,២៥ ក្រាម។ ដែលសរុបមានទម្ងន់ ៦,៥០ គីឡូក្រាម។
ជុំវិញករណីនេះ លោក ប្លង់ សុផល អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញមិនអាចសុំការបញ្ជាក់ពីការចោទប្រកាន់របស់តុលាការបានទេ កាលពីនៅថ្ងៃទី ១៦ មករា។
លោក អ៊ិន សុង ធ្លាប់ប្រាប់ភ្នំពេញ-ប៉ុស្តិ៍កន្លងមកថា តាមរបាយការណ៍គិតចាប់ពីថ្ងៃទី ១ ខែមករា រហូតដល់ថ្ងៃទី ៣១ ខែធ្នូឆ្នាំមុន សមត្ថកិច្ចបង្ក្រាបករណីគ្រឿងញៀនបាន ៦ ២៤២ ករណី ចាប់ខ្លួនមនុស្សចំនួន ១៣ ៧៦៥ នាក់ (ស្រី ៨០២ នាក់) ក្នុងនោះមានជនបរទេសចំនួន ៣៦២ នាក់ (ស្រី ៤៥ នាក់) និងមានចំនួន ១៣ សញ្ជាតិ។ ចំពោះគ្រឿងញៀនដែលដកហូតបានសរុបជាង ៤ តោននិងកាំភ្លើងវែងខ្លីជិត ១០០ ដើម។
លោកបន្តថា ចំពោះសារធាតុញៀនគ្រប់ប្រភេទដកហូតមានទម្ងន់ ៤ ៤៣៥ គីឡូ និង ២២៨,៥១ ក្រាម កញ្ឆា ៥២ ២១៤ ដើម កញ្ឆាស្ងួត ១៤១ គីឡូ និង ៨៣០,៦៣ ក្រាម និងសារធាតុផ្សំគីមី ១ តោននិង ១៦៣ គីឡូ និង ៦៨០ ក្រាម។ ចំណែកសម្ភារចាប់យកមាន រថយន្ដ ១២៤ គ្រឿងម៉ូតូ ១ ៦៤៧ គ្រឿង ទូរស័ព្ទ ៥ ៨៥៣ គ្រឿង ជញ្ជីង ៣៣៦ គ្រឿង អាវុធខ្លី ៤១ ដើម និងអាវុធវែង ៤២ ដើម (កែច្នៃ ៣២ ដើម) លុយខ្មែរ ៥៣ ៩៦១ ៤០០ រៀល លុយដុល្លារអាមេរិក ៣៤ ៩៨៧ ដុល្លារ លុយថៃ ១២៤ ៨១០ បាត និងលុយវៀតណាម ៨០ ០០០ ដុង៕